​​គ្រោះ​កាច​ ១០​​​​​យ៉ាង​ដែល​ពិភពលោក​ជៀស​មិន​រួច​នឹង​​ប្រឈម​មុខ​ឆ្នាំ​ថ្មី​នេះ​

ផ្សាយចេញ ៖ 08-Jan-2017 7:42 am

​​គ្រោះ​កាច​ ១០​​​​​យ៉ាង​ដែល​ពិភពលោក​ជៀស​មិន​រួច​នឹង​​ប្រឈម​មុខ​ឆ្នាំ​ថ្មី​នេះ​

ប្រ​ភព៖​​ https://unsplash.com

​ក្នុង​មួយ​ឆ្នាំ​ៗ​ មាន​រឿង​រ៉ាវ​​គួរ​ឱ្យ​ឈឺ​ក្បាល​ជា​ច្រើន​បាន​កើត​ឡើង​ ហើយ​អ្វិ​ដែល​ពិសេស​នោះ​គឺ​​ថា​បញ្ហា​ខ្លះ​​​អាច​ដោះស្រាយ​ចេញ​ បញ្ហា​ខ្លះ​ទៀត​មិន​អាច​ដោះ​ស្រាយ​ចេញ​នោះ​ទេ។ ​បើ​យោង​​តាម​ ​Business Insider ​នៅ​ឆ្នាំ​ថ្មី​នេះ​ នឹង​មាន​ហានិភ័យ​ ១០​យ៉ាង​ធំ​បំផុត​ដែល​ពិភពលោក​នឹង​​ប្រឈម​មុខ៖

១) ​​បញ្ហា​អាមេរិក​ចង់​ម្ចាស់ការ​លើ​ខ្លួន​ឯង៖ តាម​ប្រភព​ពី EuroAsia ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​គឺ​លោក​ត្រាំ​នឹង​​ប្រើ​គោលនយោបាយ​ការបរទេស​បត់បែន​ និង​ការពារ​និយម​ ​​ដែល​អាច​​ធ្វើ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជា​មួយ​នឹង​​ប្រទេស​សម្ព័ន្ធ​មិត្ត។ ​​វា​អាច​បង្កើត​ជា​ហានិភ័យ​ផ្នែក​នយោបាយ​ និង​ធ្វើ​ឱ្យ​មហា​អំណាច​ពីរ​ទៀត​គឺ​ចិន​ និង​រុស្ស៊ី​ទាញ​យក​ផល​ចំណេញ​ពី​គោលនយោបាយ​នេះ។

២) ​ចិន​​នឹង​បញ្ចេញ​ធ្មុង​ខ្លាំង៖ ​ចិន​នឹង​មាន​កិច្ចប្រជុំ​ធំ​​មួយ​​សម្រាប់​គណបក្យ​កុម្មុយនីស្ដ​ចិន​នៅ​ឆ្នាំ​នេះ។ ​កិច្ច​ប្រជុំ​នេះ​នឹង​​កំណត់​ពី​​ជោគវាសនា​​​របស់​មេដឹកនាំ​កំពូល​សព្វ​ថ្ងៃ​​ និង​កំណត់​នយោបាយ​របស់​ប្រទេស​នា​ពេល​អនាគត។ តាម​ប្រភព​ពី​ EuroAsia​ លោក​ស៊ី​ ប្រហែល​​ជា​មាន​ការ​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​បញ្ហា​ខាង​ក្រៅ​ប្រទេស​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​មហាយក្ស​ចិន​ ​ព្រោះ​ថា​​​​គណបក្យ​កុម្មុយនីស្ដ​កំពុង​តែ​សម្លឹង​មើល​​​​ចំណាត់​ការ​របស់​លោក។ ចិន​ និង​អាមេរិក​អាច​​នឹង​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​លើ​បញ្ហា​នយោបាយ​ការបរទេស។

៣) ​មេដឹក​នាំ​អាល្លឺម៉ង់​ចុះ​ខ្សោយ៖ អធិការបតី​អាល្លឺម៉ង់​ គឺ​លោក​ស្រី​ Angela Merkel បាន​និង​កំពុង​ប្រឈម​បញ្ហា​នយោបាយ​ និង​សេដ្ឋកិច្ច​ រួម​មាន​ទាំង​បញ្ហា​ជន​ភៀស​ខ្លួន​ផង​​ ដោយ​មិន​ទាន់​ទាំង​គិត​បញ្ហា​របស់​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា​ Deutsche Bank ​ផង។ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កញ្ញា​ ខាង​មុខ​ ទំនង​គ្មាន​បក្ស​​ប្រឆាំង​​លេច​មុខ​​គួរ​កត់​ឱ្យ​សម្គាល់​ឡើយ​​ ប៉ុន្តែ​បញ្ហា​ផ្ទៃ​ក្នុង​សហភាព​អឺរ៉ុប​អាច​នឹង​​​ប្រេះ​ឆា​ដែល​ធ្វើ​ឱ្យ​សហភាព​នេះ​​រង​ការ​រង្គោះរង្គើ​ដោយ​សារ​តែ​បញ្ហា​​មួយ​ចំនួន​មិន​អាច​ដោះ​ស្រាយ​ចេញ។ ​​សូម​បញ្ជាក់​ថា​ អាល្លឺម៉ង់​ ជា​មហាសេដ្ឋកិច្ច​នៅ​ក្នុង​​សហភាព​អឺរ៉ុប​នេះ។

៤) គ្មាន​ការ​ធ្វើ​កំណែ​ទម្រង់​​នៅ​បណ្ដា​ធំ​ៗ​ភាគ​ច្រើន​៖ ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជា​ច្រើន​មិន​បាន​ធ្វើ​​កំណែ​ទម្រង់​ ជា​ពិសេស​នៅ​ប្រទេស​ធំ​ៗ​តែ​ម្ដង។ ​ហេតុ​ផល​មាន​​ ៤​​យ៉ាង​សំខាន់​ៗ​ គឺ៖ ​ក) មេ​ដឹក​នាំ​ថ្នាក់​ជាតិ​មួយ​ចំនួន​គិត​ថា​ ខ្លួន​បាន​ធ្វើ​​ល្អ​គ្រប់​​គ្រាន់​ហើយ​រួម​មាន​​ ឥណ្ឌា​ និង​មិកស៊ីកូ​ជា​ដើម​។ ខ) ​មេដឹកនាំ​នយោបាយ​នៅ​បណ្ដា​ប្រទេស​ធំៗ​​​​មាន​ដូច​ជា​ រុស្ស៊ី​ បារាំង​ ​អាល្លឺម៉ង់​ និង​អាហ្សង់ទីន​​ ​មិន​ព្រម​ធ្វើ​​កំណែ​ទម្រង់​​ ពោល​គឺ​ចាំ​រហូត​ដល់​មាន​ការ​បោះឆ្នោត​​។ គ) ​ប្រទេស​ដែល​មិន​ចាប់​អារម្មណ៍​ធ្វើ​កំណែ​ទម្រង់​តាំង​ពី​​ដើម​​មាន​ដូច​ជា​​ អ៊ីតាលី​ អាហ្វ្រិកខាងត្បូង​ ទួរគី និង​អង់គ្លេស​នៅ​តែ​មិន​ធ្វើ​កំណែ​ទម្រង់​។ ឃ) ប្រទេស​ដែល​មាន​ឆន្ទៈ​ធ្វើ​កំណែ​ទម្រង់​ដែរ​​ ​តែ​នឹង​​ប្រឈម​បញ្ហា​ផ្ទៃ​ក្នុង​ច្រើន​មាន​ដូច​ជា​​នីហ្សេរីយ៉ា​ និង​​អារ៉ាប៊ីសាអូឌីត​។

៥) បច្ចេកវិទ្យា​ និងបញ្ហា​នៅ​​មជ្ឈិមបូព៌ា​៖ ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​នឹង​​អាច​បង្កើត​​អស្ថិរភាព​នយោបាយ​នៅ​មជ្ឈិមបូពា។ ​ងាយ​មក​និយាយ​បញ្ហា​​សេដ្ឋកិច្ច​វិញ​ ​​អាច​នឹង​មាន​​ប្រែ​ប្រួល​ខ្លាំង​ចំពោះ​វិស័យ​ថាមពល​នៅ​អាមេរិក​ដែល​អាច​បង្ក​​បញ្ហា​​ដល់​​អង្គការ​​ OPEC​ ថែម​ទៀត​ផង។ ប្រសិន​បើ​មាន​ការ​​ផ្តាច់​ចេញ​ពី​អង្គការ​​នេះ​ដោយ​សមាជិក​ណា​មួយ​​ នឹង​បង្ក​​ឱ្យ​មាន​បញ្ហា​អត់​ការងារ​ធ្វើ​កាន់​តែ​ច្រើន​បន្ថែម​ពី​លើ​បញ្ហា​ដែល​មាន​ស្រាប់ (​តម្លៃ​ប្រេង​នៅបណ្ដា​ប្រទេស​ OPEC ​ធ្លាក់​ចុះ​ > ​ប៉ះពាល់​ដល់​អត្រា​និកម្មភាព)។ ​បន្ថែម​ពី​លើ​នេះ​ ​​​​បញ្ហា​​នៅ​អ៊ីរ៉ង់​ ​ភេរវករ​នៅ​ក្នុង​តំបន់​នេះ​​ និង​បញ្ហា​​មួយ​ចំនួន​ទៀត​ ​គឺ​បន្ថែម​រឿង​ដល់​មជ្ឈិមបូព៌ា​។

៦) ​​ធានាគារ​​កណ្ដាល​មិន​ឯករាជ្យ​៖ ​​ធនាគារ​កណ្ដាល​នៃ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ភាគ​ច្រើន​កំពុង​ជួប​បញ្ហា​ពោល​គឺ​មិន​​អាច​ធ្វើ​ខ្លួន​ឱ្យ​ឯករាជ្យ​បាន​​។ អ្នក​​នយោបាយ​បាន​យក​​​ធនាគារ​ជាតិ​​ ​ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​របស់​ខ្លួន​ដើម្បី ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​​ស្រុក​ជា​ច្រើន។ ​ច្បាស់​ណាស់​ថា​ ប្រទេស​ណា​ក៏​ដោយ​ បើ​សិន​ជា​ធនាគារ​កណ្ដាល​មិន​អាច​ឯករាជ្យ​បាន​នោះ​ទេ បញ្ហា​សេដ្ឋកិច្ច​​នឹង​កើត​មាន​ឡើង​ ពោល​គឺ​បញ្ហា​អាច​មាន​ច្រើន​ជាង​ដំណោះស្រាយ។

៧) ​សង្គ្រាម​សេតវិមាន​ ទល់​នឹង​ បណ្ដា​​ក្រុមហ៊ុន​នៅ​ Silicon Valley៖ ​តាម​ការ​បញ្ជាក់​ពី​ Eurasia Group ដដែល​បាន​ឱ្យ​ដឹង​ថា​ សង្គ្រាម​រវាង​បណ្ដា​ក្រុមហ៊ុន​យក្ស​នៅ​ Silicon Valley ​និង​លោក​ត្រាំ​អាច​នឹង​ផ្ទុះ​ឡើង។ ចំណុច​ទី​មួយ​គឺ​បណ្ដា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ធំ​ៗ​ដែល​​មាន​និន្ទាការ​មិន​គាំទ្រ​លោក​ត្រាំ​ អាច​នឹង​ជួប​បញ្ហា។ ​លោក​ត្រាំ​តែង​តែ​លើក​ឡើង​អំពី​​ឥទ្ធិពល​​អវិជ្ជមាន​នៃ​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស​មក​លើ​អត្រា​មាន​ការងារ​ធ្វើ​នៅ​អាមេរិក។ ​​រឿង​​ត្រង់​ថា​ ​​បញ្ហា​​មាន​ជាប់​ឬស​គល់​ជា​មួយ​នឹង​គោល​នយោបាយ​​បត់បែន​​​ដែល​លោក​ត្រាំ​ត្រូវ​ដោះស្រាយ។ ​ក្រុមហ៊ុន​នៅ​ក្នុង​​ Silicon Valley ​មាន​បញ្ហា​មុន​គេ​ ប្រសិន​បើ​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ​សម​ស្រប​ចំពោះ​គោលនយោបាយ​​​បត់បែន​ និង​​ការពារ​ខ្លួន​និយម (protectionism) ​របស់​លោក។

៨) ​ទួរគី៖ ​បញ្ហា​ដ៏​ក្ដៅ​គគុក​នៅ​ទួរគី​​​ដែល​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​របស់​លោក​ Erdogan ​មក​លើ​​ប្រព័ន្ធ​យុត្តិធម៌​ ​អប់រំ​ ​​​ប្រព័ន្ធ​ការិយាធិបតេយ្យ​ ​និង​​បណ្ដាញ​ផ្សព្វផ្សាយ​ជា​ដើម។ ​បញ្ហា​នៅ​ទួរគី​​ នឹង​បង្ក​​ចំណោទ​ដល់​សេដ្ឋកិច្ច​ ​ជា​ពិសេស​គឺ​ប៉ះពាល់​ដល់​វិស័យ​ឯកជន។

៩) កូរ៉េខាងជើង៖ ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ​ធំ​បំផុត​សម្រាប់​កូរ៉េខាងជើង ប៉ុន្តែ​មិន​មែន​ជា​ឆ្នាំ​ល្អ​នោះ​ឡើយ។ ​កូរ៉េខាងជើង​ ធ្វើ​ការ​ដោយ​ជោគជ័យ​ ទៅ​​លើ​កម្មវិធី​នុយក្លេអ៊ែរ​ និង​​មីស៊ីល​ ជា​ពិសេស​​គឺ​​មីស៊ីល​អន្តរទ្វីប​ដែល​អាច​​វាយ​ប្រហារ​ដល់​ឆ្នេរ​ខាង​លិច​របស់​សហរដ្ឋ​អាមេរិក​បាន។ បញ្ហា​ពីរ​​​​ដែល​ត្រូវ​បារម្ភ​​ ​គឺ​អាមេរិក​នឹង​មាន​ចំណាត់​ការ​ជា​មួយ​​កូរ៉េខាងជើង​​ ដែល​អាច​នឹង​ប៉ះ​ជា​មួយ​​ចិន​ផង​ដែរ។ ​បញ្ហា​របស់​អ្នក​ស្រី​ Park Geun-hye ​ដែល​ត្រូវ​បញ្ចប់​តំណែង​ ជំនួយ​ដោយ​​អ្នក​ថ្មី​ដែល​មាន​បំណង​ចង់​ត្រូវ​​រ៉ូវ​ជា​មួយ​កូរ៉េខាង​ជើង​វិញ។

១០) អាហ្វ្រិកខាងត្បូង៖ ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​នេះ​ ក៏​មាន​បញ្ហា​គួរ​ឱ្យ​ឈឺ​​ក្បាល​មួយ​ចំនួន​ធំ​ផង​ដែរ។ ​បញ្ហា​​​​មាន​ដូច​ជា​ ​​លោក Jacob Zuma ​​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​ជា​មួយ​នឹង​​សភា​ជាតិ​អាហ្វ្រិក​ ដែល​នឹង​ប៉ះពាល់​ដល់​តួនាទី​របស់​អាហ្វ្រិកខាងត្បូង​ក្នុង​នាម​ជា​បង​ធំ​ផ្នែក​សន្តិសុខ​ និង​សេដ្ឋកិច្ច​​។ ​បញ្ហា​នៅ​ហ្ស៊ីមបាវ៉េ​ ដែល​លោក​ប្រធានាធិបតី​ Mugabe ​អាច​នឹង​បង្ក្រាប​ដល់​ចលនា​ប្រឆាំង​នៅ​ប្រទេស​នេះ និងបញ្ហា​មួយ​ចំនួន​ទៀត៕ ​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared