៤យ៉ាង​​អំពី Facebook ​app អាច​ប៉ះពាល់​លើ​ទូរស័ព្ទ Android ប៉ុន្តែ​​​អ្នក​ប្រើភាគច្រើន​មិន​សូវ​ចាប់​អារម្មណ៍​ - Biz Khmer

៤យ៉ាង​​អំពី Facebook ​app អាច​ប៉ះពាល់​លើ​ទូរស័ព្ទ Android ប៉ុន្តែ​​​អ្នក​ប្រើភាគច្រើន​មិន​សូវ​ចាប់​អារម្មណ៍​

ផ្សាយចេញ ៖ 22-Jun-2016 2:09 pm

ជាការពិត Facebook នាពេលបច្ចុប្បន្នគឺជាបណ្ដាញសង្គមទំនាក់ទំនងរវាងមនុស្សជុំវិញពិភពលោក ដ៏មានប្រជាប្រិយភាពបំផុត និងមានមនុស្សប្រើប្រាស់ច្រើនជាងបណ្ដាញសង្គមដទៃ។ ដោយសារតែបែបនេះ អ្នកប្រើទូរស័ព្ទ មិនថាជាស្មាតហ្វូនទំនើប ឬធុនមធ្យមគឺសុទ្ធតែបានដំឡើងប្រើ Facebook app នៅលើទូរស័ព្ទរបស់ខ្លួន ដើម្បីងាយស្រួលភ្ជាប់ទំនាក់ទំនង។ ចុះតើប្រិយមិត្តមានដឹងទេ អំពីចំណុចមួយចំនួន ដែលកម្មវិធី Facebook បង្កឡើងនៅលើស្មាតហ្វូន Android របស់អ្នក? ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលទូរស័ព្ទរបស់អ្នកនឹងទទួលរ៉ាប់រងនៅពេលអ្នកដំឡើង Facebook ចូលទៅ៖


១) កម្មវិធី Facebook នឹងធ្វើឱ្យទូរស័ព្ទឆាប់អស់ថ្មជាងការប្រើធម្មតា


1


យោងតាមបណ្ដាអ្នកសរសេរអត្ថបទតាម blog វែបសាយ និងការបញ្ចេញមតិជាច្រើន បានអះអាងថា កម្មវិធី Facebook គឺធ្វើឱ្យថ្មទូរស័ព្ទឆាប់អស់ជាងធម្មតា ព្រោះបើទោះជាអ្នកបានបិទវាហើយក៏ដោយ ប៉ុន្តែវានៅតែដំណើរការលក្ខណៈ background ជាប់ជានិច្ច។ បើតាមគេហទំព័រ The Guardian អះអាងថា ការលុបកម្មវិធី Facebook ចេញ គឺអាចសន្សំសំចៃថ្មទូរស័ព្ទបានប្រហែល ២០%។


២) Facebook ធ្វើឱ្យទូរស័ព្ទរបស់អ្នក មានដំណើរការយឺតជាងមុន


2


តាមការធ្វើតេស្តពីអ្នកជំនាញស្មាតហ្វូន បានបង្ហាញថា ការប្រើប្រាស់កម្មវិធី Facebook អាចធ្វើឱ្យម៉ាស៊ីនទូរស័ព្ទដំណើរការយឺតជាងមុនបន្តិច ឬយឺតជាងមុនច្រើន អាស្រ័យលើ ថាតើទូរស័ព្ទរបស់អ្នកជាប្រភេទស្មាតហ្វូនសមត្ថភាពខ្ពស់ ឬមធ្យម ឬទាប។ ជាការពិតណាស់ ប្រហែលប្រិយមិត្តមួយចំនួនដែលប្រើ iPhone ឬ Galaxy ស៊េរីក្រោយៗ ប្រហែលមិនសូវបានចាប់អារម្មណ៍ទៅលើល្បឿននោះទេ ប៉ុន្តែអ្នកប្រើទូរស័ព្ទធុនមធ្យមអាចកត់សម្គាល់ពីល្បឿនទូរស័ព្ទខ្លួនក្រោយពីប្រើប្រាស់ Facebook បានមួយរយៈពេល។ តាមការពិសោធន៍ គេបានលុបកម្មវិធី Facebook ចេះ ហើយទូរស័ព្ទក៏មានល្បឿនលឿនជាងមុនប្រហែល ១៥%។

៣) ការឆែក Facebook នឹងធ្វើឱ្យអស់លុយអ៊ីនធឺណិតទូរស័ព្ទ


3


វាជារឿងធម្មតាទេដែល Facebook ត្រូវការអ៊ីនធឺណិតដើម្បីអាចឱ្យអ្នកអនឡាញ ឆែកមើលមាតិកា និងឆាតជាមួយ friend បាន។ យ៉ាងណា ក្រុមហ៊ុន Facebook បានដាក់ចេញគម្រោងចែកចាយអ៊ីនធឺណិតហ្វ្រីក្នុងការប្រើប្រាស់ Facebook ដោយឥតគិតថ្លៃ។ ហើយក្នុងនោះ ប្រទេសកម្ពុជា ក៏កំពុងទទួលយកសេវាកម្មនេះផងដែរ ដែលមានក្រុមហ៊ុន Smart Axista ជាអ្នកផ្ដល់ឱ្យអតិថិជនប្រើប្រាស់ Facebook ដោយឥតគិតថ្លៃ (មានកំណត់លើប្រភេទមាតិកា)


៤) ដំឡើង Facebook នឹងធ្វើឱ្យទូរស័ព្ទត្រូវចំណាយមេម៉ូរីដើម្បីរក្សាទិន្នន័យ


4


កម្មវិធី Facebook សម្រាប់ប្រព័ន្ធ Android ក្រោយពេលដំឡើងចូលទៅទូរស័ព្ទរួច វាអាចពន្លាចេញជាឯកសារមួយចំនួនដើម្បីគាំទ្រកម្មវិធីឱ្យដំណើរការ ហើយទំហំសរុបក្រោយដំឡើងគឺមិនទៀងទាត់ទេ គឺអាស្រ័យលើជំនាន់ Android OS តែទូរស័ព្ទខ្លះអាចត្រូវការមេម៉ូរីទំហំប្រហែល 390MB ឬច្រើនជាងនេះ។ ដូច្នេះ ប្រសិនស្មាតហ្វូនរបស់អ្នកជិតអស់មេម៉ូរី គួរតែលុបឯកសាររូប និងវីដេអូដែលមិនសំខាន់ចេញជាមុនសិន ចាំដំឡើង Facebook និង Messenger ឱ្យដំណើរការបានស្រួល៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ www.makeuseof.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared