​iPhone SE នៅ​​ចិន ​ទទួល​បាន​ការ​កក់​ទុក​យ៉ាង​ច្រើន​រហូត​ដល់ ៣,៤លាន​គ្រឿង​មុន​ពេល​ចេញ​លក់​ថ្ងៃ​ទី៣១​មីនា​



iPhone SE ​ដែល​ទើប​ត្រូវ​បាន Apple ប្រកាស​ចេញ​ប្រហែល ១សប្ដាហ៍​មក​នេះ មាន​សញ្ញាណ​ជោគជ័យ​លើ​ទឹកដី​ប្រទេស​ចិន ដោយ​ទទួល​បាន​ការ​បញ្ជា​ទិញ​ក្នុង​ចំនួន​ដ៏​ច្រើន។ ផ្អែក​តាម​គេហទំព័រ CNBC ​ឱ្យ​ដឹង​ថា ស្មាតហ្វូ្ន​អេក្រង់ ៤អ៊ីញ​នេះ មាន​ការ​បញ្ជា​ទិញ​ច្រើន​ជាង ៣,៤លាន​គ្រឿង​ហើយ​មក​ដល់​ពេល​នេះ។

ទោះជា​យ៉ាងណា នៅ​លើ​ទីផ្សារ​ប្រទេស​ចិន ចំនួន​ពិតប្រាកដ​ក្នុង​ការ​ទិញ​ប្រើ​ផលិតផល​មួយ មិន​ជាក់លាក​ដូច​ចំនួន​បញ្ជា​ទិញ​នោះ​ឡើយ។ នេះ​មាន​ន័យ​ថា អតិថិជន​ជាច្រើន​អាច​ត្រៀម​បម្រុង​ផលិតផល​ថ្មី ប៉ុន្តែ​មិន​ធានា​ថា ពួក​គេ​ទាំង​អស់​គ្នា សុទ្ធតែ​នឹង​ទិញ​ប្រើ​គ្រប់ៗ​គ្នា​ឡើយ។ ដូច្នេះ ៣,៤លាន​គ្រឿង គឺ​អាច​គ្រាន់តែ​ជា​បរិមាណ​មួយ​តិច​ប៉ុណ្ណោះ។ របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា ពណ៌ iPhone SE ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​គឺ​ពណ៌​មាស ​បន្ទាប់​មក​ពណ៌​មាស​ក្រហម (rose gold)។ នៅ​លើ​ទីផ្សារ​ប្រទេស​ចិន iPhone SE នឹង​មាន​តម្លៃ​ចាប់ពី​ប្រហែល ៥០៦ដុល្លារ​អាមេរិក គឺ​ខុស​ពី​ទីផ្សារ​អាមេរិក​ដែល​មាន​តម្លៃ​ចាប់ពី ៣៩៩ដុល្លារ ហើយ​នៅ​ទីផ្សារ​អឺរ៉ុប iPhone SE នឹង​មាន​តម្លៃ​ខ្ពស់​ជាង​នេះ។ iPhone SE នឹង​មាន​លក់​តាម​បណ្ដា​ទីផ្សារ​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​ទី៣១ ខែ​មីនា​នេះ​តទៅ៕
X
5s