សហគ្រិន​ ៣ រូប​ចែក​រំលែក​គន្លឹះ​​មួយ​ចំនួន​ដល់​អ្នក​ចង់​ចាប់​ផ្តើមអាជីវកម្ម​ ឬ​ចង់​ដើរ​លើ​វិថី Startup​


សហគ្រិន​ ៣ រូប​ចែក​រំលែក​គន្លឹះ​​មួយ​ចំនួន​ដល់​អ្នក​ចង់​ចាប់​ផ្តើមអាជីវកម្ម​ ឬ​ចង់​ដើរ​លើ​វិថី Startup

នៅក្នុងពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនជាពិសេសយុវវ័យកំពុងទទួលបានគំនិតក្នុងការបណ្ដុះបណ្ដាលឲ្យចាប់ផ្ដើមធ្វើអាជីវកម្ម។ គំនិតនៃការចែករំលែកទាំងអស់នោះគឺសុទ្ធតែជារឿងល្អប្រសើរចំពោះយុវជនជំនាន់ក្រោយ ក៏ដូចជាចំពោះសង្គមជាតិទាំងមូល។

ប៉ុន្តែការចាប់ផ្ដើមអាជីវកម្មដោយមិនទាន់មានគោលបង្អែកឲ្យបានរឹងមាំ វាគឺជាចំណុចមួយដែលធ្វើឲ្យសហគ្រិនវ័យក្មេងដែលទើបនឹងចាប់ផ្ដើមអាជីវកម្មងាយនឹងដួលរលំនិងរងបរាជ័យធ្វើបំផុត។ នៅពេលនេះសហគ្រិនដែលធ្លាប់ទទួលរងបទពិសោធន៍ជួបគ្នាជាច្រើនក្នុងការដំណើរការអាជីវកម្មរបស់ខ្លួន បានធ្វើការចែករំលែកជាសារមួយចំនួន ដើម្បីជាការពញ្ញាក់អារម្មណ៍ដល់អ្នកដែលមានបំណងធ្វើការបើកអាជីវកម្មផ្ទាល់ខ្លួន។ យើងនាំគ្នាទៅអានសារដែលបានធ្វើការចែករំលែកពីសហគ្រិនអាជីវកម្មចំនួន ៣ ដូចខាងក្រោម៖

ទី ១ លោក ឡឹប រីយ៉ា ស្ថាបនិក RL Supply Co.,Ltd

Key Message: បើដាក់ចិត្តធ្វើអាជីវកម្មកុំខ្លាចបរាជ័យ

លោក ឡឹប រីយ៉ា ស្ថាបនិក RL Supply ជាក្រុមហ៊ុនជំនាញខាងបោះពុម្ព logo លើសម្ភារៈម៉ាឃីតធីង ការិយាល័យ customize និង premium gift បានលើកឡើងថា បើសិនជាអ្នកដាក់ចិត្តថាចង់បើកអាជីវកម្មផ្ទាល់ខ្លួន កុំខ្លាចបរាជ័យព្រោះការចាប់ផ្តើមក្នុងអាជីវកម្មដំបូងនេះគឺអ្នកបានបរាជ័យរួចបាត់ទៅហើយ។ លោកមានប្រសាសន៍ថា៖ «និយាយបែបនេះមែនមានន័យថាគ្រប់អាជីវកម្មទាំងអស់ដែលនឹងដំណើរការសុទ្ធតែបរាជ័យនោះទេ ប៉ុន្តែចង់សំដៅថាការចាប់ផ្ដើមអាជីវកម្មខ្លួនឯងជាពិសេសអ្នកដែលចង់បង្កើត Startup គឺអ្នកទៅចាប់ផ្ដើមពីចំណុចសូន្យ។ អ្នកត្រូវការទាំងដើមទុន ចំណេះដឹង បទពិសោធន៍ និងអ្វីៗជាច្រើនទៀតដើម្បីចាប់ផ្ដើមអាជីវកម្មមួយនេះឱ្យបានដំណើរការទៅមុខ។ អ្នកនឹងបរាជ័យប្រសិនបើអ្នកមិនអាចចាប់ផ្ដើមឲ្យខ្លួនឯងចេញសូន្យទៅដល់មួយបាននោះ។ ប៉ុន្តែប្រសិនបើអ្នកអាចធ្វើឲ្យអាជីវកម្មរបស់អ្នកឆ្លងផុតដំណាក់កាលសូន្យ ហើយដើរទៅរកចំនុចមួយដែលអ្នកអាចឈរបានខ្លះ មានន័យថាអ្នកបានជោគជ័យជំហានដំបូងហើយ ហើយអ្នកក៏អាចបន្តសកម្មភាពពីទី ០១ មួយរហូតទៅដល់ទី ១០០ បានដែរ»។ ជាមួយគ្នានេះដែរ មានការបរាជ័យផ្សេងៗទៀតគ្រប់សហគ្រិនគឺត្រូវជួបប្រទះ ចំពោះលោក ឡឹប ផ្ទាល់លោកបានមានប្រសាសន៍ថា៖ «បរាជ័យមួយដែលអាជីវកម្មរបស់ខ្ញុំផ្ទាល់បានជួបប្រទះនៅធ្វើឲ្យខ្ញុំមានការឈឺចាប់ខ្លាំងបំផុត គឺការបរាជ័យលើក្រុមការងារ ដោយសារចាប់ផ្ដើមដំបូងយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងក្រុមការងារ ខ្វះភាពជាអ្នកដឹកនាំ»។

លើសពីនេះការសើចចំអក និងការមើលងាយពីអ្នកដទៃវាបានធ្វើឱ្យលោកខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនឯងឲ្យរីកចម្រើនដូចថ្ងៃនេះ។ ស្ថាបនិកវ័យក្មេងរូបនេះ បានផ្ដល់ជាមតិយោបល់មួយចំនួនថា បើគិតច្បាស់ថាខ្លួនឯងចង់មានអាជីវកម្មផ្ទាល់ខ្លួនមួយ អ្នកត្រូវរៀនសូត្រឱ្យបានច្រើន សន្សំចំណេះដឹងក៏ដូចជាបទពិសោធន៍ មិនថាការរៀនពីនរណានៅកន្លែងណានោះទេ គឺអ្នកត្រូវរៀនសូត្រដែលបានច្រើនបំផុត ហើយក៏ត្រូវប្រឡូកក្នុងភាពលំបាកឲ្យបានច្រើនបំផុតដូចគ្នាដែរ។ ត្រូវចាំថា ទោះបីជាដំណែងរបស់អ្នកជាបុគ្គលិក ជាអ្នកគ្រប់គ្រង ជាអ្នកចាត់ការទូទៅ ជានាយកប្រតិបត្តិ គឺជាស្ថាបនិកជាម្ចាស់អាជីវកម្មណាមួយក៏ដោយ តែការបន្តការសិក្សារៀនសូត្រគឺត្រូវតែធ្វើជារៀងរហូត ធ្វើបែបនេះទើបអ្នកអាចយកឈ្នះរឿងបរាជ័យហើយអាចរំដោះខ្លួនចេញពីចំណុចសូន្យ ហើយឈានជើងទៅដល់ចំណុចទី ១០០ នៃការងារជំនួញរបស់អ្នកបាន។

ទី ២ លោក រិន វិរៈ សហស្ថាបនិក TJ Auto Work’s

Key Message: ស្គាល់ខ្លួនឯងឲ្យច្បាស់សិន មុនចាប់ផ្តើមអាជីវកម្ម

ជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំ បើសិនជាយើងដល់ពេលដែលត្រូវចាប់ផ្តើមធ្វើអាជីវកម្ម យ៉ាងហោចណាស់គួយើងសិក្សាឲ្យបានច្បាស់លាស់ពីខ្លួនយើង តើអាជីវកម្ម ឬ មុខរបរដែលយើងចង់បង្កើតនោះជាមុខរបរដែលកើតចេញពីគោលដៅនិងក្តីស្រម៉ៃ ឬធ្វើតាមគេតាមគេដើម្បីចំណេញលុយ ព្រោះឃើញគេធ្វើក៏ផ្អើលតាមគេធ្វើដែរ។ ជាទូទៅសំរាប់បទពិសោធន៏ខ្ញុំផ្ទាល់ ខ្ញុំបានចាប់ផ្តើមអាជីវកម្មរស់ខ្ញុំចន្លោះចុងឆ្នាំ ២០១៥ ផ្តល់សេវាបិតហ្វីមការពារថ្នាំរថយន្ត និង បិតហ្វីមការពារកំដៅព្រះអាទិត្យ ដែលតាមពិខ្ញុំបានរៀនចប់ផ្នែក IT (Management Information System) ហើយបានបំរើការងារជា IT អស់រយៈពេលសរុបជាង ៧ឆ្នាំតាំងពីនៅកំពុងសិក្សា ដោយសារខ្ញុំរកឃើញនូវក្តីស្រម៉ៃ និងចំណង់ចំណូលចិត្តរបស់ខ្លួនដែលចូលចិត្តរថយន្តតាំងពីតូចមក ក៏សំរេចចិត្តចាប់ផ្តើម TJ Auto Work’s ផ្តល់សេវាថែទាំរថយន្តតែម្តង។

ជាង ៥ឆ្នាំ មកនេះទោះអាជីវកម្មរបស់ខ្ញុំមិនទាន់ចំណេញច្រើន ឬខាត ប៉ុន្តែខ្ញុំនៅតែអាចបន្តដំណើរយ៉ាងរីករាយបំផុតឆ្ពោះទៅគោលដៅនិងក្តីស្រម៉ៃដែលខ្ញុំបានកំណត់ សបញ្ចាក់អោយឃើញថាបើសិនជាអាជីវកម្មខ្ញុំគ្រាន់តែធ្វើដើម្បីចំណេញលុយ ឬមិនមែនជាក្តីស្រម៉ៃវាប្រហែលជាបាត់មុខត្រឹម ២ឆ្នាំ ដំបូងដែលខ្ញុំខាតខ្លាំង និង កង្វះដើមទុនយ៉ាងធ្ងន់ធ្ងរ។ នៅពេលនេះ TJ Auto Works ជាអាជីវកម្ម Startup មួយដែលអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ ដែលជាមធ្យមក្នុងមួយខែ ដោយទទួលសេវាកម្មលើការបិតហ្វីមឡានរាប់រយគ្រឿង និងមានបុគ្គលិកជំនាញប្រមាណ ១៨ ទៅ ២០នាក់៕

 

ពីខ្ញុំ Mr.Jack (Rin Vireak)

CoFounder & Director of TJ Auto Works

www.tjautoworks.com

 

ទី ៣ កញ្ញា ខៀវ សុជាតិ សហស្ថាបនិកអាជីវកម្មហាងនំ Moon Cake

Key Message: ចង់បើកអាជីវកម្មមួយត្រូវស្គាល់ពីតម្រូវការអតិថិជន និងចេះច្នៃប្រឌិតយ៉ាងណាឲ្យទាក់ទាញ

ដោយសារចិត្តស្រលាញ់លើអាជីវកម្មមួយនេះ សហគ្រិនស្រ្តីវ័យក្មេង ខៀវ សុជាតិ បានដាក់ចិត្តដាក់កាយបង្កើតគំនិត រួមទាំងដើមទុនបង្កើតហាងលក់នំមួយដែលមានឈ្មោះថា Moon Cake។ ទើបតែបើកដំណើរការបានរយៈពេលជាងមួយឆ្នាំកន្លះតែប៉ុណ្ណោះ ប៉ុន្តែអាជីវកម្មមួយនេះហាក់ទទួលបានភាពជោគជ័យក្នុងមែនទែន។ វាមិនមែនកើតឡើងដោយសារភាពចៃដន្យនោះទេ តែដោយសារគំនិតច្នៃប្រឌិត និងចាប់យកអ្វីដែលជាតម្រូវការជាក់ស្ដែងរបស់សង្គមនាពេលបច្ចុប្បន្នទើបធ្វើឲ្យ Moon Cake អាចទទួលបានលទ្ធផលល្អដូចថ្ងៃនេះ។ 

ហាងនំ Moon Cake មានផលិតនំចំនួនបីប្រភេទដែលរួមមាននំបត់តូច នំប៉័ងថៃទឹកដោះគោ និងនំពាស្នូលពងទាប្រៃ។ វាហាក់ដូចជានំធម្មតាៗ ប៉ុន្តែការគាំទ្រគឺមានខ្ពស់មែនទែន ដោយសារតែរសជាតិឆ្ងាញ់ពិសារ រួមទាំងការច្នៃប្រឌិតបង្កើតបានជាសោភ័ណ្ឌភាពគួរឲ្យទាក់ទាញ បច្ចុប្បន្ននំដែលបានផលិតចេញពីហាងត្រូវបានចែកចាយទៅគ្រប់ ២៥ ខេត្តក្រុង។ Moon Cake មែនធ្វើការផ្គត់ផ្គង់នៅរបស់ខ្លួនទាំងការលក់ដុំនិងលក់រាយ ក៏ដូចជាមានតែនៅតាមហាងកាហ្វេ Amazon នៅផ្សារទំនើបនានានៅក្នុងរាជធានីភ្នំពេញ។ ក្នុងមួយថ្ងៃ Moon Cake អាចលក់ចេញចន្លោះពី ២៥០ ទៅ ៥០០ប្រអប់ ដែលអាចទទួលប្រាក់ចំណូលចន្លោះពី ៣ ០០០ ទៅ ៥ ០០០ដុល្លារក្នុងមួយខែ។

កញ្ញាក៏បានលើកឡើងជាមតិមួយចំនួនដែរថា បើចង់បើកអាជីវកម្មចេញពីក្តីស្រលាញ់ ត្រូវមើលថាតើអាជីវកម្មមួយនោះវាស្របទៅតាមអ្វីដែលជាបរិបទតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្នដែរឬទេ ហើយលើសពីនេះក្នុងនាមជាម្ចាស់អាជីវកម្មក៏ត្រូវតែមានភ្ជាប់មកជានិច្ចនូវភាពច្នៃប្រឌិត រួមទាំងសោភណ្ឌភាពដើម្បីជាការទាក់ទាញអតិថិជន៕

ដោយ៖ យ៉ាយ៉ា

 

X
5s