អត្ថបទថ្មីបំផុត
Home > សង្គម > គំនិតច្នៃប្រឌិតពុំមែនជាគំនិតថ្មីសន្លាងនោះទេ តែគឺជាការរកឃើញទំនាក់ទំនងរវាងគំនិតមួយនឹងគំនិតដទៃទៀត

គំនិតច្នៃប្រឌិតពុំមែនជាគំនិតថ្មីសន្លាងនោះទេ តែគឺជាការរកឃើញទំនាក់ទំនងរវាងគំនិតមួយនឹងគំនិតដទៃទៀត

ប្រ​ភព៖​​ gismentors.cz

ស្ថាបនិក​ក្រុមហ៊ុន Apple លោក ស្ទីវចប គឺជា​និយមន័យ​មួយ​នៃ​អត្ថន័យ​របស់​បុគ្គល​ដែល​មាន​គំនិត​ច្នៃប្រឌិត។ ប៉ុន្តែ តើ​អ្នក​ផ្ដល់​និយមន័យ​យ៉ាង​ដូចម្ដេច​ចំពោះ​ពាក្យ​ថា​ច្នៃប្រឌិត ? មិន​ថា​អ្នក​មាន​ការ​យល់​ឃើញ​ចំពោះ​គំនិត​ច្នៃប្រឌិត​ថា​ជា​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​និយមន័យ​របស់​គំនិត​ច្នៃប្រឌិត​ពុំ​មែន​ជា​គំនិត​ថ្មី​សន្លាង​ដូច​ដែល​អ្នក​ធ្លាប់​គិត​នោះ​ទេ។ ផ្ទុយទៅវិញ គំនិត​ច្នៃប្រឌិត​គឺជា​ការ​មើល​ឃើញ​ទំនាក់ទំនង​រវាង​គំនិត​មួយ​ទៅ​នឹង​គំនិត​មួយ​ផ្សេង​ទៀត ដែល​មាន​ស្រាប់​រួច​មក​ហើយ។ នៅ​ពេល​អ្នក​យល់​ពី​ឫសគល់​របស់​វា​ច្បាស់ នោះ​អ្នក​នឹង​អាច​ផ្លាស់ប្ដូរ​ចេញ​នូវ​ផ្នត់​គំនិត​អន់ថយ​របស់​អ្នក​ដែល​យល់​ថា​ការ​បង្កើត​គំនិត​ច្នៃប្រឌិត​គឺជា​រឿង​លំបាក។

theapplegoogle.com

ក្នុង​សៀវភៅ A Technique for Producing Ideas របស់​អ្នក​និពន្ធ James Webb Young គាត់​បាន​លើកឡើង​ពី​ដំណើរការណ៍​របស់​ម៉ាស៊ីន​ខួរក្បាល​ផលិត​នូវ​គំនិត​ច្នៃប្រឌិត​ឡើង ដែល​ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​ភាគច្រើន​តែង​ប្រើប្រាស់​ដើម្បី​បង្ខំ​ម៉ាស៊ីន​ខួរក្បាល​របស់​ខ្លួន​ឲ្យ​ផលិត​ជា​គំនិត​ច្នៃប្រឌិត​ឡើង​មក។ មនុស្ស​ជាច្រើន​តែង​អង្គុយ​រង់ចាំ​ឲ្យ​មាន​គំនិត​ប្លែក​ថ្មី​ហោះ​កាត់​ចូល​មក​ក្នុង​ខួរក្បាល​របស់​ខ្លួន​តែ​ម្ដង។ ប៉ុន្តែ​ដំណើរការណ៍​ក្នុង​ការ​ផលិត​គំនិត​ថ្មី​មួយ ពុំ​មែន​ប្រព្រឹត្ត​ទៅ​បែប​នេះ​នោះ​ឡើយ។

www.simontheis.de

ហេតុអ្វី​ក៏​អ្នកប្រាជ្ញ​គណិតសាស្ត្រ​និង​រូបសាស្ត្រ អ៊ីសាក់ ញូតុន អាច​នឹក​ឃើញ​បង្កើត​ជា​ទ្រឹស្ដី​កម្លាំង​ទំនាញ​សកល ដែល​ជា​ច្បាប់​សកល​ដែល​បាន​បកស្រាយ​អំពី​ដំណើរការណ៍​ធម្មជាតិ​របស់​ចក្រវាល​យើង​នេះ ? នេះ​មិនមែន​មក​ពី​គាត់​មាន​វេទមន្ត​អស្ចារ្យ​អ្វី​នោះ​ទេ តែ​មក​ពី​គាត់​អាច​រក​ឃើញ​ទំនាក់ទំនង​រវាង​កម្លាំង​ដែល​ទាញ​ឲ្យ​ផ្លែ​ប៉ោម​ជ្រុះ​ធ្លាក់​មក​លើ​ផែនដី និង​កម្លាំង​ដែល​ទាញ​ឲ្យ​ព្រះចន្ទ​រង្វិល​ជុំវិញ​ភព​ផែនដី គឺជា​កម្លាំង​តែ​មួយ ដែល​នាំ​ឲ្យ​គាត់​រក​ឃើញ​បង្កើត​នូវ​ទ្រឹស្ដី​កម្លាំង​ទំនាញ​សកល ដែល​ផ្លាស់ប្ដូរ​ការ​មើល​ឃើញ​ដ៏​ថ្មី​សន្លាង​របស់​មនុស្សលោក​ទៅ​កាន់​ធម្មជាតិ​ដែល​ពួកគេ​កំពុង​រស់នៅ​នេះ​ជា​រៀង​រហូត។

www.wolverton-mountain.com

យ៉ាងណាមិញ ចំណេះដឹង​គឺ​កើត​ចេញ​ពី​ការ​ងឿងឆ្ងល់ និង​ការ​មាន​សតិ​ដឹង​ខ្លួន​អំពី​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន។ បើ​កាលណា​មនុស្ស​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ​ចេះ​ដឹង​សព្វ​គ្រប់​ហើយ នោះ​ពួកគេ​នឹង​បិទ​ជិត​ចំណេះដឹង​ខ្លួនឯង​ជាមួយ​នឹង​ជំនឿ​ដែល​ជឿ​ថា​ខ្លួនឯង​ចេះ​អស់​នេះ ដែល​នាំឲ្យ​មនុស្ស​ដែល​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ​នេះ​នឹង​ក្លាយ​ជា​មនុស្ស​ល្ងង់​ខ្លៅ​អស់​មួយ​ជីវិត។ ចំណេះដឹង​កើត​ចេញ​ពី​ការ​ងឿងឆ្ងល់ នៅ​ពេល​មនុស្ស​ឆ្ងល់​ច្រើន ចម្ងល់​និង​ការ​ចង់​ចេះ​ចង់​ដឹង​របស់​ពួកគេ​នឹង​នាំ​ពួកគេ​ទៅ​រក​ការ​សិក្សា​ស្រាវជ្រាវ​ពង្រីក​ការ​យល់​ដឹង​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ។

ពួកគេ​ក៏​មិន​បិទ​ជិត​ចំណេះដឹង​ខ្លួនឯង​ឲ្យ​តូច​ចង្អៀត​ដោយ​គ្រាន់តែ​សិក្សា​ទៅលើ​ប្រធានបទ​តែ​មួយ​នោះ​ដែរ ព្រោះ​អ្វីៗ​នៅ​លើ​លោក​នេះ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ទាំងអស់ សំខាន់​គឺ​ថា​តើ​អ្នក​អាច​មើល​ឃើញ​ទំនាក់ទំនង​ដែល​បង្កប់​រវាង​គំនិត​មួយ​នឹង​គំនិត​មួយ​ផ្សេង​ទៀត​ឬ​អត់ ដែល​ទំនាក់ទំនង​នេះ​ហើយ​គឺជា​ចំណេះដឹង​ពិត​ប្រាកដ​របស់​អ្នក គឺជា​ទី​កន្លែង​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​ទៅ​ដល់​ដែល​ជា ការ​កកើត​នូវ​គំនិត​ច្នៃប្រឌិត​នេះ​ឯង។

មនុស្ស​គ្រប់​គ្នា​តែង​ចង់​មាន​គំនិត​ច្នៃប្រឌិត ប៉ុន្តែ​ពួកគេ​មិន​ខិតខំ​ស្វែងរក​ទំនាក់ទំនង​ដែល​បង្កប់​នៅ​ក្នុង​គំនិត​មួយ​នឹង​គំនិត​មួយ​ទៀត​នោះ​ទេ។ តើ​ពួកគេ​អាច​ស្វែងរក​ទំនាក់ទំនង​នេះ​ដូចម្ដេច​បាន បើ​ពួកគេ​មិន​បាន​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​ឲ្យ​ទូលំទូលាយ​ផង​នោះ ? អ្នក​អាច​សាក​គិត​ដូច្នេះ​ថា បើ​អ្នក​មិន​មាន​វត្ថុ​ធាតុ​ដើម​ដែល​ជា ម្ហូប ភ្លើង ចង្ក្រាន និង​ឆ្នាំង​ទេ​នោះ តើ​អ្នក​អាច​ចម្អិន​ម្ហូប​យ៉ាង​ដូចម្ដេច​កើត ? បើ​អ្នក​មិន​ទៅ​រក​វត្ថុ​ធាតុ​ដើម​ដោយ​ការ​ងឿងឆ្ងល់​ចង់​ចេះ​ចង់​ដឹង ដើម្បី​ពង្រីក​ការ​មើល​ឃើញ​របស់​ខ្លួន​ចំពោះ​ពិភពលោក​ឲ្យ​ទូលំទូលាយ​ទេ នោះ​អ្នក​ក៏​គ្មាន​នូវ​ទុន​គំនិត​ដែល​ជា​វត្ថុ​ធាតុ​ដើម​សម្រាប់​ប្រើប្រាស់​ជាមួយ​វត្ថុ​ធាតុ​ដើម​ផ្សេង​ទៀត ដើម្បី​ឲ្យ​ទំនាក់ទំនង​នេះ​បង្កើត​ជា​គំនិត​ច្នៃប្រឌិត​និង​ចំណេះដឹង​នោះ​ដែរ។

ប៉ុន្តែ បញ្ហា​អាច​នឹង​កើតឡើង​ដោយ​ចៀស​មិន​ផុត នៅ​ពេល​សម័យ​បច្ចេកវិទ្យា​នា​សតវត្ស​ទី​២១​នេះ​នាំ​ភាព​ងាយស្រួល​ដល់​មនុស្ស​កាន់តែ​ខ្លាំង​ក្នុង​ការ​ទទួល​បាន​នូវ​ទិន្នន័យ​ច្រើន​អនេក។ ត្រង់​ចំណុច​នេះ អ្នក​ត្រូវ​យល់​ពី​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​គ្រាន់តែ​ជា​ទិន្នន័យ​ស្អេកស្កះ និង​អ្វី​ទៅ​ដែល​ជា​ចំណេះដឹង​ពិត​ប្រាកដ។ ទិន្នន័យ​ស្អេកស្កះ​ទាំងនោះ​គឺជា​ដំណាក់កាល​ដំបូង​ដែល​អ្នក​ប្រមូល​យក​វត្ថុ​ធាតុ​ដើម​មក​ទុក​ក្នុង​ខ្លួន ប៉ុន្តែ​ចំណេះដឹង​ពិត​ប្រាកដ​គឺ​អាស្រ័យ​ទៅលើ​ថា​តើ​អ្នក​យល់​ពី​វា​ឬ​អត់ ឬ​គ្រាន់តែ​ដឹងៗ​ទេ ?

ដូច​អាញស្តាញ​ធ្លាប់​និយាយ​ថា៖ “មនុស្ស​ល្ងង់​ណា​ក៏​អាច​ដឹង​ពី​អ្វី​មួយ​ដែរ អ្វី​ដែល​សំខាន់​គឺ​នៅ​ត្រង់​ការ​យល់​ច្បាស់​អំពី​វា”។ ដឹង​ច្រើន​មិន​ប្រាកដ​ថា​យល់​ច្បាស់​នោះ​ទេ។ មនុស្ស​ដែល​គ្រាន់តែ​ដឹង តែ​មិន​យល់ អ្វី​ដែល​ពួកគេ​រៀន​ហើយ​គ្រាន់តែ​ជា​រឿង​ឥត​ប្រយោជន៍ ដែល​ទុក​នាំ​តែ​ចង្អៀត​នៅ​ក្នុង​ខួរក្បាល​ប៉ុណ្ណោះ។ អ្នក​ត្រូវ​ចេះ​រៀបចំ​ទិន្នន័យ​ទាំងនោះ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ប្រៀប​ដូចជា​រៀប​ចំ​ទុកដាក់​សៀវភៅ​របស់​អ្នក​នៅ​ក្នុង​ទូរ​ឲ្យ​មាន​របៀប​រៀបរយ​ដូច្នោះ​ដែរ។ ភាព​មាន​សណ្ដាប់ធ្នាប់​នេះ​ហើយ​គឺជា​ចំណេះដឹង​ពិត​របស់​អ្នក ចំណេះដឹង​ពិត​នេះ​ហើយ​ដែល​ជា​កន្លែង​កកើត​នៃ​គំនិត​ច្នៃប្រឌិត​របស់​មនុស្ស​កំពូលៗ​ក្នុង​លោក​ទាំងអស់។

នៅ​ពេល​អ្នក​រក​ឃើញ​ទំនាក់ទំនង​រវាង​របស់​មួយ​ទៅ​នឹង​របស់​មួយ​ទៀត​ហើយ ចូរ​ទុក​ចោល​បញ្ហា​ដែល​អ្នក​ចង់​ដោះស្រាយ​នោះ​ហើយ​ជឿជាក់​ខួរក្បាល​របស់​អ្នក ដើម្បី​ឲ្យ​វា​ដោះស្រាយ​បញ្ហា​និង​ស្វែងរក​ចម្លើយ​មក​ឲ្យ​អ្នក​ចុះ។ គំនិត​ច្នៃប្រឌិត​មិន​អាច​បង្ខំ​បាន​នោះ​ឡើយ វា​នឹង​ផុស​ឡើង​មក​ក្នុង​ពេល​មួយ​ដែល​អ្នក​មិន​បាន​រំពឹង​ទុក​ទាល់តែ​សោះ។ នៅ​ពេល​ដែល​អ្នក​ខំ​គិត​អំពី​បញ្ហា​មួយ​មិន​ចេញ​កាល​ពី​ថ្ងៃ​មក នោះ​នៅ​ពេល​អ្នក​ឈប់​គិត​ពី​បញ្ហា​ហើយ​ងាក​មក​គេង​វិញ ជួនកាល​ចម្លើយ​នឹង​មក​ដាស់​អ្នក​ក្នុង​ពេល​អ្នក​កំពុង​គេង ឬ​ក៏​ក្នុង​សុបិន ដែល​នេះ​គឺជា​ភាព​ចៃដន្យ​មួយ​ដែល​គីមីវិទូ មិនដេលេយេវ បាន​រក​ឃើញ​តារាង​ខួប​នៃ​ធាតុ​គីមី​នៅ​ពេល​គាត់​កំពុង​គេង​សុបិន បន្ទាប់​ពី​បាន​គិត​វា​យ៉ាង​ហត់នឿយ​ពី​ថ្ងៃ​មក។

www.icoachmath.com

ដូច្នេះ ដើម្បី​រក​ឃើញ​ទំនាក់ទំនង​រវាង​គំនិត​មួយ​ទៅ​នឹង​គំនិត​ផ្សេង​ទៀត វា​ទាល់តែ​អ្នក​មាន​វត្ថុ​ធាតុ​ដើម​ច្រើន ឬ​មាន​ទិន្នន័យ​ច្រើន ដោយ​ការ​ឆ្ងល់​ច្រើន អាន​ច្រើន ស្រាវជ្រាវ​ច្រើន នោះ​ហើយ​ទើប​ជា​និយមន័យ​នៃ​គំនិត​ច្នៃប្រឌិត​ពិត​ប្រាកដ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031