សញ្ញា​ទាំង៥ នេះ បញ្ជាក់​ថា Facebook របស់​អ្នក​ត្រូវ​គេ hack បាត់​ហើយ

ផ្សាយចេញ ៖ 27-Sep-2016 5:20 am

ថ្វីត្បិតអ្នកព្យាយាមប្រើលេខសម្ងាត់ខ្លាំងយ៉ាងណា ប៉ុន្តែ hacker នៅតែមានល្បិចផ្សេងៗលួចគណនីរបស់អ្នក។ អីចឹងហើយបានជាទន្ទឹមនឹង Facebook កំពុងពេញនិយមលើពិភពលោក អ្នកប្រើក៏មានក្ដីបារម្ភខ្លាំង។ ដូច្នេះទំព័រនេះ យើងសូមលើកយកសញ្ញាចំនួន ៥ ដែលអាចបញ្ជាក់បានថា គណនី Facebook របស់អ្នកត្រូវគេលួចប្រើ (ឬ Hack)៖


untitled-3


 


១) ឃើញមាន Post ផ្សេងៗនៅលើ Wall របស់អ្នក ហើយបង្ហោះដោយគណនី អ្នកផ្ទាល់ ទាំងដែលអ្នកមិនបានធ្វើ

ជារឿងធម្មតាទេ រាល់ការ Post នៅលើគណនី Facebook របស់អ្នក អ្នកមុខជាដឹងថា នោះជាអ្វីដែលអ្នកពិតជាបានបង្ហោះប្រាកដមែន។ យ៉ាងណា ប្រសិនបើពេលមួយអ្នកឃើញគណនីរបស់ខ្លួន បង្ហោះនូវរឿងរ៉ាវដែលអ្នកមិនបានធ្វើផង នោះច្បាស់ជាមានបញ្ហាហើយ។ បញ្ហាដែលគេនឹងដល់មុនគេគឺ hacker តែម្ដង។


សូមបញ្ជាក់ថា បច្ចុប្បន្នមានគេហទំព័រមួយចំនួនបានបង្កើតជា app អាចភ្ជាប់ជាមួយបណ្ដាញសង្គម Facebook និង Twitter ដើម្បីអាច publish តំណភ្ជាប់ (link) ដោយស្វ័យប្រវត្តិបានផងដែរ។


២) មានការ log ចូលគណនី Facebook នៅទីតាំងផ្សេងៗដែលអ្នកមិនបានដឹង

បណ្ដាញសង្គមមួយចំនួននៅពេលបច្ចុប្បន្ន រួមទាំង Facebook ត្រូវបានបង្កើតដោយភ្ជាប់មកជាមួយមុខងារអាចឱ្យអ្នកប្រើ កំណត់ចំណាំនូវសកម្មភាពចុងក្រោយនៃការចូលប្រើគណនី (last login) របស់អ្នកបាន។


អ្នកអាចចូលទៅមើលសកម្មភាព login ចូលប្រើគណនី Facebook របស់អ្នកបាននៅក្នុងផ្នែកសុវត្ថិភាព Security Settings បាន។ ដើម្បីចូលទៅ Security Settings ត្រូវចុចលើរូបក្បាលព្រួញចុះក្រោម (drop-down arrow) ហើយចុចលើ Settings។ នៅផ្នែកខាងឆ្វេងនៃផ្ទាំង សូមចូលទៅ Security ហើយនៅខាងស្ដាំត្រូវចុចលើផ្នែក Where You’re Logged In។ ត្រង់នេះ អ្នកនឹងឃើញអំពីសកម្មភាព (Session) ក្នុងការ Login ចូលគណនី Facebook របស់អ្នក។ ក្នុងនឹងបង្ហាញនូវព័ត៌មានដូចជា៖ ម៉ោងពេលនៃការ log ប្រើ Facebook ចុងក្រោយ, ទីតាំងនៃការ log ចូល, ឈ្មោះ និងប្រភេទឧបករណ៍ដែលប្រើសម្រាប់ Log ចូលជាដើម។


ប្រសិនអ្នកឃើញការ login ណាមួយដែលអ្នកមិនដឹង មិនបានធ្វើ នោះត្រូវប្រញាប់ចុចលើប៊ូតុង End All Activity ដើម្បីបញ្ចប់ Session នៃប្រភេទឧបករណ៍ដែលបានលួចប្រើគណនីរបស់អ្នកជាបន្ទាន់។ ធ្វើដូចនេះ គណនី Facebook របស់អ្នកដែលកំពុងស្ថិតក្នុងការប្រើប្រាស់របស់ជនអនាមិក នឹងចាក់ចេញ logout ដោយស្វ័យប្រវត្តិជាមួយសារបញ្ជាក់ថា Session Expired។


អ្នកក៏អាចប្រើវិធីសាស្ត្រ Login Alerts ផងដែរ ដើម្បីប្រាប់អ្នកភ្លាមៗជាមួយ notification នៅរាល់ពេលដែលមានការ Login ចូលប្រើគណនី Facebook របស់អ្នកម្ដងៗ។ ការបញ្ជាក់ notification នេះ គឺអាចកំណត់ឱ្យ Facebook ផ្ញើសារ SMS ចូលទូរស័ព្ទដៃរបស់អ្នក, ផ្ញើអ៊ីមែលចូលគណនី Email របស់អ្នក ហើយក៏បញ្ជាក់ដោយ notification នៅលើគណនី Facebook របស់អ្នកផ្ទាល់ផងដែរ។

៣) លោតចេញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្អេកស្កះនៅលើ Facebook របស់អ្នក

នៅលើ Facebook អ្នកមានសិទ្ធិក្នុងការឆែកមើល app ទាំងឡាយដែលអ្នកបានភ្ជាប់ជាមួយគណនី របស់អ្នក ហើយអាចបិទ (disable) app ទាំងនោះបាន។ ប្រសិនអ្នកមិនស្គាល់ច្បាស់នូវ app ទាំងនោះទេ គួរណាស់តែលុប (remove) ចេញពី profile ព្រោះអាចជាកម្មវិធីដែល hacker បង្កើតដើម្បីជញ្ជក់យកប្រយោជន៍ តាមរយៈការបង្កើតជាទម្រង់ផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។


បញ្ជាក់៖ ការបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្ម (ads) ក៏អាចបណ្ដាលមកពីការដំឡើង add-ons នៅលើកម្មវិធី browser (Firefox, Google Chrome …) ផងដែរ។


៤) អ្នកមិនអាច loging ចូល Facebook របស់អ្នកដោយ password ប្រើរាល់ដងបាន

ករណីនេះអាចកើតឡើងក្នុងពីរលក្ខខណ្ឌ គឺទី១ អាចមកពីទង្វើរបស់ hacker ហើយទី២ ក៏អាចមកពីអ្នកប្រើភ្លេច Password ខ្លួនឯងដែរ។

៥) សុខៗស្រាប់តែគណនីរបស់អ្នកធ្វើការ share តំណភ្ជាប់ផ្ដេសផ្ដាសដោយអ្នកមិនដឹងខ្លួន

ករណីនេះអាចបង្កឡើងដោយមេរោគប្រភេទ malware ក្រឡុកគណនី Facebook របស់អ្នក។ នៅពេលឆ្លងមេរោគប្រភេទនេះ វានឹងចែកចាយ (share) URLs ទៅកាន់ wall ឬផ្ញើចូលប្រអប់សារ របស់ friend។


នៅពេលជួបករណីដូចនេះ អ្នកត្រូវប្ដូរ password ភ្លាម រួចហើយត្រូវធ្វើរឿងពីរយ៉ាង គឺប្រញាប់លុប Post នោះ រួចហើយជូនដំណឹងដល់ friend ឱ្យបានដឹងជាមុន កុំឱ្យគេចុចលើ link នោះព្រោះអាចក្លាយជាអ្នករងគ្រោះបន្ទាប់បាន។


ប្រសិនអ្នកជួបសញ្ញាទាំង៥ខាងលើ អាចទាក់ទងទៅខាងក្រុមហ៊ុនផ្ទាល់ ក្រៅពី Facebook ក៏មាន Twitter និងបណ្ដាញសង្គម Google+ ផងដែរ។


Facebook: https://www.facebook.com/hacked

Twitter: https://support.twitter.com/forms/hacked

G+: https://www.google.com/accounts/recovery



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ tech-recipes.com, blog.avira.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared