​អ្នក​នយោបាយ​អង់គ្លេស​រក​​ឃើញ​វិធី​មួយ​​​បង្ខំ​ឱ្យ​ ​ប្រទេស​ ១២៧​ចូលរួម​ប្រឆាំង​ ISIS

ផ្សាយចេញ ៖ 22-Dec-2015 8:21 am

កងកម្លាំងISIS

ប្រ​ភព៖​​ www.independent.co.uk

កង​កម្លាំង​ក្រុម​បស្ចិម​ប្រទេស​ហាក់​​ចុះ​​សម្រុង​នឹង​គ្នា​​យ៉ាង​យឺត​​យ៉ាវ​ ​នៅ​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​ដ៏​​ធំ​មួយ​ក្នុង​លោក​គឺ​អង្គការ​ ISIS​ ដែល​កំពុង​តែ​​បង្ហាញ​ឥទ្ធិពល​និង​បង្ក​បញ្ហា​ឥត​ឈប់ឈរ​នៅ​ក្នុង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទាំង​នៅ​អឺរ៉ុប​ និង​អាស៊ី។ ​


ដោយ​សារ​តែ​បែប​នេះ​​ហើយ​ បាន​ជា​អ្នក​នយោបាយ​អង់គ្លេស​ចំនួន​ ៦០​នាក់​រក​ឃើញ​វិធី​ថ្មី​​ដើម្បី​​បង្ខំ​ឱ្យ​ប្រទេស​ដែល​ជា​សមាជិក​​របស់​អង្គការ​សហប្រជាជាតិ​​ចូលរួម​​កៀក​ស្មា​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្ដាញ​ភេរវកម្ម​​នេះ​ បើ​ទោះ​បី​ជា​ប្រទេស​ទាំង​នោះ​ចង់​ឬ​មិន​ចង់​ក៏​ដោយ​។


​ក្រុម​អ្នក​នយោបាយ​ទាំង​នេះ​នឹង​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​​ចក្រភព​អង់គ្លេស​ លោក​ កាម៉េរួន​ ​ស្នើ​ទៅ​​អង្គការ​សហប្រជាជាតិ​​​ ​ដោយ​លើក​ឡើង​ថា​ សកម្មភាព​របស់​ក្រុម​ ISIS ​គឺ​ជា​ការ​ប្រព្រឹត្ត​នៅ​អំពើ​ប្រល័យ​ពូជ​សាសន៍​​ដែល​ត្រូវ​ទប់​ស្កាត់​​​ដូច​​​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​​​​ស្ដី​ពី​ការ​​ទប់​ស្កាត់​​ និង​ការ​ដាក់​ទោសទណ្ឌ​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍។


នៅ​ក្នុង​លិខិត​ចំហ​របស់​​សមាជិក​សភា​អង់គ្លេស​​​​ដែល​ដក​ស្រង់​ដោយ​ BBC ​មាន​ខ្លឹម​សារ​ដូច្នេះ​ថា​ ៖ «នេះ​មិន​មែន​ជា​បញ្ហា​ពាក្យ​សម្ដី​​ដ៏​សាមញ្ញ​នោះ​ទេ។ ​វា​​មាន​ផល​ប្រយោជន៍​ពីរ​យ៉ាង​​ពី​ការ​ទទួល​យក​ដោយ​អង្គការ​សហប្រជាជាតិ​​ថា​ អំពើ​ប្រល័យពូជសាសន៍​​ ​​កំពុង​តែ​ជ្រួតជ្រាប​ហើយ។ ​ទី​មួយ​​ ​យើង​​ចង់​​ផ្ញើ​សារ​ដ៏​ច្បាស់​មួយ​ ទៅ​កាន់​ក្រុម​អ្នក​រៀប​ចំ​ និង​ប្រព្រឹត្ត​​អំពើ​​សម្លាប់​រង្គាល​នេះ​ថា​ នៅ​ពេល​អនាគត​ពួក​គេ​នឹង​ទទួល​ខុស​ត្រូវ​​នូវ​អំពើ​របស់​ខ្លួន​​ដែល​នឹង​​ត្រូវ​ចាប់​ខ្លួន​ សម្លាប់​ និង​ដាក់​ទោសទណ្ឌ​ដោយ​សហគមន៍​អន្តរជាតិ។ ​ទី​ពីរ​​ ​យើង​នឹង​ជំរុញ​ឱ្យ​ប្រទេស​ ១២៧​ ដែល​ជា​ហត្ថលេខី​នៃ​​​អនុសញ្ញា​ (ស្ដី​ពី​ការ​​ទប់​ស្កាត់​​ និង​ការ​ដាក់​ទោសទណ្ឌ​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍) ​ចាត់​វិធានការ​​បន្ទាន់​ដើម្បី​ទប់​ស្កាត់​ និង​ដាក់​ទោស​ទៅ​លើ​ក្រុម​អ្នក​ប្រព្រឹត្ត។


​បើ​សិន​ជា​អង់គ្លេស​​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​ទទួល​បាន​ជោគជ័យ​មែន​នោះ​ នោះ​​អាច​នឹង​មាន​ប្រទេស​​ច្រើន​ជា​​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ខាង​លើ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​នេះ៕

ដោយ៖ រតនៈ​វិភូ​ ​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared