អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គោលដៅនៃការអានសៀវភៅ មិនមែនជាការបិទភ្នែកទទួលយករាល់ការបកស្រាយទាំងអស់របស់បណ្ឌិតណាមួយនោះ​ទេ

គោលដៅនៃការអានសៀវភៅ មិនមែនជាការបិទភ្នែកទទួលយករាល់ការបកស្រាយទាំងអស់របស់បណ្ឌិតណាមួយនោះ​ទេ

ប្រ​ភព៖​​ pixabay.com

ចំនួន​សៀវភៅ​ដែល​មនុស្ស​ម្នាក់​បាន​អាន មិន​អាច​បញ្ជាក់​ពី​ជម្រៅ​នៃ​ចំណេះដឹង​ដែល​មនុស្ស​ម្នាក់​នេះ​មាន​នោះ​ឡើយ។ ព្រោះ​អ្នក​ត្រូវការ​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ទៀត​ដើម្បី​ដឹង​ពី​ជម្រៅ​នៃ​ចំណេះដឹង​របស់​បុគ្គល​នោះ។ តើ​គេ​អាន​សៀវភៅ​ដោយ​របៀប​ណា ? អាល់ប៊ឺត អាញស្តាញ ធ្លាប់​និយាយ​ថា៖ “មនុស្ស​ណា​ក៏​ដោយ​ដែល​អាន​សៀវភៅ​បាន​ច្រើន ប៉ុន្តែ​បែរ​ជា​យក​ខួរក្បាល​មក​ប្រើប្រាស់​តែ​បន្តិចបន្តួច នោះ​ពួកគេ​នឹង​ធ្លាក់​ទៅ​ក្នុង​ទម្លាប់​ខ្ជិល​គិត”។ ប៉ុន្តែ​ដូច​សកម្មជន​នយោបាយ​និង​ជា​ទស្សនវិទូ​មួយ​រូប​របស់​អង់គ្លេស លោក Bertrand Russell បាន​និយាយ​ថា៖ “មនុស្ស​ភាគច្រើន​សុខ​ចិត្ត​ស្លាប់ តែ​ពួកគេ​មិន​ចង់​គិត​ច្រើន​នោះ​ទេ ហើយ​ជា​ញឹកញាប់​ណាស់​ដែល​ការ​ពិត​គឺ​បែប​នេះ​នោះ”។

សៀវភៅ​ដែល​ល្អ ការ​បង្រៀន​ដែល​ល្អ គឺជា​ការ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​គិត វិភាគ ពិចារណា ស្វែងរក​ហេតុផល មិនមែន​បិទ​ភ្នែក​ទទួល​យក​រាល់​ចម្លើយ​និង​រាល់​ការ​បកស្រាយ​ទាំងអស់​ពី​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ។ សូម្បី​តែ​បណ្ឌិត​ដែល​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ជ្រៅជ្រះ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មើល​ឃើញ​និង​ទទួល​ស្គាល់​ពី​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន ដូច្នេះ​មនុស្ស​យើង​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​នេះ​ទាំងអស់​ក៏​មិន​ខុស​គ្នា​នោះ​ដែរ។

ចំណេះដឹង​មិនមែន​ឆ្លាក់​ជាប់​នឹង​ថ្ម​ជា​អមត​រហូត​នោះ​ទេ។ ការ​បកស្រាយ​អំពី​ផល​ដែល​នាំ​ឲ្យ​មាន​ហេតុ​អ្វី​មួយ​កើតឡើង គឺ​មនុស្ស​ជា​អ្នក​រក​ឃើញ។ ពេល​ខ្លះ​ការ​បកស្រាយ​នោះ​អាច​ត្រឹមត្រូវ​រហូត តែ​ក៏​មាន​ពេល​ខ្លះ​ទៀត​ការ​បកស្រាយ​ខ្លះ​ក៏​មាន​កំហុស​ឆ្គង ឬ​ត្រូវ​តែ​ក្នុង​ស្ថានការណ៍​ជាក់លាក់​ណាមួយ ដែល​លទ្ធផល​បែរ​ជា​មិន​កើតឡើង​ទៅ​តាម​អ្វី​ដែល​ការ​បកស្រាយ​ដដែល​នេះ​បាន​រំពឹង​ទុក​នៅ​ពេល​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ខុស​គ្នា។ នៅ​ពេល​នេះ​ឯង​ដែល​ការ​បកស្រាយ​អំពី​ផល​ដែល​នាំឲ្យ​មាន​ហេតុ​អ្វីមួយ​កើតឡើង ត្រូវ​ធ្វើការ​កែសម្រួល​ដោយ​ការ​ស្រាវជ្រាវ​ថ្មីៗ​បន្ត​ទៀត ដើម្បី​រក​ឲ្យ​ឃើញ​ថា​ការ​ពិត​ជា​អ្វី​យ៉ាង​ពិត​ប្រាកដ។

នេះ​ហើយ​គឺជា​វិទ្យាសាស្ត្រ ដែល​គ្មាន​គោលបំណង​អ្វី​ក្រៅ​ពី​ការ​ស្វែងរក​ការ​ពិត​នោះ​ឡើយ ទោះ​ជា​អ្នក​ជា​នរណា មាន​អំណាច​ទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា ឬ​នៅ​ក្នុង​ក្រុម​បក្ស​ពួក​ណា​ក៏​ដោយ ក៏​អ្នក​ត្រូវ​រស់នៅ​ក្រោម​ច្បាប់​ធម្មជាតិ​នេះ​ដូច​គ្នា​ដែរ។

មនុស្ស​ភាគច្រើន​មិន​ចូលចិត្ត​គិត​ច្រើន មិន​ចូលចិត្ត​អាន​សៀវភៅ​អ្វី​នោះ​ទេ ដូច្នេះ​ជា​ការ​ល្អ​បំផុត​ហើយ​ដែល​អ្នក​មាន​ទម្លាប់​ល្អ​ខុស​ពី​មនុស្ស​ទាំងនោះ ដោយ​អ្នក​បាន​មើល​ឃើញ​ខ្ពស់​ជាង​ពួកគេ​ក្នុង​តម្លៃ​ដែល​សៀវភៅ​បាន​ផ្ដល់​ចំណេះដឹង​ដល់​អ្នក។ ប៉ុន្តែ បើ​អ្នក​គ្រាន់តែ​អាន​ដើម្បី​រាប់​សន្លឹក​សៀវភៅ រាប់​ចំនួន​ក្បាល​របស់​សៀវភៅ ឬ​រាប់​ចំនួន​ម៉ោង​ដែល​អ្នក​បាន​អាន អ្នក​មិន​ចាំបាច់​ចំណាយ​ពេល​ទៅលើ​ការ​អាន​សៀវភៅ​ទៀត​នោះ​ទេ ព្រោះ​អ្នក​នឹង​មិន​ទទួល​បាន​ចំណេះដឹង​ប៉ុន្មាន​ពី​ការ​អាន​របៀប​នេះ​ឡើយ។

នៅ​ពេល​អ្នក​អាន​សៀវភៅ​ណា​មួយ អ្នក​ត្រូវ​ចេះ​គិត​និង​ឆ្ងល់​ថា ហេតុអ្វីAនាំ​ឲ្យ​មានB ? ចុះ​ហេតុអ្វី​ក៏​មិនមែន​ជា​លទ្ធផល​អ្វី​ផ្សេង​វិញ ? តើ​ទំនាក់ទំនង​អ្វី​ខ្លះ​បាន​កើតឡើង​នៅ​ក្នុង​ចន្លោះ​ហេតុAដែល​នាំឲ្យ​មាន​ផលBកើតឡើង ? តើ​វា​កើតឡើង​យ៉ាង​ដូចម្ដេច ? ចុះ​បើ​លទ្ធផលD​មាន​ឥទ្ធិពល​ទៅលើA តើ​ផល​នឹង​កើត​ចេញ​មក​យ៉ាង​ដូចម្ដេច​វិញ ? អ្នក​ត្រូវ​ចេះ​ជីក​ឫស​ជីក​គល់​សួរ​នាំ​ឆ្ងល់​ថា​ហេតុអ្វី​ក៏​បែប​នេះ ហេតុអ្វី​ក៏​បែប​នោះ រហូត​ដល់​ចំណុច​មួយ​អ្នក​នឹង​រក​ឃើញ​ថា​អ្វី​ទៅ​ទើប​ជា​ឫសគល់​របស់​បញ្ហា​ណាមួយ​នោះ​យ៉ាង​ពិត​ប្រាកដ និង​យក​អ្វី​ដែល​អ្នក​រក​ឃើញ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​អ្វី​ដែល​អ្នក​រក​ឃើញ​ដោយ​ការ​សង្កេត​ជាក់ស្ដែង​របស់​ខ្លួនឯង។

នៅ​ពេល​អ្នក​ឆ្ងល់ នៅ​ពេល​អ្នក​ជីក​ឫសគល់​សួរ​សំណួរ​ជា​បន្ត​បន្ទាប់​រហូត នោះ​អ្នក​ប្រាកដ​ជា​ត្រូវការ​ស្រាវជ្រាវ​រក​ចម្លើយ​ពី​ប្រភព​ណា​ផ្សេង​ទៀត​ហើយ ដែល​នេះ​គឺជា​ការ​ល្អ​បំផុត។ ឃើញ​ម្ដង​ឬ​ពីរ​ដង មិន​ប្រាកដ​ថា​ការ​ពិត​គឺ​បែប​នោះ​ហើយ​ទេ ដូចនេះ​អ្នក​ត្រូវការ​ភស្តុតាង​ឲ្យ​បាន​ច្រើន​ប្រភព​ដើម្បី​បញ្ជាក់​ថា​ការ​បកស្រាយ​នោះ​ពិត​ជា​ត្រឹមត្រូវ​មែន​ឬ​យ៉ាងណា។ វិធីសាស្ត្រ​នៅ​ក្នុង​ការ​ស្វែងរក​ការ​ពិត​នេះ​ក៏​មិន​ខុស​ពី​វិធីសាស្ត្រ​ដែល​អ្នក​វិទ្យាសាស្ត្រ​ប្រើប្រាស់​ដើម្បី​ស្វែងរក​ការ​ពិត​ដូចគ្នា​ដែរ។

កុំ​គិត​ថា​ការ​ជីក​ឫសគល់​សួរ​ដេញដោល​បែប​នេះ​ទុក​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ចុះ ឯ​អ្នក​គ្រាន់តែ​ជា​អ្នក​សិក្សា​ធម្មតា​មិន​ចាំបាច់​ធ្វើ​ដល់​កម្រិត​បែប​នោះ​ពេក​ទេ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ភ្លេច​ទេ​ថា​មនុស្ស​ដែល​ងាយស្រួល​បោកប្រាស់​បំផុត​គឺជា​មនុស្ស​ដែល​ឆាប់​ជឿ ហើយ​មនុស្ស​ដែល​ឆាប់​ជឿ​ក៏​ដោយសារ​តែ​មាន​ការ​ភ័យខ្លាច មិន​ទុកចិត្ត​ខ្លួនឯង ហើយ​វា​នឹង​ទុក​ឱកាស​ឲ្យ​មនុស្ស​អាក្រក់​ងាយ​បោកប្រាស់​នោះ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930