ពាក្យ​ ៨ឃ្លា​​​​ដែល​បុគ្គលិក​​ល្អ​ ​​​មិន​និយាយ​នៅ​​កន្លែង​​ធ្វើ​ការ! - Biz Khmer

ពាក្យ​ ៨ឃ្លា​​​​ដែល​បុគ្គលិក​​ល្អ​ ​​​មិន​និយាយ​នៅ​​កន្លែង​​ធ្វើ​ការ!

ផ្សាយចេញ ៖ 04-Jan-2017 1:00 pm

ប្រ​ភព៖​​ https://pixabay.com

​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅ​កន្លែង​ធ្វើ​ការ​​  គឺ​ជា​​​ចំណុច​សំខាន់​​របស់​បុគ្គលិក​ម្នាក់​ៗ។ វា​ក៏​ជា​ផ្នែក​មួយ​ដែល​ត្រូវ​បាន​ថ្នាក់​លើ​វាយ​តម្លៃ​ថែមទៀត​ផង។ បុគ្គលិក​មួយ​ចំនួន​​មិន​សូវ​​ដឹង​ថា​ ពាក្យ​ពេចន៍​ចំនួន​មិន​គួរ​និយាយ​ទៅ​កាន់​ថ្នាក់​លើ ឬ​មិត្ត​ភក្ដិ​រួម​ការងារ​នោះ​ទេ។ ខាងក្រោម​នេះ គឺ​ជា​ពាក្យពេចន៍​ទាំង​៨​ឃ្លា ដែល​អ្នក​មិន​គួរ​និយាយ​នៅ​កន្លែង​ធ្វើ​ការ៖


១) “​​មិន​យុត្តិធម៌​សោះ​សម្រាប់​ខ្ញុំ”៖ បុគ្គលិក​ផ្សេង​ទៀត​បាន​ឡើង​តំណែង ប៉ុន្តែ​អ្នក​​មិន​ទទួល​បាន​តំណែង​អ្វី​​នោះ​ឡើយ។ ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​មិន​ត្រូវ​​និយាយ​ពាក្យ​អយុត្តិធម៌​នៅ​ពេល​នេះ​ទេ។ ផ្ទុយ​ទៅវិញ​ ​អ្នក​ត្រូវ​បង្កើន​សមត្ថភាព​​ និង​ផលិតភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដោយ​ទទួល​ខុសត្រូវ​លើ​ការងារ​ជាក់​ស្តែង ​ដើម្បី​ឲ្យ​​​​បុគ្គលិក​​រួម​ការងារ​ឬ ចៅហ្វាយ​នាយ​​មើល​ឃើញ​ពី​គុណ​សម្បត្តិ​របស់​អ្នក។​ ជា​ពិសេស​ព្យាយាម​មើល​ឱ្យ​ឃើញ​ចំណុច​អវិជ្ជមាន​របស់​ខ្លួន​ដែល​​ប្រព្រឹត្តិ​នា​ពេល​កន្លង​មក។ ​

២) “ វា​មិនមែន​​ជា​ភារកិច្ច​របស់​ខ្ញុំ​នោះ​ទេ”៖ ពាក្យ​មួយ​ឃ្លា​ខាងលើ​នេះ ​​ពិត​ជា​​ធ្វើ​ឲ្យ​​បុគ្គលិក​រួម​ការងារ​ផ្សេង​ទៀត​ឆ្អែតឆ្អន់ នៅ​ពេល​ដែល​អ្នក​និយាយ​ទៅ​កាន់​ពួកគេ​ ដែល​កំពុង​ស្វែង​រក​ជំនួយ​​ពី​អ្នក។ នៅ​ក្នុង​បរិបទ​ការងារ តួនាទី​ជា​បុគ្គលិក​ល្អ​​ ទោះបី​ជា​អ្នក​មិន​អាច​ជួយ​បាន​ទាំងស្រុង យ៉ាងហោចណាស់​អ្នក​អាច​បង្ហាញ​ពី​ភាព​ឈឺឆ្អាល​ខ្លះ​ៗ ឬ​លើក​ចំណុច​ណា​មួយ​មក​ជួយ​ដោះស្រាយ​ ដើម្បី​ឲ្យ​បរិយាកាស​​ការងារ​​​ដំណើរ​ការ​ទៅ​មុខ​បាន​ល្អ​ប្រសើរ។​

៣) “ខ្ញុំ​គិត​ថា …”៖ តើ​ឃ្លា​ណា​មួយ​ខាងក្រោម​នេះ​ដែល​បញ្ជាក់​ពី​ទំនុក​ចិត្ត​​របស់​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន​ទៅ​កាន់​អតិថិជន​។ “ខ្ញុំ​គិត​ថា …” ឬ ​“ខ្ញុំ​​ជឿជាក់​ថា …ក្រុមហ៊ុន​របស់​យើង​គឺ​ជា​ដៃគូ​ដ៏​ល្អ​របស់​អ្នក​”។ ឃ្លា​ទី​មួយ​នឹង​​បង្ហាញ​ថា អ្នក​គ្មាន​ភាព​ជឿជាក់​លើ​ក្រុមហ៊ុន ឬ គ្មាន​ភាព​ច្បាស់លាស់​ណា​មួយ​គួរ​ជាទី​ទុកចិត្ត​ដល់​​អតិថិជន​នោះ​ឡើយ ខណៈ​ដែល​ឃ្លា​ទី​វិញ​បង្ហាញ​ពី​​ភាព​រឹងមាំ​ និង​ការ​កសាង​ទំនុក​ចិត្ត​​យ៉ាង​ត្រឹមត្រូវ​មួយ​ដល់​អតិថិជន។ សូម​កុំ​ប្រើ​លាយឡំ​គ្នា។​

៤) “ខ្ញុំ​នឹង​ព្យាយាម”៖ សាកល្បង​គិត​​ទៅ​មើល​ថា អ្នក​ស្នើសុំ​ឲ្យ​បុគ្គលិក​ម្នាក់​ទៀត​ជួយ​​រៀបចំ​ឯកសារ​​ឲ្យ​អ្នក​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១ ខែ​ឧសភា។ ប៉ុន្តែ​គេ​ឆ្លើយ​មកវិញ​ថា ៖ “ខ្ញុំ​នឹង​ព្យាយាម” ។ ក្នុង​បរិយាកាស​ការងារ ពាក្យ​មួយ​ឃ្លា​នេះ​បាន​បង្ហាញ​ពី​​លទ្ធភាព​នៃ​ការ​បរាជ័យ​របស់​បុគ្គលិក​ម្នាក់​នោះ។ ទោះបី​ជា​យ៉ាង​នេះ​ក្តី សម្រាប់​អ្នក ស្ដាប់​ទៅ​ពាក្យ​ថា​ ​៖”ខ្ញុំ​នឹង​ធ្វើ​វា”​ ហាក់​មាន​លក្ខណៈ​ពីរោះ​ជាង និង​​មាន​ភាគរយ​ច្រើន​លើ​ការ​បំពេញ ការងារ​​នោះ។

៥) “វា​មិន​អាច​ទៅ​រួច​នោះ​ទេ” ឬ “ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ”៖ តើ​អ្នក​មាន​ច្រក​ផ្លូវ​តែ​មួយ​មែន​ទេ ទើប​និយាយ​ពាក្យ​នេះ​ចេញ​មក? ភាព​ជា​បុគ្គលិក​ល្អ​ត្រូវ​មាន​ភាព​ច្នៃ​ប្រឌិត​រិះរក​គ្រប់​មធ្យោបាយ ធ្វើ​យ៉ាង​ណា​ឲ្យ​បញ្ហា​ក្នុង​ការងារ​ជាក់​ស្តែង​អាច​​មាន​ច្រកចេញ​ទៅ​រួច។ ផ្ទុយ​ទៅវិញ​ បើ​​អ្នក​និយាយ​បែប​នេះ​ចេញ​មក​មែន​នោះ មាន​ន័យ​ថា ​អ្នក​​គ្មាន​សុទិដ្ឋិនិយម​ឬ បាន​​បង្ហាញ​ពី​ភាព​កម្សោយ​របស់​អ្នក​នៅ​ក្នុង​ការងារ​បច្ចុប្បន្ន និង​​បាន​ទម្លាក់​ទង់ជ័យ​មុន​ពេល​ប្រយុទ្ធ​​បាត់​ទៅ​ហើយ។

៦) “អ្នក​គួរតែ…”៖ អ្នក​ប្រហែល​ជា​មិន​សប្បាយ​ចិត្ត​​នៅ​ពេល​ចៅហ្វាយ​​នាយ​របស់​អ្នក​និយាយ​​មក​កាន់​អ្នក​ថា ៖ “អ្នក​គួរតែ​​ប្រាប់​​ខ្ញុំ​ពី​រឿង​នេះ​ឲ្យ​បាន​លឿន​ជាង​នេះ” ឬក៏ “ អ្នក​​គួរតែ​ព្យាយាម​បន្ថែម​ទៀត”។ ដើម្បី​ជៀសវាង​ពាក្យពេចន៍​ទាំង​នេះ​ទៅ​កាន់​​អ្នក​រួម​​ការងារ ​ដោយ​ភាព​សោកស្ដាយ ភាសា​ដែល​ស្តាប់​ទៅ​​អាច​ធ្វើ​ឲ្យ​បរិយាកាស​ការងារ​​ជោគជ័យ​គួរតែ​និយាយ​​ថា ​៖ “ពេល​ក្រោយ​ សូម​អ្នក​​​​យក​ចិត្ត​ទុកដាក់​ស្ដាប់​ខ្ញុំ​ឲ្យ​បាន​​ច្រើន​​ជាង​នេះ” ឬ​ក៏ “ខ្ញុំ​នឹង​ផ្ដល់​មតិ​កែ​លំអ​បន្ថែម​ទៀត​​នៅ​ពេល​ក្រោយ​”។​


៧) “ខ្ញុំ​ប្រហែល​ជា​ខុស ប៉ុន្តែ…”៖ នេះ​ជា​ភាព​គ្មាន​ទំនួល​ខុសត្រូវ​មួយ​របស់​អ្នក​ដែល​មិន​ព្រម​ទទួល​កំហុស​របស់​ខ្លួន ហើយ​ព្យាយាម​កែ​លំអ​ឡើង​វិញ​ និង​អាច​ទម្លាក់​កំហុស​នេះ​ទៅ​លើ​អ្នក​ផ្សេង​ក៏​ថា​បាន។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ នៅ​កន្លែង​ការងារ​អ្នក​ត្រូវ​​ទទួល​កំហុស​របស់​ខ្លួន និង​ហ៊ាន​ទទួល​ខុសត្រូវ​​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដោយ​ការ​​ប្ដេជ្ញា​ចិត្ត​ ព្យាយាម​ឲ្យ​បាន​ទទួល​ជោគជ័យ​ឡើង​វិញ។

 ​៨) “ខ្ញុំ​គ្មាន​ពេល​ទេ” ឬក៏​”ខ្ញុំ​រវល់​ណាស់”​​​៖ ទោះបី​​នេះ​ជា​ការពិត​យ៉ាង​ណា​ក៏​ដោយ គ្មាន​អ្នកណា​ម្នាក់​​ចង់​ឲ្យ​ខ្លួន​ឯង​គ្មាន​តម្លៃ​ជាង​អ្វី​ ឬ​អ្នកណា​ម្នាក់​នោះ​ឡើយ។​ ប៉ុន្តែ​ជា​ការ​គួរសម​ និង​សហការ​គ្នា​ក្នុង​​ពេល​បំពេញ​ការងារ​​ អ្នក​គួរ​ព្យាយាម​​និយាយ​អ្វី​ដែល​ស្ដាប់​ទៅ​មាន​លក្ខណៈ​សម​ហេតុផល​ជាង​នេះ។ អ្នក​អាច​និយាយ​​​បាន​ថា​ ៖ “​ខ្ញុំ​រីករាយ​ក្នុង​ការ​ពិភាក្សា​ជា​មួយ​អ្នក​ពី​បញ្ហា​នេះ​បន្ទាប់​ពី​បញ្ចប់​ការងារ​ ឬ ​កិច្ចប្រជុំ​រួច”៕​​


ដោយ៖ វាសនា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared