អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពិសេស > លោក ប៉ោ លីម​ នាយក​គ្រប់គ្រង​​ Starbucks ​Cambodia និយាយអំពី​ស្ថានភាព​នៃ​ការ​ប្រកួត​ប្រជែង​​​អាជីវកម្ម​កាហ្វេ​នៅ​កម្ពុជា

លោក ប៉ោ លីម​ នាយក​គ្រប់គ្រង​​ Starbucks ​Cambodia និយាយអំពី​ស្ថានភាព​នៃ​ការ​ប្រកួត​ប្រជែង​​​អាជីវកម្ម​កាហ្វេ​នៅ​កម្ពុជា

លោក ប៉ោ លីម​ អ្នក​គ្រប់​គ្រងទូទៅ​របស់​ Starbucks Cambodia (ឆ្វេង)

ឧស្សាហកម្ម​កាហ្វេ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​មែន​ទែន​ ស្រប​ពេល​ដែល​ការ​ទិញ​សិទ្ធិ​ប្រកប​អាជីវកម្ម​កាហ្វេ​បន្ត (Franchise) កាន់​តែ​មាន​ការ​ផុលផុស​ឡើងៗ​ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ តែ​ម្ដង។ ​​ក្នុង​កិច្ចពិភាក្សា​ស្តី​ពី​ «ឱកាស​ពី​ Starbucks: ភ្ជាប់​ជាមួយ​អ្វីមួយ​កាន់​តែ​ធំ»  នៅ​ថ្ងៃ​ទី០៩ ​ខែ​មីនា ​​កន្លង​ទៅ​ លោក ប៉ោ លីម​ អ្នក​គ្រប់​គ្រងទូទៅ​របស់​ Starbucks Cambodia ​បាន​ផ្ដល់​បទ​សម្ភាសន៍​ពិសេស​ជា​មួយ​ BizKhmer ដូច​ខាង​ក្រោម៖

BizKhmer៖ ​សព្វ​ថ្ងៃ​នេះ ​យើង​សង្កេត​ឃើញ​ថា​ ​អាជីវកម្ម​កំពុង​តែ​រីក​ដូច​ផ្សិត​ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្ដង។ ​តើ​លោក​មើល​ឃើញ​យ៉ាង​ម៉េច​ដែរ​ ជុំវិញ​អ្នក​​ញ៉ាំ​កាហ្វេ​នៅ​កម្ពុជា​សព្វ​ថ្ងៃ?
​លោក ប៉ោ លីម​៖ ​បើ​យើង​​មើល​ពី​អាជីវកម្ម​នៅ​កម្ពុជា​នា​ពេល​សព្វ​ថ្ងៃ​ យើង​សង្កេត​ឃើញ​ថា​ មាន​ការ​រីក​ចម្រើន​ខ្លាំង​មែន​ទែន​​​ រហូត​ទៅ​ដល់​គ្រប់​គ្នា​មិន​អាច​​រំពឹង​ទុក​ទៅ​ទៀត។ ​​ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​​នេះ​ដែរ​ យើង​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា​ មាន​មួយ​ចំនួន​បាន​បិទ​ទ្វា​ទៅ​វិញ​ផង​ដែរ។

BizKhmer៖ ទន្ទឹម​នឹង​អាជីវកម្ម​កាហ្វេ​រីក​​ខ្លាំង​ដូច​ផ្សិត​ ក៏​មាន​ជា​ច្រើន​ដែរ​ដែល​បាន​បិទ​ទ្វា​ទៅ​វិញ?​ តើ​លោក​មើល​ឃើញ​ថា​ មក​ពី​មូលហេតុ​អ្វី​ដែរ?
លោក ប៉ោ លីម​៖ ​ការ​បើក​អាជីវកម្ម​មួយ​ដែល​ពុំ​មាន​គោលការណ៍​ និង​គោលដៅ​​ច្បាស់​លាស់​ និង​ពុំ​មាន​ចំណង់ (Passion) គឺ​ជា​​មូលហេតុ​មួយ​ ហើយ​​មួយ​​ផ្នែក​ទៀត​នោះ​គឺ​ការ​មិន​បាន​សិក្សា​ពី​ទីផ្សារ​ និង​​អតិថិជន​គោលដៅ​ ​ច្បាស់​លាស់​ ​មិន​ថា​កាហ្វេ​តម្លៃ​​ថ្លៃ​ ឬ​មិន​ថ្លៃ​នោះ​ទេ​ ព្រោះ​ថា​អាជីវកម្ម​នីមួយ​ៗ​គឺ​មាន​ការ​ចំណាយ​ច្រើន​។

BizKhmer៖ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិតខាង​មាន​វៀតណាម​ និង​ថៃ​ជា​ដើម​ តើ​អ្នក​ញ៉ាំ​កាហ្វេ​នៅ​​កម្ពុជា​ យ៉ាង​ម៉េច​ដែរ?
​​​​លោក ប៉ោ លីម​៖ ​​នៅ​ប្រទេស​វៀតណាម​យើង​ឃើញ​ថា​ ​មាន ​coffee culture ​ខ្លាំង​ជាង​គេ​ ពោល​គឺ​​មាន​តាំង​ពី​យូរលង់​ណាស់​មក​ហើយ គឺ​មាន​តាំង​ពី​រោងកុន​ដាក់​កាហ្វេ​ជា​ដើម។ ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា​ មាន​ការ​ផ្លាស់ប្ដូរ​មក​កាហ្វេ​ទំនើប​ និង​កេរ្តិ៍ឈ្មោះ​​ល្បី​ៗ​ច្រើន​នា​ពេល​បច្ចុប្បន្ន។ ដោយ​ឡែក​នៅ​ថៃវិញ​ មាន​កាហ្វេ​មាន​គុណភាព​ខ្ពស់​ច្រើន​មែន​ទែន​ រហូត​ហៀរ​មក​ដល់​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​យើង​ផង​ដែរ។


BizKhmer៖ ចាប់​តាំង​ពី​ដំណើរការ​នៅ​កម្ពុជា​ឆ្នាំ​២០១៥​​ មក​​ ​រហូត​មក​ដល់​ពេល​នេះ Starbucks ​កម្ពុជា​ ដែល​ស្ថិត​នៅ​ក្រោម​​ក្រុមហ៊ុន​ Starbucks ធំ​នៅ​ហុងកុង​ បាន​ពង្រីក​សាខា​បាន​ ១០​ហើយ។ តើ​​​សន្ទុះ​នៃ​អ្នក​ញ៉ាំ​កាហ្វេ​ Starbucks ​យ៉ាង​ណា​ដែរ?
លោក ប៉ោ លីម​៖ ​ជាក់ស្ដែង​មាន​ការ​រីក​ចម្រើន​​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​នៅ​គ្រប់​សាខា​ទាំង​អស់។ ​យើង​គិត​ថា​ ការ​ពង្រីក​បន្ត​ទៅ​ទៀត​គឺ​ ​នៅ​តែ​មាន​​សក្ដានុពល​ច្រើន​ទោះ​បី​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក៏​ដោយ​ព្រោះ​ថា​ Starbucks​ គិត​គួរ​ច្រើន​មិន​ថា​គុណភាព​ បរិយាកាស​ ទីតាំង​ និង​ការ​បណ្ដុះបណ្ដាល​ដៃ​គូ​ (partners) របស់​យើង។

BizKhmer៖ ​​ដូច​បាន​លើក​ឡើង​​ពី​ខាង​ដើម​ អាជីវកម្ម​កាហ្វេ​រីក​​ចម្រើន​ខ្លាំង​​​ជា​ពិសេស​អាជីវកម្ម​ដែល​ទិញ franchise ពី​ក្រៅ​ស្រុក។ ​តើ​លោក​មើល​ឃើញ​​​យ៉ាង​ណា​រវាង​អាជីវកម្ម​កាហ្វេ​ដែល​បង្កើត​ម៉ាក​យីហោ​ខ្លួន​ឯង​​និង​​អាជីវកម្ម​ដែល​ទិញ​ franchise ពី​គេ?
លោក ប៉ោ លីម​៖ ​មិន​ថា​​អាជីវកម្ម​កាហ្វេ​ដែល​បង្កើត​ម៉ាក​យីហោ​ខ្លួន​ឯង​ មិន​ថា​អាជីវកម្ម​កាហ្វេ​ដែល​ទិញ​សិទ្ធិ​ប្រកប​អាជីវកម្ម​ពី​គេ​ គឺ​សុទ្ធ​តែ​ល្អ​ដូច​គ្នា​ទេ​ ប៉ុន្តែ​សម្រាប់​បង​ប្អូន​ដែល​ទិញ​សិទ្ធិ​បន្ត​ពី​គេ​ គឺ​ត្រូវ​គិត​លើ​​ច្រើន​ចំណុច​ដូច​ជា​ កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​លំដាប់​ណា​​ បទ​ពិសោធន៍​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​លើ​ប្រភេទ​អាជីវកម្ម​នោះ​ ​និង​ការ​គាំទ្រ (support) របស់​ក្រុមហ៊ុន​​លក់​ franchise។ ការ​គាំទ្រ​គឺ​ចំណុច​សំខាន់​បំផុត​​​ មាន​ដូច​ជា​ ការ​បណ្ដុះបណ្ដាល​បុគ្គលិក​ រៀប​ចំ​ប្រព័ន្ធ​គ្រប់គ្រង ការ​កសាង​ម៉ាក​យីហោ និង​ជា​ពិសេស​ការ​គាំទ្រ​ប្រសិន​បើ​ការ​លក់​ធ្លាក់​ចុះ​ជា​ដើម។ ​​​ក្នុង​​ចំណោម​ចំណុច​ដែល​បាន​រៀប​រាប់​នេះ​ ការ​គិតគូរ​ទៅ​លើ​ម៉ាក​យីហោ​​ គឺ​រឹង​តែ​ចាំបាច់​បំផុត។

ដោយ​ឡែក​ ចំពោះ​ការ​កសាង​ម៉ាក​យីហោ​ខ្លួន​ឯង​វិញ​ ការ​សិក្សា​ទៅ​លើ​អតិថិជន​គោលដៅ​ជា​រឿង​ចាំបាច់​មួយ​ ហើយ​រឹត​តែ​ចាំ​បាច់​​ទៅ​ទៀត​នោះ​ គឺ​​ការ​បង្កើត​អ្វី​ដែល​ខុស​ប្លែក​ពី​គេ​ មិន​មែន​ដូច​គេ​ដែរ​នោះ​ទេ។ កត្តា​ទីតាំង​ គឺ​ជា​រឿង​មិន​អាច​ចោល​បាន​មួយ​ទៀត​​ បន្ថែម​ពី​លើ​គុណភាព​​ និង​សេវាកម្ម។
​​​​​
BizKhmer៖ ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​ប្រជែង​វិញ​ តើ​លោក​មាន​ការ​បារម្ភ​ដែរ​ឬ​ទេ​ស្រប​ពេល​ដែល​​មាន​គូ​ប្រកួត​កាន់​តែ​ច្រើន​ឡើង​ៗនៅ​លើ​ទីផ្សារ?
លោក ប៉ោ លីម​៖ គិត​មក​ដល់​ពេល​នេះ​ Starbucks​ មាន​សាខា​នៅ​​ប្រទេស​ចំនួន ៧៦​ និង​មាន​ហាង​សរុប​ជាង ​២៦ ៦០០។ យើង​រីក​ចម្រើន​លឿន​ដោយ​សារ​តែ​គិត​ទៅ​លើ គុណភាព​​កាហ្វេ​ គិត​ទៅ​លើ​ដៃគូ (បុគ្គលិក) ​របស់​យើង​ ​ការ​រចនា​ បរិយាកាស​ ទីតាំង​ និង​សេវាកម្ម​ដែល​ធានា​យ៉ាង​ណា​ រក្សា​បាន​​នូវ​ស្ដង់ដារ​ពិត​ប្រាកដ​របស់​យើង​នៅ​គ្រប់​សាខា​ទាំង​អស់។ ​យើង​គ្មាន​ការ​បារម្ភ​ចំពោះ​ដៃគូ​ប្រកួត​ប្រជែង​របស់​យើង​នោះ​ទេ៕
​​​​
​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930