បុគ្គលិក​​ ៦​រូប​​ដែល​ត្រូវ​ការ​​​ជា​ចាំបាច់​​​​ ដើម្បី​ចាប់​ផ្ដើម​​​ដំណើរការ​​អាជីវកម្ម​​ថ្មីថ្មោង

ផ្សាយចេញ ៖ 21-Dec-2016 10:42 am

បុគ្គលិក​​ ៦​រូប​​ដែល​ត្រូវ​ការ​​​ជា​ចាំបាច់​​​​ ដើម្បី​ចាប់​ផ្ដើម​​​ដំណើរការ​​អាជីវកម្ម​​ថ្មីថ្មោង

ប្រ​ភព៖​​ https://pixabay.com

ចំណុចបរាជ័យក្នុងការធ្វើអាជីវកម្ម គឺប្រាកដណាស់ដែលថា ថ្នាក់ដឹកនាំត្រូវកំណត់បេសកកម្ម ទស្សនវិស័យ និងមានយុទ្ធសាស្ត្រក៏ដូចជាផែនការច្បាស់លាស់។ កត្តាបុគ្គលិក ក៏ជាផ្នែកសំខាន់ដែលមិនអាចអត់បាន ពោលជោគជ័យទៅមុខដើរលឿនឬយឺតនោះក៏អាស្រ័យលើបុគ្គលិកមួយផ្នែកធំដែរ។ ប្រសិនបើអ្នកអាចស្វែងរកមនុស្ស ៦រូបនេះបានហើយនោះ នោះអាជីវកម្មរបស់អ្នក អាចគេចផុតពីមហន្តរាយក្នុងកម្រិតខ្ពស់បាន។


ឆ្លើយតបទៅនឹងចំណុចនេះ សូមពិនិត្យ មើលលក្ខណៈសម្បត្តិនៃបុគ្គលសំខាន់ៗទាំង ៦នាក់ខាងក្រោម៖


១) មនុស្សមានទេពកោសល្យផ្នែកបច្ចេកវិទ្យា

មនុស្សមានទេពកោសល្យលើចំណេះដឹងបច្ចេកទេស ជាបុគ្គលសំខាន់មួយដែលគេមើលឃើញថា មានសមត្ថភាពអាចដឹកនាំក្រុមឲ្យឈានឆ្ពោះទៅរកភាពជោគជ័យបាន ត្បិតអីបុគ្គលប្រភេទនេះអាចលើកយករបៀបវារៈនៃបច្ចេកទេសផ្សេងៗជាគន្លឹះក្នុងពេលដំណើរការអាជីវកម្ម។ សម័យសតវត្សរិ៍ទី២១ នេះដំណើរការរបស់ក្រុមហ៊ុនគឺពឹងផ្អែកលើបច្ចេកវិទ្យាស្ទើរទាំងស្រុង។


២) អ្នកដឹកនាំ

សហគ្រាស ឬ ក្រុមហ៊ុនត្រូវតែមានបុគ្គលម្នាក់ដឹកនាំដែលហៅថាប្រធាន ឬក៏នាយកប្រតិបត្តិ (CEO)។ មនុស្សជាច្រើននាក់ដែលមានសមត្ថភាពស្មើៗគ្នា និងទស្សនខុសគ្នា វាមិនមែនជាសញ្ញាណល្អសម្រាប់ធ្វើអាជីវកម្មរបស់អ្នកនោះឡើយ។ គំនិតរបស់ CEO ក៏មិនប្រាកដថាត្រូវគ្រប់ពេលនោះដែរ ប៉ុន្តែភាពជាមេដឹកនាំ យ៉ាងហោចណាស់អាចដឹកនាំមនុស្សក្រោមបង្គាប់ឆ្ពោះទៅរកគោលដៅតែមួយបាន។


៣) អ្នកមានបទពិសោធន៍ក្នុងវិស័យអាជីវកម្ម

បុគ្គលដែលបានប្រឡូកក្នុងវិស័យអាជីវកម្ម ឧស្សាហកម្ម ជំនួញ សហគ្រាសយូរឆ្នាំ គឺជាមនុស្សដ៏មានតម្លៃ និងចាំបាច់ដើម្បីស្ដារមុខមាត់អាជីវកម្មរបស់អ្នក។ មនុស្សប្រភេទនេះមិនត្រឹមតែអាចទទួលយកអ្វីដែលថ្មីប៉ុណ្ណោះទេ គេថែមទាំងមានបទពិសោធន៍ជ្រៅជ្រះអាចយល់ពីអ្វីដែលជាគន្លឹះនៃតម្រូវការជាក់លាក់នៅក្នុងអាជីវកម្ម។


៤) អ្នកផ្ដល់សេវាកម្មមានបទពិសោធន៍

អ្នកផ្ដល់សេវាកម្មពោរពេញដោយបទពិសោធន៍ មានសមត្ថភាពយល់ដឹងខ្ពស់ពីជំនាញនៃការទំនាក់ទំនងទៅកាន់អតិថិជនថាតើ គេគួរតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាពដើម្បីផ្ដល់សេវាកម្មមិនផ្ទាល់ ឬ ផ្ដល់សេវាកម្មផ្ទាល់ទៅអតិថិជន? គេដឹងថា ពេលខ្លះលុយមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺគុណតម្លៃដែលផ្ដល់ជូនដល់អតិថិជន។


៥) បុគ្គលលេចធ្លោរបស់ក្រុមហ៊ុន

បុគ្គលលេចធ្លោ នៅត្រង់ចំណុចនេះមានន័យថា ជាបុគ្គលសំខាន់ជាងគេដែលមានទេពកោសល្យជួយឲ្យក្រុមហ៊ុនរបស់អ្នកអាចបាញ់ឆ្ពោះទៅរកភាពជោគជ័យតាមរយៈការបង្កើតយុទ្ធសាស្ត្រ និងពង្រីកទំនាក់ទំនងក្រុមហ៊ុនទៅកាន់ទីផ្សារខាងក្រៅ។ បុគ្គលប្រភេទនេះ អាចជានាយកប្រតិបត្តិ ឬ មនុស្សផ្សេងទៀតដែលឈរយ៉ាងរឹងមាំនៅពីក្រោយការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន។


៦) អ្នកជំនាញហិរញ្ញវត្ថុ

បុគ្គលដែលមានជំនាញ ឬបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ នឹងដឹងពីយុទ្ធសាស្ត្រគ្រប់គ្រងលើការចំណាយ និងចំណូលរបស់ក្រុមហ៊ុនបាន។ បើគ្មានសមត្ថភាពគ្រប់គ្រាន់ជួយបុគ្គលប្រភេទនេះបានទេ អ្នកអាចសាកល្បងសម្លឹងមើលបុគ្គលផ្សេងៗទៀតទាំង៥ខាងលើថាតើអាចមាននរណាម្នាក់ចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ៕


ប្រែសម្រួល៖ សីហា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared