អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ចំណេះដឹង​អំពី​ច្បាប់​៖ ស្វែងយល់​ពី​ច្បាប់ពាណិជ្ជកម្ម​នៅ​កម្ពុជា-“​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​” (​ភាគ​ទី​៣)

ចំណេះដឹង​អំពី​ច្បាប់​៖ ស្វែងយល់​ពី​ច្បាប់ពាណិជ្ជកម្ម​នៅ​កម្ពុជា-“​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​” (​ភាគ​ទី​៣)

​ ផ្អែកទៅលើ​អត្ថបទ “​ស្វែងយល់​ពី​ច្បាប់ពាណិជ្ជកម្ម​នៅ​កម្ពុជា (​ភាគ​ទី​២)” លោកអ្នក​បាន​ជ្រាប រួចមកហើយ​ថា យោងតាម​ច្បាប់ពាណិជ្ជកម្ម​កម្ពុជា ក្រុមហ៊ុន​អាច​ត្រូវបាន​បង្កើតឡើង​ក្នុង​ទម្រង់​មួយចំនួន ដូចជា ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ ក្រុមហ៊ុនសហកម្មសិទ្ធិ​មាន​កម្រិត ក្រុមហ៊ុន​មូលធន (​ក្រុមហ៊ុន ឯកជន​ទទួលខុស​ត្រូវមាន​កម្រិត ក្រុមហ៊ុន​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កម្រិត និង ក្រុមហ៊ុន​មហាជន ទទួលខុស​ត្រូវមាន​ក​ម្រិ​ត​) និង ក្រុមហ៊ុន​ពាណិជ្ជកម្ម​បរទេស (​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម ឬ ការិយាល័យ​ទំនាក់ទំនង​ពាណិជ្ជកម្ម សាខា​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង បុត្រ​សម្ព័ន្ធ​)​។

នៅក្នុង​ភាគ​ទី​៣​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​លម្អិត​អំពី “​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​” ដែល​ក្នុងនោះ យើង​នឹង​បែង​ចែកចេញជា​ផ្នែក​សំខាន់ៗ​ដូចខាងក្រោម​៖
១. ការបង្កើត​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​
​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ អាច​ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គល​ពីររូប ឬ ច្រើនជាង​នេះ​រួមគ្នា ដើម្បី​ប្រកប​កិច្ចការ​អាជីវកម្ម​ជា​សហកម្មសិទ្ធិ (​កម្មសិទ្ធិ​រួមគ្នា​) ក្នុង​គោលបំណង​បែងចែក​ប្រាក់ចំណេញ និង ការគ្រប់គ្រង​។ វា​មិន​តម្រូវឱ្យមាន​ឯកសារ​គតិយុត្ត (​ឯកសារ​ដែល​ត្រូវបាន​ធ្វើឡើង​តាម​រូបមន្ត​ច្បាប់​) ទេ ទោះបី​ជាមាន​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ (​ឬ​លិខិត​បង្កើត​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​) ឬ ដោយ​វាចារ​ផ្ទាល់មាត់​។
​ដើម្បី​ឱ្យមាន​ភាពច្បាស់លាស់​និង​ដឹង​គោលបំណង​ជាក់លាក់ បុគ្គល​ដែលមាន​បំណង​បង្កើត​ក្រុម ហ៊ុន​ប្រភេទ​នេះ គប្បី​បង្កើត​កិច្ចព្រមព្រៀង​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​មួយ ដែល​ចង្អុលបង្ហាញ​នូវ លក្ខណៈ និង គោលបំណង​អាជីវកម្ម នាម​ករ​ណ៍ អាសយដ្ឋាន ចំនួន​ដើមទុន​ដែល​សហកម្មសិទ្ធិករ ម្នាក់ៗ​ដាក់​វិនិយោគ និង វិធី​បែងចែក និង ទូទាត់​ប្រាក់ចំណេញ​។ នា​មករ​ណ៍រ​បស់​ក្រុមហ៊ុន​សហកម្ម​សិ​ទិ្ធ ទូទៅ ត្រូវដាក់​បញ្ចូល​នូវ​នាម​របស់​សហកម្ម​សិទ្ធិករ​ទូទៅ​ម្នាក់ ឬ​ច្រើន​នាក់​។
​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ នឹង​ទទួលបាន​នូវ​នីតិ​បុគ្គលិកលក្ខណៈ (​លក្ខណៈ​ជា​ក្រុមហ៊ុន​តាម ផ្លូវច្បាប់​) ចាប់ពី​ពេលដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ហើយ​ដែលមាន​សិទ្ធិ​ដូចតទៅ​៖
​ ​ជា​ម្ចាស់​លើ​ច​លន និង អចលនទ្រព្យ​ក្នុងនាម​ក្រុមហ៊ុន​។​
​ ​ធ្វើ​ពាណិជ្ជកិច្ច​ក្នុងនាម​ក្រុមហ៊ុន​។​
​ ​ចុះកិច្ចសន្យា​ក្នុងនាម​ក្រុមហ៊ុន​។​
​ ​ប្តឹង ឬ ត្រូវគេ​ប្តឹង​ក្នុងនាម​ក្រុមហ៊ុន​។
២. អំពី​សហកម្មសិទ្ធិករ​ទូទៅ​
​ក​. សិទ្ធិ​របស់​សហកម្មសិទ្ធិ​ករ​ទូទៅ​
​សហកម្មសិទ្ធិករ​ទូទៅ គឺ​សំដៅ​ដល់​បុគ្គល​ដែល​ផ្តួចផ្តើម​បង្កើត​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​។ ដើម្បី​បង្កើត​នូវ​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​បាន សហកម្មសិទ្ធិករ​ទូទៅ​ម្នាក់ៗ​អាច​៖
​ ​បង់​ភាគទុន​ចូលទៅក្នុង​ក្រុមហ៊ុន ជា​សាច់ប្រាក់ ជាវ​ត្ថុ ឬ ជា​សេវា​។​
​ ​ដាក់​ភាគទុន​ជា​ចំណេះដឹង ឬ សកម្មភាព​ផ្សេងៗ​។​
​សហកម្មសិទ្ធិករ​ទូទៅ ត្រូវបាន​ចាត់ទុកថា​មាន​សិទ្ធិ​គ្រប់គ្រង​រាល់​កិច្ចការ​របស់​ក្រុមហ៊ុន​សហកម្ម សិទ្ធិ​ទូទៅ​នោះ​។ សហកម្មសិទ្ធិករ​ទូទៅ​ទាំងឡាយ​អាចធ្វើ​សេចក្តីសម្រេច​អំពី​សិទ្ធិ​របស់ខ្លួន​នៅក្នុង​ការ​គ្រប់ គ្រង​រាល់​កិច្ចការ​របស់​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​នោះបាន​។ សហកម្មសិទ្ធិករ​ទូទៅ​ទាំងឡាយ អាច​តែង តាំង​សហកម្មសិទ្ធិករ​ទូទៅ​ម្នាក់ ឬ ច្រើន​នាក់ ឬ បុគ្គល​ដែល​មិនមែនជា​សហកម្មសិទ្ធិក​រទូ​ទៅ ឱ្យ​គ្រប់ គ្រង​កិច្ច​ការជំនួស​ខ្លួន​បាន​។

​សហកម្មសិទ្ធិករ​ទូទៅ​ម្នាក់ៗ មាន​សិទ្ធិ​ទទួល​ប្រាក់ចំណេញ និង មាន​កាតព្វកិច្ច​រួមចំណែក​ការ ខាតបង់​របស់​ក្រុមហ៊ុន​តាម​សមាមាត្រ​ស្មើៗ​គ្នា​។ គ្មាន​សហកម្មសិទ្ធិករ​ទូ​ទៅណា​ម្នាក់ ត្រូវ​ទទួល​ប្រាក់​បៀ វត្ស​ពី​ការធ្វើ​ពាណិជ្ជកិច្ច​ក្នុង​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​នោះឡើយ​។​
​រាល់​សហកម្មសិទ្ធិករ​ទូទៅ​ទាំងអស់ មាន​សិទ្ធិ​ចូលរួម​ក្នុង​ការធ្វើ​សេចក្តីសម្រេច​របស់​ក្រុមហ៊ុន​។ សហកម្មសិទ្ធិករ​ទូទៅ​ម្នាក់ៗ មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ទទួលបាន​ព័ត៌មាន​អំពី​កិច្ចការ​ទាំងឡាយ​របស់ ក្រុមហ៊ុន​ទោះបី​បុគ្គល​នោះ​គ្មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ក៏ដោយ​។

​ខ​. កាតព្វកិច្ច​របស់​សហ​កម្មសិទ្ធិករ​ទូទៅ​
​សហកម្មសិទ្ធិករ​ទូទៅ​ម្នាក់ៗ គឺជា​កូនបំណុល (​ជាប់​កាតព្វកិច្ច​) នៃ​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ ចំពោះ​រាល់​អ្វីៗ​ដែល​ខ្លួន​បាន​សន្យា​ចូលរួម​ទៅក្នុង​ក្រុមហ៊ុន​។ សហកម្មសិទ្ធិករ​ទូទៅ​ម្នាក់ៗ ត្រូវ​ទទួលខុស ត្រូវ​ចំពោះ​ការចុះបញ្ជី​ពាណិជ្ជកម្ម ការតម្កល់​ទុក​ឯកសា​រ និង ការចុះផ្សាយ​ដែល​តម្រូវ​សម្រាប់​ក្រុមហ៊ុន សហកម្មសិទ្ធិ​ទូទៅ​។
​ការដាក់​ភាគទុន​ចូលទៅក្នុង​ក្រុមហ៊ុន​៖
​ ​បើ​ភាគទុន​ជា​ទ្រព្យសម្បតិ្ត សហកម្មសិទ្ធិករ​ទូទៅ​នោះ​ត្រូវធ្វើ​ការផ្ទេរ​សិ​ទិ្ធ​ជា​ម្ចាស់ ឬ សិទ្ធិ ដែល​ខ្លួន​មាន​លើ​ទ្រព្យ​នោះ ទៅ​ដាក់​ជា​ទ្រព្យ​របស់​ក្រុមហ៊ុន​។​
​ ​បើ​ភាគទុន​ជា ចំណេះដឹង សេវា ឬ សកម្មភាព សហកម្មសិទ្ធិករ​ទូទៅ​នោះ ត្រូវ​ជាប់​កាត​ព្វ កិច្ច​រហូតដល់​បុគ្គល​នោះ​លែង​ក្លាយជា​កម្មសិទ្ធិករ​ទូទៅ​នៃ​ក្រុមហ៊ុន​នោះ​។
​សហកម្មសិទ្ធិ​ទូទៅ​ទាំងអស់ ត្រូវ​ទទួលខុសត្រូវ​រួមគ្នា និង​ដាច់ដោយឡែក​ពីគ្នា​នូវ​កាតព្វកិច្ច​ទាំង ឡាយ​របស់​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​។
​គ​. ការ​អស់សិទ្ធិ​ជា​សហកម្មសិទ្ធិករ​ទូទៅ​
​បុគ្គល​ណាមួយ​អស់សិទ្ធិ​ជា​សហកម្មសិទ្ធិករ​ទូទៅ​នៅពេលដែល​បុគ្គល​នោះ​៖
​ ​បាន​ផ្ទេរ​ផលប្រយោជន៍​របស់ខ្លួន​។​
​ ​បានទទួល​មរណៈភាព​។​
​ ​ត្រូវ​បានដាក់​ក្រោម​ការពិនិត្យ​អង្កេត​ពេល​ក្ស័យធន​។​
​ ​បាន​អនុវត្ត​សិទ្ធិ​ដើម្បី​ដកខ្លួន​ចេញ​។​
​ ​ត្រូវបាន​បណ្តេញ​ចេញពី​ក្រុមហ៊ុន​។​
​ ​បានទទួល​សាលក្រម​តុលាការ​អនុញ្ញាតឱ្យ​ដកខ្លួន​ចេញ ឬ បញ្ជា​ឱ្យ​រឹបអូស​អត្ថប្រយោជន៍ របស់​បុគ្គល​នោះ​។
៣. ការរំលាយ​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​
​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​ត្រូវ​រំលាយ​ដោយ​មូលហេតុ​ដូចខាងក្រោម​៖
​ក​. មូលហេតុ​ដែលមាន​ចែង​ក្នុង​កិច្ចសន្យា​
​ ​គោលបំណង​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ត្រូវបាន​បញ្ចប់​។​
​ ​គ្មាន​លទ្ធភាព​ធ្វើ​អាជីវកម្ម​បន្ត​។​
​ ​តាម​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​របស់​សហកម្ម​សិទ្ធិករ​ទូទៅ​។​
​ខ​. ការរំលាយ​ដោយ​តុលាការ​
​តុលាការ អាចរំលាយ​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​បាន​តាម​មូលហេតុ​ស្របច្បាប់​។ នៅ ពេលដែល​ក្រុមហ៊ុនសហកម្មសិទ្ធិ​ត្រូវបាន​រំលាយ ក្រុមហ៊ុន​នោះ​អាចធ្វើ​ការជម្រះបញ្ជី​បាន​។
​បន្ថែម​លើ​នេះ​ទៅទៀត ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ ត្រូវ​រំលាយ​ជា​ស្វ័យប្រវត្តិ​នៅពេល​បុគ្គល​ណា មួយ​អស់សិទ្ធិ​ជា​សហ​កម្មករ​ទូទៅ​ដោយ​មូលហេតុ​ណាមួយ​ដូច​បាន​រៀបរាប់​នៅក្នុង​ចំណុច “​គ​” ខាងលើ លែ​កលែង​តែ​កិច្ចសន្យា​ចែង​ផ្សេង​ពីនេះ។​

​ផ្ទុយ​មកវិញ ប្រសិនបើ​ក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ​ដែល​បាន​បង្កើតឡើង​ដោយមាន​កាលកំណត់ មួយ​នៃ​កិច្ចសន្យា អាច​ពន្យារ​បន្តសកម្មភាព​របស់ខ្លួន​បាន​ដោយមាន​ការយល់ព្រម​ជា​ឯកច្ឆន្ទ​ពី​សហកម្ម សិទ្ធិករ​ទូទៅ​ទាំងអស់​។

​ដោយៈ ប៉ុ​ម ទូច​

​ ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930