សញ្ញាណ​ប្រកាស​អាសន្ន​ទាំង​៤​យ៉ាង​ ដែល​រាងកាយ​របស់​អ្នក​ត្រូវការ​ជំនួយ​ហើយ

ផ្សាយចេញ ៖ 05-Jan-2017 12:38 pm

ប្រ​ភព៖​​ https://pixabay.com/

នៅ​ពេល​លើក​ឡើង​អំពី​ផ្នែក​នៃ​ភាព​វៃ​ឆ្លាត​របស់​មនុស្ស ពួក​យើង​តែង​នឹក​ដល់​តួនាទី​របស់​ខួរក្បាល​មុន​គេ។ ដោយ​ឡែក ភាព​វៃ​ឆ្លាត​របស់​មនុស្ស​មិនមែន​មាន​តែ​ចំពោះ​ខួរក្បាល​នោះ​ទេ សូម្បី​តែ​រាងកាយ​របស់​ពួក​យើង​រាល់​គ្នា ក៏​បាន​បំពេញ​តួនាទី​របស់​វា​ចាប់​តាំង​ពី​អ្នក​ចាប់​កំណើត​មក​យ៉ាង​ឆ្លាត​វៃ​ផង​ដែរ។ តើ​តាម​វិធី​ណា​ដែល​បញ្ជាក់​ថា​រាងកាយ​របស់​អ្នក​មាន​ភាព​វៃ​ឆ្លាត​ដូច​ខួរក្បាល​ដែរ​នោះ ? អ្នក​ដែល​មាន​តួនាទី​ទទួល​ខុសត្រូវ​ឆ្លើយតប​ទៅលើ​កម្លាំង​ប្រតិកម្ម​ពី​ខាងក្នុង គឺ​ជា​រាងកាយ​របស់​អ្នក​នេះ​ហើយ វា​ព្យាយាម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នក តាមរយៈ​ការ​ផ្ដល់​ជា​សញ្ញាណ​ផ្សេងៗ​នៅ​លើ​រាងកាយ​ដល់​អ្នក ក្នុង​គោលបំណង​ចង់​ដាស់តឿន​អ្នក​ឲ្យ​ងាក​មក​គិតគូរ​ឡើង​វិញ​ពី​របប​អាហារ​របស់​ខ្លួន ដើម្បី​បញ្ចៀស​អ្នក​ពី​ជំងឺ​រាតត្បាត​គំរាមកំហែង​ទាំងឡាយ។ ខាងក្រោម​នេះ គឺ​ជា​សញ្ញាណ​ប្រកាស​អាសន្ន​ទាំង​៤​ដែល​រាងកាយ​របស់​អ្នក​ព្យាយាម​ប្រាប់​អ្នក​ថា​វា​កំពុង​ត្រូវការ​ជំនួយ​ហើយ៖


១) ភាព​ស្ងួត​នៃ​ស្បែក និង​ភាព​ផុយ​ស្រួយ​នៃ​សក់​និង​ក្រចក៖ នៅ​ពេល​ស្បែក​របស់​អ្នក​ផ្លាស់ប្ដូរ​ទៅ​ជា​មាន​សភាព​ស្ងួត ប្រេះ និង​បែក​ស្រកា វា​ជា​សញ្ញាណ​ដែល​បញ្ជាក់​ប្រាប់​អ្នក​ថា អ្នក​កំពុង​កង្វះ​ខាត​នូវ​វីតាមីន ជាពិសេស​វីតាមីន​E។ ដូច្នេះ ដើម្បី​ដោះស្រាយ​ជាមួយ​បញ្ហា​នេះ​បាន អ្នក​ត្រូវ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​របប​អាហារ​ដោយ​ទទួលទាន​នូវ គ្រាប់​ធញ្ញជាតិ សាច់​ត្រី និង​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព។ រីឯ​ការ​លេច​ឡើង​នៃ​ភាព​ផុយ​ស្រួយ​ចំពោះ​សក់​និង​ក្រចក​នោះ​ទៀត​សោត ក៏​ជា​សញ្ញាណ​ប្រាប់​ពី​កង្វះខាត​នៃ​ជាតិ​កាល់ស្យូម និង​វីតាមីន​B​នៅ​ក្នុង​រាងកាយ​ផង​ដែរ។

២) បង្កើន​ចំណង់​ក្នុង​ការ​ទទួលទាន​អាហារ​មាន​ជាតិ​ប្រៃ ឬ​អាហារ​មាន​ជាតិ​ផ្អែម៖ ចំណង់​អាហារ​របស់​អ្នក​ស្រាប់​តែ​ផ្លាស់ប្ដូរ បណ្ដាល​ឲ្យ​អ្នក​ចាប់ផ្ដើម​ឃ្លាន​អាហារ​មាន​ជាតិ​ប្រៃ​ខុស​ពី​ធម្មតា វា​កំពុង​ដាស់តឿន​អ្នក​ពី​កង្វះខាត​នៃ​សារធាតុ​ខនិជ​ដែល​រួម​ផ្សំ​នូវ​​ជាតិ​ប្រៃ​ពី​ធម្មជាតិ​នៅ​ក្នុង​រាងកាយ​របស់​អ្នក​ហើយ។ ឬ​បញ្ហា​មួយ​ផ្សេង​ទៀត​ដែល​រាងកាយ​របស់​អ្នក​កំពុង​ជួប​ប្រទះ គឺ​ការ​រលាក​ត្រង់​កន្លែង​ណាមួយ​ក្នុង​រាងកាយ ទើប​បណ្ដាល​ឲ្យ​អ្នក​ឃ្លាន​អាហារ​មាន​ជាតិ​ប្រៃ​ខុស​ពី​ធម្មតា​បែប​នេះ។ ចំណែក ការ​បង្កើន​ចំណង់​ចំពោះ​អាហារ​មាន​ជាតិ​ផ្អែម​វិញ អ្នក​ត្រូវ​ទប់ទល់​ជាមួយ​វា​ដោយ ការ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ជាង​មុន អាហារ​ស្រស់ៗ និង​បន្លែ​ស្លឹក​បៃតង ព្រោះ​វា​ជា​សញ្ញាណ​បង្ហាញ​ថា អ្នក​កំពុង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ​នោះ​ទេ។

៣) បង្កើន​ចំណង់​ក្នុង​ការ​ទទួលទាន​អាហារ​ឆៅ៖ សញ្ញាណ​បែប​នេះ កំពុង​ប្រកាស​អាសន្ន​ពី​អតុល្យភាព​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ហើយ។ ដើម្បី​បង្ការ​ពី​ជំងឺ​រលាក​ក្រពះ ឬ​ការ​រមួល​ក្រពើ អ្នក​ត្រូវ​ទទួលទាន​បន្ថែម​នូវ​អាហារ​ឆៅ​ជាមួយ​បន្លែ​ស្លឹក​បៃតង​ស្រស់ៗ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ជាង​មុន។

៤) ការ​រមួល​ក្រពើ និង​រោគ​គេង​មិន​លក់៖ ថ្នាំ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ជាមួយ​បញ្ហា​សុខភាព​ទាំងនេះ អ្នក​ត្រូវ​ចាប់ផ្ដើម​ងាក​មក​យកចិត្តទុកដាក់​នឹង​ការ​បញ្ចូល​នូវ​ជាតិ​ប៉ូតាស្យូម និង​ម៉ាញេស្យូម​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​ហើយ។ កង្វះ​នូវ​សារធាតុ​ដែល​មាន​សារសំខាន់​យ៉ាង​ចម្បង​ទៅ​ដល់​សុខភាព​ខួរក្បាល បេះដូង និង​សាច់ដុំ​របស់​អ្នក​នេះ បង្ក​ឲ្យ​ទៅ​ជា​ការ​ពន្យឺត​សកម្មភាព​ប្រព័ន្ធ​ប្រសាទ​នៃ​ខួរក្បាល​របស់​អ្នក។ អ្នក​អាច​ស្វែង​រក​នូវ​សារធាតុ​ទាំង​២នេះ​មក​បំពេញ​ដល់​តម្រូវការ​រាងកាយ​របស់​អ្នក​បាន​នៅ​ក្នុង​អាហារ​ដូចជា បន្លែ​បៃតង គ្រាប់​អាល់មនដ៍ គ្រាប់​ធញ្ញជាតិ ផ្លែ​ចេក និង​អាហារ​ផ្សេងៗ​ជា​ច្រើន​ទៀត៕


ប្រែសម្រួល៖ ស្រីពៅ


ប្រភព៖ powerofpositivty

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared