អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ខណ្ឌដង្កោ​ “ដំណើរការអភិវឌ្ឍន៍ទៅទិសខាងត្បូង”

ខណ្ឌដង្កោ​ “ដំណើរការអភិវឌ្ឍន៍ទៅទិសខាងត្បូង”

ខណៈពេលគម្រោងអភិវឌ្ឍន៍ធំៗបានសំរុកវិនិយោគទៅក្នុងតំបន់កណ្តាលក្រុងបានជម្រុញឲ្យតម្លៃអចលនទ្រព្យកើនឡើងខ្លាំងដែលបានធ្វើឲ្យអ្នកអភិវឌ្ឍន៍ជាច្រើនចាប់ផ្តើមបង្វែរទិសដៅវិនិយោគរបស់ពួកគេ ដោយងាកមកចាប់អារម្មណ៍តំបន់ជាយក្រុងដែលនៅមានតម្លៃដីទាប។ ខណ្ឌដង្កោជាតំបន់មួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅស្រុក។

ស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ដង្កោជាតំបន់ជាយក្រុងដ៏ធំបំផុតមួយរបស់ទីក្រុង ដែលបាន គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១៩៧,៨៩​ គីឡូម៉ែត្រកាឡា។ ខណ្ឌដង្កោត្រូវបានបែងចែកជា ១៣សង្កាត់ មានដូចជា សង្កាត់ដង្កោ ពងទឹក ព្រៃវែង ព្រៃសរ ក្រាំងពង្រ ប្រទះឡាង សាក់សំពៅ ជើងឯក គងនយ ព្រែកកំពឹស រលួស ស្ពានថ្ម និងសង្កាត់ទៀន។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាននិយាយថា “សក្តានុពលនៃខណ្ឌដង្កោគឺស្រដៀងគ្នាទៅនឹងខណ្ឌពោធិ៍សែនជ័យ ដោយសារតែតម្លៃ ដីទាប លំនៅដ្ឋានមានតម្លៃសមរម្យ និងជាបណ្តុំនៃរោងចក្រឧស្សាហកម្ម ដែលបានជម្រុញឲ្យពលរដ្ឋផ្លាស់ប្តូរមករស់នៅក្នុងតំបន់នេះកាន់តែច្រើន។”

ចំនួនប្រជាជននៅខណ្ឌដង្កោបានកើនឡើងពី ៩២,៤៦១ នាក់ នៅក្នុងឆ្នាំ ១៩៩៨ មកដល់ ២០០,០០០ នាក់ក្នុងពេលបច្ចុប្បន្ននេះ។

លោកបណ្ឌិត គីម បានលើកឡើងថា “បើប្រៀបធៀបទៅនឹងខណ្ឌច្បារអំពៅ ឬខណ្ឌជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍន៍ឆាប់រហ័ស ខណ្ឌដង្កោមានតម្លៃដីទាបជាងដែលទាក់ទាញប្រជាជនមានជីវភាព ក្រោមមធ្យម និងមធ្យម។ ម្យ៉ាងទៀត ដង្កោគឺជាទីតាំងល្អបំផុតសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងឧស្សាហកម្មរោងចក្រ។”

លោក ម៉ម សិរីបញ្ញា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Easy Property Investment និយាយថាជាទូទៅ និន្នាការនៃការអភិវឌ្ឍន៍នឹងត្រូវផ្លាស់ប្តូរទៅតំបន់ជាយក្រុងបន្ទាប់ពីនៅតំបន់កណ្តាលទីក្រុងមានការអភិវឌ្ឍន៍ច្រើន ហើយតម្លៃដីខ្ពស់ខ្លាំង។ ខណ្ឌដង្កោនៅមិនទាន់ដូចគ្នាទៅនឹងខណ្ឌសែនសុុខ នៅឡើយទេ ពាក់ព័ន្ធនឹងកន្លែងសេវាកម្មសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែដង្កោនៅជិតទីក្រុងបំផុត ហើយបច្ចុប្បន្នបានក្លាយជាតំបន់ទិសដៅសម្រាប់ការអភិវឌ្ឍន៍ដីឡូតិ៍ និងគម្រោងលំនៅដ្ឋាន ជាច្រើន។ ដង្កោមានចម្ងាយប្រមាណ ១០ គ.ម ពីតំបន់កណ្តាលក្រុង។

យោងទៅតាមរបាយការណ៍​លំនៅដ្ឋានឆ្នាំ២០១៧របស់ក្រុមហ៊ុន​ Vtrust Appraisal បង្ហាញថា ដង្កោជាខណ្ឌដែលមានការផ្គត់ផ្តង់លំនៅដ្ឋានប្រភេទបុរីលំដាប់ទី៣បន្ទាប់ពីពោធិ៍សែនជ័យ និងសែនសុខ។ តំបន់នេះមានគម្រោងធំៗ ២៦ និងគម្រោងតូចៗចំនួន ៣៧ គម្រោង ក្នុងនោះមាន គម្រោងខ្លះបានបញ្ចប់ការសាងសង់ហើយខ្លះទៀតកំពុងសាងសង់មកដល់ឆ្នាំ២០១៧។ នៅពេលដែលគម្រោងទាំងអស់បញ្ចប់ការសាងសង់នឹងមានយូនីតលំនៅដ្ឋានសរុបប្រមាណ ១៧,០០០ យូនីត។​

លោក ហៃ រ៉ាវី ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Daily Realty Group បាននិយាយថា “ដង្កោមានតម្លៃ ដីទាប និងមានដីទំនេរធំៗជាច្រើនដែលបានផ្តល់ឱកាសច្រើនសម្រាប់ការវិនិយោគ។ លោក រ៉ាវី បានបញ្ជាក់ថា​សង្កាត់ព្រៃសរ សង្កាត់ជើងឯក និងសង្កាត់ដង្កោគឺជាតំបន់អភិវឌ្ឍន៍សំខាន់នៅក្នុងខណ្ឌដង្កោ ។ តំបន់ទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្រាប់ រួមជាមួយផ្លូវធំៗថ្មីៗដែលបានផ្តល់លទ្ធភាព ខ្ពស់សម្រាប់ការអភិវឌ្ឍន៍អចលទ្រព្យ និងសេដ្ឋកិច្ច។​”

លោក រ៉ាវី បានកត់សម្គាល់ឃើញថា​ តម្លៃអចលនទ្រព្យបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ “ពីមុនដីនៅតាមផ្លូវធំមានតម្លៃក្រោម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ​ប៉ុន្តែឥឡូវនេះដីទាំងនោះ មានតម្លៃចាប់ពី ១៥០ ដុល្លារ ទៅ ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។”

លោករ៉ាវីបានបន្ថែមទៀតថា “ដីលំនៅដ្ឋាន ដីក្នុងភូមិតាមផ្លូវតូចៗមានតម្លៃចន្លោះពី ៤០​ ដុល្លារ ទៅ ១០០ ដុុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំង និងសក្តានុពលរបស់វា។ ចំណែកដីកសិកម្មមាន តម្លៃខ្ទង់ ៥ ដុល្លារ ទៅ ១០ ដុល្លារ ទៅតាមដីនៅជិត ឬឆ្ងាយពីកន្លែងអភិវឌ្ឍន៍សំខាន់ៗ។”

ដង្កោមានរោងចក្រកាត់ដេរសំលៀកបំពាក់ និងគម្រោងអភិវឌ្ឍន៍បុរីជាច្រើន ដូចជា៖ បុរីជីបម៉ុង បុរីពិភពថ្មី បុរីចំការដូង បុរីលឹម ឈាងហាក់ បុរីឈូកមាស និងបុរីលឹម ឈាងហោ​ ជាដើម។

ដង្កោក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកន្លែង ហើយគម្រោងទាំងនោះសម្រាប់បំពេញទៅតាម តម្រូវការរបស់អ្នកក្នុងស្រុក។​ លោក សេង ឧត្តម ជាអ្នកលក់ផ្តាច់មុខឲ្យគម្រោងដីឡូតិ៍របស់ក្រុមហ៊ុន ភ្នំពេញដីឡូតិ៍លំនៅដ្ឋាន(Phnom Penh Home Land) និយាយថាដង្កោមានសក្តានុពលខ្លាំង បើធៀបទៅតំបន់ជាយក្រុងដ៏ទៃទៀតដោយសារតែតំបន់នេះជាទីតាំងនៃផែនការអភិវឌ្ឍន៍របស់រាជ រដ្ឋាភិបាល​​ក្នុងចំណោមកត្តារួមជាមួយកត្តាសំខាន់ៗជាច្រើនទៀត។

លោក ឧត្តមបានបន្ថែមថា តំបន់នេះនៅជិតតំបន់កណ្តាលក្រុង មានការៀបចំល្អ តំបន់ខ្ពង់រាបមិនលិច ទឹក និងមានប្រព័ន្ធផ្លូវធំៗ រួមមានទាំងមហាវិថីសម្តេចហ៊ុន សែន (ផ្លូវ ៦០​ម៉ែត្រ) គម្រោងទី១ ដែលបាន បញ្ចប់ការសាងសង់ និងគម្រោងទី២ និងទី៣ (គ្រោងនឹងសាងសង់នៅពេល ខាងមុខ)។​

ក្រុមហ៊ុន PPHL បានអភិវឌ្ឍន៍គម្រោងដីឡូតិ៍នៅក្នុងសង្កាត់ស្ពានថ្មនៃខណ្ឌដង្កោ។ ក្រុមហ៊ុន PPHL មានដីឡូតិ៍ពីរគម្រោង ដែលគម្រោងទី១មានទំហំ ១៥ហិចតា និងគម្រោងទី២មានទំហំ៨ហិចតា។

លោកឧត្តមបានបន្តថាទិញដីធម្មតាឬទិញដីពីគម្រោងដីឡូតិ៍នៅខណ្ឌដង្កោគឺជាជម្រើសនៃការវិនិយោគដ៏ល្អមួយដែលអាចផ្តល់ផលចំណេញត្រលប់ពី៤០​ភាគរយទៅ៦០ភាគរយ បន្ទាប់ពីទិញកន្លះឆ្នាំទៅមួយឆ្នាំ។

លោក ឧត្តម បញ្ជាក់ថាសម្រាប់ដីឡូតិ៍ដែលបានសាងសង់តាមស្តង់ដារមានប្លង់មេត្រឹមត្រូវដូចទៅនឹងអ្វីដែលក្រុមហ៊ុន PPHL បានធ្វើដែលមានប្រព័ន្ធលូគ្រប់គ្រាន់ផ្លូវមានគុណភាពដាក់ភ្លើងសាធារណៈ ប្រព័ន្ធទឹកស្អាត និងមានដាំដើមឈើ។ គម្រោងបែបនេះ អាចផ្តល់ផលចំណេញពី ៤០ភាគរយ ទៅ ៦០ភាគរយ បន្ទាប់ពិទិញមួយឆ្នាំ។ លោកបន្ថែមទៀតថាដីឡូតិ៍មានតម្លៃចាប់ពី​ ១៥,០០០ ដុល្លារ ទៅ ១០០,០០០ ដុល្លារ។

លោក ឧត្តម បានបង្ហើបថាសម្រាប់គម្រោង PPHL គឺមានបំណងវិនិយោគនៅកន្លែងផ្សេងទៀតនៅ ក្នុងខណ្ឌដង្កោដដែល ដោយសារលោកជឿជាក់លើសក្តានុពលរបស់ខណ្ឌទាំងមូល។

លោក សិរីបញ្ញា និយាយថាអនាគតនៃការអភិវឌ្ឍន៍របស់ខណ្ឌដង្កោគឺមិនអាចទាន់កំណត់ថាបែបណានោះទេ។ ជាក់ស្តែងគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងទេប្រសិនបើមានគម្រោងអភិវឌ្ឍន៍ដ៏ធំ ដូចគម្រោងផ្សារទំនើបអ៊ីអនទី២នៅតំបន់សែនសុខមកអភិវឌ្ឍន៍នៅក្នុងតំបន់នៃខណ្ឌដង្កោនៅពេលអនាគត៕
ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031