អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ចង់​​​​ក្លាយ​ជា​បុគ្គល​មាន​​អំណាច​ គួរ​រៀន​ប្រើ​យុទ្ធសាស្ត្រ​ ៤៣ ចំណុច​​​​នេះ!

ចង់​​​​ក្លាយ​ជា​បុគ្គល​មាន​​អំណាច​ គួរ​រៀន​ប្រើ​យុទ្ធសាស្ត្រ​ ៤៣ ចំណុច​​​​នេះ!

លោក Robert Greene ​ជា​អ្នក​និពន្ធ​សៀវភៅ​ល្អៗ សម្រាប់​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​វាយលុក​ក្នុង​សមរភូមិ​អាជីវកម្ម – ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ឫទ្ធានុភាព ឬ​បារមី និង​សិល្បៈ​ក្នុង​ការ​ប្រើ​មនុស្ស និង​ប្រលោម​ចិត្ត​មនុស្ស។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​សំខាន់ៗ​ដែល​ TheBNEWS បាន​ដក​ស្រង់​ពី​ Business Insider ដែល​បាន​សង្ខេប​សៀវភៅ The 48 Laws of Power មាន​សេចក្ដី​ដូច​ខាង​ក្រោម។

១- កុំ​ធ្វើ​ចេះ​ដឹង​ជាង​ថ្នាក់​លើ (Never outshine the master) ​៖ ពាក្យ​ទំនឹមទំនៀម​មួយ​ឃ្លា​ពោល​ថា «ក្ដិច​ត្រួយ​តម្រឹម​ទ្រើង» មាន​ន័យ​ថា​ពេល​ខ្លះ​ធ្វើ​ចេះ​ដឹង​ជាង​គេ នាំ​ទុក្ខ​ដាក់​ខ្លួន​ទៅ​វិញ​ទេ។ ក្នុង​កាលៈទេសៈ​ខ្លះ អ្នក​ក្រោម​បង្គាប់​គេ មិន​អាច​ធ្វើ​ជា​អ្នក​ចេះ​ដឹង​ជាង​ចៅហ្វាយ​ខ្លួន​បាន​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​ជា​អ្នក​ជើង​ក្រោយ ដើរ​តាម​ជើង​មុខ។

​​២- មនុស្ស​ដែល​ចូលចិត្ត​ចាក់ចេកចាក់ស្ករ​ កុំ​សូវ​ទុក​ចិត្ត​អស់​ពី​ពោះ​ពេក ព្រោះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ទឹកភ្នែក​ជូត​ក្បាលជង្គង់​នៅ​ថ្ងៃ​ណា​មួយ។ មនុស្ស​ធន់​ហ្នឹង​អាច​នឹង​បោក​អស់​សក់​ក្បាល ហើយ​ម្យ៉ាងទៀត សត្រូវ​និង​មិត្ត មិន​អាច​មើល​ពី​សម្បក​ក្រៅ​ទៅ ដឹង​ទេ ព្រោះ​មនុស្ស​ដូច​តែ​គ្នា។

​៣- កុំ​ទុក​ចិត្ត​គេ​អស់​ពី​ពោះ ៖ ពាក្យ​សំនួន​ថា​មនុស្ស​ដប់​គត់ ដែល​មាន​ន័យ​ថា​ស្មោះត្រង់​ជ្រុល​ពេក ជា​លក្ខណៈ​ល្ងង់ ខ្វះ​សិល្បៈ​ក្នុង​ការ​រស់​នៅ ឬ​ខ្វះ​ពិសោធន៍​ក្នុង​ជីវិត​ជាក់​ស្ដែង។ ត្រូវ​លោក​អ្នក​រក​ស្នៀត​ទប់​ទល់​នឹង​ល្បិច​កិច្ចកល​ជា​យថាហេតុ។ ពេល​ខ្លះ​គេ​ចាំ​តែ​វាយប្រហារ​យើង បើ​យើង «បើក​ចំហ​ក្លៀក​» គេ​រឹត​តែ​វាយប្រហារ​បាន​ស្រួល។

៤- និយាយ​ខ្លី តែ​ខ្លឹម ៖ នៅ​ពេល​លោក​អ្នក​និយាយ​ច្រើន ទៅ​ជា​ឆាប់​សាប និង​មិន​សូវ​មាន​តម្លៃ​ទៅ​វិញ​ទេ។ ដូចនេះ និយាយ​តែ​ភាសា​មាន​ទម្ងន់ មាន​ខ្លឹមសារ ហើយ​និយាយ​តែ​សាច់ការ ប្រសើរ​ជាង​ព្រោកប្រាជ្ញ​បែកសាយាមោ ហើយ​ចាក​ប្រធាន។

៥- ព្យាយាម​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​ល្បាញ និង​រក្សា​កេរ្តិ៍ឈ្មោះ​កុំ​ឲ្យ​ស្រអាប់

​៦- ព្យាយាម​រិះរក​វិធី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ មិន​ថា​ដោយ​វិធី​ណា​ទេ

៧- ប្រសប់​ប្រើ​មនុស្ស​ឲ្យ​ធ្វើ​កិច្ចការ​ឲ្យ​លោក​អ្នក ប៉ុន្តែ​អ្នក​ដែល​ទទួល​បាន​មុខ​មាត់​គឺ​ជា​រូប​អ្នក (កុំ​ធ្វើ​អ្វី​ដែល​អ្នក​ដទៃ​អាច​ធ្វើ​ជំនួស​អ្នក​បាន​)

៨- កុំ​ដើរ​ទៅ រក​សត្រូវ ឲ្យ​សត្រូវ​ដើរ​មក​រក​អ្នក។ ត្រូវ​រៀបចំ​អន្ទាក់ ឬ​នុយ​ដើម្បី​ឲ្យ​គូប្រជែង​ដើរ​ចូល​ស៊ង​ដោយ​ខ្លួន​ឯង។ បន្លាយ​ខ្សែ​ឲ្យ​វែង​ស្ទូច​យក​ត្រី​ធំ។

៩- ផ្ចាញ់​សត្រូវ​ឲ្យ​សុំ​ចុះ​ចាញ់​ដោយ​ពាក្យសម្ដី​សម​ហេតុផល ជាជាង​ដោយ​ហិង្សា

១០- ព្យាយាម​គេច​ចេញ​ពី​ទិដ្ឋភាព​អពមង្គល និង​ភាព​សោកសៅ

១១- ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​ត្រូវ​ការ​អ្នក​ជា​និច្ច ខ្វះ​អ្នក​មិន​បាន

១២- នៅ​ពេល​អ្នក​ផ្ដួល​គូ​ប្រជែង​បាន​ហើយ ចូរ​អ្នក​ព្យាយាម​ប្រើ​វិធី​ត្រជាក់​បង្ហាញ​មេត្តាធម៌ និង​សុចរិត​ភាព​

​១៣- ​ព្យាយាម​ជួយ​អ្នក​ដទៃ​ដោយ​បង្រៀន​គេ​ឲ្យ​ចេះ​ចាប់​ត្រី​និង​បង្ហាញ​បឹង​ទៅ​ គេ មិន​មែន​ឲ្យ​ត្រី​គេ​ទេ ព្រោះ​ជួយ​របៀប​នេះ​បាន​តែ​មួយ​គ្រាៗ​ប៉ុណ្ណោះ

១៤- ​ដើរ​តួ​សម្បក​ក្រៅ​ជា​មិត្ត ប៉ុន្តែ​ធាតុ​ពិត​ជា​អ្នក​យក​ការណ៍

១៥- ​បើ​ផ្ចាញ់​សត្រូវ ត្រូវ​ផ្ចាញ់​កុំ​ឲ្យ​គេ​ងើប​មុខ​រួច​ កុំ​ឲ្យ​គេ​តដៃ​បាន

១៦- ព្យាយាម​ធ្វើ​ជា​មនុស្ស​អាថ៌កំបាំង។ បង្ហាញ​វត្តមាន​តែ​ក្នុង​កាលៈទេសៈ​ចាំបាច់ និង​មាន​របៀបវារៈ​ច្បាស់លាស់ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​តម្លៃ ព្រោះ​បញ្ចេញ​មុខ​ច្រើន​ពេក​ឆាប់​សាប។ ធ្វើ​បែប​នេះ គេ​គោរព និង​យក​ចិត្ត​ទុក​ដាក់។

១៧- រិះ​រក​វិធី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អ្នក​ដទៃ​ដឹង​អំពី​កម្លាំង​ពិត​របស់​អ្នក

១៨- ​ត្រូវ​រក​វិធី​ការពារ​ខ្លួន សម្រាប់​ទប់ទល់​នឹង​ស្ថានភាព​អាក្រក់ ប៉ុន្តែ​កុំ​ប្រយ័ត្ន​ជ្រុល​រហូត​ដល់​កាត់ផ្ដាច់​ខ្លួន​ឯង​ពី​ពិភព​ខាងក្រៅ។

១៩- ត្រូវ​បែងចែក​ឲ្យ​ច្បាស់​រវាង​មិត្ត​និង​សត្រូវ។ ពេលខ្លះ​សត្រូវ​បន្លំ​ខ្លួន​ជា​មិត្ត តាម​ពាក្យ​សំនួន​មួយ​ឃ្លា «តួអង្គ​ចចក​ពាក់​ស្បែក​ចៀម»

២០- ​ត្រូវ​ធ្វើ​ជា​មនុស្ស​ឯករាជ កុំ​រេ​តាម​ខ្យល់​បក់

២១- ​ព្យាយាម​រុញ​ទូក​បណ្ដោយទឹក​៖ អ្នក​ខ្លះ​ចូល​ចិត្ត​តាំង​ខ្លួន​ឯង​ជា​មនុស្ស​ឆ្លាត ម្ល៉ោះហើយ​អ្នក​គួរ​តែ​បណ្ដោយ​តាម​ចិត្ត​គេ​ខ្លះ​ទៅ។ ​ពេល​គេ​កំពុង​ឈ្លក់​វង្វេង​នឹង​ភាព​ជំនោរ​របស់​គេ ជា​ពេល​ដែល​អ្នក​សម្ងំ​យក​ពិស។

២២- ប្រើ​​យុទ្ធសាស្ត្រ​ទន់​បង្ក្រាប​រឹង ៖ ​បើ​មើល​ស្ថានការណ៍​មិន​អាច​ឈ្នះ​គេ អ្នក​គួរ​ដក​ថយ​សិន រួច​ហើយ​ចាំ​សន្សំ និង​ប្រមូល​កម្លាំង​វាយបក​ទៅ​គេ​វិញ។

២៣- ​ប្រមូល​កម្លាំង​ឲ្យ​រួម​គ្នា​ជា​ធ្លុង​តែ​មួយ ហើយ​កុំ​ឲ្យ​បែកខ្ញែក ឬ​កុំ​ឲ្យ​​គេ​ហែក​កម្លាំង​បាន​។

២៤- ​ជា​មនុស្ស​ពូកែ​ប្រលោម​ចិត្ត​មនុស្ស ៖ នេះ​ជា​សិល្បៈ​ប្រមូល​អំណាច​សម្រាប់​ខ្លួន​ឯង​តាម​វិធី​ស្រទន់ ឬ​អំណាច​ស្រទន់។ តាមវិធី​នេះ ជា​វិធី​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​ពី​ក្នុង​ចិត្ត ជាជាង​ធ្វើ​ឲ្យ​គេ​ខ្លាច​ដូច​ខ្លា ហើយ​គេ​ប្រមាថកាតទាន​ពីក្រោយខ្នង។

២៥- ​ជ្រើសរើស​ផ្លូវ​ដើរ​សម្រាប់​ខ្លួន​ឯង ៖ ​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង បង្កើត​កេរ្តិ៍ឈ្មោះ​សម្រាប់​ខ្លួន​ឯង។

២៦- ដើម​ឈើ​កាន់​តែ​ខ្ពស់ ត្រូវ​ខ្យល់​បក់​កាន់​តែ​ខ្លាំង ៖ នៅ​ក្នុង​អង្គភាព ឬ​មុខ​ជំនួញ​ផ្សេងៗ គេ​កម្រ​យក​ចេញ​មុខ​ដោយ​ខ្លួន​គេ​ណាស់ ប៉ុន្តែ​គេ​ប្រើ​អ្នក​ផ្សេង​ឲ្យ​ធ្វើ​ការ​ជំនួស ព្រោះ​បើ​មាន​រឿង​អ្វី​គេ​អាច​ជួយ​ពី​ក្រោយ​ឆាក។

២៧- គ្រប់គ្រង​ពេល​វេលា​ឲ្យ​បាន​ល្អ ៖ ធ្វើ​អ្វី ធ្វើ​ឲ្យ​ហើយ កុំ​ទុក​ឡើយ​បង្កើត​កេរ។ ការ​គ្រប់​គ្រង​ពេល​វេលា​មិន​បាន​ល្អ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ទទួល​អារម្មណ៍​ប្រថុចញ៉ុច និង​តក់ក្រហល់ ហើយ​ធ្វើ​អ្វី​កញ្ឆក់កណ្ដៀត។​

២៨- ​ធ្វើ​អ្វី ត្រូវ​ធ្វើ​ឲ្យ​លះ ៖ ពាក្យ​ទំនឹមទំនៀម​មួយ​ឃ្លា​ពោល​ថា​កោសជ្រូក កុំ​ឲ្យ​ខ្លាច​ទឹក​ក្ដៅ បើ​ខ្លាច​ទឹក​ក្ដៅ​កុំ​ទាន់​កោស​ជ្រូក។ ធ្វើ​អ្វី​ត្រូវ​ធ្វើ​ឲ្យ​ពេញ​ដៃ ឲ្យ​លះ មិន​មែន​ធ្វើ​លេងៗ ទាំង​ញញើតញញើម ជា​ការ​ឥត​ជោគជ័យ​ទេ។

២៩- ​រៀប​ផែនការណ៍​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​ធ្វើ​អ្វី​មួយ ៖ ត្រូវ​ចេះ​ព្យាករណ៍​អំពី​ស្ថានភាព​នានា​តាម​ផ្លូវ​ធ្វើ​ដំណើរ ដើម្បី​យើង​រៀប​ជើង​ព្រួល​ទុក​ឲ្យ​ហើយ។

៣០- ​ត្រូវ​ចេះ​លាក់​ចំណេះ កុំ​បង្ហាញ​ឲ្យ​គេ​ឃើញ​ទាំង​ដុល ៖ តិចនិក និង​អាថ៌កំបាំង​ពិសេសៗ ដែល​នាំ​ឲ្យ​លោក​អ្នក​ជោគជ័យ និង​ផ្ដួល​គូប្រជែង​បាន ប្រសិនបើ​លោក​អ្នក​បញ្ចេញ​ឲ្យ​គេ​ដឹង ថ្ងៃ​ណាមួយ គេ​នឹង​ប្រើ​យុទ្ធសាស្ត្រ​ដដែល​នេះ​វាយបក​ទៅ​អ្នក​វិញ។

៣១- ​សិក្សា​លម្អិត​អំពី​មូលហេតុ​នានា​ដែល​នាំ​ឲ្យ​អ្នក​ដទៃ​បរាជ័យ។

៣២- ផ្ចាញ់​សត្រូវ​ដោយ​ការ​ដើរ​ចេញ ជាជាង​ឈរ​តទល់។ ពេល​ខ្លះ បើ​អ្នក​នៅ​ឈរ​តតាំង​ ឬ​នៅ​ឈឺ​ចិត្ត​ឆ្អិត​ទ្រូង​ជាមួយ​សត្រូវ នាំ​តែ​គេ​បាន​ចិត្ត​ទៅ​វិញ​ទេ។ ដូចនេះ ជម្រើស​ល្អ​គឺ​កុំ​រវល់​ជាមួយ​មនុស្ស​បែប​ហ្នឹង។

៣៣- ​គិត​តាម​គំនិត​របស់​អ្នក ប៉ុន្តែ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ដូចគេដូចឯង។

៣៤- ប្រើ​យុទ្ធសាស្ត្រ «កញ្ជ្រោក​ទឹក​ដើម្បី​ចាប់​ត្រី – Stir up waters to catch fish» ៖ ពេល​ខ្លះ ដំបៅ​មិន​ឈឺ យើង​យក​ឈើ​ទៅ​ចាក់​ឲ្យ​ទាល់​តែ​ឈឺ។​ បង្កើត​បរិយាកាស​ឲ្យ​គេ​ឈ្លោះ​គ្នា ដើម្បី​លោក​អ្នក​ចាំ​ត្រង​យក​ផល​ប្រយោជន៍។

៣៥- ​មិន​ជំពាក់​គុណ​គេ តែ​ឲ្យ​គេ​ជំពាក់​គុណ​យើង​វិញ ៖ ពាក្យ​ទំនឹមទំនៀម​មួយ​ឃ្លា​ពោល​ថា «ហុច​អំបោះ​ស្រណោះ​ដៃ ឬ​ឲ្យ​របស់​ស្រណោះ​ដៃ» ដែល​មាន​ន័យ​ថា​ក្នុង​លោក​នេះ គ្មាន​អ្នក​ណា​នៅ​សុខៗ​ឲ្យ​កាដូ​ទៅ​អ្នក​ ដោយ​មិន​សម្លឹង​ឃើញ​អ្វី​មួយ​ទេ។ ប្រសិនបើ​អ្នក​ជំពាក់​គុណ​គេ អ្នក​នឹង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គេ។ ដូចនេះ អ្នក​ត្រូវ​ប្រើ​វិធី «ញុំា​នំ​ឲ្យ​លុយ» ។ ប៉ុន្តែ​អ្នក​អាច​រក​វិធី​ឲ្យ​គេ​ជំពាក់​គុណ​អ្នក​វិញ ព្រោះ​អ្នក​អាច​មាន​ទឹក​មាត់​ប្រៃ ឬ​មាន​ឥទ្ធិពល​ចំពោះ​អ្នក​ជំពាក់គុណ។

៣៦- ​ព្យាយាម​សម្រេច​ឲ្យ​បាន​សមិទ្ធផល​កាន់តែ​គាប់​ប្រសើរ ៖ បើ​អ្នក​ជំនាន់​មុន​បាន​សម្រេច​សមិទ្ធផល​កម្រិត​ណា លោក​អ្នក​ត្រូវ​តាំង​ចិត្ត​ថា​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​នោះ​ទៅ​ទៀត។

៣៧- ប្រសិនបើ​ចង់​លុប​បំបាត់​បញ្ហា​អ្វី​មួយ ត្រូវ​សិក្សា​ឲ្យ​ដល់​ឫសគល់ ហើយ​កាត់​ផ្ដាច់​វា​ចោល។ បើ​មិន​កាត់​ឫស​ធំ​ទេ បញ្ហា​កើត​ឡើង​មិន​ចេះ​ចប់ កាត់​ដុះ​ឡើង​វិញៗ។

៣៨- ​ប្រើ​យុទ្ធសាស្ត្រ «ទឹក​ត្រជាក់ ត្រី​កុំ» ៖ មនុស្ស​យើង​មិន​មែន​ចូល​ចិត្ត​ស៊ី​ខ្សែ​ក្ដៅ​ទេ។ ប្រសិនបើ​បើ​ប្រើ​ធម៌​ត្រជាក់ អ្នក​ដទៃ​អាច​ក្លាយ​ជា​មនុស្ស​ស្មោះ​ត្រង់ និង​នាំ​ផល​ប្រយោជន៍​ដល់​លោក​អ្នក។

៣៩- ប្រើ​យុទ្ធសាស្ត្រ​បញ្ឆោត ឲ្យ​សត្រូវ​មើល​ឃើញ​ការពិត​ទៅ​ជា​មិន​ពិត ការ​មិន​ពិត​ទៅ​ជា​ពិត។ លោក​អ្នក​សាក​ប្រើ​យុទ្ធសាស្ត្រ​បញ្ឆោត​សត្រូវ​ឲ្យ​ស៊ើប​យក​តែ​ព័ត៌មាន​ ក្លែងក្លាយ​ពី​លោក​អ្នក ហើយ​ស្មាន​ថា​ជា​ការ​ពិត។

៤០- ​ផ្លាស់ប្ដូរ​ដោយ​សន្សឹមៗ កុំ​បំបោល ៖ ភាសា​សាមញ្ញ​មួយ​ឃ្លា​ពោល​ថា «និយាយ​ស្រួល​ជាង​ធ្វើ» មាន​ន័យ​ថា​ការ​អនុវត្ត​ក្នុង​ជីវិត​ជាក់​ស្ដែង​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​ សន្សឹមៗ។​

៤១- ​នៅ​ក្នុង​លោក​នេះ គ្មាន​អ្វី​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ៖ សូម​កុំ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ចំណុច​ណា​មាន​ការ​ខ្វះ​ខាត លោក​អ្នក​ត្រូវ​ទទួល​ស្គាល់​ការ​ពិត។

៤២- ធ្វើ​អ្វី​កុំ​ឲ្យ​ហួស​ព្រំដែន ៖ នៅ​ពេល​អ្នក​វាយ​លុក​លើ​គេ​ហើយ ពេល​ខ្លះ​ក៏​ជម្រុល​ទៅ​មុខ​ថែមទៀត។ សូម​កុំ​មាន​ទំនុក​ចិត្ត​ជ្រុល​ពេក និង​កុំ​សប្បាយ​នឹង​ជ័យ​ជម្នះ​ខ្លាំង​ពេក ព្រោះ​ប្រសិនបើ​បាន​ដើរ​ដល់​គោលដៅ​ហើយ​ដើរ​ហួស​គោលដៅ​ទៅ​ទៀត​នោះ​នឹង​ប្រឈម​ នឹង​គ្រោះថ្នាក់។​

៤៣- ​ក្នុង​ពេល​ប្រកួតប្រជែង​ជាមួយ​សត្រូវ សូម​កុំ​ឈរ​នៅ​ទី​ភ្លឺ​ខ្លាំង​ពេក ព្រោះ​គេ​នៅ​ទី​ងងឹត បើ​យើង​នៅ​ទី​ភ្លឺ​ប្រាកដ​ជា​ត្រូវ​គេ​វាយ​ងាប់៕

​ប្រែ​សម្រួល៖ អន សំអាង
ប្រភព៖​ Business Insider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031