តើ​ធ្វើ​បែប​ណា​ទើប​អាច​ក្លាយ​ជា​អ្នក​ចរចា​លើ​កិច្ច​ព្រមព្រៀង​ដ៏​ជោគជ័យ​មួយ​រូប​បាន?

ផ្សាយចេញ ៖ 22-Dec-2016 1:13 pm

តើ​ធ្វើ​បែប​ណា​ទើប​អាច​ក្លាយ​ជា​អ្នក​ចរចា​លើ​កិច្ច​ព្រមព្រៀង​ដ៏​ជោគជ័យ​មួយ​រូប​បាន?

ប្រ​ភព៖​​ https://pixabay.com

ក្នុងកិច្ចការមុខជំនួញ ដើម្បីសម្រេចបានសមិទ្ធផលដ៏ល្អអស្ចារ្យបាន ការសហការគ្នាពីដៃគូអ្នកមានសមត្ថភាព និងមានជំនាញពិតប្រាកដដែលអាចជួយបំពេញប្រយោជន៍ឲ្យគ្នាទៅវិញទៅមកបាន គឺជាកត្តាជំរុញមួយដ៏សំខាន់បំផុតដែលមិនអាចខ្វះបាន។ មូលដ្ឋានគ្រឹះដែលអ្នកត្រូវចងចាំជានិច្ចនោះគឺ មនុស្សម្នាក់ៗមានការយល់ឃើញខុសប្លែកពីគ្នាទាំងអស់ ហើយអ្នកត្រូវតែទទួលស្គាល់នូវចំណុចនេះ។ ដូច្នេះ ដើម្បីក្លាយជាអ្នកចរចាកិច្ចព្រមព្រៀងដ៏ជោគជ័យមួយរូបបាន ៣ចំណុចនេះគឺជាអ្វីដែលអ្នកត្រូវមាន៖


១. ត្រៀមខ្លួនទុកជាមុនតាមវិធីដ៏ត្រឹមត្រូវ

ភាពខុសគ្នារវាងអ្នកចរចាធម្មតាម្នាក់ និងអ្នកចរចាដ៏ជំនាញម្នាក់ ស្ថិតនៅត្រង់ថា អ្នកចរចាធម្មតាតែងផ្ដោតការយកចិត្តទុកដាក់ទៅលើទិន្នន័យជាក់ស្ដែង និងតួលេខពាក់ព័ន្ធសំខាន់ៗផ្សេងៗ ចំណែកឯអ្នកចរចាដ៏ជំនាញវិញ ពួកគេផ្ដោតទៅលើ ថាតើតាមវិធីណាដែលពួកគេអាចប្រើប្រាស់ទិន្នន័យជាក់ស្ដែង និងតួលេខទាំងនោះ ដើម្បីចរចាជាមួយដៃគូឲ្យទទួលបាននូវផលប្រយោជន៍ខ្ពស់បំផុតបាន។

២. បង្កើតចម្ងល់ចោទជាសំណួរឲ្យបានច្រើនជាជាងប្រាប់ពួកគេពីគំនិតផ្ទាល់ខ្លួន

ជាជាងការប្រាប់ពួកគេពីការយល់ឃើញរបស់អ្នកទៅលើចំណុចសំខាន់ណាមួយ ការសិក្សាឲ្យកាន់តែសីុជម្រៅបន្ថែមទៅលើដៃគូតាមរយៈការសាកសួរ នឹងធ្វើឲ្យអ្នកបានយល់ពីគោលដៅយុទ្ធសាស្ត្ររបស់ពួកគេ ព្រមទាំងបានដាស់ស្មារតីពួកគេឲ្យគិតគូរកាន់តែម៉ត់ចត់ជាងមុនទៅលើវិធីដោះស្រាយបញ្ហារបស់ខ្លួនផងដែរ ហើយវានឹងបង្កើតឲ្យមានការវិវត្តរីកចម្រើនទៅមុខ ឯភាពរីកចម្រើននោះនឹងនាំអ្នកចូលកាន់តែកៀកទៅនឹងគោលដៅរបស់អ្នកមិនខាន។

៣. មិនត្រូវបង្កឲ្យមានអារម្មណ៍មួម៉ៅចំពោះដៃគូនោះឡើយ

ឃ្លាដែលមិនសាកសមនឹងប្រើក្នុងការចរចាដូចជា “ខ្ញុំនឹងសម្ដែងការស្មោះត្រង់របស់ខ្ញុំថា…… ” ឬក៏ “ឥឡូវនេះ ខ្ញុំកំពុងតែនិយាយយ៉ាងមានហេតុមានផលហើយ”។ ឃ្លាក្នុងទំនងដូចនេះ ប្រៀបដូចជាបានបញ្ជាក់ថា កន្លងមកអ្នកមិនសម្ដែងការស្មោះត្រង់ ឬនិយាយដោយគ្មានហេតុផលដូច្នោះ ដែលនេះនឹងបង្កឲ្យអារម្មណ៍មិនល្អចំពោះដៃគូរបស់អ្នក និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការណ៍ចរចារបស់អ្នកទាំងមូល៕


ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ smallbusiness.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared