អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​នីកូឡា តេស្លា (Nikola Tesla) ​៖ ​​​​ពី​​​​ក្មេង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ ក្លាយ​ជា​អ្នក​ប្រាជ្ញ​ផ្នែក​​អគ្គិសនី

​នីកូឡា តេស្លា (Nikola Tesla) ​៖ ​​​​ពី​​​​ក្មេង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ ក្លាយ​ជា​អ្នក​ប្រាជ្ញ​ផ្នែក​​អគ្គិសនី

ប្រ​ភព៖​​ www.nowyouknowfacts.com

នៅ​ក្នុង​ផ្នែក​រូបវិទ្យា អ្នក​សិក្សា​ទាំងអស់​នឹង​សង្កេត​ឃើញ​ថា ខ្នាត​អន្តរជាតិ​គិត​ជា “តេស្លា” តាង​ដោយT ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បម្រែបម្រួល​ម៉ាញេទិច។ ខ្នាត​អន្តរជាតិ​មួយ​នេះ​ត្រូវ​បាន​យក​ឈ្មោះ​តាម​រូបវិទូ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ដែល​ត្រូវ​បាន​គេ​លើក​កិត្តិនាម​ឲ្យ​ថា “បិតា​អគ្គិសនី” គឺជា នីកូឡា តេស្លា (Nikola Tesla)។ ជីវិត​មនុស្ស​ជាង​៧​ពាន់​លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​ដឹង​ថា​ប្រែ​ក្លាយ​ជា​បែប​ណា ប្រសិន​បើ​ពុំ​មាន​ការ​រក​ឃើញ​ដ៏​សំខាន់​របស់​គាត់​ដែល​ជា​ចរន្ត​ឆ្លាស់ (AC) និង​ជា​គំនិត​ដែល​នៅ​ពី​ក្រោយ​ដំណើរការណ៍​ឧបករណ៍​អេឡិចត្រូនិក​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ។

មាន​ឪពុក​ជា​បព្វជិត​សាសនា និង​ម្ដាយ​ជា​អ្នក​មើល​ការ​ខុសត្រូវ​លើ​ស្រែ​ចម្ការ​គ្រួសារ ក្មេង​ប្រុស​ដើម​កំណើត​ជា​ជនជាតិ​ស៊ែប៊ី នីកូឡា តេស្លា បាន​ចាប់​កំណើត​នៅ​ឆ្នាំ​១៨៥៦។ គាត់​គឺជា​កូន​ទី៤​ក្នុង​ចំណោម​បង​ប្អូន​៥​នាក់។ ប៉ុន្តែ​ក្រោយ​ពី​ហេតុការណ៍​ស្លាប់​របស់​បង​ប្រុស​ក្នុង​ឆ្នាំ​១៨៦៣ តេស្លា​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ដែល​ជះ​ឥទ្ធិពល​ទៅ​ដល់​ជំងឺ​ផ្លូវចិត្ត​ក្នុង​អំឡុង​ជីវិត​ពេញវ័យ តែ​ផ្ទុយទៅវិញ​ការ​ផ្លាស់ប្ដូរ​អវិជ្ជមាន​មួយ​បែរ​ជា​ក្លាយ​ជា​អ្វី​ដែល​តេស្លា​បាន​ទាញ​យក​ប្រយោជន៍​និង​ក្លាយ​ជា​អ្នក​ប្រាជ្ញ​ដ៏​ច្នៃប្រឌិត​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក។

អំឡុង​វ័យ​នៃ​ការ​សិក្សា​ថ្នាក់​អនុវិទ្យាល័យ គាត់​បាន​បញ្ចប់​ការ​សិក្សា​ត្រឹមតែ​៣​ឆ្នាំ ខណៈ​ក្មេង​ដទៃ​ទៀត​ដែល​ចំណាយ​ពេល​៤​ឆ្នាំ​ដើម្បី​បញ្ចប់​ការ​សិក្សា។ ដើម្បី​បន្ត​ការ​ជក់ចិត្ត​យ៉ាង​ខ្លាំងក្លា​របស់​ខ្លួន​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​និង​ពង្រីក​ចំណេះដឹង​វិទ្យាសាស្ត្រ គាត់​ក៏​បាន​ឆ្លើយតប​ទៅ​នឹង​ច្បាប់​ប្រទេស​ដែល​តម្រូវ​ឲ្យ​បម្រើ​ខ្លួន​ជា​ទាហាន ដោយ​ធ្វើ​ពុត​ជា​មាន​ជំងឺ​ធ្ងន់ធ្ងរ នៅ​ពេល​ពេទ្យ​មក​ពិនិត្យ​ជំងឺ​លោក ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា​លោក​ពិត​ជា​អសមត្ថភាព​ក្នុង​ការ​បម្រើ​ជា​ទាហាន​មែន។

spiritegg.com

ដំណាក់កាល​ជីវិត​សិក្សា​បន្ទាប់​មក គាត់​បាន​សិក្សា​គណិតវិទ្យា​និង​រូបវិទ្យា នៅ Technical University of Graz និង​ទស្សនវិជ្ជា​នៅ University of Prague របស់​ប្រទេស​អូទ្រីស។ នៅ​ឆ្នាំ​១៨៩០​ជា​រយៈពេល​ដែល​គាត់​បាន​ផ្លាស់ប្ដូរ​ការ​រស់នៅ​ទៅ​សហរដ្ឋអាមេរិក ជា​ពេល​ដែល​រឿងរ៉ាវ​សំខាន់ៗ​និង​អស្ចារ្យ​ជាច្រើន​បាន​កើត​ឡើង និង​ជា​រយៈពេល​៥៣​ឆ្នាំ​ចុងក្រោយ​របស់​គាត់​ដែល​បាន​សាង​ស្នាដៃ​ដ៏​អស្ចារ្យ ហើយ​ក៏​ជា​ទី​កន្លែង​តែ​មួយ​ដែល​គាត់​បាន​ស្លាប់​ផង​ដែរ។

ក្រោយ​ពី​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ពី​ការ​បាត់បង់​បង​ប្រុស​មក គាត់​ចាប់ផ្ដើម​កើត​ជំងឺ​ដ៏​ប្លែក​ម្យ៉ាង ដែល​ធ្វើឲ្យ​គាត់​មាន​អាកប្បកិរិយា​ដដែលៗ ងប់ងុល​គិត​ផ្ចង់​អារម្មណ៍​ទៅលើ​ការ​ច្នៃប្រឌិត​របស់​គាត់​ក្នុង​រយៈពេល​ច្រើន​ម៉ោង ព្រម​ទាំង​មាន​សមត្ថភាព​ពិសេស​ដែល​អាច​ឲ្យ​គាត់​ពិសោធន៍​វត្ថុ​ច្នៃប្រឌិត​របស់​គាត់​ឲ្យ​មាន​ចលនា​នៅ​ក្នុង​ការ​គិត​ស្រមៃ។ អ្វី​ដែល​គាត់​ស្អប់​បំផុត​នោះ​គឺ​បាក់តេរី ហើយ​គាត់​ប្រតិកម្ម​ជាមួយ​នឹង​សំឡេង​រថភ្លើង​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​គាត់ ដែល​វា​គឺជា​សញ្ញាណ​ប្រភេទ​ជំងឺ​ម្យ៉ាង​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ក្នុង​ការ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។

អ្នក​ប្រាជ្ញ​អគ្គិសនី​ដ៏​ឯកា​រូប​នេះ​ធ្លាប់​បាន​និយាយ​ថា៖ «ការ​គិត​នឹង​កាន់តែ​មុត​ស្រួច និង​កាន់តែ​ពុះ​កញ្ជ្រោល​នៅ​ពេល​ចាកចេញ​ឆ្ងាយ​ពី​មនុស្ស និង​នៅ​តែ​ម្នាក់​ឯង​ដោយ​គ្មាន​ការ​រំខាន។ មិន​ចាំបាច់​មាន​បន្ទប់​ពិសោធន៍​ដ៏​ធំ​ឯណា​ដើម្បី​គិត​នោះ​ឡើយ។ គំនិត​ផ្ដួចផ្ដើម​លេច​ចេញ​មក​ពី​ការ​ចាក​ចេញ​ឆ្ងាយ​ពី​ឥទ្ធិពល​នៃ​ភាព​អ៊ូអរ​ទាំងនោះ ដែល​មក​រំខាន​ដល់​គំនិត​ច្នៃប្រឌិត​នេះ​ឯង។ នៅ​ម្នាក់​ឯង វា​គឺជា​អាថ៌កំបាំង​នៃ​ការ​ច្នៃប្រឌិត។ នៅ​ម្នាក់ឯង វា​គឺជា​ពេល​ដែល​គំនិត​ទាំងឡាយ​ចាប់​កំណើត​ឡើង​មក។ នេះ​ហើយ​គឺជា​មូលហេតុ​មួយ​ដែល​វេទមន្ត​ដ៏​អស្ចារ្យ​នៅ​លើ​ភព​ផែនដី​នេះ មាន​ហ្សែន​តំណ​ពី​មជ្ឈដ្ឋាន​ដ៏​ស្ងប់ស្ងាត់​សាមញ្ញ​បែប​នេះ»

formulalubvi.com

បិតា​អគ្គិសនី​របស់​អាមេរិក​និង​របស់​ពិភពលោក​ទាំងមូល​រូប​នេះ បាន​បង្កើត​នូវ​ការ​បញ្ជូន​សញ្ញាណ​ដោយ​ឥត​ខ្សែ ដូចជា​ប្រើប្រាស់​នៅ​ក្នុង​វិទ្យុ​ជាដើម ពន្លឺ​ឡាស៊ែរ កាំរស្មីX និង​ជាពិសេស​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ច្នៃប្រឌិត​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់ ដែល​ជា​ដំណើរការណ៍​របស់​ចរន្ត​ឆ្លាស់​នេះ​ឯង។ ថ្វីត្បិតតែ​គាត់​គឺជា​អ្នក​ប្រាជ្ញ​ច្នៃប្រឌិត ដែល​ភាព​ច្នៃប្រឌិត​ដ៏​ចម្លែក​របស់​គាត់​ជាច្រើន​ត្រូវ​បាន​អ្នក​ខ្លះ​គិត​ថា​ជា “ភាព​ឆ្កួត​លីលា” នេះ មិន​អាច​ឲ្យ​គាត់​ក្លាយ​ជា​អ្នក​មាន​ពី​គំនិត​ទាំងនោះ​ឡើយ។

គាត់​ធ្លាប់​និយាយ​ថា គាត់​តែងតែ​ទទួល​បាន​សារ​ពី​អ្នក​តាំង​ទី​លំនៅ​នៅ​ភព​ព្រះអង្គារ​ឬ​បើ​មិន​ដូច្នោះ​ទេ​គឺ​ភព​សុក្រ តាមរយៈ​ឧបករណ៍​បញ្ជូន​រលក​វិទ្យុ​របស់​គាត់។ បើ​ទោះជា​គាត់​គ្មាន​ភស្តុតាង​មក​បញ្ជាក់​ពី​អំណះអំណាង​របស់​គាត់ តែ​គាត់​ជឿជាក់​ថា ជីវិត​រស់នៅ​នៅ​ភព​ដទៃ​ទៀត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​ពិត​ជា​មាន​មែន ហើយ​គាត់​ក៏​តែងតែ​ព្យាយាម​ស្វែងរក​វិធី​ណា​ដើម្បី​អាច​ទាក់ទង​ជាមួយ​អ្នក​ទាំងនោះ​ផង​ដែរ។

លោក​មាន​កម្មសិទ្ធិបញ្ញា​សរុប​ចំនួន​២១២។ ម៉ាស៊ីន​ស្កេន​ខាងក្នុង​សរីរាង្គ​របស់​រាងកាយ​មនុស្ស ដែល​គេ​ប្រើប្រាស់​នៅ​តាម​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជំងឺ ត្រូវ​បាន​គិត​ជា​ខ្នាត​អន្តរជាតិ​តេស្លា។ ហេតុនេះ ស្រប​ពេល​ដែល​តម្រូវការ​របស់​ម៉ាស៊ីន​នេះ​មាន​កាន់តែ​ច្រើន​ទៅៗ ឈ្មោះ​របស់​តេស្លា​នឹង​កាន់តែ​មិន​ងាយ​រលុប​ចេញ​ពី​ពិភពលោក។ នៅ​ក្នុង​ឆាក​ជីវិត​របស់​តេស្លា លោក​មិន​ដែល​មាន​កូន​ឬ​រៀបការ​អ្វី​នោះ​ឡើយ។ នៅ​ឆ្នាំ​១៩៤៣ វ័យ​៨៤​ឆ្នាំ គាត់​ក៏​បាន​បាត់បង់​ជីវិត​ពី​លោក​នេះ​ទៅ ដោយ​បន្សល់​ទុក​នូវ​កេរ្តិ៍មរតក​គំនិត​ច្នៃប្រឌិត​ជាច្រើន​រាប់​មិន​អស់​សម្រាប់​មនុស្សជាតិ​យើង​នេះ៕

radiology.ucsf.edu

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031