ផលិតផល​អស្ចារ្យ​ពិភពលោក​ទទួល​ស្គាល់​ចំនួន ៥មុខ ដែល​ជា​មរតក​ក្រោម​ការ​ឌីហ្សាញ​របស់​លោក Steve Jobs

ផ្សាយចេញ ៖ 23-Sep-2016 1:00 pm

ប្រ​ភព៖​​ www.carscoops.com

សហស្ថាបនិកក្រុមហ៊ុន Apple ដ៏មានចក្ខុវិស័យជ្រៅជាងគេកម្ររកបានមួយរូបក្នុងពិភពបច្ចេកវិទ្យា លោក Steve Jobs មកដល់ពេល លោកបានទទួលអនិច្ចកម្មអស់រយៈពេលប្រហែល ៥ឆ្នាំមកហើយ។ ថ្វីត្បិតលោកលែងនៅលើលោកនេះ ប៉ុន្តែសមិទ្ធផល ដែលជាស្នាដៃប្រកបដោយគំនិតច្នៃប្រឌិតយ៉ាងអស្ចារ្យ នៅតែបន្សល់ទុកឱ្យមនុស្សលើលោកបានស្គាល់ ពិសេសចងចាំមិនភ្លេចពីកិត្តិសព្ទរបស់លោកឡើយ។


stevejobsipad-e1349433508120


សាធារណជនភាគច្រើនគឺបានលើកសរសើរលើការឌីហ្សាញផលិតផលរបស់លោក Steve Jobs ថា មានការច្នៃប្រឌិតខ្ពស់។ ជាក់ស្ដែង iPhone 5 ដែលចេញក្រោយដង្ហើមចុងក្រោយរបស់លោក Jobs មានការឌីហ្សាញរូបរាងក្បាលឌុយប្រភេទ Lightning Connector ក៏ជាគំនិតរចនាឡើង និងត្រូវបានអនុម័តដោយបុគ្គលិកល្បីល្បាញនេះផងដែរ មុនពេលលាចាកលោក។ នៅមាន iPad mini ជំនាន់ដំបូង ក៏ជាការរួមចំណែកធំរបស់ Steve Jobs ផងដែរ។ ខាងក្រោមនេះគឺជាមរតកផលិតផលចុងក្រោយស្ថិតក្រោមស្នាដៃលោក Steve Jobs (ដោយផ្អែកតាមបណ្ដាញព័ត៌មាន cultofmac)៖


១) iPad mini

ក្រុមផលិតផលថ្មីដែលចាប់រាប់ពីជំនាន់ iPad miniដំបូង ដែលប្រសូតចេញតាំងពីឆ្នាំ២០១២ គឺជាស្នាដៃចុងក្រោយរបស់លោក Steve Jobs បន្សល់ទុកមុនពេលលោកលាចាកលោក។ នេះគឺជាយុទ្ធសាស្ត្ររបស់លោក Steve Jobs ដើម្បីប្រកួតប្រជែងទីផ្សារថេប្លេង Android អេក្រង់ ៧អ៊ីញ ដោយផលិតជំនាន់ mini លើ iPad ថែមទៀតជាមួយអេក្រង់ ៧,៩អ៊ីញ។


1


អាចនិយាយបានថា លោក Steve Jobs គឺជាមនុស្សក្អេងក្អាងម្នាក់ដោយហ៊ានអះអាងជាមួយជំនឿមុតមាំរបស់ខ្លួន ជាក់ស្ដែងលោកធ្លាប់បានលើកឡើងថា iPod មិនចាំបាច់គាំទ្រការបើកមើលវីដេអូបាននោះទេ ព្រោះគ្មាននរណាចង់មើលវីដេអូនៅលើឧបករណ៍មានអេក្រង់តូចៗបែបនេះទេ។ លោកឧស្សាហ៍និយាយថា លោកមិនមានន័យថា បោះបង់ចោលការប្រកួតប្រជែងនោះទេ។


មុនពេលលោក Steve Jobs ចែកឋាន លោកមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការធ្វើកំណែប្រែ iPad ឱ្យមានទំហំតូចជាងមុន។ កាលពី ២ឆ្នាំមុន អំឡុងពេល Samsung ចាប់បើកសករាជថេប្លេត Android ៧អ៊ីញ លោកScott Forstall អនុប្រធានជាន់ខ្ពស់ផ្នែក iOS Software ធ្លាប់បានលើកឡើងថា ដល់ពេលដែលលោកត្រូវប្រើយុទ្ធសាស្ត្ររបស់លោក Jobs ហើយ។


២) iCar

លោក Steve Jobs ត្រូវបានគេរាយការណ៍ថា មុនពេលលោកចែកឋាន គឺមានទំនាក់ទំនងស្ងាត់ៗជាមួយក្រុមហ៊ុនរថយន្តមួយចំនួន។ ប្រភពព័ត៌មាននេះ លើកឡើងថា លោក Jobs មានបំណងបង្កើតជំនួញរថយន្តថែមទៀត។ បើផ្អែកតាមលោក J. Crew នាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ Apple លោក Mickey Drexler ឱ្យដឹងថា ក្ដីស្រមៃចុងក្រោយមុនពេលលោក Jobs ស្លាប់ គឺលោកចង់ឌីហ្សាញ និងផលិតរថយន្តទំនើបបិទម៉ាកផលិតផលរបស់ក្រុមហ៊ុនផ្ទាល់គឺ iCar។


2


បុគ្គលបច្ចេកវិទ្យាបន្សល់កេរ្តិ៍ឈ្មោះល្បីល្បាញរូបនេះ មានចំណូលចិត្តលើរថយន្ត Mercedes SL55 AMG ប៉ុន្តែមានទម្លាប់ចម្លែកមួយ គឺជិះរថយន្តមិនពាក់ស្លាកលេខឡើយ។ នៅមុនពេលដល់កាលបរិច្ឆេទ ៦ខែដែលរដ្ឋទុកពេលឱ្យម្ចាស់រថយន្តទៅធ្វើស្លាកលេខ (ច្បាប់នៅរដ្ឋកាលីហ្វូញ៉ា) លោក Jobs នឹងប្ដូរស៊េរីរថយន្តថ្មីមួយទៀតដែលជាម៉ូដែលដែលស្រឡាញ់។


៣) ឌីហ្សាញប្លក់ទីស្នាក់ការថ្មីរបស់ Apple មានរូបរាងដូចយានអវកាស (Spaceship Campus)

នៅប៉ុន្មានខែ មុនពេលលោក Steve Jobs ចែកឋាន លោកបានឡើងធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ២០១១ ជាមួយគម្រោងដ៏សំខាន់ និងអស្ចារ្យមិនគួរឱ្យជឿ ពាក់ព័ន្ធនឹង Apple ដោយលោកចង់សាងសង់ទីស្នាក់ការថ្មីដ៏អស្ចារ្យជាមួយទីធ្លាធំទូលាយមានរូបរាងដូចជាយានអវកាស (Spaceship)។


3


ស្នាក់ការរបស់ Apple ស្ថិតក្នុងខណ្ឌ Santa Clara ទីក្រុង Cupertino រដ្ឋ Californai សហរដ្ឋអាមេរិក ឈ្មោះថា “spaceship”។ ក្នុងនោះមានអគារបែងចែកទៅតាមជំនាញផ្សេងៗ ដែលការិយាល័យមានផ្ទៃក្រឡា ២៦០.១២៨,៥ម៉ែត្រការ៉េ ចំណែកមជ្ឈមណ្ឌលស្រាវជ្រាវមានផ្ទៃក្រឡា ២៧.៨៧០,៩ម៉ែត្រការ៉េ។ ស្នាក់ការ Spaceship ដែលមានការឌីហ្សាញពិសេសពាក់សុទ្ធតែកញ្ចក់ថ្លាទាន់សម័យនេះអាចដាក់បុគ្គលិកបម្រើការចំនួន ១៣.០០០ពាន់នាក់ វិស្វករ ៣៥០០នាក់ ហើយមានចំណតរថយន្តផងដែរ។


៤) ទូកសម្រាប់ជិះលេងកម្សាន្ត (iYacht)

iYacht ពុំមែនជាគម្រោងរបស់ក្រុមហ៊ុន Apple នោះទេ តែគឺគំនិតឯកជនរបស់លោក Steve Jobs និងភរិយារបស់លោក។ នេះបើផ្អែកតាមសម្ដីអ្នកឌីហ្សាញជនជាតិបារាំងលោក Philippe Starck ប្រាប់គេហទំព័រ The Wall Street។ វាជារឿងមិនគួរឱ្យជឿ ព្រោះលោកត្រូវបានគេស្គាល់ថា ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មិនចូលចិត្តសំញ៉ែងរបស់មានតម្លៃ ក៏ប៉ុន្តែស្ថាបនិកក្រុមហ៊ុន Apple រូបនេះ គឺពិតជាអ្នកនៅពីក្រោយគម្រោងនេះពិតមែន។


4


ការរៀបរាប់នៅក្នុងសៀវភៅជីវប្រវត្តិលោក Steve Jobs ដែលជាស្នាដៃរបស់ Walter Issacson បានបញ្ជាក់ថា នៅលើទូក iTacth នេះ គឺមានរូបរាងទាន់សម័យ បែបរលោងស្អាត និងពុំមានសម្ភារៈច្រើនពេកទេនៅលើនោះ ហើយបំពាក់អេក្រង់ពិសេស ឌីហ្សាញដោយប្រធានវិស្វកររបស់ Apple គឺលោក Starck។


លោក Steve Jobs បានលើកគម្រោងផលិតទូកជិះលេងកម្សាន្តនេះ តាំងពីអំឡុងឆ្នាំ ២០០៩-២០១០ ដែលលោកតែងតែឆ្លៀតពេលគិតគូរនៅរាល់ថ្ងៃសម្រាកលំហែកាយរបស់លោក។ កាលពីឆ្នាំ២០០៩ លោក Steve Jobs ស្ទើរតែលុបគម្រោងនេះចោល ដោយសារប្រឈមនឹងជំងឺមហារីកលំពែងកំពុងធ្វើទុក្ខនៅពេលនោះ។ យ៉ាងណា លោកមិនបោះបង់ចោលនោះទេ ដោយមានក្ដីសង្ឃឹមក្នុងចិត្តថា នឹងអាចមើលឃើញ iYacht សម្រេចបានជោគជ័យមុនពេលលោកលាចាកលោក។ តែគួរឱ្យស្ដាយ អវត្តមានរបស់ស្ថាបនិកក្រុមហ៊ុន Apple ដ៏ល្បីល្បាញរូបនេះ បានកើតឡើងខណៈ iTacht មិនទាន់ផលិតបានសម្រេច។


៥) iTV

ទូរទស្សន៍ Apple HDTV ឬ ITV ក៏ជាមហិច្ឆតា និងជាក្ដីស្រមៃរបស់លោក Steve Jobs ផងដែរ។ គ្មានអ្វីដែលត្រូវសង្ស័យនោះទេ គម្រោងផលិតផលទូរទស្សន៍ទំនើប iTV គឺជាគំនិតលើកឡើងដោយលោក Steve Jobs ដែលលោកបានអះអាងប្រាប់ទៅអ្នកសរសេរជីវប្រវត្តិលោក Walter Issacson នៅប៉ុន្មានខែមុនពេលលោកអនិច្ចកម្ម។ ពេលនោះ គឺជាដំណាក់កាលលោក Steve Jobs ទើបតែបានរកឃើញ និងជួសជុលបញ្ហាលើលើទូរទស្សន៍ទំនើបនេះ តែគួរឱ្យស្ដាយ លោកក៏ទទួលមរណភាពទៅ។


5


ទោះជាយ៉ាងណា ដំណោះស្រាយដែលទាក់ទិននឹង iTV របស់លោក Jobs នោះ ពុំមាននរណាម្នាក់ក្នុងក្រុមហ៊ុនបានដឹងនោះឡើយ។ ក្រុមហ៊ុន Apple បានខិតខំអភិវឌ្ឍបន្តលើគំនិតរបស់លោក Steve Jobs ម្ដងហើយម្ដងទៀត ដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យរបស់លោក Steve Jobs និងបង្ហាញដល់ពិភពលោក។


Apple HDTV អាចជាផលិតផលនឹងមានការពេញនិយមប្រើប្រាស់ច្រើនសម្រាប់ដាក់បញ្ឈរនៅតាមបន្ទប់ទទួលភ្ញៀវ មិនចាញ់ប្រិយភាពនៅលើ iPhone និង iPad ឬ MacBook នោះឡើយ។ យ៉ាងណា គ្មាននរណាម្នាក់ដឹងថា តើក្រុមហ៊ុន Apple នឹងសម្រេចក្ដីស្រមៃចុងក្រោយរបស់លោក Steve Jobs តាមរយៈការអភិវឌ្ឍ iTV នេះបាននៅពេលណានោះទេ។ ការពិតទៅ Apple បានបញ្ចេញស៊េរីផលិតផលទូរទស្សន៍រួចមកហើយ នោះគឺ Apple TV មានរូបរាងជាប្រអប់ (Set-top box ) ត្រូវបានប្រកាសចេញតាំងពីខែមករា ឆ្នាំ២០០៧ ម៉្លេះ ប៉ុន្តែពុំមែនជា iTV នោះទេ៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ www.cultofmac.com , www.carscoops.com , abcnews.go.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared