អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពិសេស > បទ​សម្ភាសន៍​ពិសេស​ជា​មួយ​ Audi Cambodia៖ យើង​កំពុង​ប្រជែង​គ្នា​នៅ​ក្នុង​ទីផ្សារ​រថយន្ត​​ថ្មី​​ទំហំ​ត្រឹមតែ ១០%​

បទ​សម្ភាសន៍​ពិសេស​ជា​មួយ​ Audi Cambodia៖ យើង​កំពុង​ប្រជែង​គ្នា​នៅ​ក្នុង​ទីផ្សារ​រថយន្ត​​ថ្មី​​ទំហំ​ត្រឹមតែ ១០%​

លោក Antoine Jeanson នាយក​ប្រតិបត្តិការ​នៃ Audi Cambodia​

ចាប់​តាំង​ពី​បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាំង​ ពី​ខែ​កញ្ញា​​ ឆ្នាំ​២០១៤​ មក​​ ក្រុមហ៊ុន ​​រថយន្ត​របស់​អាល្លឺម៉ង់​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្រោម​ម៉ាក​យីហោ Automotive Asia (Cambodia) Co., Ltd ​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ស្រប​ពេល​ដែល​ក្ដី​បារម្ភ​ធំ គឺ​អំពី​​ទំហំ​ទីផ្សារ​សម្រាប់​រថយន្ត​ទំនើប ឬ​ហៅ​ថា​ Premium Car Market​ នៅ​តូច​​ចង្អៀត​នៅ​ឡើយ​ ពោល​គឺ​ប្រហែល ​ ១០%​ប៉ុណ្ណោះ​បើ​ធៀប​ទៅ​នឹង​ទៅ​ទីផ្សារ​សរុប​ ស្រប​ពេល​ដែល​រថយន្ត​ជជុះ​ ឬ​រថយន្ត​មួយ​ទឹក​មាន​រហូត​ដល់​ជាង​ ៩០%។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Antoine Jeanson នាយក​ប្រតិបត្តិការ​នៃ Audi Cambodia​ ក្នុង​បទ​សម្ភាសន៍​ពិសេស​មួយ​​ជា​មួយ​ BizKhmer កាល​ពី​ពេល​ថ្មីៗ​នេះ។

ដំណាក់​កាល​ប្រតិបត្តិការ​ដំបូង​
លោក​ Antoine Jeason ​បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​បាន​ជួយ​បញ្ហា​លំបាក​ជា​ច្រើន​ក្នុង​ការ​ប្រតិបត្តិការ​នៅ​ឆ្នាំ​ដំបូង​​ ដោយ​សារ​តែ​ក្រុមហ៊ុន​ត្រូវ​ការ​​ពង្រីក​ និង​ផ្សព្វផ្សាយ​ម៉ាក​យីហោ​របស់​ខ្លួន​​​​ និង​ដើម្បី​​បញ្ជ្រាប​​ពី​សេវាកម្ម​​ដែល​មិន​ធ្លាប់​ពី​មុន​​ដល់​អតិថិជន​គោលដៅ​របស់​ខ្លួន។ ​ចាប់​ពី​ឆ្នាំ​​២០១៥​ មក​ក្រុមហ៊ុន​ចាប់​ផ្ដើម​មាន​សន្ទុះ​នៃ​ការ​លក់​ចេញ​ ស្រប​ពេល​ដែល​សេវាកម្ម​ជួសជុល​​ ​និង​ផ្លាស់ប្ដូរ​គ្រឿង​បំឡាស់​ចាប់​ផ្ដើម​ទទួល​បាន​គាំទ្រ​គួរ​ឱ្យ​កត់​សម្គាល់។

«នៅ​ពេល​ដែល​យើង​បើក​ដំណើរការ​​​សេវាកម្ម​ជួសជុល​ និង​ផ្លាស់ប្ដូរ​គ្រឿង​បំឡាស់​របស់​​យើង ​យើង​បាន​គិត​ពី​តម្លៃ​ និង​គុណភាព​ ដោយ​កែច្នៃ​យ៉ាង​ណា​ឱ្យ​អតិថិជន​​ទទួល​បាន​ក្នុង​កម្រិត​មួយ​ប្រកប​ដោយ​ស្តង់ដារ​ច្បាស់លាស់​​ ​ជាក់​ស្ដែង​ យើង​បាន​​សហការ​​ជា​មួយ​ក្រុមហ៊ុន​ Audi ថ្នាក់​តំបន់​ដើម្បី​ធានា​បាន​នូវ​​ចំណុច​នេះ!»។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​ពី​លោក​ នាយក​ប្រតិបត្តិការ​​ខាង​លើ។ ​

​ម៉ាក​យីហោ​ផ្សារភ្ជាប់​នឹង​ Lifestyle
​ជា​គោលដៅ​ និង​ជា​ទិស​ដៅ​នៃ​យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ​​របស់​ក្រុមហ៊ុន​ Audi​ លោក​ Antoine ​បាន​បង្ហើប​ប្រាប់​ថា​​ យីហោ​ Audi ផ្ដោត​លើ​ការ​បង្កើត​​ Lifestyle ​មួយ​បែប​​សម្រាប់​អ្នក​ដែល​និយម​គាំទ្រ​លើ​រថយន្ត​របស់​ខ្លួន។ ​លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​ ៖«រាល់​កម្មវិធី​​ ​ដែល​យើង​បាន​បង្កើត​ឡើង​ និង​សហការ​ជា​មួយ​ដៃ​គូ​មួយ​ចំនួន នា​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​យើង​ផ្ដោត​ទៅ​លើ​ការ​ការ​បង្កើត​នូវ​ របៀប​នៃ​ការ​រស់​នៅ​មួយ​ដោយ​ផ្សារភ្ជាប់​នឹង​ Style ខុស​ប្លែក​មួយ​​​ដែល​ស៊ីគ្នា​ទៅ​នឹង​ទិសដៅ​នៃ​​យីហោ​របស់​យើង»។

ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​​ចុង​ក្រោយ​ យើង​សង្កេត​​ឃើញ​ថា​ Audi Cambodia បាន​រៀប​ចំ​ និង​ចូលរួម​គាំទ្រ​កម្មវិធី​ជា​ច្រើន​មាន​ដូច​ជា​ កម្មវិធី​តន្ត្រី​ Jazz លក្ខណៈ​​អន្តរជាតិ​ (Audi International Jazz Festival Phnom Penh) ​គាំទ្រ​សៀវភៅ​កម្រង​រូបភាព​ទីក្រុង​ដែល​បង្ហាញ​ពី​​ការ​ផ្លាស់ប្ដូរ​ស្ថាបត្យកម្ម​​រាជធានី​ភ្នំពេញ​ Phnom Penh Capital City កម្មវិធី​សប្ដាហ៍​អ្នក​ឌីហ្សាញ​ Fashion Week ​និង​កម្មវិធី​ជា​ច្រើន​ទៀត។

លោក​ Antoine Jeason

​ការ​លក់ និង​ម៉ូដែល​ពេញ​និយម​​
​ទោះ​បី​ជា​ចំនួន​នៃ​ការ​លក់​រថយន្ត​ប្រចាំ​ខែ​នីមួយ​ៗ​ លោ​ Antoine Jeason​ មិន​អាច​បញ្ចេញ​បាន​ពិត​មែន​តែ​លោក​បង្ហាញ​បង្ហើប​ថា​​ ​ការ​លក់​នៅ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​មាន​សន្ទុះ​កើន​ឡើង ទោះ​ជា​មាន​លក្ខណៈ​យឺត​បន្តិច​ក៏​ដោយ។ ម៉ូដែល​​ពេញ​និយម​មួយ​ចំនួន​ដូច​ជា​ Q5 និង​ Q7 ​ស្រប​ពេល​ដែល​ម៉ូដែល​ថ្មី​មួយ​ទៀត​គឺ​ A8​ជំនាន់​ទី៤​ ដែល​ត្រៀម​នឹង​មក​ដល់​ទីផ្សារ​កម្ពុជា​នា​​ពេល​ឆាប់ៗ​ខាង​មុខ​​នេះ។

Audi A8 ​​​​ជំនាន់​ទី​៤​ នេះ​ ជា​រថយន្ត​ម៉ូដែល​ថ្មី​ បង្ហាញ​ពី​របត់​ថ្មី​មួយ​នៃ​​​​បច្ចេកវិទ្យា​ Vorsprung durch Technik ​​ដែល​ជា​​និមិត្ត​សញ្ញា​បច្ចេកវិទ្យា​រថយន្ត​ដ៏​ល្បី​របស់​ប្រទេស​អាល្លឺម៉ង់។ ​ម៉ូដែល​ថ្មី​នេះ​ បង្ហាញ​ពី​ភាសា​នៃ​ការ​រចនា​ថ្មី​ ផ្សារភ្ជាប់​ជា​មួយ​នឹង​មុខ​ងារ​បំពាក់​ពី​ខាង​ក្នុង​សុទ្ធ​តែ​ touchscreen។ Audi A8 ​អាច​និយាយ​បាន​ថា​ ​ជា​ម៉ូដែល​ដំបូង​ក្នុង​លោក​ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​ឡើង​​សម្រាប់​មុខងារ​​នៃ​ការ​បើកបរ​ដោយ​​ស្វ័យ​ប្រវត្តិ (automated driving)​ និង​បច្ចេកវិទ្យា​ AI ច្រើន។ ​​​​


​​
ក្ដី​បារម្ភ​ចំពោះ​ទីផ្សារ​រថយន្ត​ជជុះ​​ ព្រោះ​ចំណែក​ទីផ្សារ​រថយន្ត​ទំនើប​ (Luxury Car) មាន​ប្រហែល​ ១០%​ប៉ុណ្ណោះ​​
ការ​សម្ដែង​ការ​ព្រួយ​បារម្ភ​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Audi Cambodia ក៏​មិន​ខុស​ពី​ក្រុមហ៊ុន​រថយន្ត​​ទំនើប​ផ្សេងទៀត​ដែរ​ជា​ពិសេស​គឺ​ក្រុមហ៊ុន​អាល្លឺម៉ង់​តែ​ម្ដង​មាន​​ដូច​ជា​ BMW​, Mercedes ជា​ដើម​ ហើយ​ក្នុង​នោះ​ម៉ូដែល​ Toyota ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​នាំ​ចូល​​ចំនួន​ច្រើន​បំផុត។

​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​​ដោយ​ក្រុមហ៊ុន​ West Coast SHIPPING ដែល​​​ប្រមូល​ផ្ដុំ​ទិន្នន័យ​នៃ​ការ​នាំចេញ​រថយន្ត​ពី​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​​​ជាប់​លេខ​ ១​ក្នុង​ចំណោម​ប្រទេស​​ ១០​​នៅ​ទ្វីប​អាស៊ី​ដែល​នាំ​ចូល​រថយន្ត​​​ច្រើន​ជាង​គេ​ពី​សហរដ្ឋ​អាមេរិក​​ ពោល​គឺ​មាន​រហូត​ដល់​ ២៩ ៥៨១​គ្រឿង​ក្នុង​ឆ្នាំ​២០១៧។ ​តាម​របាយការណ៍​ដដែល​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​រថយន្ត​ជជុះ​បី​ម៉ូដែល​របស់​​ក្រុមហ៊ុន​តូយូតា​មាន​ Highlander, Camry និង​ Lexus RX ជា​ម៉ូដែល​ដែល​ពេញ​និយម​បំផុត។ ​​

ដោយ​ឡែក​ បើ​​យោង​តាម​របាយការណ៍​ពី​ការិយាល័យ​ស្ថិតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​​អាមេរិក​បាន​​​ដឹង​ថា​ ​ទំហំ​នាំ​ចូល​រថយន្ត​ប្រភេទ​គ្រួសារ​សរុប​ពី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៧​ ​គិត​ជា​ទឹក​ប្រាក់​ គឺ​ ១៧៨ ៧៩៤ ៤៥៤ ​លាន​ដុល្លារ​ដែល​ទំហំ​នេះ​ជិត​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ទំហំ​ពាណិជ្ជកម្ម​​ដែល​សហរដ្ឋ​អាមេរិក​នាំ​ចូល​មក​កម្ពុជា​សរុប​​នៅ​ឆ្នាំ​២០១៧ ​គឺ​ប្រមាណ​ ៤០០​លាន​ដុល្លារ។ ​នេះ​គិត​តែ​ទីផ្សារ​​ពី​សហរដ្ឋ​​អាមេរិក​មួយ​ប៉ុណ្ណោះ នៅ​មិន​ទាន់​គិត​ពី​ចំនួន​នាំ​ចូល​ពី​ប្រទេស​ជប៉ុន ឬ​មជ្ឈិមបូព៌ា​នៅ​ឡើយ​ទេ។

ដោយ​ឡែក ​បើ​​ផ្អែក​ទៅ​លើ​របាយការណ៍​ពី នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ចំណូល​​ពន្ធ​គយ​នៅ​ឆ្នាំ​២០១៧​ មាន​ទំហំ​ ១,៩០១ លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ចំណូល​មួយ​ភាគ​ធំ​​បាន​ពី​​ការ​នាំ​ចូល​យានយន្ត​នេះ​ឯង។ ជា​មួយ​គ្នា​នេះ​ដែរ​ ​កម្ពុជា​នាំ​ចូល​រថយន្ត​សរុប​មួយ​ឆ្នាំ​ ចន្លោះ​ពី ៦-៧ម៉ឺន​គ្រឿង ​​ហើយ​ប្រហែល​ ៥ម៉ឺន​គ្រឿង ជា​ប្រភេទ​​រថយន្ត​​ជជុះ។

​សម្រាប់​លោក​ Antoine Jeason ​ចំនួន​នៃ​​រថយន្ត​ ជជុះ​នេះ​ ​ជា​ការ​គំរាម​កំហែង​មួយ​​ ​ដល់​ក្រុមហ៊ុន​ចែក​ចាយ​រថយន្ត​​ស៊េរី​ទំនើប​ស្រប​ច្បាប់​នៅ​កម្ពុជា​ ក៏​ដូច​ជា​ការ​វិនិយោគ​ថ្មី​ៗ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​នេះ។

សម្រាប់ ​ លោក​ Antoine Jeason យល់​ឃើញ​ថា​ ចំនួន​ដ៏​​ច្រើន​លើស​លស់​នៃ​រថយន្ត​ជជុះ​ដ៏​ច្រើន​លើស​លប់​នៅ​ទីផ្សារ​កម្ពុជា​ គឺ​មិន​មែន​តែ​គំរាម​កំហែង​ដល់​ទីផ្សារ​​ក្រុមហ៊ុន​ចែក​ចាយ​ស្រប​ច្បាប់​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ផ្ដល់​ផល​អវិជ្ជមាន​ដល់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ​​បើ​ទោះ​ជា​តម្លៃ​ទាប​ក៏​ដោយ។ ជា​ស្ដែង​ដូច​ជា​ ​​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ​​គុណភាព​ម៉ាស៊ីន​​​ ធ្លាប់​ប៉ះ​ទង្គិច​ ឬ​បុក​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គ្រោង​និង​គុណភាព​​ដែក​ខាង​ក្នុង​រថយន្ត​ និង​ការ​​ដំឡើង​កម្រិត​គីឡូម៉ែត្រ​​ជា​ដើម។ ទាំង​នេះ​ជា​បញ្ហា។

​ការ​កំណត់​ពន្ធ​ថ្មី​ៗ​នេះ ប៉ះពាល់​យ៉ាង​ណា​ដែរ?
ការ​អនុវត្ត​នីតិវិធី​នៃ​ការ​បង់ពន្ធ​រថយន្ត​ថ្មី​ ​​បាន​ធ្វើ​ឲ្យ​ពន្ធ​រថយន្ត​​​គ្រួសារ​កើន​ឡើង​​ ៥​ភាគរយ​ថែមទៀត​នៅ​ឆ្នាំ២០១៨ ​​ពោល​គឺ​ពី​ បាន​សម្រេច​កែ​សម្រួល​អត្រា​ពន្ធ​អាករ​ថ្មី ក្នុង​នោះ​បាន​ដំឡើង​ពន្ធ​ពី ៦៥% ទៅ ៧០% លើ​ការ​នាំ​ចូល​រថយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់​ពី ៣ ០០០ សេ​សេ​ឡើង​ទៅ។ ទោះ​ជា​យ៉ាង​ណា​ សម្រាប់​លោក​ Antoine មើល​ឃើញ​ថា​ ការ​ដំឡើង​ពន្ធ​នេះ​មិន​ទាន់​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ ​ទីផ្សារ​រថយន្ត​ជជុះ​នោះ​ទេ។

ទោះ​ជា​បែប​នេះ​ក្ដី​ ​បើ​យោង​តាម​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​​ឱ្យ​ដឹង​ថា​​ ​​ ប្រតិភូ​រាជរដ្ឋាភិបាល​ ​ទទួលបន្ទុក​ ​អគ្គនាយក​ ​នៃ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​​ ​មាន​គម្រោង​ដាក់​បន្ទុក​បន្ថែម​លើ​រថយន្ត​ចាស់​ជ្រុល​ពោល​គឺ​ផលិត​ ក្រោម​ឆ្នាំ​២០០០​ ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ​និង​ប្រឈម​ចំពោះ​បញ្ហា​សុវត្ថិភាព។ ​ទោះ​ជា​យ៉ាង​ណា​ មិន​ទាន់​ដឹងច្បាស់​​ថា​ នឹង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ណា​នោះ​ទេ ពោល​គឺ​មាន​តែ​រង់​ចាំ​​មើល​ទាំង​អស់​គ្នា៕​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930