គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​​ខ្នាត​យក្ស​ ១៨​នឹង​ធ្វើ​ឱ្យ​ពិភពលោកផ្លាស់ប្ដូរ​​​មុខមាត់ - Biz Khmer

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​​ខ្នាត​យក្ស​ ១៨​នឹង​ធ្វើ​ឱ្យ​ពិភពលោកផ្លាស់ប្ដូរ​​​មុខមាត់

ផ្សាយចេញ ៖ 03-Jan-2017 7:35 am

​អគារ​តេឡេស្កូប​ ពីងតាង​នៅ​ចិន

បច្ចុប្បន្ន​មាន​គម្រោង​រាប់ពាន់​​ដែល​បាន​និង​កំពុង​ស្ថាបនា​នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​ ហើយ​គម្រោង​ខ្នាត​យក្ស​មួយ​ចំនួន​ធំ​​អាច​ផ្លាស់​ប្ដូរ​​ពិភពលោក​ទាំង​មូល​តែ​ម្ដង។ ​ខាង​ក្រោម​នេះ​​ គឺ​ជា​គម្រោង​ខ្នាត​យក្ស​ចំនួន​ ១៨​ដែល​នឹង​ផ្លាស់ប្ដូរ​ពិភពលោក​ទាំង​មូល​តែ​ម្ដង៖


១) ​អគារ​តេឡេស្កូប​ ពីងតាង​នៅ​ចិន៖ ​បញ្ចប់​ការ​សាងសង់​នៅ​​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ ​អគារ​តេឡេស្កូប​ពីងតាង​ គឺ​ជា​ស្ថានីយ​តេឡេស្កូប​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​ដែល​ថាស​របស់​វា​មាន​​ទំហំ​ ១៦៤០​ហ្វីត​ ដែល​អាច​​ចាប់​យក​រូបភាព​ក្នុង​ចម្ងាយ​ជាង​ ១០០​ឆ្នាំ​ពន្លឺ​ពី​ភព​ផែនដី។

២) បន្ទាប់​ពី​ចំណាយ​ពេល​សាងសង់​អស់​រយៈ​ពេល​ ១៧​​ឆ្នាំ​ ​រូង​ក្រោម​ដី Gotthard Base Tunnel ត្រូវ​បាន​បើក​សម្ពោធ​នៅ​​ខែ​មិថុនា​ នៅ​ប្រទេស​ស្វីស។ មាន​ប្រវែង​ជាង​ ៥០​គីឡូម៉ែត្រ​ ផ្លូវ​រថ​ភ្លើង​ក្រោម​ដី​ជា​ផ្លូវ​ដែល​មាន​ជម្រៅ​ជ្រៅ​ និង​វាង​ជាង​គេ​បំផុត​ក្នុង​លោក។

៣) ព្រែក​ជីក​បាណាម៉ា​ត្រូវ​បាន​ពង្រីក​​ ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ដើម​ខែ​មិថុនា​ កន្លង​ទៅ។ ព្រែក​ជីក​មាន​អាយុ​ ១០២​ឆ្នាំ​ទើប​មាន​ការ​ពង្រីក​ទំហំ​បន្ថែម​ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ ៥,៤​ពាន់​លាន​ដុល្លារ​ និង​ប្រើ​កម្លាំង​​កម្មករ​ប្រមាណ​ ៤​ម៉ឺន​នាក់។

៤) នៅ​ឆ្នាំ​២០២៦​​ អគារ​ខ្ពស់​ជាង​គេ​បំផុត​នៅ​អ៊ីរ៉ាក់​ The Bride ​នឹង​​ក្លាយ​ជា​ប៉ម​​ប្រើ​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ ​ដែល​អាច​ផលិត​ថាមពល​កាន់​តែ​ច្រើន​តាម​តែ​តម្រូវ​របស់​អគារ។ អគារ​នេះ​នឹង​មាន​កម្ពស់​​ ១​១៥០​ម៉ែត្រ​ដែល​មាន​ឧទ្យាន​ ការិយាល័យ​ ភោជនីយដ្ឋាន​ និង​ប្រព័ន្ធ​ផ្លូវ​រថភ្លើង។

៥) បញ្ចប់​ការ​ស្ថាបនា​នៅ​ឆ្នាំ​២០១១​ ​ស្ពាន​ Jiaozhou Bay ​របស់​ចិន​ជា​ស្ពាន​ឆ្លង​កាត់​ទន្លេ​ដែល​មាន​ប្រវែង​វែង​ជាង​គេ​បំផុត​គឺ​ប្រវែង​ ៤១​គីឡូម៉ែត្រ​។

៦) នៅ​ឆ្នាំ​២០១៥​ ទំនប់​​វារីអគ្គីសនី​ Itaipu ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ប្រេស៊ីល​ និង​ប៉ារ៉ាហ្គាយ​ បង្កើត​ថាមពល​បាន​​កម្រិត​ ៨៩,៥​តេរ៉ាវ៉ាត់​ ដែល​ជា​ថាមពល​​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​លោក។ ​វា​ផ្គត់ផ្គង់​ថាមពល​ ៧៥%​ប្រើ​នៅ​ប៉ារ៉ាហ្គាយ​ និង​ ២០%​ប្រើ​នៅ​ប្រេស៊ីល។

៧) គម្រោង​ផ្លូវ​រថភ្លើង​កាត់​គ្នា​នៅ​ក្រុង​ឡុងដ៍៖ ​គឺ​ជា​គម្រោង​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​ផ្លូវ​រថ​ភ្លើង​ក្រោម​ដី​ គឺ​ជា​គម្រោង​ធំ​បំផុត​​នៅ​អឺរ៉ុប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ។ ​វា​​បាន​បន្ថែម​ផ្លូវ​រថភ្លើង​ថ្មី​ចំនួន​ ១០​ ​ដោយ​ផ្សារភ្ជាប់​ស្ថានីយ​ ៣០​ដែល​មាន​ស្រាប់។ ​វា​នឹង​ចាប់​ផ្ដើម​ដំណើរការ​​ផ្នែក​ខ្លះ​នៅ​ឆ្នាំ​២០១៧​ ​និង​ដំណើរ​​ពេញ​លេញ​នៅ​ឆ្នាំ​២០២០។

៨) ​​គម្រោង​​កសិដ្ឋាន​ថាមពល​ព្រះអាទិត្យ​នៅ​អាហ្វ្រិកខាងត្បូង​ បើក​សម្ពោធ​នៅ​ឆ្នាំ​២០១៤​ ​ដែល​អាច​ផលិតថាមពល​បាន​ប្រមាណ​ ១៨០ ០០០​មេហ្គាវ៉ាត់ម៉ោង​ក្នុង​មួយ​ឆ្នាំ​ដែល​អាច​ផ្គត់ផ្គង់​ដល់​គេហដ្ឋាន​ប្រមាណ​ ៨​ម៉ឺន​ខ្នង។ វា​ជា​គម្រោង​ថាមពល​ព្រះអាទិត្យ​ធំ​ជាង​គេ​បំផុត​នៅ​ទ្វីប​អាហ្វ្រិក។

៩) ផ្លូវ​រថភ្លើង​ Hyderabad Metro Rail ​ដែល​មាន​ប្រវែង​ ៧៤​គីឡូម៉ែត្រ​ជា​គម្រោង​ផ្សារភ្ជាប់​ផ្លូវ​រថភ្លើង​នៅ​ឥណ្ឌា​ដែល​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៧។

១០) គម្រោង​ស្ពាន​ ហុងកុង – ហ្សូហៃ – ម៉ាកាវ​ ដែល​នឹង​​ភ្ជាប់​ទីក្រុង​បី​នៅ​ក្នុង​ដី​សន្ដ​ទន្លេ​ Pearl ​របស់​ប្រទេស​ចិន។ ជា​គម្រោង​​សម្រាប់​មនុស្ស​ប្រមាណ​ ៤២​លាន​នាក់​ ដែល​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៧។​

១១) ម៉ល​ទីក្រុង​ឌុយបៃ​ គឺ​ម៉ល​បែប​ឥស្លាម​ធំ​ជាង​គេ​បំផុត​ក្នុង​លោក ពោល​​គឺ​ធំ​ជាង​ម៉ល​នៅ​អាមេរិក​​៩ដង។ ​វា​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២៩។

១២) គម្រោង​របស់​ក្រុមហ៊ុន​ Google៖ ក្រុមហ៊ុន​មាន​ផែន​ការ​សាងសង់​ទីក្រុង​ទំនើប​ ​ដែល​នឹង​អភិវឌ្ឍន៍​ឡើង​វិញ​ដោយ​មាន​អ៊ីនធឺណិត​ប្រើ​ប្រាស់​គ្រប់​ទីកន្លែង​ និង​ជា​គម្រោង​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពិភពលោក។ គម្រោង​នេះ​ គឺ​នឹង​មាន​នៅ​ទូទាំង​ដែន​ដី​សហរដ្ឋ​អាមេរិក។

១៣) មេត្រូ​នៅ​ទីក្រុង​ Riyadh៖ ​ជា​គម្រោង​ផ្លូវ​ដែក​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ ២៣,៥​ពាន់​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​គូរប្លង់​ឡើង​ដោយ​ស្ថាបត្យករ​ Zaha Hadid។ ផ្លូវ​ដែក​នេះ​មាន​ប្រវែង​ជាង​ ១៧០​គីឡូម៉ែត្រ​ ​សម្រាប់​ទីក្រុង​រីយ៉ាត​នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៩។

១៤) ទីក្រុង​ទំនើប​ Songdo ជា​ទីក្រុង​ឆ្លាតវៃ​របស់​កូរ៉េខាងត្បូង​ដែល​​បាន​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៥។ ជា​ទីក្រុង​ដែល​ផ្ដល់​អ៊ីនធឺណិត​ដល់​ប្រជាជន​ប្រមាណ​ ៦៧ ០០០នាក់។

១៥) កាល​ពី​ដើម​ខែ​កក្កដា​ ចិន​ និង​នីហ្សេរីយ៉ា​ ព្រមព្រៀង​គ្នា​ក្នុង​គម្រោង​មាន​ទំហំ​ ១១​ពាន់​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​ផ្លូវ​រថភ្លើង​តាម​ឆ្នេរ​​ Lagos-Calabar។ ផ្លូវ​នេះ​នឹង​មាន​ប្រវែង​ជាង ១៤០០​គីឡូម៉ែត្រ​ដែល​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៨។

១៦) ផ្លូវ​ផ្ទេរ​ទឹក​ ត្បូង ជើង​របស់​ចិន៖ ជា​ផ្លូវ​ផ្ទេរ​ទឹក​ពី​ទន្លេ​យ៉ង់សេ​ទៅ​កាន់​តំបន់​ភាគ​ខាង​ជើង​ដែល​ដី​ខ្សត់ខ្សោយ​ជីវជាតិ។ គម្រោង​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ ៧៩​ពាន់​លាន​ដុល្លារ​អាច​ផ្ទេរ​ទឹក​បាន​ក្នុង​កម្រិត​ ១៣​ពាន់​លាន​ម៉ែត្រ​គូប។

១៧) កាល​ពី​ខែ​កក្កដា​ ន័រវែស​គ្រោង​សាងសង់​ផ្លូវ​ក្រោម​ទឹក​អណ្ដែត​ Sognefjord ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ២៥​ពាន់​លាន​ដុល្លារ ដែល​ស្ថិត​នៅ​ក្នុង​ជម្រៅ​ជាង​ ១២០០​​ម៉ែត្រ​ និង​បណ្ដោយ​ប្រវែង​ជាង​ ៩០០​ម៉ែត្រ។

១៨) ​ គម្រោង​ស្ដារ​​ទីក្រុង​ឡើង​វិញ​រយៈ​ពេល​ ២០​ឆ្នាំ​នៅ​ទួរគី៖ ជា​គម្រោង​នឹង​កម្ទេច​អគារ​ប្រមាណ​ ៧​លាន​​​ដើម្បី​ស្ថាបនា​​​អគារ​ដែល​ទ្រាំទ្រ​នឹង​រញ្ជួយ​ដី។ វា​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១២​ ក្នុង​គម្រោង​ទឹក​ប្រាក់​ ៤០០​ពាន់​លាន​ដុល្លារ៕ ​​​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared