Apple កំពុងប្រឈមបញ្ហានៅឥណ្ឌា ដោយរងប្រតិកម្មប្រឆាំងគម្រោងលក់ iPhone ជជុះ ពីបណ្ដាក្រុមហ៊ុនទូរស័ព្ទឥណ្ឌា
ក្រុមហ៊ុន Apple កំពុងមានគម្រោងរៀបចំលក់ទូរស័ព្ទ iPhone ប្រើហើយ (មួយទឹក) នៅលើទីផ្សារប្រទេសឥណ្ឌា បើទោះបីក្រុមហ៊ុនអាមេរិកនេះកំពុងត្រូវបានបណ្ដាក្រុមហ៊ុនទូរស័ព្ទឥណ្ឌាមួយចំនួនប្រឆាំងនឹងគម្រោងក៏ដោយ។
ក្រុមហ៊ុន Apple កំពុងស្វែងរកការអនុញ្ញាតនៅក្នុងប្រទេសឥណ្ឌា ដើម្បីទទួលបានសិទ្ធិនាំចូល និងលក់ iPhone មួយទឹក ប្រសិនការអនុញ្ញាតនេះ ត្រូវបានផ្ដល់ឱ្យ នោះ Apple នឹងក្លាយទៅជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសឥណ្ឌា ដែលត្រូវបានអនុញ្ញាតឱ្យធ្វើគម្រោងនេះ។
ក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួននៅឥណ្ឌា កំពុងព្យាយាមបំបិទក្រុមហ៊ុន Apple មិនឱ្យ Apple នាំចូល និងលក់ iPhone ជជុះឡើយ ខណៈដែលគេជឿថា វាអាចប៉ះពាល់ដល់ទីផ្សារផលិតផលក្នុងស្រុកបាន។
ឥណ្ឌាមានកម្មវិធីមួយហៅថា Make in India ដែលត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយស្មាតហ្វូនរបស់ក្រុមហ៊ុនក្នុងស្រុក និងផលិតផលដទៃទៀត។ ប្រធានក្រុមហ៊ុនទូរស័ព្ទឥណ្ឌា Karbonn Mobile លោក Sudhir Hasija បានឱ្យដឹងថា តាមរយៈកម្មវិធីលើកស្ទួយផលិតផលក្នុងស្រុក ក្រុមហ៊ុនអាចលក់ទូរស័ព្ទបានរហូដល់ ១,៧លានគ្រឿងក្នុងមួយខែ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ក្រុមហ៊ុន Apple បានស្នើសុំ នាំចូលផលិតផលជជុះរបស់ខ្លួនចូលទៅទីផ្សារឥណ្ឌា ទោះបីត្រូវបានច្រានចោលក៏ដោយ ប៉ុន្តែរឿងលើកនេះអាចមិនដូចគ្នាទេ។
ឥណ្ឌាត្រូវបានបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗលើលោក សម្លឹងឃើញជាទីផ្សារដ៏ធំ ហើយ Apple ក៏ដូចគ្នា កំពុងត្រៀមបើកហាងលក់រាយ (Store) នៅក្នុងប្រទេសនេះ ដើម្បីលក់ផលិតផលប្រើហើយ (មួយទឹក) និងផលិតផលថ្មីៗ ដែលអាចលក់ក្នុងតម្លៃមួយសមរម្យស្របតាមកម្រិតជីវភាពប្រជាជនឥណ្ឌាភាគច្រើន។
បច្ចុប្បន្នក្រុមហ៊ុន Apple មានចំណែកទីផ្សារនៅឥណ្ឌាតិចណាស់ គឺមិនដល់ ២% ផងទេ ដូច្នេះក្រុមហ៊ុនអាចព្យាយាមរិះរកគ្រប់វិធីសាស្ត្រដើម្បីបុកចូលទីផ្សារដ៏ធំនេះ ជាមួយតម្លៃផលិតផលត្រឹមតែស្មើ ឬតិចជា ១៥០ដុល្លារអាមេរិក៕