ត្រូវដឹងថា ធ្វើការងារច្រើនគ្មានពេលសម្រាករហូតស្រ្តេសខ្លាំងមិនមែនជាសញ្ញានៃភាពជោគជ័យទេ​មិនថាអ្នកជានរណាដើម្បីអាចទទួលបានអ្វីដែលជាភាពជោគជ័យ ទាល់តែអ្នកត្រូវប្រឹងប្រែងជំនះរាល់ឧបសគ្គហើយពាក្យដែលត្រូវទន្ទេញគឺ ព្យាយាម ព្យាយាម និងព្យាយាម។ បើអ្នកកំពុងស្ថិតក្នុងវ័យសិក្សាចង់បានជោគជ័យលើការងារមួយនេះគឺអ្នកត្រូវព្យាយាម ប្រឹងប្រែងរៀនសូត្រ។ បើអ្នកកំពុងស្ថិតក្នុងវ័យមួយមានភារៈទទួលខុសត្រូវលើការងារ អ្នកត្រូវព្យាយាមធ្វើការងារទាំងនោះឲ្យបានល្អដើម្បីសន្សំបទពិសោធន៍និងទុកជាដើមទុនសម្រាប់ភាពជោគជ័យ។ 

ជាសហគ្រិនមួយរូបមិនមែនអាចស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯង និងអាជីវកម្មបានដោយងាយស្រួលនោះទេ ពិសេសនៅពេលដែលអ្នកបរាជ័យពិតណាស់ថាវាជាមេរៀន និងជាបទពិសោធន៍សម្រាប់អ្នក តែត្រូវចាំថាវាឈឺចាប់ខ្លាំងណាស់ហើយរឹតតែឈឺចាប់ជាងនេះនៅពេលដែលអ្នកប្រើដើមទុនទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុមកវិនិយោគទាំងអស់លើអាជីវកម្មមួយនេះ។ 

ការខិតខំប្រឹងប្រែងធ្វើការងារខ្លាំងហួសកម្រិត ហួសកម្លាំង ហួសសមត្ថភាព ដោយរំពឹងថាអ្នកនឹងបានលទ្ធផលលើសលប់តាមការចង់ តែជាក់ស្តែងវាមិនមែនជាសញ្ញាដែលបង្ហាញថាអ្នកនឹងជោគជ័យទេ វាបែរជាធ្វើឲ្យអ្នកបរាជ័យនិងខកចិត្តវិញ។ ខាងក្រោមជាហេតុផលធំៗ ២ ដែលបង្ហាញថាធ្វើការងារច្រើនហួសពេក គ្មានពេលសម្រាក រហូតធ្វើឲ្យខ្លួនឯងស្រ្តេសខ្លាំងមិនមែនជាសញ្ញានាំអ្នកទៅរកភាពជោកជ័យទេ។

១) ស្រ្តេសធ្វើឲ្យអ្នកបាត់បង់ការគ្រប់គ្រងខ្លួនឯង ប៉ះពាល់ដល់ផលិតភាពនិងលទ្ធផលការងារ
ពេលអ្នកស្រ្តេសខ្លាំង រាងកាយអ្នកនឹងចុះខ្សោយ អារម្មណ៍តានតឹង ឆាប់មួម៉ៅ អ្នកមិនអាចផ្តោតអារម្មណ៍លើការបំពេញការងារ ការសិក្សា និងដឹកនាំអាជីវកម្មទៅមុខបានល្អទេ។ អ្វីដែលសំខាន់គឺអ្នកធ្វើការមួយឲ្យលើសពីសមត្ថភាព ហួសពីកម្លាំងអ្នក សុខភាពអ្នកនឹងក្លាយជាអ្នកប្រឈមមុនគេ ពេលអ្នកមានជំងឺអ្នកនឹងក្លាយជាមនុស្សបរាជ័យភ្លាម។

២) វាធ្វើឲ្យអ្នកផ្លាស់ប្តូរអត្តសញ្ញាណរបស់ខ្លួនឯង
បន្ទាប់ពីអ្នករងបញ្ហាក្នុងចំណុចទី ១ ខាងលើវានឹងធ្វើឲ្យអ្នកផ្លាស់ប្តូរអត្តសញ្ញាណរបស់ខ្លួនអ្នកផ្ទាល់ ព្រោះជាធម្មតាមិនថាមនុស្ស សត្វ វត្ថុគ្រប់ទាំងអស់សុទ្ធតែមានអត្តសញ្ញាណផ្ទាល់សម្រាប់កំណត់។ និយាយដោយឡែកចំពោះមនុស្សដែលជាថនិកសត្វថ្នាក់ខ្ពស់ មានបញ្ហាលើសសត្វដទៃតែងមានអត្តសញ្ញាណផ្ទាល់សម្រាប់ខ្លួនឯង ហើយមនុស្សក៏បានយកអត្តសញ្ញាណនេះសម្រាប់កំណត់គោលដៅមួយដើម្បីអាចដើរទៅរកភាពជោគជ័យ៕

ដោយ៖ យ៉ាយ៉ា

 

X
5s