អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > វិធីសាស្ត្រ​គ្រប់គ្រង​ពេលវេលា ៩ ​យ៉ាង​តាម​របៀប​អ្នក​មាន

វិធីសាស្ត្រ​គ្រប់គ្រង​ពេលវេលា ៩ ​យ៉ាង​តាម​របៀប​អ្នក​មាន

រូបតំណាង

ប្រ​ភព៖​​ Freepik

នៅ​ពេល​អ្នក​មិន​បាន​គ្រប់គ្រង​ពេលវេលា​​ឲ្យ​មាន​ប្រសិទ្ធភាព អ្នក​នឹង​សង្កេត​ឃើញ​ថា ទោះបី​ជា​អ្នក​មាន​ពេល​ច្រើន​ថ្ងៃ ច្រើន​ខែ ឬ​រហូត​​ទៅ​ដល់​រាប់​ឆ្នាំ​ក៏ដោយ អ្នក​ក៏​មិន​អាច​ទទួល​បាន​លទ្ធផល​ណា​មួយ​គួរ​ឲ្យ​កត់សម្គាល់​តាម​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ដែរ។ បញ្ហា​នេះ​អ្នក​ត្រូវ​តែ​​រក​វិធីសាស្ត្រ​ដើម្បី​រៀបចំ​ពេលវេលា​របស់​អ្នក​ឡើង​វិញ។ អ្នក​អាច​រៀនសូត្រ​តាម​ក្បួន​គ្រប់គ្រង​ពេលវេលា​របស់​មហាសេដ្ឋី​នានា​ដូច​ខាងក្រោម​នេះ​បាន៖ ​​​​

១.ផ្ដោត​លើ​គោលដៅ​ធំៗ​មុន​គេ​
មាន​គោលដៅ​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ខាតពេល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​បាន​គោលដៅ​ណាមួយ​ក្នុង​ចំណោម​គោលដៅ​ទាំង​នោះ​បាន​ទៀត​ផង។ មហាសេដ្ឋី​នានា​ គេ​មិន​យក​ពេល​មក​អនុវត្ត​តាម​​វិធី​​បែប​នេះ​ឡើយ ពោល​គឺ​ពួកគេ​បង្រួម​គោលដៅ​​ច្រើន​ឲ្យ​កាន់តែ​តិច​ មិន​លើស​ពី​៣​នោះឡើយ​នៅ​ក្នុង​​ពេល​តែមួយ។ អ្នក​ជោគជ័យ​ចាប់​ផ្តើម​ផ្តោត​លើ​គោលដៅ​​ទាំង​​នោះ ដោយ​គោលដៅ​ណា​មួយ​សំខាន់​ជាងគេ​ ​ត្រូវ​ធ្វើ​មុន​គេ​ហើយ​​​បាន​ធ្វើ​គោលដៅ​​ផ្សេងៗ​ដែល​សំខាន់​បន្តបន្ទាប់​ទៀត។ ​​

២. ដាក់កំហិត ឬ​គ្រប់គ្រង​ខ្លួន​ឯង
អ្នក​អាច​ក្រឡេក​ទៅ​មើល​មហាសេដ្ឋី​កំពូលៗ​ក្នុង​លោក​បាន​​។ ​បុគ្គល​​ទាំង​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​​រៀបចំ​​​វិន័យ​តឹងតែង​​មួយ​សម្រាប់​ដាក់​កំហិត​​​​មក​លើ​ខ្លួន​ឯង ពីព្រោះ​តែ​ពួកគេ​យល់​ថា វា​ជា​វិធី​ដ៏​ល្អ​ដែល​ធ្វើ​ឲ្យ​សកម្មភាព​របស់​ពួកគេ​រាល់​ថ្ងៃ​អាច​ផ្សារភ្ជាប់​ទៅ​នឹង​ការងារ​របស់​ពួកគេ និង​មិន​ចំណាយ​ពេល​ឥតប្រយោជន៍​​ដើម្បី​យក​​ពេល​​ទៅ​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត។ នេះ​មិនមែន​មានន័យ​ថា អ្នក​ត្រូវ​តែ​ធ្វើ​វា​គ្មាន​ពេលសម្រាក​នោះ​ទេ ប៉ុន្តែ​​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ប្រាកដ​ថា ពេលវេលា​ភាគច្រើន​របស់​អ្នក​រំលង​ផុត​ទៅ​យ៉ាង​​មាន​តម្លៃ​បំផុត។

៣. បង្កើត​ទម្លាប់​ល្អ​ដើម្បី​គាំទ្រ​ដល់​ផលិតភាព​ការងារ​របស់​អ្នក
អ្នក​មាន​ដឹង​ទេ? នៅ​ក្នុង​សកម្មភាព​របស់​ខ្លួន​ប្រចាំ​ថ្ងៃ មហាសេដ្ឋី​​ទូទៅ​តែង​​បង្កើត​ទម្លាប់​ល្អ​​ជា​ច្រើន​ដើម្បី​​​ជួយ​គាំទ្រ​ដល់​ផលិតភាព​​ការងារ និង​​ធ្វើ​ឲ្យ​គោលដៅ​របស់​ពួកគេ​អាច​សម្រេច​​។​ ទាំង​នេះ​មាន​ដូច​ជា គេង​ឆាប់​ក្រោក​ពី​ព្រលឹម​ដើម្បី​ហាត់ប្រាណ មើល​គម្រោង​ការងារ​ប្រចាំ​ថ្ងៃ ឬ​តាមដាន​ព័ត៌មាន​ចំណេះដឹង ជា​ដើម​ដែល​​សកម្មភាព​ទាំង​នេះ​ធ្វើ​ឡើង​ស្រប​តាម​គោលដៅ​ដែល​ខ្លួន​បាន​កំណត់​រួចហើយ​។ ទោះបី​​ជា​មាន​ពេល​តិច​ក៏ដោយ ក៏​ពួកគេ​ឆ្លៀត​ធ្វើ​វា​ឲ្យ​បាន​រួចរាល់​ពីព្រោះ​ពួកគេ​យល់​ថា ការ​ឆ្លៀត​ពេល​បន្តិចបន្តួច​នេះ​អាច​ធ្វើ​ឲ្យ​ពួកគេ​សម្រេច​បាន​គោលដៅ​ធំ​បាន។

៤. រៀបចំ​ពេលវេលា​ដើម្បី​ការងារ​សំខាន់ ​​
ដោយសារតែ​ក្រុម​មហាសេដ្ឋី​ជា​មនុស្ស​ដែល​មមាញឹក​ខ្លាំង​ដូច្នេះ មាន​ការងារ​ជា​ច្រើន​ដែល​​ខ្លួន​ត្រូវ​ទទួល​ខុសត្រូវ​ខ្លាំង​ជាងគេ​ដូច​ជា​ ការ​ឆ្លើយ​អ៊ីម៉ែល ចាត់ចែង​ការងារ​​មុខ​ជំនួញ ឬ​រៀបចំ​កិច្ចប្រជុំ​ជា​​មួយ​ដៃគូ​ជំនួញ​ជា​ដើម។ យ៉ាងណាមិញ​អ្វី​ដែល​ជា​ភាព​ឆ្លាតវៃ​របស់​បុគ្គល​ទាំង​នេះ​គឺ​ការ​យក​ពេលវេលា​ទៅ​ធ្វើ​គម្រោង​ការងារ​ណា​មួយ​ដែល​ចាំបាច់ និង​បន្ទាន់​បំផុត។ ដូច្នេះ​ ពួកគេ​អាច​លុបចោល​ការ​ប្រជុំ សំណើ បិទ​ទូរស័ព្ទ​ចោល មិន​ឆ្លើយឆ្លង​សារ​​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​មិន​សូវ​សំខាន់​បាន​ភ្លាម ដើម្បី​ផ្តោត​តែ​ម្យ៉ាង​គឺ​សម្រេច​ការងារ​​សំខាន់ៗ​ដែល​ចាំបាច់​បំផុត។

៥. ធ្វើ​ការ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​​លើ​ឱកាស​ណា​ដែល​អាច​ចាប់​យក​បាន
សម្រាប់​បុគ្គល​ជោគជ័យ​ដូច​ជា​មហាសេដ្ឋី ​នឹង​មាន​ឱកាស​ច្រើនណាស់​ដែល​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ពួកគេ។ ប៉ុន្តែ​ឲ្យ​តែ​ឃើញ​ឱកាស​ពួកគេ​សុទ្ធតែ​​ចាប់​យក​នោះ​ឡើយ។ មុន​នឹង​ធ្វើ​ការ​សម្រេចចិត្ត​ចាប់​យក​ឱកាស​ទាំង​នោះ ពួកគេ​ត្រូវ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ថា ​តើ​ឱកាស​ណា​មួយ​ខ្លួន​​គួរ​ចាប់​យក​ដើម្បី​ចំណេញ​ទាំង​ពេលវេលា ​ប្រាក់កាស និង​សម​តាម​សមត្ថភាព​របស់​ខ្លួន? តើ​ឱកាស​ទាំង​នោះ​អាច​ជួយ​ឲ្យ​ខ្លួន​សម្រេច​បាន​ក្តីសុបិន្ត​ដែល​មាន​ស្រាប់​ដែរ​ឬទេ? ប្រសិន​បើ​ចម្លើយ​ថា​​ទេ ពួកគេ​នឹង​បដិសេធភ្លាម។

៦.​ ចំណាយ​ពេល​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​
ជា​ទម្លាប់​របស់​មហាសេដ្ឋី​មិន​​ចូលចិត្ត​​យក​អាហារ​មក​ប្រឡូកប្រឡាក់​នៅ​លើ​តុ​របស់​ពួកគេ​នោះ​ទេ។ ពួកគេ​ត្រូវ​ប្រាកដ​ថា​​​ ខ្លួន​មិន​ត្រឹមតែ​ចំណាយ​ពេល​ទទួលទាន​អាហារ​​ថ្ងៃត្រង់​​តែមួយ​ប៉ុណ្ណោះ​ទេ ​​ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​​ការ​ចំណាយ​ពេលវេលា​​ទាំង​នេះ​​​បញ្ចប់​ទៅ​ដោយ​​មាន​ប្រយោជន៍ និង​​មាន​ផលិត​ភាព​តាម​របៀប​ផ្សេង​ទៀត។ ក្រុម​មហាសេដ្ឋី​ទាំង​នេះ​អាច​យក​ពេល​អាហារ​ថ្ងៃ​ត្រង់​ដើម្បី​ណាត់ជួប​មនុស្ស​សំខាន់ អតិថិជន ដៃគូ​ជំនួញ ឬ​យក​ទៅ​បង្កើន​មិត្តភាព​ជា​មួយ​មនុស្ស​ជោគជ័យ​ផ្សេងៗ​ទៀត។

៧.​ ដាក់​ផែនការ​ត្រូវ​ធ្វើ​ក្នុង​ថ្ងៃ​នីមួយៗ​
មាន​​ចំណុច​​រួម​មួយ​ដែល​មហាសេដ្ឋី និង​មនុស្ស​ជោគជ័យ​​មាន​ ​គឺ​ថា​ ពួកគេ​​សុទ្ធតែ​​រៀបចំ​ពេលវេលា​ក្នុង​ថ្ងៃ​នីមួយៗ​​​ធ្វើ​កិច្ចការ​ផ្សេងៗ​​បញ្ចប់​ទៅ​ប្រកប​ដោយ​ផលិត​ភាព​ខ្ពស់​បំផុត។​ នៅ​ក្នុង​រយៈពេល ២​ម៉ោង​ដំបូង ពួកគេ​​នឹង​យក​ពេល​ទាំង​នេះ​ទៅ​ដោះស្រាយ​បញ្ហា​សំខាន់​ដែល​ជា​រឿង​អាទិភាព​បំផុត​របស់​ពួកគេ។ បន្ទាប់​មក​ពួកគេ​សម្រាក​បន្តិច​យក​កម្លាំង​បន្តិច និង​មើល​អ៊ីមែល ​បន្ទាប់​មក​ចាប់​ផ្តើម​បន្ត​អនុវត្ត​គម្រោង​ការងារ​ដែល​សំខាន់​បន្ទាប់​ទៀត។ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ត្រូវ​ចាំ​នោះ គឺ​ត្រូវ​ផ្តោត​លើ​ការងារ​សំខាន់​បំផុត​តាម​អាទិភាព​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ថ្ងៃ​នីមួយៗ ​ហើយ​​ធ្វើ​​វា​ជា​ជំហានៗ។ ​សម្រាប់​​ការងារ​មិន​ទាន់​ហើយ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក​ទៀត និង​ពេល​ចប់​រួចរាល់ រៀបចំ​​ធ្វើ​ការងារ​ថ្មី​នៅ​ក្នុង​ថ្ងៃ​បន្ទាប់​ទៀត។

៨.មិន​រុញរា​នៅ​ក្នុង​ការ​បដិសេធ​ធ្វើ​​អ្វី​មួយ
ពេល​ខ្លះ​ចម្លើយ​យល់​ព្រម អាច​ជា​រឿង​សម្ពាធ​មួយ​សម្រាប់​អ្នក​​ជាង​ការ​​ប្រើ​ពាក្យ​បដិសេធន៍។ ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី​វិញ ពួកគេ​មិន​រុញរា​ក្នុង​ការ​បដិសេធ​នោះ​ឡើយ​ប្រសិន​បើ​ពួកគេ​យល់​ថា វា​មិន​ចាំបាច់ និង​មិន​សូវ​សំខាន់​សម្រាប់​​គោលដៅ​របស់​ពួកគេ។ គ្មាន​អ្នកណា​អាច​ធ្វើ​រឿង​បាន​គ្រប់យ៉ាង​នោះ​ទេ ហើយ​សូម្បី​តែ​មហាសេដ្ឋី​មាន​ផុត​លេខ ​ក៏​ត្រូវ​ការ​ពេល​ដើម្បី​ធ្វើ​រឿង​ដែល​ខ្លួន​ឯង​យល់​ថា ត្រឹមត្រូវ​ផង​ដែរ​បើ​ទោះបី​ជា​អ្នកដទៃ​មិន​សប្បាយ​ចិត្ត​ក៏ដោយ។

៩. បែងចែក​ពេលវេលា​សម្រាប់​លំហែ
ដូច​អ្នក​ដឹង​ហើយ​ថា ក្រុម​អ្នក​មាន​មិនសូវ​មាន​ពេល​សម្រាក​ច្រើន​នោះ​ទេ មួយថ្ងៃៗ​រវល់​តែ​ការងារ​ជំនួញ។ ប៉ុន្តែ​គ្មាន​អ្នកណា​​អាច​ធ្វើ​ការ​បាន​ដល់​ទៅ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ឬ ធ្វើ​ការងារ ៣០​ថ្ងៃ​ជាប់​ដោយ​មិន​មាន​ពេល​សម្រាក​លំហែកាយ​ខ្លះ​នោះ​ទេ។ ដូច្នេះ​​ក្រៅ​ពី​ការ​រក​លុយ អ្នក​មាន​ទាំង​នោះ​ក៏​ហ៊ាន​ចំណាយ​ប្រាក់​ដើម្បី​ដើរ​កម្សាន្ត​ ឬ រៀបចំ​កម្មវិធី​ជួបជុំ​​​ផង​ដែរ​ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ពួកគេ​ស្រស់ស្រាយ និង​មាន​ប្រយោជន៍​ដល់​សុខភាព​ទើប​ធ្វើ​ឲ្យ​ការងារ​របស់​ខ្លួន​មាន​ផលិតភាព​៕

ប្រភព៖ Entrepreneur

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728