អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ដំណើរ​ជីវិត​តស៊ូ​​របស់​​លោក​ស៊ី ជីនពីង ​ទម្រាំ​​ក្លាយ​ជា​​ ​ប្រធានាធិបតី​មហា​យក្ស​

ដំណើរ​ជីវិត​តស៊ូ​​របស់​​លោក​ស៊ី ជីនពីង ​ទម្រាំ​​ក្លាយ​ជា​​ ​ប្រធានាធិបតី​មហា​យក្ស​

ប្រ​ភព៖​​ polskieradio.pl

នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​សតវត្ស​ទី​២១​មួយ​រូប ប្រទេស​ចិន​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ដ៏​ធំ​មួយ។ ប្រធានាធិបតី លោក ស៊ី ជិនពីង បាន​ឡើង​កាន់​ដំណែង​របស់​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ជាប់​ឆ្នោត​ឆ្នាំ​២០១២។ ខាងក្រោម​នេះ​ដែរ​គឺជា​ប្រវត្តិរូប​សង្ខេប​ខ្លះៗ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​ជីវិត​តាំង​ពី​ដើម​មក​របស់​ប្រធានាធិបតី​ចិន​ដ៏​មាន​ឥទ្ធិពល​រូប​នេះ។ មាន​ដើម​កំណើត​ចេញ​មក​ពី​ទីក្រុង​ប៉េកាំង លោក​កើត​នៅ​ថ្ងៃ​ទី​១៥ មិថុនា ក្នុង​ឆ្នាំ​១៩៥៣។

ឪពុក​របស់​គាត់​គឺជា​អតីត​សមាជិក​គណៈកម្មាធិការ​របស់​គណបក្ស​កុំមុយនិស​ចិន​ដែល​ដឹកនាំ​ដោយ​លោក ម៉ៅ សេទុង។ ជោគវាសនា​របស់​កុមារ​ស៊ី ជីនពីង ដែល​អាច​ឡើង​កាន់​ដំណែង​ខ្ពស់​ក្នុង​បក្ស​តាមរយៈ​សែស្រឡាយ​នៅ​ពេល​ពេញវ័យ ត្រូវ​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង នៅ​ពេល​ឪពុក​របស់​លោក​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ដំណែង​របស់​ខ្លួន​នៅ​ក្នុង​បក្ស និង​ត្រូវ​បាន​យក​ទៅ​ឃុំ​ខ្លួន​ទុក​ក្នុង​ឆ្នាំ​១៩៦២។

ក្នុង​ឆ្នាំ​១៩៦៦​គឺជា​ឆ្នាំ​ដែល​មេដឹកនាំ​ផ្ដាច់ការ​ម៉ៅ បាន​ចាប់ផ្ដើម​ចលនាកុម្មុយនីស្ត​ ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា បដិវត្ត​វប្បធម៌ ដែល​បាន​បំបិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​មាន​ការ​អប់រំ​អ្វី​ឡើយ។ កុមារ​ស៊ី ជីនពីង ដែល​កំពុង​ទទួល​ការ​អប់រំ​នៅ​ក្នុង​សាលា​របស់​ខ្លួន​នៅ​ឡើយ ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ភូមិ​ដាច់​ស្រយាល​ដ៏​ក្រីក្រ​តោកយ៉ាក​មួយ​ដើម្បី​ធ្វើការ​ពលកម្ម​នៅ​ស្រែ​ចម្ការ ។ អស់​រយៈពេល​៧​ឆ្នាំ បទពិសោធន៍​នៅ​ទីនោះ​បាន​ហាត់​ពត់​លត់ដំ​ទាំង​ចិត្ត​គំនិត​និង​រាងកាយ​របស់​គាត់​ដែល​អាច​ឲ្យ​គាត់​ក្លាយ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​របស់​ចិន​និង​ទូទាំង​ពិភពលោក​បាន។

ដោយសារ​ឪពុក​របស់​គាត់​មាន​ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​បក្ស លោក ស៊ី ជីនពីង ត្រូវ​ទទួល​ការ​បដិសេធ​ជាច្រើន​ដង​ទម្រាំ​តែ​ត្រូវ​បាន​គេ​ទទួល​ចូល​ក្នុង​បក្ស​កុំមុយនិស​នៅ​ឆ្នាំ​១៩៧៤។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិស្វកម្ម​គីមី​ពី​សាកលវិទ្យាល័យ Beijing’s Tsinghua University ក្នុង​ឆ្នាំ​១៩៧៩ ការងារ​ដំបូង​បង្អស់​របស់​គាត់​ក្នុង​ជួរ​រដ្ឋាភិបាល​គឺជា​លេខា​ផ្ទាល់ខ្លួន​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Geng Biao។

ចាប់​ពី​ឆ្នាំ​១៩៨៣​ដល់​ឆ្នាំ​២០០៧ លោក​បាន​កាន់​ដំណែង​ជា​អ្នក​គ្រប់គ្រង​រដ្ឋបាល​របស់​ខេត្ត​ចំនួន​៤​របស់​ចិន ហើយ​ក្នុង​ឆ្នាំ​១៩៨៧​លោក​ក៏​បាន​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​នឹង​ភរិយា​របស់​គាត់ Peng Liyuan ដែល​ជា​អ្នក​ចម្រៀង​បុរាណ​ប្រពៃណី​មួយ​រូប និង​មាន​កូនស្រី​ម្នាក់ Xi Mingze ដែល​ជា​និស្សិត​របស់​សាកលវិទ្យាល័យ​ហាវើដ​មួយ​រូប។

ក្នុង​ឆ្នាំ​២០០៨ លោក ស៊ី ជីនពីង ក៏​បាន​ក្លាយ​ជា​អគ្គ​នាយករដ្ឋមន្ត្រី ហើយ​ក្នុង​ឆ្នាំ​២០១២​ត្រូវ​បាន​បោះឆ្នោត​ជាប់​ជា​លេខាធិការ​ទូទៅ​របស់​គណបក្ស​កុំមុយនិស និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​កណ្ដាល​ផង​ដែរ។ ក្នុង​ការ​ឡើង​ថ្លែង​សន្ទរកថា​ក្នុង​ការ​ទទួល​ដំណែង​ជា​លេខាធិការ​ទូទៅ​នេះ គាត់​ក៏​បាន​លើកឡើង​ពី​ចក្ខុវិស័យ​របស់​ខ្លួន​ដែល​លើក​តម្កើង​តម្លៃ​នៃ​ការ​អប់រំ​មក​វិញ ផ្ដល់​ស្ថិរភាព​ការងារ​ដល់​ប្រជាជន ប្រាក់​ចំណូល​ខ្ពស់ ផ្ដល់​ប្រាក់​ចូល​និវត្ត​និង​សេវា​ថែទាំ​សុខភាព​ដែល​អាច​ទុកចិត្ត​បាន ការ​រស់នៅ​ដ៏​ល្អ​ប្រសើរ​ជាង​មុន និង​បរិស្ថាន​ដ៏​ល្អ​ជាង​មុន​ផង​ដែរ ដែល​ការ​លើកឡើង​ទាំងនេះ​ត្រូវ​បាន​គាត់​ហៅ​ថា ក្ដី​សុបិន​របស់​ប្រជាជន​ចិន។

ក្នុង​ឆ្នាំ​២០១២​ដដែល​នេះ គាត់​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ដើម្បី​ជំរុញ​ដំណើរការណ៍​សេដ្ឋកិច្ច​របស់​ចិន ក្នុង​ឆ្នាំ​២០១៤​គាត់​បាន​ផ្ដួចផ្ដើម​គំនិត​មួយ​ដែល​ត្រូវ​បាន​គេ​ហៅថា “ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ” ហើយ​ក្នុង​ឆ្នាំ​២០១៥ គាត់​ក៏​បាន​បញ្ចប់​គោលនយោបាយ​យក​កូន​១​ជា​ផ្លូវការ។ នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ​ដែរ លោក​ស៊ី ជិនពីង និង​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​យល់​ព្រម​គ្នា​ក្នុង​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​អន្តរជាតិ​នៅ​ទីក្រុង​ប៉ារីស ដែល​មាន​គោលដៅ​សំខាន់​ទៅលើ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន៕

​ដោយ​៖ រតនា​ ​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031