អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើ​នរណា​ជា​សត្រូវ​ធំ​បំផុត​ក្នុង​ជីវិត​របស់​អ្នក​? ​

តើ​នរណា​ជា​សត្រូវ​ធំ​បំផុត​ក្នុង​ជីវិត​របស់​អ្នក​? ​

ប្រ​ភព៖​​ pixabay.com

នៅ​ពេល​ដែល​​គេ​និយាយ​ទៅ​ដល់​ពាក្យ​ថា​ «​សត្រូវ​»​ គេ​តែង​តែ​​​នឹក​​ឃើញ​ទៅ​ដល់​មនុស្ស​ដែល​ប្រឆាំង​ និង ​ចាំ​បំផ្លាញ​អ្នក ឬ​និយាយ​​ដោយ​ខ្លី​ថា កត្តា​ខាង​ក្រៅ​។ ​វា​មិន​ខុស​នោះ​ទេ​ ប៉ុន្តែ​ ​​​«សត្រូវ​»​ប្រភេទ​នេះ​មិន​ទាន់​ជា​ ​ឧបសគ្គ​ធំ​ក្នុង​ជីវិត​របស់​អ្នក​នោះ​ឡើយ​។ ​ផ្ទុយ​ទៅ​វិញ ​​មាន​ខ្លួន​ឯង​ជា​សត្រូវ​ គឺ​ជា​ឧបសគ្គ​ធំ​បំផុត​ក្នុង​ជីវិត​។

​មនុស្ស​ជាច្រើន​មិន​ចាប់​អារម្មណ៍​លើ​ចំណុច​នេះ​នោះ​​ឡើយ ​ហើយ​តែង​បន្ទោស​លើ​កត្តា​ខាង​ក្រៅ​ជា​ធំ ​ដែល​នាំ​ឲ្យ​ខ្លួន​ឯង​រស់​នៅ​គ្មាន​សេចក្ដី​សុខ​ និង ​មិន​ដែល​ស្គាល់​ឡើយ​​ពាក្យ​ថា «សុភមង្គល​»។ ​​​ដោយ​សារ​តែ​រវល់​តែ​ទប់ទល់​នឹង​កត្តា​ខាង​ក្រៅ​ ​ម្ល៉ោះហើយ​គ្មាន​ពេល​ទៅ​គិត​រឿង​កត្តា​ខាង​ក្នុង​ ពោល​គឺ «​ខ្លួន​ឯង​» ជា​ហេតុ​នាំ​ឲ្យ​​ខ្លួន​ឯង​បំផ្លាញ​ខ្លួន​ឯង​តាម​អំពើ​ចិត្ត ហើយ​ក៏​មិន​ដែល​ដឹង​ខ្លួន​។ ខាង​ក្រោម​នេះ ជា​ហេតុ​ផល​ដែល​​បញ្ជាក់​ថា ​អ្នក​មាន​ខ្លួន​ឯង​ជា​សត្រូវ​ដ៏​ធំ​បំផុត​៖

​១) ​ខ្វះ​ការ​អប់រំ​ចិត្ត​៖ ​មនុស្ស​ខ្លះ​ចាប់​ឆេវឆាវ​ ​ឆាប់​ខឹង​ ​ហើយ​ងាយ​នឹង​ផ្ទុះ​រឿងរ៉ាវ​ផ្សេងៗ​ រហូត​ឈាន​ដល់​អំពើ​ហិង្សា។ ​​បញ្ហា​ទាំង​នេះ នឹង​​នាំ​ទុក្ខ​ដាក់​ខ្លួន​អ្នក និង អ្នកដទៃ​យ៉ាង​ងាយ​បំផុត​​។ ​​​គ្មាន​នរណា​អាច​គេច​ផុត​ពី​បញ្ហា​​ទាំង​នេះ​ឡើយ​ ប៉ុន្តែ​ខុសគ្នា​ត្រង់​ថា ​មនុស្ស​ដែល​បាន​អប់រំ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​បាន​ល្អ​ នោះ​ពួក​គេ​​ងាយ​នឹង​បញ្ចៀស​វា​​ណាស់​ ​ហើយ​ព្យាយាម​ពង្រួម​ពី​បញ្ហា​ធំ​មក​តូច​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ដែល​បាន​សិក្សា​ និង អប់រំ​ផ្លូវ​ចិត្ត​របស់​ខ្លួន​វិញ គឺ​​​ងាយ​នឹង​ធ្វើឲ្យ​រឿងរ៉ាវ​កាន់​តែ​ផ្ទុះ​ឡើង​ ​គឺ​ប្រៀប​បាន​នឹង​ផ្លុំ​ប៉េងប៉ោង​​​អ៊ីចឹង​ គឺ​ផ្លុំ​​រហូត​ដល់​ផ្ទុះ​តែង​ម្ដង។

២) ​​​​​​មិន​បាន​សិក្សា​រៀន​សូត្រ​ឲ្យ​បាន​ជ្រៅជ្រះ​៖ ​មនុស្ស​ដែល​​អវិជ្ជា ​គឺ​ប្រៀប​បាន​នឹង​ដំបៅ​ ​ដែល​​​រុយ​ និង ដង្កូវ​ជាច្រើន​​កំពុង​ព្យាយាម​មក​​ក្បែរ​​​​។ បើ​អ្នក​ព្យាយាម​​ដេញ​រុយ ឬ ​ដង្កូវ​ទាំង​នោះ​ គឺ​វា​មិន​មែន​ជា​មធ្យោបាយ​ល្អ​នោះ​ឡើយ ពោល​គឺ​វា​គ្រាន់​តែ​ជា​វិធី​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ ​វិធី​ដ៏​ល្អ​បំផុត​ គឺ​ត្រូវ​ព្យាយាម​ព្យាបាល​ដំបៅ​នោះ​​ឲ្យ​ជះ។ ​សម្រាប់​មនុស្ស​អវិជ្ជា​​វិញ គឺ​​មិន​ខុស​គ្នា​នោះ​ទេ​ ពោល​គឺ​មនុស្ស​ប្រភេទ​នេះ​ងាយ​នឹង​មាន​បញ្ហា​ជាច្រើន​កើត​ឡើង​ខ្លាំង​ណាស់​ ​​ព្រោះ​ទី១​ ​ខ្លួន​ឯង​ពិបាក​ក្នុង​ការ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ ​និង ទី២​ ងាយ​នឹង​គេ​បោក​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បើ​ចង់​រំដោះ​ខ្លួន​ចេញ​ពី​បញ្ហា​ទាំង​នេះ​ គឺ​ត្រូវ​តែ​ព្យាយាម​រំដោះ​ខ្លួន​ចេញ​ពី​ភាព​អវិជ្ជា​ឲ្យ​បាន​ បើ​មិន​ដូច្នោះ​ទេ ​​​មួយ​ជីវិត​នេះ​រក​សុខ​មិន​ឃើញ​​ឡើយ​។

៣) ​​​ពាក្យ​សុខ​ និង ទុក្ខ​របស់​ខ្លួន​​ ផ្ញើ​លើ​«​អណ្ដាត​»​អ្នក​ដទៃ​៖ ​ធម្មជាតិ​របស់​មនុស្ស​ គឺ​មិន​ងាយ​ផ្គាប់​ចិត្ត​នោះ​ឡើយ​​ ​ព្រោះ​មនុស្ស​តែង​តែ​មាន​គំនិត​ផ្សេងៗ​គ្នា​ ​ព្រោះ​ចំណេះដឹង​ផ្សេង​គ្នា​ ​​វប្បធម៌​ផ្សេង​គ្នា​ ​​​ស្ថានភាព​សេដ្ឋកិច្ច​ផ្សេង​គ្នា​​​ ​និង សាសនា​​ផ្សេង​គ្នា​។ ​បើ​អ្នក​​ជា​មនុស្ស​ដែល​ទទួល​បាន​សុខ​ ឬ ទុក្ខ​ដោយ​ផ្អែក​លើ​អណ្ដាត​របស់​អ្នក​ដទៃ ​​នោះ​មាន​ន័យ​ថា ​អ្នក​​​​នឹង​ទទួល​បាន​ទុក្ខ​ ច្រើន​ជាង​​សុខ​ ​ហើយ​មួយ​ជីវិត​នេះ​ គឺ​មិន​ខុស​អ្វី​ទៅ​ហើយ​ខ្លែង​នោះ​ទេ ​ព្រោះ​ខ្យល់​​បក់​មក​ពី​ណា​ នឹង​រេរាំ​ទៅ​តាម​នោះ​។​ ​ដូច្នេះ​ហើយ ​ត្រូវ​ចាំ​​​ថា​​ ​អ្នក​គឺ​ជា​មនុស្ស​ដែល​សំខាន់​បំផុត​ក្នុង​ការ​កំណត់​ជោគវាសនា​របស់​ខ្លួន​ ​ហើយ​បើ​អ្នក​មិន​យល់​អំពី​ចំណុច​នេះ​ទេ​ គឺ​​​វា​មិន​ចម្លែក​ទេ​ ដែល​អ្នក​​​​កំពុង​រស់​នៅ​​ក្នុង​ជីវិត​ដែល​គ្មាន​ន័យ​។

៤) ​មោទនភាព​ជ្រុល​ចំពោះ​ខ្លួន​ឯង​៖ ​មនុស្ស​ត្រូវ​តែ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​ ព្រោះ​វា​ជា​កម្លាំង​ចិត្ត​មួយ ដើម្បី​រុញ​​ឲ្យ​អ្នក​មាន​ចិត្ត​ធ្វើការ​បន្ត​ទៀត​។ ប៉ុន្តែ​អ្វី​ដែល​​កត់សម្គាល់​នោះ ​មនុស្ស​គឺ​ចូលចិត្ត​មោទនភាព​ជ្រុល​ចំពោះ​ខ្លួន​ឯង ​​ដោយ​គិត​ថា ខ្លួន​ឯង​ខ្លាំង​លើស​គេ​ ​​ចេះ​លើស​គេ​ ​និង មាន​កម្រិត​អប់រំ​លើស​ពី​គេ ​ហើយ​គ្មាន​នរណា​អាច​ធ្វើ​ដូច​​។ ការ​គិត​បែប​នេះ​ហើយ ដែល​​ធ្វើ​ឲ្យ​អ្នក​បិទ​​​​​ផ្លូវ​ខ្លួន​ឯង​ ​​រហូត​មិន​អាច​ទទួល​គំនិត​ ឬ យោបល់​របស់​អ្នក​ដទៃ​ ​​​ដែល​ប្រៀប​បាន​​ដូចជា​ ​​កង្កែប​​នៅ​ក្នុង​អណ្ដូង​អ៊ីចឹង​ ​គឺ​គិត​តែ​ម្យ៉ាង​ទេ​​ថា ខ្លួន​អស្ចារ្យ​ជាង​គេ ​ដោយ​ភ្លេច​គិត​ថា ​មាន​អ្វី​ខ្លះ​ដែល​ប្រសើរ​ជាង​នេះ​។ មោទនភាព​ជ្រុល​ចំពោះ​ខ្លួន​ឯង​​ ​នឹង​រារាំង​ខ្លួន​ឯង​មិន​ឲ្យ​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​ទៀត ​ព្រោះ​​គិត​ថា​ខ្លួន​ចេះ​អស់​ ​រហូត​ដល់​ថ្នាក់​ដើរ​ចូល​មាត់​ជ្រោះ​ទាំង​មោទនភាព​។

៥) ​ខ្វះ​ការ​ជឿជាក់​​លើ​ខ្លួន​ឯង៖ ​កុំ​ជឿជាក់​ជ្រុល​ពេក​​ចំពោះ​ខ្លួន​ឯង ​​តែ​ត្រូវ​តែ​មាន​ការ​ជឿជាក់​។ ​បើ​អ្នក​ចង់​ឲ្យ​គេ​ជឿជាក់​​អ្នក ដំបូង​ឡើយ​ត្រូវ​ជឿជាក់​​លើ​ខ្លួន​ឯង​ជា​មុន​សិន​។ ​មនុស្ស​ច្រើន​ណាស់​ ​មិន​អាច​ធ្វើ​កិច្ចការ​​ផ្សេងៗ​បាន​សម្រេច​ ​​ទោះបី​ជា​​មើល​ទៅ​មាន​ជំនាញ​ និង ចំណេះដឹង​សម​​ល្មម​នឹង​អាច​សម្រេច​បាន​​ក៏​ដោយ​។ ​កាល​ណា​អ្នក​មិន​ជឿជាក់​​លើ​ខ្លួន​ឯង ​​មាន​ន័យ​ថា ​អ្នក​បាន​គិត​ថា​ខ្លួន​ឯង​អន់​បាត់​ទៅ​ហើយ។ បើ​គិត​ថា អន់​ហើយ នោះ​សកម្មភាព​នឹង​​​ស្ដែង​ចេញ​តាម​ហ្នឹង​ដែរ​៕

​ដោយ​៖ រតនា​ ​វិចិត្រ​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930