​បើ​​យល់​ច្បាស់​ពី​គោលការណ៍​ចិត្តសាស្ត្រ​ទាំង​៣​នេះ​ ​​អ្នក​នឹង​រស់នៅ​យ៉ាង​មាន​សេចក្ដី​សុខ

ផ្សាយចេញ ៖ 04-Jan-2017 8:35 am

ប្រ​ភព៖​​ https://pixabay.com/

ការ​យល់​ឃើញ​របស់​អ្នក​មើល​ទៅ​កាន់​ពិភព​ខាងក្រៅ ប្រៀប​ដូចជា​កែវ​យឹត​ប្រើ​សម្រាប់​ឆ្លុះ​មើល​ទៅ​ពិភព​ខាងក្រៅ​ជុំវិញ​ខ្លួន​ដូច្នោះ។ បើ​អ្នក​ជ្រើសរើស​កែវ​យឹត​ខុស ទស្សនៈ​របស់​អ្នក​ចំពោះ​ជីវិត និង​អ្វីៗ​ដែល​កើត​ឡើង​មក​លើ​អ្នក នឹង​មាន​បែប​បទ និង​គោលការណ៍​មិន​ត្រឹមត្រូវ ប្រាសចាក​ពី​សភាព​ពិត​ជាក់ស្ដែង ហើយ​បើ​កាលណា​អ្នក​បណ្ដុះ​នូវ​ទស្សនៈ​ខុស​ក្នុង​ផ្នត់គំនិត​រួច​មក ទង្វើ សកម្មភាព និង​ការ​ឆ្លើយតប​របស់​អ្នក​ដែល​ត្រូវ​បាន​បង្គាប់បញ្ជា​ដោយ​ផ្នត់គំនិត ឬ​ការ​យល់ឃើញ​របស់​អ្នក​នោះ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​អវិជ្ជមាន នាំ​ឲ្យ​ទទួល​បាន​ផល​ជះ​ត្រឡប់​មក​វិញ​អវិជ្ជមាន​ដូច​គ្នា។ ហេតុនេះ ជា​ប្រការ​សំខាន់​បំផុត ដែល​អ្នក​គួរ​យល់​ដឹង​ពី​គោលការណ៍​ចិត្តសាស្ត្រ​ដែល​មាន​បង្អែក​ឈរ​លើ​ផ្នត់​គំនិត​ត្រឹមត្រូវ ធ្វើ​ជា​អ្នក​ចាំ​បង្គាប់បញ្ជា​ទៅលើ​ការ​ឆ្លើយតប​របស់​អ្នក​ទៅកាន់​ជីវិត ដើម្បី​រស់នៅ​ជីវិត​មួយ​ប្រកប​ដោយ​សេចក្ដី​សុខ។


១) មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​មិន​ខ្វល់ខ្វាយ​ពី​អ្នក​ខ្លាំង​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ឡើយ៖ ការ​បារម្ភ ខ្វាយខ្វល់​ហួសហេតុ​ពី​ការ​គិត​របស់​អ្នកដទៃ​មក​លើ​ខ្លួន សុទ្ធ​តែ​បង្ក​ជា​លទ្ធផល​នូវ​ភាព​ទោម្នេញ ទុក្ខសោក និង​កង្វល់ ដែល​រាំង​ស្ទះ​ដល់​ដំណើរការណ៍​លូតលាស់​នៃ​ជីវិត និង​ការ​ប្រើប្រាស់​ជីវិត​របស់​ខ្លួន​ឈាន​ទៅ​ដល់​សក្ដានុពល​ខ្ពស់​បំផុត​របស់​ខ្លួន។ អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ​មិន​ភ្លេច​គឺ គ្រប់​គ្នា​ដែល​អ្នក​បាន​ជួប សុទ្ធតែ​មាន​បញ្ហា វិបត្តិ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​រៀងៗ​ខ្លួន ពួកគេ​គ្មាន​ពេល​មក​ខ្វាយខ្វល់​ថា​អ្នក​ជា​មនុស្ស​បែប​ណា ឬ​អ្នក​ធ្វើ​អ្វី​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ទេ វា​គ្រាន់តែ​កើត​ឡើង​នៅ​ក្នុង​ទម្រង់​ជា​ការ​សន្មត​ដែល​មាន​រឹស​គល់​ពី​ទស្សនៈ​មិន​ត្រឹមត្រូវ​របស់​អ្នក​តែ​ប៉ុណ្ណោះ។

២) រាល់​លើក​មិន​ត្រូវ​រំពឹង​ទុក​ថា​ការ​ណែនាំ​របស់​អ្នក​នឹង​ត្រូវ​បាន​អនុវត្ត​តាម​នោះ​ទេ៖ អ្នក​មិន​ត្រូវ​អាក់​អន់​ស្រពន់​ចិត្ត ឬ​មាន​អារម្មណ៍​ថា​ការ​ណែនាំ​របស់​អ្នក​ដែល​ផ្ដល់​ទៅ​មនុស្ស​ដែល​កំពុង​ជួប​វិបត្តិ ត្រូវ​បាន​ឆ្លើយតប​មក​វិញ​ដោយ​ការ​ព្រងើយ​កន្តើយ​របស់​ពួកគេ​នោះ​ឡើយ។ មិន​ថា​ជា​ការ​ណែនាំ​របស់​អ្នក​ល្អ​សម្រាប់​ពួកគេ​ប៉ុណ្ណា​ក៏​ដោយ ឬ​ក៏​ចេញ​ពី​បំណង​ដ៏​សុទ្ធចិត្ត​ដែល​ចង់​ជួយ​ពួកគេ​ចាកចេញ​ពី​ទុក្ខ​សោក​ក៏​ដោយ ពួកគេ​អាច​ស្ដាប់​អ្នក​បាន​ដរាប​ណា​ពួកគេ​ស្ថិត​នៅ​ក្នុង​ផ្នត់​គំនិត​ត្រឹមត្រូវ និង​ពេលវេលា​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ។ ចុងក្រោយ​ទៅ ពួកគេ​កែប្រែ​ស្ថានការណ៍​ទៅ​ជា​ល្អ​ប្រសើរ​បាន ដោយ​រៀន​សូត្រ​ពី​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់​នោះ​ទេ។

៣) អ្នក​អាច​ត្រឹមតែ​គ្រប់គ្រង​នូវ​ការ​ឆ្លើយតប​របស់​អ្នក​បាន​ប៉ុណ្ណោះ៖ មាន​តែ​ការ​យល់​ឃើញ​ដែល​អ្នក​ជ្រើសរើស​មើល​ទៅលើ​ស្ថានការណ៍ និង​ការ​ជ្រើសរើស​វិធី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​នោះ​ទេ​ទើប​ជា​រឿង​សំខាន់​បំផុត សំខាន់​ជាង​ស្ថានការណ៍​កើតឡើង​ជាក់ស្ដែង​ទៅ​ទៀត។ ជ្រើសរើស​កែវយឹត​ត្រឹមត្រូវ នោះ​អ្នក​នឹង​ឆ្លើយតប​ចំពោះ​ស្ថានការណ៍​ដោយ​ឈរ​លើ​ការ​យល់​ឃើញ​ត្រឹមត្រូវ​ដូច​គ្នា ពេល​នោះ​លទ្ធផល​វិជ្ជមាន​នឹង​អាច​ត្រូវ​បាន​រំពឹង​ទុក​ដោយ​អ្នក​មិនខាន។ ទោះបី​ស្ថិត​ក្នុង​ស្ថានការណ៍​មិន​អំណោយផល​ក្ដី ក៏​អ្នក​ត្រូវ​ដក​ខ្លួន​ចេញ​ពី​សភាព​ជាក់ស្ដែង​នៃ​បញ្ហា​នោះ រួច​ធ្វើការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​ចំពោះ​ការ​ជ្រើសរើស​ឆ្លើយតប​របស់​អ្នក ដើម្បី​បង្ការ​ការ​ខូចខាត ប៉ះពាល់​ដល់​ខ្លួនឯង និង​អ្នក​ដទៃ៕


ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared