អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > រឿង​៣​យ៉ាង​ក្នុង​ជីវិត​ ​អ្នក​មិន​គួរ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ដើម្បី​ផ្លាស់ប្ដូរ​ឡើយ

រឿង​៣​យ៉ាង​ក្នុង​ជីវិត​ ​អ្នក​មិន​គួរ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ដើម្បី​ផ្លាស់ប្ដូរ​ឡើយ

ប្រ​ភព៖​​ https://pixabay.com/

តើ​អ្នក​ធ្លាប់​លួច​ឆ្ងល់​ដែរ​ឬ​ទេ​ថា ហេតុអ្វី​បុគ្គល​មួយ​ចំនួន​ទោះ​ជា​មាន​រូបភាព​ជីវិត​ខាងក្រៅ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​មិន​សម​ថា​នឹង​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ជីវិត តែ​ផ្ទុយ​ទៅវិញ ពួកគេ​មិន​ត្រឹមតែ​មិន​មាន​ទុក្ខ​កង្វល់ វិប្បដិសារី និង​ការ​ខ្វាយខ្វល់​ដែល​ជា​ដើម​ហេតុ​បង្ក​ជា​ការ​រំខាន​ដល់​ការ​ក្រេប​ជញ្ជក់​នូវ​រសជាតិ​ពី​របស់​តិចតួច​ដែល​មាន​តម្លៃ​ក្នុង​ជីវិត​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែម​ទាំង​ជា​មនុស្ស​ដែល​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​សម្រាប់​ខ្លួនឯង និង​អ្នក​ជាទី​ស្រឡាញ់ និង​សង្គម​របស់​ពួកគេ​ផង​ដែរ ? មក​ដល់​ដំណាក់កាល​នេះ​នៃ​ជីវិត អ្នក​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ថា អ្វី​ដែល​មាន​សារសំខាន់​សម្រាប់​អ្នក​ពិត​ប្រាកដ សម្រាប់​ជីវិត​មួយ​ដែល​គ្មាន​ភាព​អមត និង​ជីវិត​មួយ​ដែល​មិន​អាច​ទស្សន៍ទាយ​ទុក​ជា​មុន​ថា​នឹង​ត្រូវ​ប្រឈម​នឹង​សេចក្ដី​ស្លាប់​នៅ​ពេល​ណា។ ដូច្នេះ រឿងរ៉ាវ​៣​យ៉ាង​ខាងក្រោម​នេះ អ្នកមិនគួរព្យាយាមចំណាយពេលអត់ប្រយោជន៍ដើម្បីផ្លាស់ប្តូរ៖

១) មិនមែន​គ្រប់​គ្នា​សុទ្ធតែ​ចូលចិត្ត​អ្នក​នោះ​ឡើយ៖ ដោយសារ​ការ​ចង់​បាន​ការ​ទទួល​ស្គាល់​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​នោះ​ហើយ ទើប​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​សម្រេច​ចិត្ត​លើ​រឿង​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ដោយ​តោង​មក​ជាមួយ​នឹង​កំហុស​ឆ្គង និង​អារម្មណ៍​នៃ​ភាព​គ្មាន​សេចក្ដី​សុខ។ ការ​សម្រេច​ចិត្ត​ខុស​នោះ គឺ​នៅ​ពេល​អ្នក​ព្យាយាម​ពាក់​មុខ​ក្លែងក្លាយ​ផ្សេងៗ​ពី​គ្នា​ទៅ​តាម​ស្ថានភាព​របស់​អ្នក ដោយ​លាក់​កំបាំង​ពី​មុខ​មាត់​ពិត ដែល​ជា​ធាតុ​ពិត ខ្លឹមសារ​ពិត​នៃ​អត្ថន័យ​ក្នុង​ជីវិត​អ្នក។ យ៉ាងណាមិញ ដរាប​ណា​អ្នក​កាន់តែ​ព្យាយាម​ពាក់​មុខ​ក្លែងក្លាយ​ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ​ប៉ុណ្ណា អ្នក​នឹង​កាន់តែ​លេច​បាត់​ចេញ​ពី​ការ​ចងចាំ​របស់​អ្នក​ដទៃ​ប៉ុន​នោះ។ នៅ​ពេល​អ្នក​ចាប់ផ្ដើម​ងាក​មក​បង្ហាញ​ពី​មុខមាត់​ពិត​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ក្លាហាន និង​ជំនឿ​ជឿជាក់​ចំពោះ​ទស្សន​របស់​ខ្លួន អ្នក​នឹង​ស្រូប​យក​មនុស្ស​ត្រឹមត្រូវ​សាក​សម​នឹង​អ្នក​ចូល​មក​ក្នុង​ជីវិត​ជា​មិនខាន។
២) វិប្បដិសារី​នឹង​មិន​ផ្លាស់ប្ដូរ​អ្វី​ឡើយ៖ បើ​អ្នក​នៅ​តែ​មាន​ចិត្ត​អោប​ក្រសោប​ចំពោះ​ការ​ចងចាំ​មិន​ល្អ​ពី​អតីតកាល នោះ​វា​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា​អ្នក​កំពុង​តែ​រស់នៅ​ក្នុង​អតីតកាល​របស់​អ្នក​ហើយ។ ការ​អោប​ក្រសោប​ទទួល​យក​រឿង​អតីតកាល​មក​គិត​នៅ​ក្នុង​ជីវិត មិន​បាន​ផ្លាស់ប្ដូរ​អ្វី​ជា​វិជ្ជមាន​ដល់​អ្នក ក្រៅ​តែ​ពី​បញ្ចៀស​អ្នក​ពី​ការ​ផ្ដោត​ការ​យកចិត្តទុកដាក់​រស់នៅ​បច្ចុប្បន្នកាល​របស់​អ្នក​ឲ្យ​ពេញ​ទំហឹង អស់​ពី​សមត្ថភាព អស់​ពី​ចិត្ត​ពី​ថ្លើម​នោះ​ឡើយ ហើយ​ថែម​ទាំង​រាំងស្ទះ​ដល់​ការ​រីកចម្រើន​ទៅ​មុខ​សម្រាប់​ខ្លួនឯង​ទៀត​ផង។ អ្នក​គ្មាន​អំណាច​អ្វី​មក​ផ្លាស់ប្ដូរ​អតីតកាល​ដែល​កន្លង​ផុត​ហើយ​នោះ​បាន​ទេ តែ​អ្វី​ដែល​អ្នក​មាន​អំណាច​ផ្លាស់ប្ដូរ​បាន និង​ជា​ការ​ផ្លាស់ប្ដូរ​យ៉ាង​វិជ្ជមាន​ទៀត​នោះ គឺ​ជា​ការ​ទទួល​ស្គាល់​ពី​កំហុស រៀន​សូត្រ​ពី​វា និង​កែប្រែ​បច្ចុប្បន្នភាព​របស់​អ្នក ដើម្បី​អនាគត​ដ៏​រុងរឿង​នា​ពេល​ខាង​មុខ។
៣) ប្រកួតប្រជែង​ជាមួយ​ខ្លួនឯង៖ មនុស្ស​ជា​ច្រើន​ធ្លាក់​ទៅ​ក្នុង​ផ្នត់​គំនិត​ប្រៀបធៀប​ដំណើរ​ជីវិត​ខ្លួន​ទៅ​នឹង​អ្នក​នៅ​ជុំវិញ​ខ្លួន​ពួកគេ រួច​ការ​រិះគន់​មក​លើ​ខ្លួនឯង​ក៏​លេច​ឡើង​មក បន្ត​ជា​កំណើត​ដល់​​អារម្មណ៍​តូច​ចិត្ត និង​ភាព​ស្រពោន​ក្រៀមក្រំ ដែល​មូលហេតុ​គឺ​មក​ពី​ខ្លួនឯង​ទាំងអស់។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ជា​របស់​ខ្លួន​ពួកគេ​រៀងៗ​ខ្លួន រួម​ទាំង​អ្នក​ផង​ដែរ។ មនុស្ស​ពីរ​នាក់​មាន​ដំណើរ​ជីវិត​ប្រព្រឹត្ត​ទៅ​ខុស​គ្នា រីឯ​មនុស្ស​ដែល​អ្នក​ប្រៀបធៀប​ជាមួយ​ទាំង​ប៉ុន្មាន រហូត​ដល់​មនុស្ស​ពេញ​មួយ​ពិភពលោក​ក៏​មិន​ដូច​គ្នា​ដែរ។ អ្នក​ត្រូវ​យក​ពេល​មក​សិក្សា​ពី​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ថា​ខ្លួន​អ្នក​ជា​នរណា​ឲ្យ​ពិតប្រាកដ កុំ​ភ័យខ្លាច​ក្នុង​ការ​សាកល្បង​អ្វី​ថ្មី​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​រីកចម្រើន​របស់​ខ្លួន រួច​ត្រូវ​មាន​ទម្លាប់​ធ្វើការ​កែ​តម្រូវ​ខ្លួនឯង​ជា​ប្រចាំ ឬ​ជា​ការ​ធ្វើ​ស្វ័យ​រិះគន់ និង​កែ​លម្អ​ឡើង​វិញ។ មាន​តែ​ការ​ប្រកួតប្រជែង​ជាមួយ​ខ្លួនឯង និង​ខ្លួន​អ្នក​ពី​ម្សិលមិញ​តែ​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​អ្នក​មាន​ដំណើរ​ជីវិត​កាន់តែ​ល្អ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រួច​ក៏​ឈាន​ដល់​ការ​យក​ឈ្នះ​លើ​អ្នក​ដទៃ​បាន៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930