អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពិសេស > លោក ម៉ឹក ចិន្តា ស្ថាបនិក​ Realestate.com.kh៖ ពីក្រុមហ៊ុន​ក្នុង​ស្រុក​តូច​មក​ ទទួល​បាន​ការ​វិនិយោគរាប់​លាន​ដុល្លារ

លោក ម៉ឹក ចិន្តា ស្ថាបនិក​ Realestate.com.kh៖ ពីក្រុមហ៊ុន​ក្នុង​ស្រុក​តូច​មក​ ទទួល​បាន​ការ​វិនិយោគរាប់​លាន​ដុល្លារ

លោក ម៉ឹក ចិន្តា ជា​ស្ថាបនិក​គេហទំព័រ​ realestate.com.kh ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩​

Realestate.com.kh គឺ​ជា​គេហទំព័រ​ឈាន​មុខគេ​មួយ​នៅ​កម្ពុជា​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ដោយ​ធ្វើការជាមួយភ្នាក់ងារ អចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។ គេហទំព័រ​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ម៉ឹក ចិន្តា ​នៅ​ឆ្នាំ​២០០៩​ ហើយ​នៅឆ្នាំ ២០១៥ ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ ​បច្ចុប្បន្ន​គេហទំព័រ​នេះ​ មាន​បី​ភាសា គឺ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលមានជាង ៤០,០០០ អចលនទ្រព្យ សម្រាប់ លក់ និងជួល និងអ្នកស្វែងរកអចលនទ្រព្យរាប់ពាន់នាក់បានចូលមើលគេហទំព័រ និង តាមរយៈកម្មវិធី (APP) របស់ Realestate.com.kh ជារៀងរាល់ខែ។ ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសន៍​ជា​មួយ​លោក ម៉ឹក ចិន្តា ​អំពី​អាជីវកម្ម​​ការ​អភិវឌ្ឍន៍​នៃ​អាជីវកម្ម​មួយ​នេះ។ ​

១.Realestate.com.kh បានកើតឡើងពីការចាប់ផ្ដើមដ៏តូចមួយ រហូត​ក្លាយ​ជា​គេហទំព័រ​ផ្នែកអចលន​ទ្រព្យ និង ជាភ្នាក់ងារ​ទីផ្សារ​នាំមុខ​​គេ​ក្នុង​​ប្រទេស​កម្ពុជា ខណៈ​​ការ​ប្រកួត​ប្រជែង​មាន​គួរសម​ដែរ។ សមត្ថភាព​​ក្នុង​ការ​បង្កើត និង និង ចាប់យកឱកាស ពិតជាបានដើរតួរនាទីយ៉ាង​សំខាន់​ណាស់​ក្នុង​​ដំណើ​រការក្រុមហ៊ុន​តាំង​ពីពេលបង្កើតដំ​បូងកាល​ពី៩ឆ្នាំ​មុន។ តើ​លោក​បង្កើត​​និង​ចាប់​យកឱកាស​ទាំង​នេះដោយរបៀបណា?
លោក ចិន្តា៖  នៅក្នុងរង្វង់នៃការប្រកួត​ប្រជែង​ក្នុងវិស័យបច្ចេកវិទ្យា​ យើងត្រូវតែ​ហ៊ានពុះពារ​ តស៊ូ និង​ប្រថុយប្រថាន​។ មានឱកាសជាច្រើន​នៅខាងក្រៅ​ ដែលយើងត្រូវ​តែ​សម្លឹង​មើល​វា​ និងព្យាយាមចាប់យកឲ្យបានល្អ។​ ដូចពាក្យឡាតាំងមួយឃ្លាពោលថា “សំណាង​កើតពីភាពក្លាហាន”។
២.តើក្រុមហ៊ុននេះកំពុងផ្ដោតលើអ្វីជាសំខាន់ក្នុងពេលបច្ចុប្បន្ននេះ? តើវា​មានការ​រីក​ចម្រើនល្អ​ប្រសើរទេ?
លោក ចិន្តា៖ ក្រុមហ៊ុនយើងកំពុងផ្ដោតជាសំខាន់ទៅលើការ​រក្សាស្ដង់ដារ និង​ជំហរ​របស់​ខ្លួន​ក្នុងនាម​ជា​​​គេហទំព័រផ្នែកអចលនទ្រព្យ​នាំមុខគេក្នុងប្រទេសកម្ពុជា។ Realestate.com.kh មាន​ជាង ៤ម៉ឺន​អចលនទ្រព្យ​ដែល​បាន​ដាក់លក់ និង​ជួល​​ ហើយ​មាន​អ្នក​ចូលទស្សនាប្រមាណ​ជា​ ១ម៉ឺននាក់។ យើង​ផ្ដល់ព័ត៌មាន​ដែល​​ទូលំ​ទូលាយ និង ដែលអាចទុកចិត្តបានបំផុត គឺមិនគ្រាន់តែផ្ដល់ព័ត៌មានអំពី​អចលន​ទ្រព្យ​របស់​កម្ពុជា​ប៉ុណ្ណោះទេ តែរួមបញ្ចូលទាំង ព័ត៌មានអំពីតំបន់កំពុងអភិវឌ្ឍ ​​ការ​ដឹកជញ្ជូន​ គោលដៅទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស ប្រព័ន្ធ​ថែទាំ​សុខភាព សេវាកម្មរបស់រដ្ឋាភិបាល និងព័ត៌មានជាច្រើនទៀតដែល អ្នកចូលមកវិនិយោគ ឬ អ្នកមកទស្សនាប្រទេសកម្ពុជា ត្រូវការ។
បន្ថែមពីលើ ភាសាខ្មែរ ពេលនេះយើងកំពុងធ្វើការផ្សព្វផ្សាយជាភាសាអង់គ្លេស និង​ភាសាចិន​ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់យើងក្នុងនាមជាក្រុមហ៊ុនមួយ។ ផ្តើមចេញ​ពីបុគ្គលិក​ក្នុងស្រុកពីរបីនាក់ ពេលនេះយើងមានបុគ្គិលិកទាំងក្នុងស្រុក និង បរទេសជាង ៣០នាក់។ ពួកយើងកំពុងស្ថិតនៅលើការរីកចម្រើនដ៏វែងឆ្ងាយ និង កំពុងសម្លឹងមើលការធ្លាក់ចុះនៃអាជីវកម្មដទៃៗទៀត។ យើងមានទំនុកចិត្ត​ទៅ​លើការរីកចម្រើនរបស់ក្រុមហ៊ុន​ជាមួយនឹង ការគ្រប់គ្រប់ ការធ្វើទីផ្សារ និង ក្រុម​បង្កើតមាតិការដ៏ល្អរបស់យើង។
៣. ជាធម្មតា អាជីវកម្មដែលបង្កើតថ្មីតែងប្រឈមមុខ និង​ បញ្ហា​ជា​ច្រើន​ទាក់​ទង​ទៅ​នឹងផ្នែ​ក ហិរញ្ញវត្ថុ និង ការគ្រប់គ្រង។ ហើយវាកាន់តែពិតថែមទៀត សម្រាប់​ដំណើរ​ការ​ក្នុងឆ្នាំដំបូង។ តើក្រុមហ៊ុនបានជួបប្រទះនិងបញ្ហាអ្វីខ្លះ? ហើយ Realestate.com.kh បានដោះស្រាយបញ្ហាទាំងនោះយ៉ាងដូចម្ដេច?
លោក ចិន្តា៖ នៅលើផ្លូវនៃដំណើរការអាជីវកម្មទាំងអស់ មាន​​បញ្ហា​ច្រើន​ណាស់​ដែល​ត្រូវ​ប្រឈម ហើយ Realestate.com.kh ក៏​ជៀស​មិនផុតដែរ។ បញ្ហាដ៏ចម្បងនោះគឺ ការស្វែងរកមនុស្សដើម្បី មកគ្រប់គ្រង និង ធ្វើការក្នុងក្រុមហ៊ុនឲ្យបានត្រឹមត្រូវ។ សំណាងល្អដែលខ្ញុំអាចរកដៃគូរដែលត្រឹមត្រូវ ក្រុមការងារដែលខិតខំប្រឹងប្រែង និង បុគ្គលិកដែលមានការលះបង់ខ្ពស់។ យើងធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះទៅលើបញ្ហាដែលយើងជួបប្រទះកន្លងមក។
៤.អ្វីដែលអ្នកអានរបស់យើងចង់ដឹងជាងគេនោះគឺថា តើលោកធ្វើដូចម្ដេចទើបធ្វើឲ្យគំនិតអាជីវកម្មមួយដែលបង្កើតថ្មី រីកចម្រើនរហូតដល់ក្លាយជាគេហទំព័រផ្នែកអចលនទ្រព្យ និង ភ្នាក់ងារផ្នែកទីផ្សារ ដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា? តើមានអ្វីនៅខាងក្រោយ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះ?
លោក ចិន្តា៖ ធម្មតាទេ! វាកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់យើង និង លទ្ធផលនៃការសហការ និងលះបង់របស់យើង។ យើងមានការអនុវត្តន៍ផ្នែកអាជីវកម្មដ៏ល្អ មានយុទ្ធសាស្រ្តច្បាស់លាស់ និងធ្វើវាក្នុងស្ដង់ដារខ្ពស់បំផុត។ ប៉ុន្តែភាពជោគជ័យរបស់យើងក៏អាស្រ័យទៅលើ ការស្វែងរកដៃគូសហការដ៏ត្រឹមត្រូវផងដែរ។ នៅក្នុងឆ្នាំ ២០១៥ យើងបានសហការជាមួយក្រុមហ៊ុន ​Digital Classifieds Group (DCG) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ដែលអនុញ្ញាតឲ្យយើងអាចពង្រីកប្រតិបត្តិការរបស់យើងបន្តែមទៀត។ នៅដើមឆ្នាំនេះ ក្រុមហ៊ុន ​Belt Road Capital Management (BCRM) បានសហការជាមួយ​ដែរ​ដោយ​បាន​បន្ថែម​​ទឹកប្រាក់វិនិយោគ​ប្រមាណ ១.៨លានដុល្លា។
៥.ក្នុងនាមជាម្ចាស់ក្រុមហ៊ុនមួយ ដែលជោគជ័យក្នុងការស្វែងរកដើមទុនវិយោគតាមរយៈកិច្ចសហការជាមួយវិនិយោគិនក្នុងស្រុក និងបរទេស។ តើលោកមានសារអ្វីដើម្បីផ្ដាំផ្ញើដល់ ម្ចាស់អាជីវកម្មបង្កើតថ្មីទាំងអស់ដែលចង់ស្វែងរកដើមទុន ឬ ទាក់ទាញការវិនិយោគ?
លោក ចិន្តា៖ វិនិយោគិនជាទូទៅ ជាមនុស្សដែលចង់បង្កើតប្រាក់ចំណេញ​ពីការវិនិយោគរបស់ពួកគេ។ ពួកគេតែងតែ ស្វែងរកស្ថាប័ន​ ឬក្រុមហ៊ុនណាដែលមានសក្តានុពល​​លើ​ការអភិវឌ្ឍ ឬ រីកចម្រើន។ ប្រសិនបើ​អង្គភាព​របស់អ្នកដំណើរការល្អ មានការគ្រប់គ្រងប្រកបដោយគុណភាព មានបុគ្គលិក​គ្រប់គ្រាន់ មានគោលដៅច្បាស់លាស់ និងមានផែនការយុទ្ធសាស្រ្តប្រកបដោយសកម្មភាព​និង​ភាព​ច្បាស់​លាស់​នោះ​ នោះវិនិយោគិនជាច្រើន នឹងចូលមកវិនិយោគមិនខាន។
៦.តើលោកមានអ្វីជាដំបូន្មានដ៏សំខាន់ សម្រាប់ការបង្កើតអាជីវកម្មថ្មីមួយ ឲ្យកាន់តែល្អ និង ជោគជ័យ ក្នុងរយៈពេលខ្លី?
លោក ចិន្តា៖ ការចាប់ផ្តើមអាជីវកម្មដំបូងគឺពិតជាមានការលំបាកជាមួយនឹងដើមទុន។ ប៉ុន្តែប្រសិនបើ បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់អ្នកធ្វើការរួមគ្នាជាធ្លុងមួយ និងអនុវត្តតាមផែនការអាជីវកម្ម មួយដ៏ច្បាស់លាស់នោះអាជីវកម្មរបស់អ្នកនឹងទទួលបានភាពជោគជ័យ។ ចំណុចពិសេសៗទាំង នេះនឹងនាំលោកអ្នកទៅកាន់ដល់ចំណុចកំពូលមួយដ៏ឆាប់រហ័សនៅក្នុងទីផ្សារដ៏មានការប្រកួតប្រជែងមួយនេះ។ ​
៧.តើលោកមានអ្វីជាសារចុងក្រោយសម្រាប់មិត្តអ្នកអាន?
លោក ចិន្តា៖សូមចងចាំថាសុចរិតភាពការយកចិត្តទុកដាក់និងការខិតខំគឺមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកចង់បានជោគជ័យក្នុងជីវិតចំណុចនេះនៅក្នុងវិស័យអចលនទ្រព្យក៏ត្រូវតែមានដូច គ្នាផងដែរ។ ឧបសគ្គនិងបញ្ហាប្រឈមគឺវាគ្រាន់តែជារឿងបណ្តោះអាសន្ន ដោយឡែកភាព ជោគជ័យនឹងវិលមករកយើងវិញជាមិនខាន៕

ដោយ៖ រឿន វាសនា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930