Microsoft ​​ដាក់​ចេញ​ក្ដារ​ចុច (Keyboard) ​សម្រាប់​អ្នក​ប្រើ iPhone ​ងាយស្រួល​ប្រើ​តែ​ដៃ​ម្ខាង​វាយ​អក្សរ​



​រូប​ដំបូង​ត្រូវ​បាន​បង្ហាញ​ចេញ​ក្នុង​សប្ដាហ៍​នេះ ដែល​ជា keyboard ​បង្កើត​ដោយ Microsoft ​សម្រាប់​ប្រើ​នៅ​លើ​ទូរស័ព្ទ iPhone ដែល​ពេល​នេះ ក្រុមហ៊ុន​កំពុង​ធ្វើតេស្ត​ស្ងាត់ៗ ​និង​ដាក់​ឱ្យ​ម្ចាស់ iPhone ​មួយ​ចំនួន​សាកល្បង​ប្រើ​មុខងារ​ពិសេស​ខ្លះៗ​នៅ​លើ​ក្ដារចុច​ថ្មី​នេះ​ហើយ។ Keyboard នេះ​បង្កប់​លក្ខណៈ​ប្រើ​ប៉ុន្មាន​ចំណុច ពិសេស​ជាង​ក្ដារ iOSផ្សេងៗ​នាពេល​បច្ចុប្បន្ន។ លោក​អ្នក​ប្រហែល​ជា​បាន​ឃើញ ឬ​បាន​ប្រើ​រួច​ហើយ​នូវ​ក្ដារ​ចុច​របស់ Microsoft ដែល​មាន​នៅ​លើ​ស្មាតហ្វូន/ថេប្លេត Windows Phone ​ចំណែក​ពេល​នេះ ក្រុមហ៊ុន​សូហ្វ៊ែរ​យក្ស​នេះ ​កំពុង​រៀបចំ keyboard ​ពិសេស​ថ្មី​នេះ​សម្រាប់​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ​ដែរ​ហើយ។ ក្ដារចុច​ថ្មី​រំពឹង​នឹង​ត្រូវ​ក្រុមហ៊ុន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ​លក្ខណៈ​ពិសេស​តែ​មួយ​គ្មាន​ពីរ​លើ Keyboard ថ្មី​សម្រាប់ iPhone ​នេះ គឺ​វា​អាច​ឱ្យ​គេ​ប្រើ​តែ​ដៃ​ម្ខាង​ក៏​អាច​ធ្វើការ​សរសេរ​បាន​យ៉ាង​ងាយស្រួល ព្រោះ keyboard ​មាន​ទម្រង់​មូល​បង្វិល​ស្ថិត​នៅ​ជ្រុង​ម្ខាង​នៃ​ទូរស័ព្ទ។ Microsoft ​ត្រូវ​គេ​រំពឹង​ថា នឹង​ដាក់​ចេញ Keyboard ​ដែល​មាន​ឈ្មោះ​ថា Word Flow Keyboard ​នេះ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ហើយ​ក៏​កំពុង​អភិវឌ្ឍ​សម្រាប់​ជំនាន់ Android OS ​ផង​ដែរ ដែល​ត្រូវ​គេ​រំពឹង​ថា នឹង​ដាក់​ឱ្យ​ប្រើ​មុន​ដំណាច់​ឆ្នាំ២០១៦៕
X
5s