ការ​វាយ​ប្រហារ​ទៅលើ​ទីក្រុង​ប្រ៊ុចសែល​ ៖ ប្រជាជន​បែលហ្សិក​ កាន់​ទុក្ខ​ចំ​ពេល​តាម​ប្រមាញ់​ជន​សង្ស័យ - Biz Khmer

ការ​វាយ​ប្រហារ​ទៅលើ​ទីក្រុង​ប្រ៊ុចសែល​ ៖ ប្រជាជន​បែលហ្សិក​ កាន់​ទុក្ខ​ចំ​ពេល​តាម​ប្រមាញ់​ជន​សង្ស័យ

ផ្សាយចេញ ៖ 24-Mar-2016 1:44 pm

ការកាន់ទុក្ខអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែក

ប្រ​ភព៖​​ sputniknews.com

ប្រទេស​បែលហ្សិក​ បាន​ចាប់​ផ្ដើម​កាន់​ទុក្ខ​រយៈពេល​៣​ថ្ងៃ​​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នៅ​រដ្ឋធានី​ប្រ៊ុចសែល ដែល​បាន​បណ្ដាល​អោយ​មនុស្ស​៣៤​នាក់​ស្លាប់ និង២៥០នាក់ផ្សេងទៀតរងរបួស។

ប៉ូលិស​ កំពុង​តាម​ប្រមាញ់​ជា​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ជន​សង្ស័យ​ដែល​បាន​បង្ហាញ​អោយ​ឃើញ​តាម​ទូរទស្សន៍​ CCTV ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ មុន​ពេល​គ្រាប់​បែក​ពីរ​គ្រាប់​ត្រូវ​បាន​បំផ្ទុះ​ នៅ​អាកាសយានដ្ឋាន​ Zaventem ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​។

មួយ​ម៉ោង​ក្រោយ​មក ក៏​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​ទៀត​នៅ​លើ​រថភ្លើង​ក្រោម​ដី​ជិត​ស្ថានីយ​​រថភ្លើង Maelbeek ។

ក្រុម​រដ្ឋ​ឥស្លាម​ (IS) ​បាន​និយាយ​ថា ខ្លួន​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ ​ហើយ​ក៏​បាន​ព្រមាន​ថា​នឹង​បន្ត​ធ្វើ​សកម្មភាព​នេះ​នៅ​កន្លែង​ផ្សេង​ទៀត​ផង​ដែរ​។

នាយករដ្ឋមន្ត្រី​​​បែលហ្សិក​ លោក Charles Michel បាន​និយាយ​ថា​ ​ថ្ងៃ​អង្គារ​ គឺ​ជា​ថ្ងៃ​សោកនាដកម្ម​ ​ដ៏​ខ្មៅ​ងងឹត​។ លោក​នាយករដ្ឋមន្ត្រី​ ក៏​បាន​ជំរុញ​អោយ​ប្រជាជន​របស់​ខ្លួន​បង្ហាញ​នូវ​ភាព​ស្ងប់ស្ងាត់ និង​សាមគ្គីភាព​។

មេដឹកនាំ​ពិភពលោក​ជា​ច្រើន​ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​សោកនាដកម្ម​នេះ។ ប្រធានាធិបតី​អាមេរិក​ លោក បារ៉ាក់ អូបាម៉ា បាន​ហៅ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ថា ការ​វាយប្រហារ​ដ៏​ខ្លាំង​នេះ​ប្រឆាំង​ទៅ​នឹង​មនុស្ស​ដែល​គ្មាន​កំហុស ខណៈ​ដែល​មេដឹកនាំ​សហភាព​អឺរ៉ុប​ទាំង​២៨ ឋិត​នៅ​ក្នុង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​ ក្នុង​សេចក្ដី​ថា ការ​បំផ្ទុះ​គ្រាប់​បែក​នេះ គឺ​ជា​ការ​វាយ​ប្រហារ​ដោយ​បើក​ចំហរ​មួយ​ មក​លើ​សង្គមប្រជាធិបតេយ្យ​​។

ប្រែ​សម្រួល ៖ សុខា នីកា

ប្រភព ៖ www.bbc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared