តិកនិក​៤​យ៉ាង ​ដើម្បី​រៀន​ពាក្យ​​​​ក្នុង​ភាសា​ផ្សេង​ឲ្យ​ឆាប់​ចេះ​ និង​ ​​មិន​ខាត​ពេល

ផ្សាយចេញ ៖ 10-Jan-2017 8:38 am

ប្រ​ភព៖​​ https://pixabay.com/

លោក Luca Lmpariello គឺ​ជា​អ្នក​ឯកទេស​សិក្សា​ភាសា​មួយ​រូប និង​ជា​បុគ្គល​ម្នាក់​ដែល​បាន​លះបង់​ពេលវេលា​ដ៏​ច្រើន​នៃ​ជីវិត​ក្នុង​វ័យ​ជំទង់​របស់​គាត់ ទៅលើ​ការ​សិក្សា​ពី​ភាសា និង​ការ​បង្វឹក​បង្ហាត់​ភាសា។ តាម​ការ​អះអាង​ដោយ​ផ្អែក​ទៅលើ​បទពិសោធន៍​របស់​លោក ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​សិក្សា​១១​ភាសា និង​អភិវឌ្ឍ​នូវ​ជំនាញ​និយាយ​របស់​ខ្លួន​នូវ​ភាសា​ទាំង​១១​នោះ​រហូត​ឈាន​ដល់​អាច​និយាយ​ចាប់​ពី​កម្រិត​មធ្យម​ដល់​កម្រិត​ខ្ពស់​នៃ​ភាសា​នីមួយៗ លោក​បាន​ផ្ដល់​នូវ​បំណកស្រាយ​ជា​ការ​ចែក​រំលែក​ពី​គោលការណ៍​ទាំង​៤​យ៉ាង ដើម្បី​រៀន​ពាក្យ​ក្នុង​ភាសា​នានា​បាន​ឆាប់​រហ័ស​និង​ប្រកប​ដោយ​ប្រសិទ្ធភាព។


១) ការ​ជ្រើសរើស៖ សម្រាប់​ការ​យល់ដឹង​ជាទូទៅ អ្នក​ត្រូវ​ដឹង​ថា​ពាក្យពេចន៍​របស់​ភាសា​នីមួយៗ​មាន​ចំនួន​រាប់​រយ​រាប់​ពាន់​ពាក្យ ដែល​ទោះ​ជា​អ្នក​ចំណាយ​ពេល​សិក្សា​ពី​វា​ពេញ​មួយ​ជីវិត ក៏​វា​នៅ​តែ​មិន​អស់​ដែរ ទោះជាយ៉ាងណា តាម​ធម្មតា ពាក្យ​ដែល​ត្រូវ​បាន​គេ​ឧស្សាហ៍​ប្រើប្រាស់​ចំនួន​៣០០០​ពាក្យ ភាគច្រើន​បង្កើត​៩០%​នៃ​ភាសា​ទាំង​មូល ដែល​ជនជាតិ​ដើម​ប្រើប្រាស់​ជា​ប្រចាំ។ បញ្ហា​ដែល​គាត់​ចង់​សង្កត់​ធ្ងន់ គឺ​នៅ​ត្រង់​ការ​ចងចាំ​របស់​មនុស្ស ដែល​មាន​ដែន​កំណត់​ក្នុង​ការ​កត់ត្រា​ទុក​បាន​នូវ​ចំណេះដឹង​ដែល​ខ្លួន​បាន​សិក្សា ដោយ​ក្នុង​រយៈពេល​កំណត់​មួយ​ប៉ុណ្ណោះ ដូច្នេះ សម្រាប់​ការ​ចាប់ផ្ដើម​ដំបូង ជា​ប្រការ​សំខាន់​បំផុត ក្នុង​ការ​ដឹង​យ៉ាង​ច្បាស់​នូវ​ពាក្យ​ណា​ដែល​សំខាន់​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ញឹកញាប់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ព្រម​ទាំង​ប្រភេទ​ពាក្យ​បែប​ណា​ដែល​អ្នក​ចាំបាច់​ត្រូវ​ចេះ ដើម្បី​យក​មក​ប្រើប្រាស់​នៅ​ក្នុង​តម្រូវការ​ផ្ទាល់ខ្លួន​របស់​អ្នក រួច​មក​អ្នក​អាច​អភិវឌ្ឍ​ចំណេះដឹង​របស់​អ្នក ដោយ​រៀន​ពី​ប្រភេទ​ផ្សេងៗ​នៃ​ពាក្យ​ជា​ច្រើន​ទៀត​បាន​ដោយ​សន្សឹមៗ។

២) ភាព​ជាប់​ពាក់ព័ន្ធ​គ្នា៖ ត្រឹមតែ​ដឹង​ថា​ពាក្យ​ណា​ជា​ជម្រើស​សម្រាប់​ការ​សិក្សា​ភាសា​គោលដៅ​របស់​អ្នក នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ដើម្បី​ទប់ទល់​ជាមួយ​ការ​ភ្លេចភ្លាំង​របស់​ធម្មជាតិ​នៃ​មនុស្ស និង​ការ​យល់​បាន​យ៉ាង​សីុ​ជម្រៅ​ពី​អត្ថន័យ​នៃ​ពាក្យ​នៅ​ពេល​ប្រើប្រាស់​នៅ​ក្នុង​អត្ថបទ​ដែល​ផ្ដល់​នូវ​ខ្លឹមសារ និង​បរិបទ​នៃ​ពាក្យ​នោះ។ វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ទៀត គឺ​ជា​ការ​សាកល្បង​ប្រើប្រាស់​ការ​ស្រមៃ បង្កើត​ជា​ឃ្លា​ដោយ​ប្រើប្រាស់​នូវ​ពាក្យ​ដែល​អ្នក​ទើប​នឹង​រៀន​រួច​នោះ ព្រោះ​ថា​ព័ត៌មាន​បង្ហាញ​ពី​ប្រធានបទ​ណាមួយ នឹង​បំផុស​ដល់​ការ​ចងចាំ អារម្មណ៍ បទពិសោធន៍​ទទួល​ដឹង​បាន​ដោយ​ញាណ​ទាំង​៥ ព្រមទាំង​តថភាព​ជាក់ស្ដែង​ផង​ដែរ។

៣) ការ​ប្រមូល​ទុក​នូវ​ព័ត៌មាន​និង​ការ​រំលឹក​ឡើង​វិញ៖ តាម​ការ​បកស្រាយ​របស់​គ្រូពេទ្យ​ចិត្តសាស្ត្រ​ជនជាតិ​អាល្លឺម៉ង់​មួយ​រូប​កាល​ពី​ជាង​មួយ​សតវត្ស​កន្លង​ទៅ លោក Ebbinghaus បាន​រក​ឃើញ​ថា មនុស្ស​យើង​ម្នាក់ៗ​តែង​ភ្លេច​នូវ​ព័ត៌មាន​ដែល​ខ្លួន​បាន​ទទួល​ដឹង​រួច ដែល​គាត់​ហៅ​វា​ថា​ជា ដំណើរ​ធម្មជាតិ​ដ៏​ជាក់លាក់​នៃ​ការ​ភ្លេចភ្លាំង​របស់​មនុស្ស។ ហេតុនេះ អ្នក​ត្រូវ​ប្រមូល​ទុក​នូវ​ព័ត៌មាន​នូវ​រាល់​ពាក្យ​ថ្មីៗ​ទាំងឡាយ រួច​កត់ត្រា​វា​ទុក​យ៉ាង​មាន​របៀបរៀបរយ​នៅ​ក្នុង​សៀវភៅ​កត់ត្រា​របស់​អ្នក។ ក្រោយ​មក អ្នក​អាច​យក​សៀវភៅ​នោះ​មក​រំលឹក​ពី​ពាក្យ​ទាំងនោះ​ឲ្យ​បាន​ជាប់​លាប់ ព្រមទាំង​រៀន​សូត្រ​បន្ថែម​នូវ​ពាក្យ​ថ្មីៗ​ផង​ដែរ។

៤) ការ​យក​មក​ប្រើប្រាស់​អនុវត្ត​ជាក់ស្ដែង៖ ដើម្បី​រក្សា​បាន​នូវ​ការ​ចងចាំ​ចំពោះ​ពាក្យ​ដែល​អ្នក​បាន​រៀន​សូត្រ​មក​យ៉ាង​លំបាក​កន្លង​មក​នោះ ការ​ចាប់ផ្ដើម​ប្រើប្រាស់​ពាក្យ​ទាំងនោះ​នៅ​ក្នុង​ការ​សន្ទនា​ដ៏​មាន​តម្លៃ​ជាមួយ​អ្នក​ដទៃ ពិត​ជា​ជួយ​អភិវឌ្ឍ​នូវ​ភាព​ស្ទាត់​ជំនាញ ការ​ចងចាំ​នៃ​ភាសា និង​ពង្រឹង​ដល់​ចំណេះដឹង​នូវ​ពាក្យ​ចាស់ៗ ព្រមទាំង​ពាក្យ​ថ្មីៗ​ផង​ដែរ។ មិនតែប៉ុណ្ណោះ ក្រៅ​ពី​ការ​សន្ទនា អ្នក​អាច​អាន​អត្ថបទ​ណាមួយ និង​កត់សម្គាល់​នូវ​ពាក្យ​ថ្មីៗ សិក្សា​ពី​វា រួច​ប្រើប្រាស់​ពាក្យ​ទាំង​នោះ មក​សង្ខេប​និយាយ​ឡើង​វិញ​ឲ្យ​នរណា​ម្នាក់​ស្ដាប់​ក្រោយ​ពី​រំលឹក​វា​រួច​មក៕


ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ babbel

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared