Facebook កំពុង​ផ្លាស់ប្ដូរ​លំដាប់​នៃ​ការ​បង្ហាញ​ News Feed ដោយ​លើក​យក​ Post របស់ Friend និង​ក្រុម​គ្រួសារ​មក​បង្ហាញ​មុន​

ផ្សាយចេញ ៖ 01-Jul-2016 10:00 am

ប្រ​ភព៖​​ www.techspot.com

Facebook កំពុងធ្វើកំណែទម្រង់ខ្លះទៅលើក្បួនលំដាប់នៃការបង្ហាញ Post ទៅលើ News Feed របស់អ្នកលេងបណ្ដាញសង្គមខ្លួន។ ការកែប្រែនេះ ក្រុមហ៊ុននឹងលើកយក Post របស់មិត្តភ័ក្ដិ (friend) និងក្រុមគ្រួសារ (family) មកបង្ហាញមុនគេនៅលើ News Feed រាល់ពេលអ្នកបើក Facebook ម្ដងៗ។


ក្រុមហ៊ុនបណ្ដាញសង្គមនេះ បានលើកឡើងថា នេះជាការកែលំអថ្មីដើម្បីមិនឱ្យអ្នកលេង ខកខានមើលបច្ចុប្បន្នភាពថ្មីនៃការបញ្ចេញចំណាប់អារម្មណ៍ទាំងឡាយរបស់ friend និង family ដែលជាមនុស្សសំខាន់។ បច្ចុប្បន្នភាពថ្មីនឹងរួចរាល់សម្រាប់ដំណើរការនៅរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខប៉ុណ្ណោះ ហើយគេរំពឹងថា នឹងមានរូបទារក រូបអាពាហ៍ពិពាហ៍ និងម្ហូបអាហារជាច្រើនសន្លឹកបង្ហាញនៅលើ News Feed មុនគេ។ ចំណែក Status ទាក់ទងអាជីវកម្ម សារព័ត៌មាន និងពិធីជប់លៀងផ្សេងៗ នឹងបង្ហាញតាមក្រោយបន្តបន្ទាប់។


Facebook អះអាងថា ការផ្លាស់ប្ដូរនេះ គឺធ្វើឡើងតាមលទ្ធផលស្ទង់មតិមួយចំនួន ដែលបណ្ដាអ្នកលេងបណ្ដាញសង្គមលើកឡើងថា ពួកគេចង់ឃើញមាតិការបស់ friend ច្រើនជាងអ្វីផ្សេង។ សូមបញ្ជាក់ថា Facebook ធ្លាប់បានធ្វើការផ្លាស់ប្ដូរក្បូននៃការបង្ហាញមាតិកាតាមលំដាប់ម្ដងរួចហើយកាលពីឆ្នាំមុន។


កំណែប្រែថ្មីនឹងរឹតតែធ្វើឱ្យមាតិកា Status របស់អ្នកប្រើ ទទួលបានការចាប់អារម្មណ៍ជាងមុន ដោយសារវាអាចបង្ហាញដល់ friend ដូចគ្នា ក៏ដូចជាក្រុមសាច់ញាតិបានឃើញមុនគេ នៅពេលបើក Facebook ម្ដងៗ ដែលគេអាចទទួលបានការចុច Like និង Comment ច្រើនជាងមុនក៏ថាបាន។ យ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ការផ្លាស់ប្ដូរនឹងជះឥទ្ធិពលដល់ចរាចររបស់បណ្ដា Facebook Page ដោយនឹងមានចរាចរធ្លាក់ចុះជាងមុន៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ www.techspot.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared