អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែងយល់​អំពី​លក្ខណៈ​ខុសគ្នា​សំខាន់ៗ​រវាង​ធនាគារពាណិជ្ជ (Commercial Bank) និង ធនាគារ​ឯកទេស (Specialized Bank) នៅ​កម្ពុជា​

ស្វែងយល់​អំពី​លក្ខណៈ​ខុសគ្នា​សំខាន់ៗ​រវាង​ធនាគារពាណិជ្ជ (Commercial Bank) និង ធនាគារ​ឯកទេស (Specialized Bank) នៅ​កម្ពុជា​

ប្រ​ភព៖​​ b2b-cambodia.com

ដូចដែល​លោកអ្នក​បាន​ជ្រាប​រួចមកហើយ វិស័យ​ធនាគារ​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ កំណើន​សេដ្ឋកិច្ចជាតិ​។ ជាក់ស្តែង គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៦ ទ្រព្យសកម្ម​សរុប​រប​ស់​គ្រឹះស្ថាន​ធនាគារ​បាន កើនឡើង​ដល់ ៩៦.២១៦,៣ ប៊ី​លាន​រៀល ដែល​ស្មើនឹង ១១៨,២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​នៅ​ក្នុងនោះ មាន​ធនាគារពាណិជ្ជ​ចំនួន ៣៧ ស្ថាប័ន ហើយ​ធនាគារ​ឯកទេស​មាន​ចំនួន ១៥ ស្ថាប័ន​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់ថា​តើ​ធនាគារពាណិជ្ជ និង ធនាគារ​ឯកទេស​មាន​លក្ខណៈ​ខុសគ្នា​ដូចម្តេចខ្លះ​?

​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បានឱ្យ​និយមន័យ​ពាក្យ “​ធនាគារ​” ថា​ ជា​នីតិបុគ្គល (Legal Entity) ដែលមាន​នីតិសម្បទា​ពិសេស (Particularly Legal Qualification) ក្នុងការ​រើសយក​ប្រតិបត្តិការ​ធនាគារ ជា​មុខរបរ​ប្រក្រតី​។ ផ្អែកទៅលើ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែល​អនុវត្ត​ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​ហរិញ្ញវត្ថុ គ្រឹះស្ថាន​ធនាគារ​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ​គឺ ធនាគារពាណិជ្ជ និង ធនាគារ​ឯកទេស​។ ខាងក្រោម​នេះ គឺជា លក្ខណៈ​ខុសគ្នា​សំខាន់ៗ​រវាង​ធនាគារពាណិជ្ជ និង ធនាគារ​ឯកទេស​ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ប្រទេស កម្ពុជា​៖
១. អាជ្ញាប័ណ្ណ និង ប្រតិបត្តិការ​ធនាគារ​
​ ​ធនាគារពាណិជ្ជ​៖ តាមរយៈ​ការស្នើសុំ​ស្របតាម​នីតិវីធី និង​បន្ទាប់ពី​មានការ​យល់ព្រម​ពី​ធនាគារជាតិ​នៃ កម្ពុជា ធនាគារពាណិជ្ជ​នឹង​ទទួលបាន “​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​” ដែល​តាមរយៈ អាជ្ញាប័ណ្ណ​នេះ ធនាគារពាណិជ្ជ​អាចធ្វើ​ប្រតិបត្តិការ​ធនាគារ​ទាំង​ឡាយ​ដូចជា​៖
1.​ ​ការផ្តល់​ឥណទាន​គ្រប់​ប្រភេទ​ដល់​សាធារណៈជន​។​
2.​ ​ការទទួលប្រាក់​បញ្ញើ​ពី​សាធារណៈជន​។​
3.​ ​ការដាក់ឱ្យ​អតិថិជន​ប្រើប្រាស់​នូវ​មធ្យោបាយ​ទូទាត់​ជា​រូបិយវត្ថុ ឬ​ជា​រូបិយប័ណ្ណ​។ ឧទាហរណ៍ ការបង្កើតឱ្យមាន​ទូរ ATM ការទូទាត់​ថ្លៃទំនិញ​ឬ​សេវា​ដោយ​ប្រើប្រាស់ Visa Card ឬ​ការទូទាត់ ក្នុង​មធ្យោបាយ​ដទៃ​ផ្សេងទៀត ជាអាទិ៍​។

​ ​ធនាគារ​ឯកទេស​៖ ដូចគ្នា​ទៅនឹង​ធនាគារពាណិជ្ជ​ដែរ តាមរយៈ​ការស្នើសុំ​ស្របតាម​នីតិវីធី និង បន្ទាប់ពី មានការ​យល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារ​ឯកទេស​នឹង​ទទួលបាន​អាជ្ញាប័ណ្ណ​ដែល​អាច​ប្រកប អាជីវកម្ម​ផ្តល់​សេវា​ធនាគារ​ផងដែរ​។ ប៉ុន្តែ​ចំណុច​ដែល​ខុសគ្នា​ទៅនឹង​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ​នោះ ត្រង់ ពាក្យ​ថា “​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ឯក​ទេស​”​។ ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​និង ហិរញ្ញវត្ថុ ចែងថា ធនាគារ​ឯកទេស​គឺជា​ប្រភេទ​មួយ​នៃ​គ្រឹះស្ថាន​ធនាគារ​ដែល​អនុវត្ត​តែ​សកម្មភាព​មួយ​ក្នុង ចំណោម​សកម្ម​ភាពជា​មូលដ្ឋាន​ទាំងបី​នៃ​ប្រតិបត្តិការ​ធនាគារ​ដូច​មាន​រៀបរាប់​ខាងលើ ឬ​អនុវត្ត​តែ​ផ្នែក មួយ​នៃ​សកម្មភាព​នីមួយៗ​នោះ។

ឧទាហរណ៍ ការធ្វើ​តែ​ប្រតិបត្តិ​ការផ្តល់​ឥណទាន ដោយ​មិន​ទទួល ប្រាក់​បញ្ញើ និង មិន​ដាក់​ឱ្យមាន​មធ្យោបាយ​ទូទាត់​ប្រាក់ ជាអាទិ៍​។
​ជារួម ធនាគារពាណិជ្ជ​គឺជា​គ្រឹះស្ថាន​ធនាគារ​ដែល​អាចធ្វើ​សកម្ម​ភាពជា​មូលដ្ឋាន​ទាំងបី​នៃ​ប្រតិបត្តិការ ធនាគារ​។ ផ្ទុយ​មកវិញ ធនាគារ​ឯកទេស អនុវត្ត​តែ​សកម្មភាព​មួយ​ក្នុងចំណោម​សកម្ម​ភាពជា​មូលដ្ឋាន ទាំងបី​នៃ​ប្រតិបត្តិការ​ធនាគារ ឬ​អនុវត្ត​តែ​ផ្នែក​មួយ​នៃ​សកម្មភាព​នីមួយៗ​នោះ​។
២. ដើមទុន​ចុះបញ្ជី​
​ ​ធនាគារពាណិជ្ជ​៖ ធនាគារពាណិជ្ជ​ត្រូវមាន​ដើមទុន​ចុះបញ្ជី​យ៉ាងតិច ៣០០ ប៊ី​លាន​រៀល (​ប្រហែល ៧៥ លាន​ដុល្លារ​អាមេរិក​)​។​
​ ធនាគារ​ឯកទេស​៖ ផ្ទុយ​ពី​ធនាគារពាណិជ្ជ ធនាគារ​ឯកទេស​ត្រូវ​មាន​ដើមទុន​ចុះបញ្ជី​យ៉ាងតិច ៦០ ប៊ី​លាន​រៀល (​ប្រហែល ១៥ លាន​ដុល្លារ​អាមេរិក​)​។​
៣. អភិបាលកិច្ច​
​ ​ធនាគារពាណិជ្ជ​៖ សម្រាប់​ធនាគារពាណិជ្ជ លើកលែងតែ​សាខា​ធនាគារ​បរទេស ក្រុមប្រឹក្សាភិបាល​ត្រូវ មាន​សមាជិក​ឯករាជ្យ​យ៉ាងតិច ០២ រូប​។ សមាជិក​ឯករាជ្យ​ត្រូវមាន​សមត្ថភាព​វិ​និ​ច្ច័​យ​ដោយ​ឯករាជ្យ​លើ ទស្សនៈ​នៃ​ការគ្រប់គ្រង​ផលប្រយោជន៍​នយោបាយ ឬ​ផលប្រយោជន៍​ខាងក្រៅ​ដែល​មិន​សមស្រប​។
​ ​ធនាគារ​ឯកទេស​៖ ខុសគ្នា​ពី​ធនាគារពាណិជ្ជ ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​ឯកទេស ត្រូវមាន​សមាជិក យ៉ាងតិច ០៣ រូប ដែល​ក្នុងនោះ​មួយរូប​ត្រូវតែ​ជា​សមាជិក​ឯករាជ្យ​។ ប្រសិនបើ ធនាគារ​ឯកទេស​នោះ មាន​សមាជិក​លើសពី ០៣ រូប គ្រឹះស្ថាន​ត្រូវ​ធានាថា​យ៉ាងតិច​មួយ​ភាគបី (១/៣) នៃ​សមាជិក​ត្រូវតែ​ជា សមាជិក​ឯករាជ្យ​៕​

​ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930