អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​កូរ៉េខាងជើង​ហាក់តាំង​ខ្លួន​ជា​បងធំ​នុយក្លេអ៊ែរ​ ចុះ​​ស្ថានភាព​សេដ្ឋកិច្ច​ និង ជីវភាព​ប្រជាជន​​វិញ​?​

​កូរ៉េខាងជើង​ហាក់តាំង​ខ្លួន​ជា​បងធំ​នុយក្លេអ៊ែរ​ ចុះ​​ស្ថានភាព​សេដ្ឋកិច្ច​ និង ជីវភាព​ប្រជាជន​​វិញ​?​

ប្រ​ភព៖​​ www.cnn.com

​កូរ៉េខាងជើង​ ​​បាននឹងកំពុង​ព្យាយាម​ស្រាវជ្រាវ និង​​ផលិត​អាវុធ​ជាច្រើន​​ ​ជា​ពិសេស​អាវុធ​នុយក្លេអ៊ែរ​ និង ​បាន​តេស្ត​សាកល្បង​ជា​ហូរហែ ​​​ក្នុង​ន័យ​ដើម្បី​​​​ប្រាប់​ទៅ​កាន់​ពិភពលោក​ ជា​ពិសេស​​បងប្អូនបង្កើត​របស់​ខ្លួន​ គឺ​កូរ៉េខាងត្បូង​ថា ​ ខ្លួន​ខ្លាំង​។ ​​​ក្នុង​បរិបទ​វិស័យ​ការពារ​ជាតិ​ គឺ​កូរ៉េខាងជើង​​មិន​អន់​នោះ​ឡើយ​ ប៉ុន្តែ​តើ​ប្រជាជន​វិញ ​​បាន​ទទួល​ការ​យក​ចិត្តទុកដាក់​​ពី​រដ្ឋាភិបាល​ ដូច​ការ​​ស្រាវជ្រាវ​ផលិត​អាវុធ​ដែរ​ឬទេ?
កូរ៉េខាងជើង​ ត្រូវ​បាន​គេ​​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ប្រទេស​​​ផ្ដាច់ការ ​និង ឯកោ​និយម​​ ដែល​មិន​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​ប្រទេស​ផ្សេងៗ​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ​ ហើយ​រដ្ឋាភិបាល​ប្រទេស​នេះ គឺ​ព្យាយាម​ពង្រឹង​ខ្លាំង​​តែ​លើ​វិស័យ​ការពារ​ជាតិ​ប៉ុណ្ណោះ​​​​។

បច្ចុប្បន្ន​នេះ ​ភាព​តាង​តឹង​កំពុង​កើតឡើង​ជាថ្មី​​ ​ក្រោម​រដ្ឋបាល​ថ្មី​​របស់​​​អាមេរិក​ គឺ​លោក​ ដូណាល់ ត្រាំ ​ ​ដល់​ថ្នាក់​​មាន​មនុស្ស​ជាច្រើន​កំពុង​ភ័យ​ក្រែង​សង្គ្រាម​លោក​លើក​ទី៣​នឹង​ផ្ទុះ​​ឡើង​ ​ដោយសារតែ​ម្នាក់ៗ​ (​ទាំង​អាមេរិក និង កូរ៉េខាងជើង​) ​​ហាក់​បង្អួត​តែ​ចុង​កាណុង​របស់​ខ្លួន​។ ​ហើយ​កាល​ពី​ម្សិល​មិញ​នេះ កូរ៉េខាងជើង​គឺ​រឹតតែ​ផ្គើន​ជាមួយ​​អាមេរិក​ទៀត​ ​​ដោយ​បាន​បាញ់​សាកល្បង​មីស៊ីល​ ប៉ុន្តែ​​មិន​​​ជោគជ័យ​។ ​​​ស្ថានភាព​ហាក់​ធូរស្បើយ​បន្តិច​វិញ ​ក្រោយ​អាមេរិក​បាន​​និយាយ​ថា ​មិន​បាច់​តបត​អ្វី​វិញ​ទេ ព្រោះ​ការ​បាញ់​មីស៊ីល​នោះ​មិន​​ទទួល​បាន​ជោគជ័យ​អ្វី​ឡើយ​។

​ងាក​មក​និយាយ​អំពី​​ស្ថាន​ភាព​​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​វិញ​ម្ដង ​ថា​តើ​រដ្ឋាភិបាល​ក្រោម​​ការ​ដឹកនាំ​របស់​ត្រកូល​ គីម​ ​​បាន​ជួយ​អ្វី​ខ្លះ​ជីវភាព​ប្រជាជន​។ ​​ជា​ទូទៅ​ ​​​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​​ត្រូវ​បាន​រដ្ឋាភិបាល​បិទ ​និង​ គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​​ ​​​រួម​មាន​ទាំង​របាយការណ៍​សេដ្ឋកិច្ច​ និង ​ស្ថិតិ​សំខាន់ៗ​​ក្នុង​វិស័យ​ផ្សេងៗ​ក្នុង​ប្រទេស​។​ដូច្នេះ​ហើយ វា​​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ដឹង​​ឲ្យ​ច្បាស់​អំពី​ដំណើរការ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​។

​​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​តែ​អាច​ដឹង​បាន​ខ្លះៗ​របស់​រយៈការស្រាវជ្រាវ និង វាយតម្លៃ​របស់​អង្គការ​អន្តរជាតិ​​សំខាន់ៗ​​។ បើ​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​​កាល​ពី​ឆ្នាំ​២០១១​ បាន​វាយ​តម្លៃ​ថា ​​ចំណូល​របស់​ប្រជាជន​កូរ៉េខាងជើង​គិត​ជាមធ្យម​ គឺ​៥០៦​ដុល្លារ​ ​ហើយ​បើ​ធៀប​នឹង​ឆ្នាំ​ដូច​គ្នា​ទៅ​នឹង​ប្រទេស​កូរ៉េខាងត្បូង​​វិញ​ គឺ​ខុស​គ្នា​ដាច់ ​ព្រោះ​​កូរ៉េខាងត្បូង​មាន​ចំណូល​គិត​ជា​មធ្យម​ប្រមាណ​៣១ ៧០០​ដុល្លារ​អាមេរិក​។ ​ដោយ​ព័ត៌មាន​ និង ​បណ្ដាញ​ផ្សព្វផ្សាយ​ទាំង​អស់​ ត្រូវ​បាន​គ្រប់គ្រង​​យ៉ាង​តឹងរ៉ឹង​ដោយ​​រដ្ឋាភិបាល​កូរ៉េខាងជើង​ ដូច្នេះ​ហើយ​ប្រជាជន​ប្រទេស​នេះ​គឺ​មិន​បាន​ដឹង​អ្វី​ច្រើន​អំពី​ការ​រីកចម្រើន​នៃ​​សកលភាវូបនីយកម្ម​នោះ​ឡើយ ​ហើយ​គិត​ថា ​ខ្លួន​ប្រហែល​ជា​គ្រាន់​តែ​ជាង​ប្រទេស​ដទៃ​ទៅ​ទៀត​ ​ជា​ពិសេស​គ្រាន់​បើ​ជាង​កូរ៉េខាងត្បូង​តែ​ម្ដង​។​​​
​បើ​យោង​តាម​​ការ​វាយតម្លៃ​របស់​អង្គការUNICEF ​កាល​ពី​ឆ្នាំ​២០១១​ ​​ឲ្យ​ដឹង​ថា ​​​​មាន​ប្រជាជន​ប្រហែល​៦​លាន​នាក់​ (ឬ​១​ភាគ៤) ​មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ ​​ហើយ​ក្នុង​នោះ​គឺ​មាន​១​​លាន​នាក់​ គឺ​ជា​កុមារ​តូចៗ​ ​ក្រោម​អាយុ​៥​ឆ្នាំ​។
​នៅ​ឆ្នាំ​២០១២​ ដោយសារ​ស្ថានការណ៍​ក្នុង​ប្រទេស​ហាក់​យ៉ាប់យ៉ឺន​ពេក​ ​រដ្ឋាភិបាល​កូរ៉េខាងជើង​ ក៏​​បាន​ព្រមព្រៀង​ជា​មួយ​នឹង​អង្គការសហប្រជាជាតិ​ ​ក្នុង​ការ​ផ្អាក​ផ្អែក​ខ្លះ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដើម្បី​ជា​ថ្នូរ​នឹង​​ស្បៀងអាហារ​​ប្រមាណ​២៤ ០០០​តោន​​​។ ប៉ុន្តែ​​មិន​បាន​ប៉ុន្មាន​ផង​ ​កូរ៉េខាងជើង​បែរ​ជា​ឆ្លៀត​តេស្ត​មីស៊ីល​ ​​ហើយ​ថា​វា​គ្រាន់​តែ​ជា​ការ​តេស្ត​សាកល្បង​ដើម្បី​សន្តិភាព​ប៉ុណ្ណោះ​ ប៉ុន្តែ​អង្គការសហប្រជាជាតិ​សម្រេច​ផ្អាក​​លុបចោល​ជំនួយ​នោះ​វិញ ​​ហើយ​នាំ​ឲ្យ​ភាព​តានតឹង​​ចេះ​តែ​បន្ត​កើត​ឡើង​រហូត​ដល់​បច្ចុប្បន្ន​។ ​ប៉ុន្តែ​​អ្វី​ដែល​សំខាន់​​នោះ ​គឺ​មិន​មែន​រដ្ឋាភិបាល​កូរ៉េខាងជើង​ទេ​ជា​​​អ្នក​វេទនា គឺ​មាន​តែ​​ប្រជាជន​​​ដែល​កំពុង​ខ្វះ​អាហារ​​ប៉ុណ្ណោះ​ ទើប​ជា​អ្នក​វេទនា​ពិតប្រាកដ​។​

​​​​​​បើ​តាម​អ្នក​អង្កេត​ការណ៍​ និង ​​ប្រជាជន​កូរ៉េខាងជើង​​ដែល​បាន​រត់​គេច​ពី​ប្រទេស​នេះ ​​ឲ្យ​ដឹង​ថា ​​​ប្រជាជន​ភាគច្រើន​រស់នៅ​​​ជាមួយ​នឹង​ភាព​លំបាក​យ៉ាង​ខ្លាំង​ ព្រោះ​ត្រូវ​ប្រឈម​មុខ​នឹង​ជីវភាព​ រក​ព្រឹក​ខ្វះ​ល្ងាច ខណៈ​រដ្ឋាភិបាល​គិត​តែ​រឿង​នុយក្លេអ៊ែរ​​។

​សូម​បញ្ជាក់​ប្រទេស​កូរ៉េខាងជើង​គឺ​មាន​តែ​ចិន​មួយ​ប៉ុណ្ណោះ​ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​បំផុត​របស់​ខ្លួន​។ បើ​យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់(​CIA) ​របស់​អាមេរិក​ ​បង្ហាញ​ថា ​កាល​ពី​ឆ្នាំ​២០១១​ ​​​កូរ៉េខាងជើង​បាន​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ចិន​​​ប្រមាណ​​៦៧​,២​ភាគរយ ​ហើយ​នាំ​ចូល​ពី​ចិន​វិញ ប្រមាណ​​៦១,៦​ភាគរយ​។ ដូច្នេះ​ហើយ ​​មិន​ថា ផលិតផល​ ឬ របស់​ប្រើប្រាស់​ផ្សេងៗ​នោះ​ទេ​ គឺ​សុទ្ធតែ​​ជា​ផលិតផល​របស់​ចិន ហើយ​ចិន​ក៏​ជា​ខ្នង​បង្អែក​មួយ​របស់​កូរ៉េខាងជើង​​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​ ជា​ពិសេស​​​រារាំង​មិន​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​ពេក​​មក​លើ​ប្រទេស​​មួយ​នេះ​ឡើយ។ ​
​ដោយ​៖ រតនា ​​​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930