សសរគ្រឹះ៤ចំណុចដែលនៅពីក្រោយភាពជោគជ័យរបស់ជប៉ុនក្រោយចាញ់សង្គ្រាមលោកលើកទី២

ផ្សាយចេញ ៖ 19-May-2017 2:00 pm

ប្រ​ភព៖​​ bbcgoodfood

តើ​ធាតុ​ផ្សំ​អ្វីខ្លះ​ដែល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ក្នុង​ការ​ស្ដារ​ប្រទេស​ដ៏​ទន់ខ្សោយ​ក្រោយ​ពី​វិនាសកម្ម​ទម្លាក់​គ្រាប់បែក​ពី​សហរដ្ឋអាមេរិក​ទៅលើ​ទីក្រុង​សំខាន់​ៗ​របស់​ប្រទេស​ជប៉ុន ប្រែ​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី៣​របស់​ពិភពលោក ប្រកៀក​គ្នា​ជាមួយ​នឹង​សហរដ្ឋអាមេរិក​បាន ?


គំនិត​ទូទៅ​ភាគច្រើន​នឹង​ព្យាយាម​ឆ្លើយ​សំណួរ​ដែល​តែងតែ​ត្រូវ​បាន​គេ​ចោទ​សួរ​ឡើង​កន្លង​មក​មួយ​នេះ ដោយ​យល់​ឃើញ​ថា​គឺជា​ការ​រួបរួម​មាន​ចិត្ត​គំនិត​តែ​មួយ​ដូច​គ្នា​របស់​ជនជាតិ​ជប៉ុន ដែល​ជា​គ្រឹះ​ក្នុង​ការ​សាងសង់​សមិទ្ធផល​ជោគជ័យ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ។ ស្រប​ពេល​ដែល​វា​គួរ​តែ​ជា​ភាព​ដូច​គ្នា ផ្ទុយទៅវិញ​វា​គឺជា​ការ​ទាញ​យក​ប្រយោជន៍​ពី​ភាព​ខុស​គ្នា​ជាច្រើន​ដែល​មាន​នៅ​ក្នុង​សង្គម​មួយ​ដែល​ទទួល​រងគ្រោះ​នេះ ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ប្រយោជន៍​សេដ្ឋកិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព​នេះ​ឯង។


នៅ​ក្នុង​ភាព​ជោគជ័យ​របស់​ជប៉ុន​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​នេះ បុគ្គល​គំរូ​ដែល​មាន​ឥទ្ធិពល​ធំធេង​ទៅលើ​បែបបទ​ឥរិយាបថ​បែប​ណា​ដែល​គួរ​មាន​ទៅលើ​សេដ្ឋកិច្ច​របស់​អ្នក​ជំនួញ​ជប៉ុន នោះ​គឺជា​អ្នក​បដិវត្ត​ឧស្សាហកម្ម​ជប៉ុន​លោក Eiichi Shibusawa (១៨៤០ដល់១៩៣១) ដែល​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​នាម​ជា “បិតា​មូលធន​និយម​របស់​ជប៉ុន”។ ចំណុច​កណ្ដាល​សំខាន់​បង្កប់​ក្នុង​គំនិត​របស់​លោក​បាន​បង្រៀន​ឲ្យ​អ្នកដឹកនាំ​ជំនួញ​ទាំងអស់​គិតគូរ​ពី​ប្រយោជន៍​រួម​របស់​ជាតិ​នៅ​ក្នុង​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​គំនិត​មាន​ខុស​គ្នា​ច្រើន​បែប​នេះ និង​ការ​រុញ​សង្កត់​នូវ​ជម្លោះ​ទាស់ទែង​ជាមួយ​បណ្ដា​គូ​ប្រកួតប្រជែង​ទាំងអស់​ដែល​កំពុង​តែ​ស្វែងរក​ប្រយោជន៍​ដូច​គ្នា។


គ្រឹះ​សំខាន់ៗ​ដែល​ផ្គុំ​បញ្ចូល​គ្នា​ជំរុញ​ឲ្យ​ប្រទេស​ដែល​ហិនហោច​ពី​សង្គ្រាម​មួយ​នេះ​ឲ្យ​ប្រែ​ក្លាយ​ពី​អ្វី​ដែល​គេ​គ្រប់​គ្នា​គិត​ថា​មិន​អាច​ទៅ​រួច​ទៅ​ជា​អាច​ទៅ​រួច​បាន​មាន​ដូច​ជា៖


១) មាន​ភាព​ម៉ត់ចត់​ទៅលើ​ការ​ប្រកួតប្រជែង៖ ត្រង់​ចំណុច​នេះ​ចង់​សង្កត់​ធ្ងន់​ចំពោះ​អ្នក​ដែល​មាន​កាតព្វកិច្ច​ធ្វើការ​សម្រេច​ចិត្ត​បង្កើត​គោលនយោបាយ​ទាំងអស់ ឲ្យ​ត្រូវ​គិតគូរ​ម៉ត់ចត់​ទៅលើ​ចម្លើយ​ទៅ​កាន់​សំណួរ​ថា​តើ​ឥទ្ធិពល​នៃ​គោលនយោបាយ​របស់​ពួកគេ​នឹង​មាន​យ៉ាង​ដូចម្ដេច​ចំពោះ​ប្រសិទ្ធភាព​នៃ​ឧស្សាហកម្ម​ជប៉ុន ភាព​ខ្លាំងក្លា​នៃ​ការ​ប្រកួតប្រជែង​របស់​ជប៉ុន​នៅ​លើ​ទីផ្សារ​ពិភពលោក និង​តុល្យភាព​របស់​ជប៉ុន​រវាង​ការ​បង់​ប្រាក់​និង​ការ​ដោះដូរ​ពាណិជ្ជកម្ម។ ចំណុច​ដ៏​សំខាន់​មួយ​ដែល​តែងតែ​ស្ថិត​នៅ​ក្នុង​ការ​ព្រួយ​បារម្ភ​របស់​អ្នក​បង្កើត​គោលនយោបាយ​របស់​ជប៉ុន​នោះ​គឺជា​ពំនឹង​ផ្អែក​របស់​ជប៉ុន​ទៅលើ​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ទៅលើ​ថាមពល វត្ថុ​ធាតុ​ដើម និង​អាហារ។


២) គិតគូរ​លើ​ប្រយោជន៍​ជាតិ​មុន​គេ​បង្អស់៖ មាន​ប្រមាណ​២​ភាគ​៥​នៃ​ប្រជាជន​ជប៉ុន​មិន​គាំទ្រ​នឹង​ការ​គ្រប់គ្រង​តាម​បែប​មូលធន​និយម ដែល​មិន​ចូលចិត្ត​ការ​បង្កើត​នូវ​ក្រុមហ៊ុន​អាជីវកម្ម​ឬ​សហគ្រាស​ធំៗ តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បញ្ចេញ​មតិ​របស់​បណ្ដា​ក្រុម​ម្ចាស់​អាជីវកម្ម​ធំៗ​តែង​មាន​ឥទ្ធិពល​លើ​អ្នក​បង្កើត​ច្បាប់ ក៏​ព្រោះ​តែ​ឥរិយាបថ​ម្យ៉ាង​ដែល​ពួកគេ​បាន​គោរព​និង​ប្រតិបត្តិ​តាម​គំនិត​ដែល​ចាក់​ឫស​យូរ​មក​ដែល​គិតគូរ​លើ​ប្រយោជន៍​ជាតិ​ជា​រួម​របស់​លោក Eiichi Shibusawa ដែល​តែងតែ​សួរ​ថា “តើ​អ្វី​ទៅ​ដែល​ល្អ​សម្រាប់​ប្រទេស​របស់​យើង ?” ។ កាតព្វកិច្ច​របស់​អ្នក​ដឹកនាំ​ជំនួញ​នៅ​តាម​ក្រុមហ៊ុន​ធំៗ​ទាំងអស់​តែង​ជួបជុំ​គ្នា ជជែក​ពិភាក្សា​ទៅលើ​គោលនយោបាយ​ជាតិ​ដើម្បី​ស្វែងរក​បញ្ហា​មុន​នឹង​វា​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​លេច​ឡើង​មក។


៣) ដឹង​ពី​របៀប​ដែល​ត្រូវ​អង្គុយ៖ នាយក​ប្រតិបត្តិ​នៅ​តាម​ក្រុមហ៊ុន​នីមួយៗ​មាន​ពេល​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ចំណាយ​ទៅលើ​ការ​គ្រប់គ្រង​រឿងរ៉ាវ​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ពួកគេ ក្រៅ​ពី​នោះ​ពួកគេ​ចំណាយ​ពេលវេលា​យ៉ាង​ច្រើន​ក្នុង​ការ​អង្គុយ​ជជែក​ពិភាក្សា​ជាមួយ​អ្នក​ដឹកនាំ​កំពូលៗ​តាម​ស្ថាប័ន​ដែល​មាន​ចំណែក​ក្នុង​ការ​សម្រេច​ចិត្ត​កិច្ចការ​សំខាន់ៗ។


នេះ​ហើយ​គឺជា​របៀប​ដែល​ពួកគេ​គ្រប់គ្រង​កិច្ចការ​របស់​ពួកគេ។ គោលបំណង​នៃ​ការ​អង្គុយ​ជជែក​គ្នា​នេះ​មិនមែន​ដើម្បី​ដោះស្រាយ​បញ្ហា​ណាមួយ ឬ​ដើម្បី​បង្កើត​ការ​ទុកចិត្ត​គ្នា ឬ​ព្រមព្រៀង​គ្នា​អ្វី​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​យល់​ពី​គ្នា​ថា​អ្វី​ដែល​ម្នាក់​ទៀត​ធ្វើ​បាន​ឬ​ធ្វើ​មិន​បាន ឬ​ចូលចិត្ត​ឬ​មិន​ចូលចិត្ត​នៅ​ពេល​បញ្ហា​ឬ​ឱកាស​ណាមួយ​លេច​ឡើង​មក។


៤) ព្យាយាម​ស្វែងរក​ទី​គ្មាន​ជ័យជម្នះ​ចុង​បញ្ចប់៖ ដូច​អ្វី​ដែល​បិតា​មូលធន​និយម​ជប៉ុន​បាន​បន្សល់​ទុក​សម្រាប់​ពួកគេ បើ​ទោះ​ជា​ការ​ប្រកួតប្រជែង​តែងតែ​មាន​នៅ​ក្នុង​វិស័យ​ដូច​គ្នា​រវាង​អ្នក​ជំនួញ​ក៏​ដោយ ប៉ុន្តែ​ជនជាតិ​ជប៉ុន​យល់​ថា​ការ​ព្យាយាម​យក​ឈ្នះ​លើ​ជម្លោះ​ជាមួយ​មនុស្ស​ដែល​កំពុង​ស្វែងរក​ប្រយោជន៍​ដូច​គ្នា​បែប​នេះ​នឹង​មិន​ផ្ដល់​នូវ​សុខ​សន្តិភាព​នោះ​ឡើយ។ ឥរិយាបថ​បែប​នេះ​បាន​បង្ហាញ​ថា​ពួកគេ​ចេះ​ទាញ​ប្រយោជន៍​ពី​ជម្លោះ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាជាង​យក​ឈ្នះ​នៅ​ទី​ចុង​បញ្ចប់៕


ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ hbr


អត្ថបទទាក់ទង៖ ក្រោយពីការទម្លាក់គ្រាប់បែកកម្ទេចទីក្រុងពីររបស់ជប៉ុន តើពួកគេអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣របស់ពិភពលោកយ៉ាងដូចម្ដេច?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared