អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ​​តើ​​ទីផ្សារ​មូល​ប​ត្រ​​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​កម្ពុជា?

​​តើ​​ទីផ្សារ​មូល​ប​ត្រ​​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​កម្ពុជា?

ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា គោះ​ជួង​ប្រកាស​ការបើក​ជួញដូរ​មូល​ប​ត្រ​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។​

​ទីផ្សារ​មូល​ប​ត្រ គឺជា​សរសៃឈាម​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ វិនិយោគិន​នានា និង​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។ អាស្រ័យហេតុនេះ គ្រប់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក តែងតែ​ផ្ដោត​ការ​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត និង​អភិវឌ្ឍ​ទីផ្សារ​នេះ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​រឹងមាំ និង​ចិរភាព​ក្នុងទិសដៅ​រក្សាបាន​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​។​

​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​កន្លងទៅ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​អត្រា​ប្រមាណ ៨,៥ % ក្នុង​មួយឆ្នាំ ទោះជា​ត្រូវ​ជួប​ប្រឈម​នឹង​ភាព​មិនប្រាកដ​ប្រជា និង​ហានិភ័យ​ជាច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​យ៉ាងណាក៏ដោយ​។ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ស្ថាប័ន​សកល​ចាត់ទុក​កម្ពុជា​ថា ជា​ប្រទេសមួយ​នៅក្នុង​ចំណោម​ប្រទេស​ប្រាំបី​ដែល​មាន​ភាព​ធន់​នៃ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​។​

​ការសម្រេចបាន​នូវ​សមិទ្ធផល​ទាំងអស់ បាន​រុញច្រាន​កម្ពុជា​ឱ្យ​មកដល់​ខ្ពង់រាប​ថ្មី​មួយទៀត គឺ​ឈានដល់​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ថ្មី​មួយ ដែល​កំពុង​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កម្ពុជា​ត្រូវ​ធានា​ឱ្យបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​សម្រាប់​ជា​មូលដ្ឋាន​នៃ​ការបង្កើត​ការងារ និង​ឱកាស​រកប្រាក់​ចំណូល​ស​មរ​ម្យ​។​

​ក្នុងន័យនេះ វិស័យ​មូល​ប​ត្រ​ត្រូវបាន​អភិវឌ្ឍ និង​ដើរតួ​ជា​មធ្យោបាយ​នៃ​ការ​កៀរគរ​មូលធន និង​ការបែងចែក​មូលធន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​សម្បូរបែប​សម្រាប់​គម្រោង​វិនិយោគ​នានា ដែលជា​ចលករ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។

​រហូតមកដល់​ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​នៃ​ទីផ្សារ​មូល​ប​ត្រ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​រួមមាន ហេដ្ឋារចនាសម្ព័ន្ធ​គតិយុត្ត ប្រព័ន្ធ​ប្រតិបត្តិការ អ្នកចូលរួម​ក្នុង​ទីផ្សារ វិនិយោគិន និង​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​ជាដើម​។​

​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ដូចតទៅ​៖
​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​
​នៅក្នុង​ផ្សារ​មូល​ប​ត្រ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាច្រើន​ត្រូវបាន​ទិញ​-​លក់​។ ដំណើរ​ការទិញ​-​លក់​ទាំងនេះ​អាចជួយ​ក្នុង​ដំណើរការ​អនុវត្ត​គម្រោង​វិនិយោគ​ដែលមាន​ផលិតភាព​ខ្ពស់ ដែល​អាចឈាន​ទៅដល់​ការបង្កើត​មូលធន និង​នាំឱ្យមាន​កំណើនសេដ្ឋកិច្ច​។ ប្រភព​ដើមទុន និង​សាច់ប្រាក់​ដែល​រាយប៉ាយ នឹង​ត្រូវបាន​ប្រមូល​ចងក្រង​យកទៅ​ប្រើប្រាស់​ចំ​ទិសដៅ ហើយ​ផ្ដល់​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ​។ ទីផ្សារ​មូល​ប​ត្រ​គឺជា​ឧបករណ៍​មួយ​ជួយ​សម្រួល​ដល់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។

​ជំរុញ​ការវិនិយោគ និង​បង្កើត​ការងារ​
​ ​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ ក្រុមហ៊ុន​បោះផ្សាយ​នឹងមាន​លទ្ធភាព​បង្កើន​ដើមទុន​សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន ដោយ​ទទួលបាន​ដើមទុន​ច្រើន និង​មាន​រយៈពេល​វែង​។ បច្ច័យ​នេះ​នឹង​ជំរុញ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​បន្ថែម ក៏ដូចជា​បន្ថែម​តម្រូវការ​បុគ្គលិក​សម្រាប់​បំពេញការងារ​ក្នុង​ស្ថាប័ន​ខ្លួន​ផងដែរ​។ ក្នុងន័យនេះ អត្រា​និកម្មភាព​ក្នុងប្រទេស ក៏​នឹង​ត្រូវបាន​កាត់បន្ថយ​ផងដែរ ប្រសិនបើ​ក្រុមហ៊ុន​មាន​ដើមទុន​សម្រាប់ធ្វើ​ការវិនិយោគ​បន្ថែម​។​

​ទទួលបាន​ការលើកទឹកចិត្ត​ពន្ធដារ​
ដោយ​យល់​ពី​អត្ថប្រយោជន៍ និង​ដើម្បី​ជំរុញ​វិស័យ​មូល​ប​ត្រ​កម្ពុជា ឱ្យ​រីកចម្រើន​កាន់តែ​ឆាប់រហ័ស រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​ស្ដីពី​ការលើកទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូល​ប​ត្រ ដោយ​ផ្ដល់​ការលើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ និង​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ផ្សា​រមូល​ប​ត្រ បាន​ជោគជ័យ​មុន​ដំណាច់ឆ្នាំ​២០១៧ ឱ្យទទួល​បានការ​អនុគ្រោះ​បំណុល​ពន្ធ និង​កាត់បន្ថយ​ពន្ធលើប្រាក់ចំណេញ​ចំនួន​៥០% រយៈពេល​៣ ឆ្នាំ ព្រមទាំង​លើកលែង​ការបង់ពន្ធ​រំដោះ​លើក​ប្រាក់ចំណេញ​១% ប្រចាំខែ​។ ម្យ៉ាងទៀត វិនិយោគិន ក៏​ទទួលបាន​ការលើកទឹកចិត្ត​ពន្ធដារ​ដោយ​កាត់បន្ថយ​ពន្ធ​លើ​ភាគលាភ ឬ​ការប្រាក់​៥០% ផងដែរ​។

​ធានា​ស្ថេរភាព​អាជីវកម្ម និង​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​
​ ​ទីផ្សារ​មូល​ប​ត្រ​នឹង​ជួយ​សម្រួល​ដល់​អាជីវកម្ម​ឱ្យមាន​ភាព​យូរអង្វែង ដោយសារ​ទីផ្សារ​មូល​ប​ត្រ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​កៀរគរ និង​ប្រមូល​ទុន​បាន​ច្រើន​ដោយ​ប្រើប្រាស់​ថ្លៃដើម​ទាប មាន​រយៈពេល​វែង និង​ពុំ​ចាំបាច់​ជាប់​កាតព្វកិច្ច​សង ហើយ​ក្រុមហ៊ុន​ក៏​អាចធ្វើ​ការប្រមូល​ទុន​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​បាន​ច្រើនដង​។ ដូចនេះ ទីផ្សារ​មូល​ប​ត្រ​គឺជា​ឧបករណ៍ និង​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សម្រាប់​ជួញ​ធានា​បន្ថែម​ដល់​ស្ថេរភាព​អាជីវកម្ម​។

​ផ្ដល់​គុណ​តម្លៃ​កេរ្ដិ៍ឈ្មោះ និង​សុវត្ថិភាព​ដល់​ប្រតិបត្តិការ​
​ ​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ មានតែ​ភាគហ៊ុន​ដែល​បាន​ចុះបញ្ជី​តែប៉ុណ្ណោះ​ដែល​អាច​ជួញដូរ​បាន ហើយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ផ្ដល់​សិទ្ធិ​ឱ្យ​ចុះបញ្ជី​សម្រាប់តែ​ក្រុមហ៊ុន​ណា​ដែលមាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​មានគុណ​វុឌ្ឍិ​គ្រប់គ្រាន់​តែប៉ុណ្ណោះ​។ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ទីផ្សារ​ត្រូវ​ប្រតិបត្តិ​ទៅតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ដើម្បី​ធានាបាន​នូវ​ការទទួលស្គាល់​កេរ្ដិ៍ឈ្មោះ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​បានល្អ​ប្រសើរ​។

​ចែករំលែក​ព័ត៌មាន​ដោយ​សមធម៌​
​ ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ការពារ​សា​ធារ​ជន​ដែល​ធ្វើការ​វិនិយោគ​ជាមួយ​ទីផ្សារ​មូល​ប​ត្រ​ដោយ​ការដាក់​កម្រិត​លើ​ការបោះ​ផ្សាយ​ភាគហ៊ុន​ថ្មី ធ្វើឱ្យ​ការអនុវត្ត​ការជួញដូរ​កាន់តែ​ល្អប្រសើរ និង​ធ្វើ​ការអប់រំ​សា​ធារ​ជន​អំពី​ការវិនិយោគ​។ ក្រុមហ៊ុន​បោះផ្សាយ និង​ចុះបញ្ជី​លក់​មូល​ប​ត្រ ត្រូវបាន​ត្រួតពិនិត្យ ទទួលស្គាល់ និង​អនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ដែលជា​អាជ្ញាធរ​មូល​ប​ត្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន​បោះផ្សាយ​ត្រូវ​ចេញផ្សាយ​របាយការណ៍​ទៅតាម​ពេលវេលា​កំណត់ ព្រមទាំង​បង្ហាញ​ព័ត៌មាន​អំពី​សកម្មភាព​អាជីវកម្ម​របស់ខ្លួន និង​អភិបាលកិច្ច​សាជីវកម្ម ដើម្បី​ផ្ដល់នូវ​ទំនុកចិត្ត​ដល់​វិនិយោគិន​។​

​ទទួលបាន​ចំណូល​ពី​ការវិនិយោគ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​
​ ​មូល​ប​ត្រ គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​ត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​កសាង​ទ្រព្យសម្បត្តិ និង​ជា​ផ្នែក​មួយ​នៃ​ការវិនិយោគ​។ ភាគហ៊ុន​តំណាងឱ្យ​ចំណែក​នៃ​ភាពជា​ម្ចាស់​នៃ​ក្រុមហ៊ុន​មួយ។ ភាគហ៊ុន​តំណាងឱ្យ​សិទ្ធិ​លើ​ទ្រព្យសកម្ម និង​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​។ បើ​អ្នកកាន់កាប់​ភាគហ៊ុន​កាន់តែច្រើន​ក្នុង​ក្រុមហ៊ុន​មួយ ភាពជា​ម្ចាស់​របស់​អ្នក​នៅក្នុង​ក្រុមហ៊ុន​នោះ ក៏​កាន់តែ​ធំ​តាម​នោះដែរ​។ សារៈសំខាន់​នៃ​ការ​ក្លាយជា​ម្ចាស់​ភាគហ៊ុន គឺថា​អ្នកមាន​សិទ្ធិ ទទួលបាន​ចំណែក​នៃ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​។ ប្រាក់ចំណេញ​នឹង​បង់​ក្នុង​ទម្រង់​ជាការ​ឱ្យ​ភាគលាភ ឬ​ការប្រាក់​។ បើ​អ្នកកាន់កាប់​ភាគហ៊ុន​កាន់តែច្រើន អ្នកនឹង​ទទួលបាន​ចំណែក​នៃ​ប្រាក់ចំណេញ​កាន់តែច្រើន​តាម​នោះដែរ​។ ក្នុងនាម​ជា​ម្ចាស់​ភាគហ៊ុន អ្នក​ពុំ​ចាំបាច់​មាន​កាតព្វកិច្ច​ទ​ទួល​ខុសត្រូវ​ផ្ទាល់​នោះទេ នៅពេល​ក្រុមហ៊ុន​មិនអាច​សងបំណុល​ម្ចាស់បំណុល​បាន​។ ទោះបី​ជាមាន​បញ្ហា​អ្វី​ក៏ដោយ តម្លៃ​អតិបរមា​ដែល​អ្នក​អាច​បាត់បង់ គឺជា​តម្លៃ​នៃ​ការវិនិយោគ​របស់​អ្នក។​

​ជួញ​ជំរុញ​ទម្លាប់​សន្សំ និង​វិនិយោគ​
​ ​ទីផ្សារ​មូល​ប​ត្រ​ផ្ដល់នូវ​ឱកាស​នៃ​ការវិនិយោគ​ដ៏​ទាក់ទាញ តាមរយៈ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ទីផ្សារ​។ ឱកាស​វិនិយោគ​ទាំងនោះ លើកទឹកចិត្ត​ឱ្យ​ប្រជាជន​មានការ​សន្សំ​ច្រើនជាង​មុន និង​ធ្វើការ​វិនិយោគ​ជាមួយ​វិស័យ​មូល​ប​ត្រ ជាជាង​យកប្រាក់​ទៅ​វិនិយោគ​ជាមួយ​ទ្រព្យ​ដែល​គ្មាន​ផលិតកម្ម ដូចជា​មាស ឬ​ប្រាក់​ជាដើម​។ វិស័យ​មូល​ប​ត្រ​នឹង​ជួញ​បំពេញបន្ថែម​គុណភាព​នៃ​ការសម្រេចចិត្ត​វិនិយោគ​របស់​ប្រជាជន​ខ្មែរ​។​

​ផ្ដល់នូវ​សន្ទនីយ​ភាព​
​ ​មុខងារ​ដ៏​សំខាន់​មួយទៀត​នៃ​ទីផ្សារ​មូល​ប​ត្រ គឺ​ការ​ផ្ដល់នូវ​ភាព​ត្រៀម​ជាស្រេច​សម្រាប់​ការលក់ និង​ការទិញ​មូល​ប​ត្រ​។ វត្ត​មាននៃ​ទីផ្សារ​មូល​ប​ត្រ បាន​ជួយ​សម្រួល​ដល់​វិនិយោគិន ដោយ​ការវិនិយោគ​របស់​ពួកគេ​អាច​ត្រូវបាន​ប្ដូរ​ជា​សាច់ប្រាក់​បាន​គ្រប់ពេល នៅពេលដែល​ពួកគេ​ត្រូវការ​។ វិនិយោគិន​អាច​វិនិយោគ​ជាមួយ​គម្រោង​វិនិយោគ​រយៈពេល​វែង​ដោយ​គ្មាន​ការស្ទាក់ស្ទើរ ដោយសារ​គេ​អាច​បំប្លែង​ការវិនិយោគ​រយៈពេល​វែង​នេះ ទៅជា​ការវិនិយោគ​រយៈ​ពេល​ខ្លី​៕

​អត្ថបទ​៖ លោក ណង សេរី​វុ​ធ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031