Facebook ​កំពុង​អាប់ដេត Messenger បន្ថែម​មុខងារ​សំខាន់​​ពីរ គឺ​អាច​ SMS ទូរស័ព្ទក៏​បាន និង​ Login ច្រើន​​គណនី​បាន​



ក្រុមហ៊ុន Facebook ត្រូវ​គេ​រាយការណ៍​ថា កំពុង​ធ្វើតេស្ត​មុខងារ​ថ្មី​បន្ថែម​នៅ​លើ​កម្មវិធី Facebook Messenger របស់​ខ្លួន ដោយ​នឹង​អាច​ឱ្យ​អ្នក​ប្រើ ផ្ញើ​បាន​ទាំង chat ​នៃ​បណ្ដាញ​សង្គម​ផង និង​ផ្ញើ​សារ SMS ទូរស័ព្ទ​បាន​ផង​ដែរ មិន​បាច់​ពិបាក​ត្រូវ​បិទ Messenger រួច​ទៅ​បើក​កម្មវិធី SMS ទូរស័ព្ទ​ឡើយ។ លើស​ពី​នេះ កម្មវិធី Messenger ជំនាន់​ថ្មី នឹង​អាច​ឱ្យ​លោក​អ្នក ធ្វើការ​ភ្ជាប់​ចូល​ដោយ​គណនី​ច្រើន​បាន។ តាមរយៈ​មុខងារ​ថ្មី​សំខាន់​ទាំងពីរ​នេះ នឹង​ផ្ដល់​បទពិសោធន៍​ថ្មី​បន្ថែម​ទៀត​ដល់​អ្នក​ប្រើ។ មុខងារ​ថ្មី បច្ចុប្បន្ន​កំពុង​ត្រូវ​គេ​ធ្វើតេស្ត​នៅ​លើ​ប្រព័ន្ធ Android។ គួរ​រំលឹក​ថា កន្លង​ទៅ បណ្ដាញ​ចែករំលែក​រូបថត Instagram របស់ Facebook ​ក៏​បាន​ដាក់​ចេញ​មុខងារ​គាំទ្រ​ប្រើ​គណនី​បាន​ច្រើន​នៅ​លើ​កម្មវិធី​តែមួយ​ផង​ដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Facebook កំពុង​ធ្វើតេស្ត​កម្មវិធី Messenger នេះ​ជាមួយ​អ្នក​ប្រើ​ឧបករណ៍​ដើរ​ដោយ Android មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក ដោយ​ច្របាច់​បញ្ចូល​ជាមួយ​កម្មវិធី SMS របស់​ទូរស័ព្ទ​ផ្ទាល់។ ដើម្បី​ឆែក​មើល​ថា​តើ កម្មវិធី Messenger នៅ​លើ​ស្មាតហ្វូន​របស់​អ្នក គាំទ្រ​មុខងារ​ថ្មី​នេះ​ហើយ​ឬ​នៅ អ្នក​អាច​ចូល​ទៅ Settings ​របស់ Messenger រួច​ហើយ​រក​មើល​ប៊ូតុង​មួយ​ឈ្មោះ “Change SMS App”៕
X
5s