អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើភាពខុសប្លែកពីគេសុទ្ធតែខុស ឯភាពធម្មតាដូចគេដូចឯងសុទ្ធតែត្រឹមត្រូវ ?

តើភាពខុសប្លែកពីគេសុទ្ធតែខុស ឯភាពធម្មតាដូចគេដូចឯងសុទ្ធតែត្រឹមត្រូវ ?

ប្រ​ភព៖​​ pixabay.com

មនុស្ស​យើង​ហាក់​ដូចជា​កំពុង​តែ​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​កំណត់​យក​អ្វី​ខុស​និង​អ្វី​ត្រូវ​ដោយ​ផ្អែក​ទៅលើ​ចំនួន​មនុស្ស​ដែល​គាំទ្រ​យក​គំនិត​ណាមួយ​ថា​ត្រូវ​និង​មួយ​ណា​ថា​ខុស។ ពួក​យើង​តែងតែ​គិត​ថា​បើ​សិន​ជា​គ្រប់​គ្នា​ឬ​មនុស្ស​ភាគច្រើន​សុទ្ធតែ​ដើរ​តាម​ផ្លូវ​A នោះ​ផ្លូវ​A​ប្រាកដ​ជា​ត្រឹមត្រូវ​ហើយ។ ប៉ុន្តែ​ពួក​យើង​បែរ​ជា​មិន​បាន​យក​សមត្ថភាព​ក្នុង​ការ​ត្រិះរិះ​គិត​ពិចារណា ដើម្បី​រក​ហេតុផល​និង​ឫសគល់​របស់​បញ្ហា​ថា​តើ​អ្វី​ដែល​គេ​គាំទ្រ​ភាគច្រើន​នោះ​សុទ្ធតែ​ត្រឹមត្រូវ​មែន​ឬ​យ៉ាងណា​នោះ​ទេ។

Augustine ទស្សនវិទូ​របស់​អាហ្វ្រិក​ខាងជើង​បាន​និយាយ​ថា៖ “ខុស​គឺ​នៅ​តែ​ខុស បើ​ទោះ​ជា​គ្រប់​គ្នា​សុទ្ធតែ​ធ្វើ​វា​ក៏​ដោយ។ ត្រូវ​គឺ​នៅ​តែ​ត្រូវ បើ​ទោះ​ជា​គ្មាន​នរណា​ម្នាក់​គេ​ធ្វើ​វា​ក៏​ដោយ”។ នៅ​ពេល​ពួក​យើង​មិន​បាន​សញ្ជឹង​គិត​បន្តិច​មុន​នឹង​ធ្វើ​ទៅ​តាម​អ្វី​ដែល​គេ​ដទៃ​ទៀត​សុទ្ធតែ​ធ្វើ​ដែរ វា​ប្រៀប​ដូចជា​យើង​ម្នាក់​ៗ​កំពុង​តែ​រស់នៅ​ដូចជា​មនុស្សយន្ត​ដូច្នោះ។ យើង​ព្យាយាម​សម្រប​ខ្លួន​ឲ្យ​ដូច​គេ​ដូច​ឯង​នៅ​ក្នុង​សង្គម ក៏​ព្រោះ​តែ​ភ័យខ្លាច​នូវ​ភាព​ខុស​ប្លែក​ពី​គេ បើ​ទោះ​ជា​ភាព​ខុស​ប្លែក​ពី​គេ​នោះ​គឺជា​រឿង​ត្រឹមត្រូវ​ក៏​ដោយ។ ដូច្នេះ​ហើយ​មនុស្ស​ម្នាក់ៗ​នឹង​ព្យាយាម​កែ​តម្រូវ​ខ្លួនឯង​ឲ្យ​ដូច​គ្នា​ជា​ពុម្ព​របស់​រោងចក្រ​ដែល​កំណត់​ដោយ​ផ្នត់​សង្គម​តែ​មួយ។

បញ្ហា​ជាក់ស្ដែង​មួយ​គឺ ការ​រីកចម្រើន​ទៅ​មុខ​មិន​សុទ្ធតែ​ប្រាកដ​ថា​ជា​ការ​រីកចម្រើន​ទៅ​រក​ភាព​ល្អ​ប្រសើរ​និង​សេចក្ដី​រុងរឿង​សម្រាប់​ជីវិត​មនុស្សជាតិ​នៅ​លើ​លោក​នេះ​ឡើយ។ នៅ​ពេល​អ្នក​សម្លឹង​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​ឥឡូវ​នេះ​កំពុង​តែ​អភិវឌ្ឍ​ខ្លួន​របស់​ពួកគេ ដើម្បី​តាម​ឲ្យ​ទាន់​ជាមួយ​នឹង​សម័យកាល​ដ៏​ជឿនលឿន​នេះ អ្នក​នឹង​ឃើញ​ថា​មាន​មនុស្ស​ជាច្រើន​បាន​ចំណាយ​លុយ​ទៅលើ​ភាព​សម្ភារៈនិយម ភាព​ហ៊ឺហា​ឡូយឆាយ​និង​ទាន់សម័យ ជាពិសេស​គោលដៅ​គឺ​ដើម្បី​ចូល​ឲ្យ​ចុះ​ចំណោម​គេ​នេះ​តែ​ម្ដង។ មាន​ពេល​ខ្លះ​ពួកគេ​ហ៊ាន​ធ្វើ​រហូត​ដល់​ទៅ​សុខចិត្ត​ខ្ចី​លុយ​ពី​គេ ដើម្បី​សម្ភារៈនិយម​អស់​ទាំងនោះ គ្រាន់តែ​ដើម្បី​បំពេញ​នូវ​បំណង​ដ៏​ឆោតល្ងង់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​សង្គម មនុស្ស​ដែល​ខុស​ពី​គេ​សុទ្ធតែ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ជា​មនុស្ស​ឆ្វេង​និយម ឆ្កួតលីលា ហើយ​គំនិត​របស់​ពួកគេ​នឹង​តែងតែ​ត្រូវ​បាន​គេ​មិន​ទទួល​ស្គាល់​និង​យក​មក​គិត​ពិចារណា​នោះ​ឡើយ។ ប៉ុន្តែ បើ​ត្រឡប់​ទៅ​សួរ​មនុស្ស​ធម្មតា​ដូច​គេ​ដូច​ឯង​ទាំងនោះ​វិញ​ថា តើ​អ្វី​ទៅ​គឺជា​ភាព​ធម្មតា​ដូច​គេ​ដូច​ឯង ? តើ​អ្វី​ទៅ​ជា​ភាព​មិន​ប្រក្រតី​ខុស​គេ​ខុស​ឯង ? គំនិត​អ្វីមួយ​ដែល​គេ​តែង​កំណត់​យក​ថា​ជា​គំនិត​ធម្មតា​នោះ តើ​មិនមែន​សុទ្ធតែ​កើត​ចេញ​មក​ដោយសារ​តែ​មាន​មនុស្ស​ច្រើន​ជា​អ្នក​គាំទ្រ​ទេ​ឬ ?

មនុស្ស​ធម្មតា​តែងតែ​ចំណាយ​លុយ​ដើម្បី​ទិញ​សម្ភារ​ប្រណិតៗ​និង​ឡូយឆាយ តែ​មនុស្ស​ដែល​មិន​ធម្មតា​ដែល​ពួកគេ​មិន​ចូលចិត្ត​ចំណាយ​លុយ​ដើម្បី​របស់​លម្អ​ក្រៅ​ខ្លួន​អស់​ទាំងនោះ​ក៏​មិនមែន​មានន័យ​ថា​មនុស្ស​ដែល​ខុស​ពី​គេ​ទាំងនេះ​សុទ្ធតែ​ជា​មនុស្ស​មិន​ប្រក្រតី ឬ​ការ​យល់​ឃើញ​របស់​ពួកគេ​បែប​នោះ​មិន​មាន​ភាព​ត្រឹមត្រូវ​ដោយសារ​តែ​ពួកគេ​មិន​ដូច​គេ​ដូច​ឯង​នោះ​ដែរ។ អ្នក​ត្រូវចាំសម្ដីមួយឃ្លារបស់ Bertrand Russel ដូច្នេះថា៖ “មិនត្រូវភ័យខ្លាចនឹងគំនិតដែលខុសប្លែកពីគេនោះឡើយ ព្រោះថាគំនិតដែលត្រូវបានគេទទួលស្គាល់ពេលនេះសុទ្ធតែធ្លាប់តែជាគំនិតដែលខុសប្លែកពីធម្មតាទាំងអស់”

នៅ​ពេល​យើង​ព្យាយាម​ធ្វើ​ខ្លួនឯង​ឲ្យ​ដូចជា​មនុស្សយន្ត​ដែល​ផលិត​ចេញ​ពី​ពុម្ព​រោងចក្រ​ដែល​កំណត់​ដោយ​ផ្នត់​សង្គម​តែ​មួយ​នេះ នោះ​យើង​នឹង​បាត់បង់​សតិ​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា​ឲ្យ​ពិត​ប្រាកដ​ហើយ។ អ្នក​ភ្លេច​នូវ​គោលដៅ​ពិត​ប្រាកដ​របស់​ជីវិត​អ្នក​ថា​ជា​អ្វី ហើយ​ថា​តើ​តម្លៃ​នៃ​ជីវិត​របស់​អ្នក​ស្ថិត​នៅ​ត្រង់​ណា​យ៉ាង​ពិត​ប្រាកដ​ហើយ។ អ្នក​គ្រាន់តែ​ជ្រួលច្របល់​ទៅ​តាម​គេ​ប៉ុណ្ណោះ ឃើញ​គេ​ធ្វើ​ក៏​ធ្វើ​តាម​គេ​ដែរ​ទៅ ដោយ​គិត​ថា​គ្រប់​គ្នា​សុទ្ធតែ​ធ្វើ ដូច្នេះ​មានន័យ​ថា​អ្វី​ដែល​គេ​កំពុង​ធ្វើ​នោះ​គឺ​ជា​រឿង​ត្រឹមត្រូវ​ទាំងអស់​ហើយ។ ប៉ុន្តែ​ចូរ​អ្នក​ចងចាំ​សម្ដី​មួយ​ឃ្លា​របស់​លី សៀវឡុង ដូច្នេះ​ថា៖ “កុំ​ចេញ​ទៅ​ក្រៅ​ដើម្បី​ស្វែងរក​បុគ្គលិកលក្ខណៈ​បែប​ណា​ទើប​ធ្វើឲ្យ​អ្នក​ជោគជ័យ ហើយ​ធ្វើ​តម្រាប់​តាម​ឲ្យ​សោះ។ តែ​ចូរ​អ្នក​ធ្វើ​ជា​ខ្លួន​អ្នក​វិញ”

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031