អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែងយល់ពីនីតិវិធីក្នុងការគណនាពន្ធអចលនទ្រព្យ តើគេធ្វើឡើងដូចម្តេច?

ស្វែងយល់ពីនីតិវិធីក្នុងការគណនាពន្ធអចលនទ្រព្យ តើគេធ្វើឡើងដូចម្តេច?

ថ្ងៃ​មុន​លោក​អ្នក​បាន​សិក្សា​រួច​មក​ហើយ​ អំពី​ប្រធាន​បទ៖ តើអចលនទ្រព្យណាខ្លះជាប់ពន្ធ អចលនទ្រព្យណាខ្លះមិនជាប់ពន្ធ? និងប្រធានបទ តើនីតិវិធីនៃការចុះបញ្ជីអចលនទ្រព្យធ្វើឡើងដូចម្ដេច?

ជំហានបន្តទៅទៀតនេះ លោកអ្នកនឹងបានស្វែងយល់ពីគណនាពន្ធលើអចលនទ្រព្យដែលកំណត់ដោយច្បាប់។
១.តើពន្ធលើអចលនទ្រព្យត្រូវបានកំណត់ដូចម្តេច?
ពន្ធលើអចលនទ្រព្យត្រូវបានប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% (សូន្យក្បៀសមួយភាគរយ) លើមូលដ្ឋានគិតពន្ធ។

២.តើមូលដ្ឋានគិតពន្ធលើអចលនទ្រព្យត្រូវបានគេកំណត់ដូចម្តេច?
នេះគឺជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ៖
• ៨០% (ប៉ែតសិបភាគរយ) នៃតម្លៃអចលនទ្រព្យសរុប (ទាំងតម្លៃដី និងតម្លៃសំណង់)
• ១០០.០០០.០០០ (១០០ លានរៀល)

ចំពោះតម្លៃអចលនទ្រព្យត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យទៅតាមអាយុកាលសំណង់ និងប្រភេទនៃសំណង់ (ឥដ្ឋបេតុង និងមិនមែនឥដ្ឋបេតុង)។ អាយុកាលសំណង់ត្រូវគិតចាប់ពីឆ្នាំដែលសំណង់នោះសាងសង់រួចរាល់។ សំណង់ឥដ្ឋបេតុង សំដៅដល់សំណង់ដែលមានប្លង់សេ។

តើចំណែកនៃសំណង់ណាខ្លះដែលមិនត្រូវគិតបញ្ចូលជាមូលដ្ឋានគិតពន្ធ?
មូលដ្ឋាននៃការគិតពន្ធអចលនទ្រព្យគឺមិនត្រូវបានគិតលើចំណែកនៃផ្ទះ អគារ ឬ សំណង់ផ្សេងៗដូចខាងក្រោមនេះ៖
• ដំបូលដែលគ្មានជញ្ជាំងជុំវិញ និងមិនធ្វើអាជីវកម្ម
• សំយាបផ្ទះ ឬ អគារ
• រានហាលផ្ទះ ឬ អគារ
• ឡៅតឿ
• ផ្ទះបាយ និងបន្ទប់ទឹកក្រៅផ្ទះ ឬអគារ
• កន្លែងដាក់យានជំនិះមិនធ្វើអាជីវកម្មនៅក្រៅផ្ទះ ឬអគារ
• កន្លែងហាត់កីឡាមិនធ្វើអាជីវកម្មនៅក្រៅផ្ទះ ឬ អគារ
• កន្លែងដាក់ម៉ាស៊ីនភ្លើងនៅក្រៅផ្ទះ ឬ អគារ
• អាងហែលទឹកមិនធ្វើអាជីវកម្មនៅក្រៅផ្ទះ ឬ អគារ
• តូប (Kiosk)
• របង និងក្លោងទ្វារ
• ជណ្ដើរប្រើប្រាស់រួមគ្នា
• អាងស្តុកទឹក ឬ ប្រេងនៅក្រៅផ្ទះ ឬអគារ
• អង់តែនទូរស័ព្ទ ឬ ទូរទស្សន៍
• ប៉ុស្តិ៍យាម
• ផ្លូវ ស្ពាន សួនច្បារក្រៅផ្ទះ ឬ អគារ។

៣.តើការវាស់វែងអចលនទ្រព្យត្រូវធ្វើឡើងយ៉ាងដូចម្តេច?
ម្ចាស់អចលនទ្រព្យត្រូវធ្វើការវាស់វែងទំហំជាក់ស្តែងនៃផ្ទៃក្រឡាដី ផ្ទះ អគារ និងសំណង់ផ្សេងៗដូចខាងក្រោម៖
• ចំពោះដី ត្រូវយកចំណុចកណ្តាលនៃព្រំរបង ឬ ព្រំដីជាគោល
• ចំពោះផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវយកចំណុចកណ្តាលនៃជញ្ជាំងផ្ទះ អគារ និងសំណង់ផ្សេងៗជាគោល។ ក្នុងករណីសំណង់គ្មានជញ្ជាំងដែលត្រូវជាប់ពន្ធលើអចលនទ្រព្យ ត្រូវយកចុងដំបូលជាគោល។

៤.តើពន្ធលើអចលនទ្រព្យត្រូវបានគណនាយ៉ាងដូចម្តេច?
ការគណនាប្រាក់ពន្ធអចលនទ្រព្យត្រូវបានអនុវត្តតាមរូបមន្តខាងក្រោមនេះ៖
មូលដ្ឋាននៃការគិតពន្ធ= (តម្លៃអចលនទ្រព្យ x ៨០%)-១០០.០០០.០០០ រៀល
ប្រាក់ពន្ធ=មូលដ្ឋានគិតពន្ធx០,១%

ឧទាហរណ៍៖ លោកសុក្រមានអចលនទ្រព្យ (ផ្ទះ និងដី) មួយស្ថិតនៅលើផ្លូវចាក់អង្រែលើ។ ដីនេះមានទំហំ ៤ម x២០ និងមានសំណង់ផ្ទះល្វែងនៅលើដីនោះកម្ពស់ ២ជាន់ (Eo, E1, E2)។ ផ្ទះនេះបានសាងសង់នៅក្នុងឆ្នាំ ២០០៥ និងមានតម្លៃកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យក្នុងមួយម៉ែត្រក្រឡាដូចខាងក្រោម៖
-តម្លៃដី=៧៥០ដុល្លារ/ម៉ែត្រការ៉េ
-តម្លៃផ្ទះជាន់ផ្ទាល់ដី (Eo) = ២៥០ ដុល្លារ/ម៉ែត្រការ៉េ
-តម្លៃផ្ទះជាន់ទី១ (E1)= ២០០ ដុល្លារ/ម៉ែត្រការ៉េ
-តម្លៃដីជាន់ទី២ (E2)= ១៥០ ដុល្លារ/ម៉ែត្រការ៉េ

អចលនទ្រព្យខាងលើត្រូវបានគណនាដូចតទៅ
-តម្លៃដី=៤ម x ២០ម x ៧៥០= ៦០.០០០ ដុល្លារ
-តម្លៃផ្ទះជាន់ផ្ទាល់ដី (Eo)= ៤ម x ២០ម x ២៥០ដុល្លារ = ២០.០០០ ដុល្លារ
-តម្លៃផ្ទះជាន់ទី ១ (E1)= ៤ម x ២០ម x ២០០ដុល្លារ = ១៦.០០០ ដុល្លារ
-តម្លៃផ្ទះជាន់ទី២ (E2) = ៤ម x ២០ម x ១៥០ដុល្លារ = ១២.០០០ ដុល្លារ

ដូចនេះតម្លៃអចលនទ្រព្យសរុបគឺ
=តម្លៃដី + តម្លៃផ្ទះ (Eo+E1+E2)
=៦០.០០០+៤៨.០០០= ១០៨.០០០ ដុល្លារ

តម្លៃសរុប ៨០% ជាប្រាក់រៀល
= ១០៨.០០០ ដុល្លារ x ៨០% x ៤.០០០រៀល
= ៣៤៥.៦០០.០០០ រៀល

មូលដ្ឋាននៃការគិតពន្ធ
= តម្លៃអចលនទ្រព្យ-១០០.០០០.០០០
= ៣៤៥.៦០០.០០០-១០០.០០០.០០០
= ២៤៥.៦០០.០០០រៀល

ប្រាក់ត្រូវបង់ពន្ធ = មូលដ្ឋាននៃការគិតពន្ធx០,១%
= ២៤៥.៦០០.០០០ x ០,១%
= ២៤៥.៦០០ រៀល (៦១,៤$)

ដូច្នេះប្រាក់ត្រូវបង់ពន្ធគឺ ៦១,៤$៕

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

អត្ថបទពាណិជ្ជកម្ម​

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930