អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ធ្លាប់ឆ្ងល់ទេថា តើមានអ្វីកើតឡើងនៅក្នងខួរក្បាលរបស់អ្នក ទើបធ្វើឲ្យសមត្ថភាពគិតរបស់អ្នកចុះខ្សោយនៅពេលកំពុងខឹង ?

ធ្លាប់ឆ្ងល់ទេថា តើមានអ្វីកើតឡើងនៅក្នងខួរក្បាលរបស់អ្នក ទើបធ្វើឲ្យសមត្ថភាពគិតរបស់អ្នកចុះខ្សោយនៅពេលកំពុងខឹង ?

ប្រ​ភព៖​​ www.bestheating.com

មនុស្ស​យើង​ទាំងអស់​គ្នា​បើ​ទោះ​ជា​អ្នក​នោះ​មាន​ការ​ចេះ​ដឹង​ប៉ុណ្ណា​ក៏​ដោយ ឲ្យ​តែ​កំហឹង​មក​គ្រប​សង្កត់​ហើយ នោះ​ពួកគេ​ប្រៀប​ដូចជា​មនុស្ស​ឆ្កួត​ភ្លាមៗ​មួយ​រំពេច​នោះ​យ៉ាង​ដូច្នោះ។ ហេតុអ្វី​នៅ​ពេល​យើង​ខឹង សមត្ថភាព​ក្នុង​ការ​គិត​វិភាគ​រក​ហេតុ​និង​ផល​របស់​យើង​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​អារម្មណ៍​ពុះ​កញ្ជ្រោល​និង​កម្រោល​ក្នុង​មួយ​ពព្រិច​ភ្នែក​បែប​នេះ ? បើ​យើង​សិក្សា​ទៅ​ដល់​ឫសគល់​ដែល​បង្ក​ឲ្យ​មាន​ដំណើរការណ៍​បែប​នេះ​កើតឡើង​នៅ​ក្នុង​ខួរក្បាល ដែល​ជា​មេ​បញ្ជាការ​គ្រប់​សកម្មភាព​របស់​យើង​នេះ នោះ​អ្នក​នឹង​រក​ឃើញ​ថា​ពេល​ខ្លះ​វា​គួរឲ្យ​អស់​សំណើច​ដែល​គ្រាន់តែ​កោសិកា​នៅ​ក្នុង​ខួរក្បាល​សោះ​អាច​ដុត​បញ្ឆេះ​អ្នក​ឲ្យ​ខឹង​ដូចជា​មនុស្ស​ឆ្កួត​បាន។

តើ​មាន​អ្វី​កើតឡើង​ខ្លះ​នៅ​ខណៈ​ពេល​អ្នក​កំពុង​ខឹង​នរណា​ម្នាក់ ? ដំណើរការណ៍​នេះ​ចាប់ផ្ដើម​ពី​ការ​បញ្ជូន​ព័ត៌មាន​តាមរយៈ​ឥន្ទ្រីយារម្មណ៍​ទាំង​៥​របស់​អ្នក​ដែល​អាច​ជា​ត្រចៀក ឬ​ភ្នែក។ ខួរក្បាល​របស់​អ្នក​មាន​ផ្នែក​ផ្សេងៗ​គ្នា​ជាច្រើន​ដែល​ទទួលខុសត្រូវ​ទៅលើ​មុខងារ​រៀងៗ​ខ្លួន​របស់​វា ប៉ុន្តែ​គេ​អាច​បែងចែក​ផ្នែក​ទាំងអស់​នោះ​ចូល​ជា​៣​ផ្នែក​ធំៗ​សំខាន់ៗ​ដែល​ផ្នែក​ទី១​គឺជា​ផ្នែក​ខួរក្បាល​របស់​សត្វ​ល្មូន។ វា​មាន​ឈ្មោះ​បែប​នេះ​ក៏​ដោយសារ​តែ​ផ្នែក​នេះ​ក៏​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​មាន​នៅ​ក្នុង​គ្រប់​ពពួក​សត្វ​ល្មូន​ទាំងអស់ ដែល​វា​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​ចលនា​ទាំងឡាយ​នៅ​ក្នុង​រាងកាយ​របស់​អ្នក ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ស្វ័យប្រវត្តិ​និង​ឥត​ដឹង​ខ្លួន ដូចជា​ចលនា​ដក​ដង្ហើម ចលនា​ចង្វាក់​បេះដូង និង​ការ​ដើរ​ជាដើម។

ចូល​មក​ដល់​ផ្នែក​ទី២​គឺជា​ផ្នែក​ដែល​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​រាល់​អារម្មណ៍​ទាំងឡាយ​ដែល​អ្នក​មាន ជាពិសេស​គឺជា​ផ្នែក​ដែល​បង្កើត​នូវ​កំហឹង​ក្រេវក្រោធ​របស់​អ្នក ភាព​ភ័យខ្លាច និង​អំពើ​ហិង្សា។ បន្ទាប់​មក​ផ្នែក​ទី៣​នៃ​ខួរក្បាល​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​មុខ​នៃ​ខួរក្បាល គឺជា​ផ្នែក​ដែល​ថ្មី​ជាង​គេ​ដែល​ទើប​នឹង​វិវត្ត ហើយ​ផ្នែក​នេះ​ក៏​មាន​តែ​នៅ​ក្នុង​ខួរក្បាល​របស់​ថនិកសត្វ ដូចជា​សត្វ​ផ្សោត ស្វាchimpanzee និង​សត្វ​ដំរី​តែ​ប៉ុណ្ណោះ ម្យ៉ាងទៀត​ផ្នែក​នេះ​ក៏​ជា​ផ្នែក​ចុងក្រោយ​គេ​បង្អស់​ដែល​ទាល់តែ​ឈាន​ដល់​ពាក់​កណ្ដាល​វ័យ​ខ្ទង់​២០​ឆ្នាំ​ទើប​លូតលាស់​ពេញ​លក្ខណៈ​នៅ​ក្នុង​ខួរក្បាល​របស់​មនុស្ស។

ផ្នែក​ទី៣​នេះ​គឺជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​យើង​មាន​លក្ខណៈ​ជា​មនុស្ស​ដែល​ខុស​ប្លែក​ពី​សត្វ ត្រង់​ថា​វា​អាច​ធ្វើឲ្យ​យើង​គិត​វិភាគ​ស្វែងរក​ហេតុ​និង​ផល មាន​វិចារណញ្ញាណ ថ្លឹងថ្លែង​គិតគូរ​ពី​ប្រយោជន៍​ក្នុង​រយៈពេល​វែង​ជាជាង​ឲ្យ​ការ​គ្រប់គ្រង​ទៅលើ​អារម្មណ៍ និង​គិត​ពី​ប្រយោជន៍​ក្នុង​រយៈពេល​ខ្លី ដែល​នាំ​ទៅ​រក​ទង្វើ​ទាំងឡាយ​ដែល​ធ្វើឲ្យ​ខ្លួនឯង​មាន​វិប្បដិសារី​នៅ​ថ្ងៃ​ក្រោយ។ វា​ជា​ផ្នែក​នៃ​ខួរក្បាល​មួយ​ដែល​អាច​ឲ្យ​អ្នក​គិត​វិភាគ​ល្អិតល្អន់​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ឬ​វាយតម្លៃ​ស្ថានការណ៍​អ្វីមួយ​ឬ​មនុស្ស​ណា​ម្នាក់​ផង​ដែរ។

នៅ​ពេល​ព័ត៌មាន​ត្រូវ​បាន​បញ្ជូន​ពី​ឥន្ទ្រីយារម្មណ៍​របស់​អ្នក ព័ត៌មាន​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​តាម​ផ្លូវ​កាត់​ដោយ​បញ្ជូន​ទៅ​ឲ្យ​ផ្នែក​ទី​២​ដែល​ទទួលខុសត្រូវ​ទៅលើ​អារម្មណ៍​របស់​អ្នក​តែ​ម្ដង នៅ​ពេល​អ្នក​កំពុង​ខឹង។ នៅ​ពេល​ផ្នែក​ទី២​នេះ​ដំណើរការណ៍ ផ្នែក​ទី២​នេះ​នឹង​បញ្ជូន​ព័ត៌មាន​ដែល​វា​ទទួល​បាន​បន្ត​ទៅ​ក្រពេញ​អាដ្រេណល ដែល​ស្ថិត​នៅ​លើ​តម្រង​នោម​របស់​អ្នក ហើយ​ក្រពេញ​អាដ្រេណល​នឹង​ឆ្លើយតប​ដោយ​បញ្ចេញ​អ័រម៉ូន​របស់​វា​ដែល​ជា​អ័រម៉ូន​អាដ្រេណាលីន ក្នុង​ពេល​ដំណាល​គ្នា​នេះ​អ័រម៉ូន​មួយ​ប្រភេទ​ទៀត​ដែល​តែងតែ​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​នឹង​អាកប្បកិរិយា​ខឹង​ឆេវឆាវ​របស់​អ្នក ដែល​ជា​អ័រម៉ូន​តេស្តូស្តេរ៉ូន​ក៏​ត្រូវ​បាន​បញ្ចេញ​មក​ជាមួយ​គ្នា​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា មិនមែន​អ័រម៉ូន​តេស្តូស្តេរ៉ូន​ដែល​ធ្វើឲ្យ​អ្នក​ខឹង​នោះ​ទេ បើ​គ្មាន​ភ្លើង​ទេ​សាំង​ក៏​មិន​អាច​ដុត​បញ្ឆេះ​ផ្ទះ​ឲ្យ​ខ្ទេច​បាន​ដែរ។ ដូចគ្នា​ដែរ​បើ​អ្នក​មិន​ខឹង​នោះ​ទេ នោះ​អ័រម៉ូន​តេស្តូស្តេរ៉ូន​នេះ​ក៏​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​ឲ្យ​អ្នក​ក្លាយ​ជា​កម្រោល​បាន​ដែរ។

នៅ​ពេល​អ័រម៉ូន​អាដ្រេណាលីន​ត្រូវ​បាន​បញ្ចេញ វា​នឹង​ធ្វើឲ្យ​សាច់ដុំ​របស់​អ្នក​សកម្ម​ជាង​មុន ហើយ​ជីពចរ​របស់​អ្នក​លោត​ញាប់​ជាង​មុន ហើយ​ឈាម​នឹង​ត្រូវ​បាន​បញ្ជូន​ច្រើន​ជាង​មុន​ទៅ​ឲ្យ​សាច់ដុំ​របស់​អ្នក បន្ទាប់​មក​អ័រម៉ូន​ករទីសូល​ដែល​តែងតែ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អារម្មណ៍​ស្ត្រេស​របស់​អ្នក​ក៏​ត្រូវ​បាន​ដាស់​ឲ្យ​បញ្ចេញ​មក​ដែរ។ នៅ​ពេល​អ័រម៉ូន​ករទីសូល​ត្រូវ​បាន​បញ្ចេញ វា​នឹង​ទៅ​គ្រប់គ្រង​ទៅលើ​ដំណើរការណ៍​បេះដូង​របស់​អ្នក ការ​ដក​ដង្ហើម ព្រម​ទាំង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ផង​ដែរ។

ប្រព័ន្ធ​ភាព​ស៊ាំ​បើ​កាល​ណា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ័រម៉ូន​ករទីសូល​ហើយ នោះ​វា​នឹង​បំពេញ​មុខងារ​របស់​វា​ក្នុង​ការ​ការពារ​កោសិកា​រាងកាយ​របស់​អ្នក​រហូត។ បើ​វា​កំពុង​បំពេញ​មុខងារ​ការពារ នោះ​វា​នឹង​មិន​អាច​បំពេញ​មុខងារ​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​ការ​ជំរុញ​ឲ្យ​កោសិកា​លូតលាស់​នោះ​ឡើយ។ ហេតុនេះ​ហើយ​បាន​ជា​អារម្មណ៍​អវិជ្ជមាន​ដូចជា​ការ​ខឹង និង​ស្ត្រេស​នេះ បើ​កើតឡើង​ញឹកញាប់​នោះ​នៅ​ក្នុង​រយៈពេល​វែង​វា​នឹង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​បំផុត​ទៅលើ​បញ្ហា​សុខភាព​របស់​អ្នក​ដ៏​ធ្ងន់ធ្ងរ​ជាច្រើន ដែល​មិនមែន​ប៉ះពាល់​ត្រឹមតែ​បញ្ហា​ផ្លូវចិត្ត​នោះ​ឡើយ។

នៅ​ពេល​ក្រោយ បើ​អ្នក​ស្ត្រេស​ឬ​ខឹង​នរណា​ម្នាក់ ឬ​កំពុង​តែ​មាន​អារម្មណ៍​បែប​ណា​ក៏​ដោយ​ឲ្យ​តែ​ជា​ការ​គិត​បែប​អវិជ្ជមាន នោះ​អ្នក​ត្រូវ​នឹក​ឃើញ​ដល់​ដំណើរការណ៍​កោសិកា​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក ជាមួយ​នឹង​អ័រម៉ូន​របស់​វា ជាមួយ​នឹង​សរីរាង្គ​ផ្សេង​ទៀត។ បន្ទាប់​មក​អ្នក​អាច​នឹង​នឹក​ឆ្ងល់​អស់​សំណើច​ជាជាង​ខឹង​ទៅវិញ ថា​ហេតុអ្វី​គ្រាន់តែ​របស់​ឥត​វិញ្ញាណ​ទាំងនេះ​សោះ​អាច​ធ្វើឲ្យ​អ្នក​ខឹង​ដូចជា​មនុស្ស​ឆ្កួត​រហូត​បាត់បង់​សតិ​និង​បាត់បង់​អស់​ចំណេះដឹង​ដែល​ធ្លាប់​បាន​រៀន​កន្លង​មក៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031