ទស្សនៈ​ខុស​គ្នា​ធំៗ​ទាំង​ ៥​រវាង​វប្បធម៌​ខាង​កើត​និង​វប្បធម៌​ខាង​លិចដែល​អ្នក​គួរ​ដឹង​

ផ្សាយចេញ ៖ 06-Jan-2017 3:53 pm

ប្រ​ភព៖​​ https://pixabay.com/

ការ​គិត​ដែល​មាន​កំណើត​ចេញ​ពី​មនុស្ស​ម្នាក់​តទៅ​មនុស្ស​ម្នាក់​ទៀត​រហូត​បង្កើត​បាន​ជា​ក្រុម​មួយ​ដែល​មាន​ទស្សនៈ​យល់​ឃើញ​ដូច​គ្នា នៅ​ពេល​ទស្សនៈ​នោះ​មាន​ឥទ្ធិពល​គ្រប់គ្រាន់ និង​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សង្គម​ឲ្យ​តម្លៃ និង​ប្រតិបត្តិ​តាម​រហូត​ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ទស្សនៈ​នោះ​នឹង​ដក់​ជាប់​នៅ​ក្នុង​ផ្នត់​គំនិត​របស់​មនុស្ស​នៅ​ក្នុង​សង្គម​នោះ ហើយ​ក៏​បង្កើត​បាន​ជា​វប្បធម៌​ដ៏​ជាក់លាក់ ជា​អត្តសញ្ញាណ​មួយ​សម្រាប់​សម្គាល់​ជាតិសាសន៍​នោះ។ យ៉ាងណាមិញ យើង​គ្រប់​គ្នា​មិន​អាច​វាយ​តម្លៃ​ថា​វប្បធម៌​នេះ​ល្អ ឯ​វប្បធម៌​នោះ​មិន​ល្អ​នោះ​ឡើយ ព្រោះ​អ្វី​ក៏​ដោយ​សុទ្ធ​តែ​មាន​ភាព​វិជ្ជមាន និង​ភាព​អវិជ្ជមាន​របស់​វា ដូច្នេះ​យើង​គួរ​បើក​ចិត្ត​ទូលំទូលាយ​នៅ​ពេល​សិក្សា​ពី​ភាព​ខុស​គ្នា​របស់​វប្បធម៌​នីមួយៗ។ ខាងក្រោម​នេះ គឺ​ជា​ភាព​ខុសគ្នា​ធំៗ​ទាំង៥​រវាង​វប្បធម៌​ខាង​កើត​និង​វប្បធម៌​ខាង​លិច៖


១) សាសនា៖ បើ​ប្រៀបធៀប​នឹង​លោក​ខាង​លិច នៅ​ប្រទេស​លោក​ខាង​កើត​ដូចជា​នៅ​តំបន់​អាសីុ​រួម​ទាំង​មជ្ឈិមបូព៌ា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​ប្រកាន់​ខ្ជាប់​នូវ​សាសនា​យ៉ាង​តឹងរឹុង ដែល​បាន​បន្សល់​តាំង​ពី​សម័យ​បុរាណ ដោយ​តាម​ការ​កត់​សម្គាល់​ឃើញ​តាមរយៈ​ការ​ប្រារព្ធ​ឡើង​នូវ​ពិធី​សាសនា​ផ្សេងៗ​ជា​ប្រចាំ​របស់​មនុស្ស​នៅ​ក្នុង​សង្គម​នោះ។ ទោះជាយ៉ាងណា ដោយសារ​មាន​រឹស​គល់​ពី​ការ​ប្រកាន់​ខ្ជាប់​នូវ​ទំនៀមទម្លាប់​សាសនា​យ៉ាង​តឹងរឹុង​បែប​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា ការ​កាប់​សម្លាប់ និង​ការ​ប្រឆាំង​ខ្វែង​គំនិត​យ៉ាង​ខ្លាំងក្លា​ចំពោះ​ទស្សនៈ​ផ្ទុយ​គ្នា​ទៅលើ​សាសនា។

២) ភាព​ឯករាជ្យ៖ ដោយសារ​មាន​ចំណង​ដ៏​តឹងរឹុង​ពី​គ្រួសារ មនុស្ស​នៅ​ប្រទេស​ខាង​កើត​នេះ តែង​មិន​ទទួល​បាន​ភាព​ឯករាជ្យ និង​សិទ្ធិ​សេរីភាព​ពិត​ប្រាកដ​ពី​សមាជិក​គ្រួសារ និង​មនុស្ស​នៅ​ក្នុង​សង្គម​របស់​ពួកគេ​ឡើយ ទោះ​ជា​ឯករាជ្យ​ដែល​ពួកគេ​ទទួល​បាន​មក ក៏​ត្រូវ​ភ្ជាប់​មក​ជាមួយ​លក្ខខណ្ឌ​ដែរ។ តួយ៉ាង ដូចជា​ការ​រើ​ឆ្ងាយ​ចេញ​ពី​គ្រួសារ​នៅ​ពេល​កូនៗ​រៀប​អាពាហ៍ពិពាហ៍​រួច គឺ​ជា​ទម្លាប់​ជាទូទៅ​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់​នៅ​ខាង​លិច ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ វប្បធម៌​ខាង​កើត​យល់​ថា​ទង្វើ​នេះ​ជា​អំពើ​បាប​នៃ​ការ​រមិល​គុណ​របស់​កូនៗ​ទៅ​វិញ។

៣) តំណែង​របស់​ស្ត្រី​នៅ​ក្នុង​សង្គម៖ វប្បធម៌​នៅ​ក្នុង​ប្រទេស​លោក​ខាង​កើត​នេះ មាន​ផ្នត់​គំនិត​ចំពោះ​ស្ត្រី​ថា ពួកគេ​ជា​អ្នក​តំណាង​ឲ្យ​តម្លៃ និង​កេរ្តិ៍ឈ្មោះ​របស់​គ្រួសារ​ទាំង​មូល។ ស្ត្រី​ត្រូវ​លះបង់​គោលដៅ​ជីវិត​របស់​ខ្លួន មិន​ថា​ជា​ការងារ ឬ​ការ​ចូលរួម​សកម្មភាព​នៅ​ក្នុង​សង្គម​នោះ​ឡើយ ពួកគេ​យល់ថា​ស្ត្រី​មាន​តួនាទី​មើល​ថែទាំ​ផ្ទះ​សម្បែង លុយកាក់ និង​មើលថែ​ទាំ​កូនៗ។ ផ្ទុយទៅវិញ វប្បធម៌​ខាងលិច ផ្ដល់​សេរីភាព និង​ឯករាជ្យ​ភាព​ដល់​ស្ត្រី​ក្នុង​ការ​សម្រេច​ចិត្ត​ទៅលើ​ជីវិត​របស់​ខ្លួន មិន​ថា​ចំពោះ​ជីវិត​ការងារ ការ​រៀប​អាពាហ៍ពិពាហ៍ និង​ការ​មើល​ថែទាំ​កូន​នោះ​ឡើយ ហើយ​ការងារ​របស់​ស្ត្រី​នៅ​ក្នុង​ផ្ទះ​ក៏​អាច​ជា​ការងារ​របស់​បុរស​បាន​ដែរ។

៤) ឥរិយាបថ៖ ពួក​ខាងលិច​ធ្វើការ​សម្រេច​ចិត្ត​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ដោយ​វិភាគ និង​ផ្ដោត​ទៅលើ​តែ​ព័ត៌មាន​ណា​ដែល​លម្អិត និង​មាន​លក្ខណៈ​ប្រាកដ​ប្រជា ថ្លឹងថ្លែង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​សម្រេច​ចិត្ត​នីមួយៗ រួច​ធ្វើការ​សម្រេច​ចិត្ត។ រីឯ​ពួក​ខាងកើត​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រភេទ​មនុស្ស​សម្រេច​ចិត្ត​ដោះស្រាយ​បញ្ហា​ដោយ​ឈរ​លើ​ទស្សនៈ​គ្រប់​ជ្រុងជ្រោយ មានន័យ​ថា ពួកគេ​ត្រូវ​ទទួល​បាន​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​ទាំងអស់ មុន​នឹង​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​ខ្លួន។

៥) ជំនឿ​ដែល​មាន​លក្ខណៈ​ដុះ​ស្នឹម៖ ប្រជាជន​នៅ​ខាង​កើត មាន​ផ្នត់គំនិត​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​ពី​អតីតកាល គ្មាន​ភាព​បត់បែន និង​មិន​មាន​ហេតុផល​ច្បាស់លាស់ ដែល​កំណត់​មក​ថា​បែប​ណា នោះ​ពួកគេ​នឹង​ត្រូវ​ប្រតិបត្តិ​តាម​បែប​នោះ និង​មិន​អាច​ចេះ​តែ​នឹក​ឃើញ​ចង់​ផ្លាស់ប្ដូរ​តាម​ចិត្ត​បាន​ឡើយ។ យ៉ាងណាមិញ អ្នក​ខាងលិច​រស់នៅ​ជីវិត​របស់​ខ្លួន​ដោយ​ប្រើប្រាស់​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​ទៅលើ​ហេតុផល និង​មិន​យក​អារម្មណ៍​ដឹក​មុខ​នោះ​ឡើយ៕


ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ topyap

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared