មនុស្ស​ភាគច្រើន​ដែល​ចូលចិត្ត​ចំណាយ​ពេល​ម្នាក់​ឯង​ ​សុទ្ធតែ​មាន​​ចំណុច​រួម​ទាំង​៣​នេះ​

ផ្សាយចេញ ៖ 01-Jan-2017 7:28 am

ប្រ​ភព៖​​ https://www.pexels.com/

ការ​ទទួល​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ពី​សង្គម ដែល​ឲ្យ​តម្លៃ និង​លើក​តម្កើង​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​ភាព​បិុនប្រសប់​ក្នុង​ការ​និយាយ​ស្ដី​វោហារ និង​មាន​វិធីសាស្ត្រ​ទាក់ទាញ​ផ្សេងៗ​ក្នុង​ការ​ធ្វើ​ប្រាស្រ័យ​ទាក់ទង​ប្រកប​ដោយ​ប្រសិទ្ធភាព បាន​ធ្វើ​ឲ្យ​បុគ្គល​ដែល​មិន​សូវ​មាន​ទេពកោសល្យ​ក្នុង​ការ​និយាយ​ស្ដី ទទួល​បាន​ការ​ចាប់​អារម្មណ៍​តិចតួច និង​ត្រូវ​បាន​បង្កើត​នូវ​ការ​វាយ​តម្លៃ​អវិជ្ជមាន​ភ្លាមៗ​ដោយ​មិន​មាន​នូវ​ការ​សិក្សា​ស្វែងយល់​ពី​បុគ្គល​នោះ​ឲ្យ​បាន​សីុ​ជម្រៅ​ជា​មុន​សិន​នោះ​ឡើយ។ មនុស្ស​ដែល​កាន់តែ​ស្ងប់​ស្ងាត់ កាន់តែ​ជា​មនុស្ស​ដែល​មាន​រឿង​នឹក​ស្មាន​មិន​ដល់​ជា​ច្រើន​ដែល​អ្នក​គួរ​ស្វែងយល់ និង​រៀន​សូត្រ​ពី​ពួកគេ ដែល​នឹង​បញ្ជាក់​ពេល​ក្រោយ​ទៅលើ​ការ​យល់​ឃើញ​របស់​អ្នក​ចំពោះ​ពួកគេ​កាល​ពី​មុន​ថា​ជា​ការ​សន្មត​ដែល​ពុំ​មាន​ការ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​តែ​ប៉ុណ្ណោះ។ ដូច្នេះ ចំណុច​ទាំង​៣​ខាងក្រោម​នេះ គឺ​ជា​អ្វី​ដែល​មនុស្ស​ចូលចិត្ត​ចំណាយ​ពេល​នៅ​ម្នាក់​ឯង​តែង​មាន​រួម​គ្នា៖


១) សេចក្ដី​សុខ​របស់​ពួកគេ​ដុះដាល​ចេញ​មក​ពី​កម្លាំង​ជំរុញ​ខាង​ក្នុង៖​ ការ​ចំណាយ​ពេល​ជា​ច្រើន​នៅ​ម្នាក់​ឯង គឺ​ជា​កម្លាំង​ជំរុញ​ប្រកប​ដោយ​ថាមពល​វិសេស​អស្ចារ្យ ដែល​ជួយ​ឲ្យ​ពួកគេ​ស្វែងរក​ឃើញ​នូវ​សេចក្ដី​សុខ​ស្ងប់ សន្តិភាព​ផ្លូវ​ចិត្ត ដែល​ជា​ប្រភព​នៃ​សេចក្ដី​សុខ​របស់​ពួកគេ​នៅ​ក្នុង​ជីវិត។ ពួកគេ​មិន​ត្រូវការ​ការ​យកចិត្តទុកដាក់​ពី​អ្នក​ដទៃ​ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​នោះ​ឡើយ ព្រោះ​ពួកគេ​ដឹង​យ៉ាង​ច្បាស់​ថា សេចក្ដី​សុខ​ពិត​ប្រាកដ ដុះដាល​ចេញ​ពី​ក្នុង​ចិត្ត មិនមែន​មក​ពី​កត្តា​ខាងក្រៅ​ជា​អ្នក​ប្រគល់​ឲ្យ​នោះ​ឡើយ។ តាមរយៈ​ពេលវេលា​នៅ​ម្នាក់​ឯង ពួកគេ​បាន​សិក្សា​ស្វែង​យល់​ពី​ខ្លួនឯង​បន្ថែម យល់​ឲ្យ​បាន​កាន់តែ​សីុ​ជម្រៅ​ពី​ការ​គិត​របស់​ខ្លួន និង​ស្គាល់​ឲ្យ​បាន​ច្បាស់​ថា​ខ្លួនឯង​ជា​នរណា មាន​គោលដៅ​អ្វី​ដែល​ចង់​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ជីវិត​ប្រកប​ដោយ​គំនិត​ប្រាកដប្រជា​ច្បាស់លាស់។

២) ពួកគេ​តែង​ស្វែងរក​នូវ​ការ​អភិវឌ្ឍ​ខ្លួន​ជា​និរន្ត៖ ពួកគេ​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សន្ទនា​ដែល​មាន​លក្ខណៈ​ជា​ការ​និយាយ​លេង​សើច​បែប​នេះ​នោះ​ទេ ពួកគេ​ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​ទៅលើ​គ្រប់​វិនាទី​របស់​ខ្លួន​ក្នុង​មួយ​ថ្ងៃៗ ដូច្នេះ​ពេលវេលា​ដែល​ពួកគេ​លះបង់​ចំពោះ​ការ​សន្ទនា​ទាំងឡាយ គឺ​ប្រាកដ​ណាស់​ថា​ជា​ការ​សន្ទនា​មួយ​ដែល​ជំរុញ​នូវ​ថាមពល​ពី​ក្នុង​ខ្លួន ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​ភាព​រីកចម្រើន​ទៅ​មុខ​កាន់តែ​ល្អ​ប្រសើរ។ ម្យ៉ាងទៀត នៅ​ពេល​ពួកគេ​បាន​ស្គាល់​ពី​ខ្លួនឯង​បាន​យ៉ាង​សីុ​ជម្រៅ​រួច​មក ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​អ្នក​ដទៃ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ខ្លឹមសារ និយាយ​ចូល​ទៅ​ដល់​ជម្រៅ​ចិត្ត​រវាង​គ្នា និង​ធ្វើ​ឲ្យ​ពួកគេ​បាន​ស្វែង​យល់​ពី​ចំណុច​ពិសេស​របស់​អ្នក​ដទៃ​បាន​ថែម​ទៀត​ផង។

៣) ពួកគេ​ជា​មនុស្ស​ដែល​មាន​ភាព​វៃ​ឆ្លាត​ជាង​អ្នក​នៅ​ជុំវិញ​ខ្លួន៖ ពេលវេលា​ដែល​ពួកគេ​ចំណាយ​ជាមួយ​ខ្លួនឯង តែង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​យ៉ាង​មាន​ភាព​ម៉ត់ចត់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ឲ្យ​តម្លៃ​ទៅលើ​ពេលវេលា​របស់​ពួកគេ ទៅលើ​ការ​ប្រឹងប្រែង​បោះជំហាន​សន្សឹមៗ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​នូវ​ទស្សនវិស័យ គោលដៅ​ក្នុង​រយៈពេល​វែង​ដ៏​មាន​សារសំខាន់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដែល​ប្រៀប​ដូចជា​ធាតុ​សំខាន់​ដែល​តំណាង​ពី​បេះដូង​នៃ​ជីវិត​របស់​ពួកគេ​ដូច្នោះ៕


ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared