សំនួរសំខាន់បំផុតដែលអ្នកដឹកនាំគួរសាកសួរបុគ្គលិករបស់ខ្លួនឲ្យបានរៀងរាល់ថ្ងៃ​



នៅពេលចាប់ផ្តើមដំបូងដៃនៅក្នុងអាជីពការងារ អ្នកណែនាំ និងអ្នកប្រឹក្សាតែងតែលើកទឹកចិត្តអ្នកឲ្យព្យាយាមខិតខំប្រឹងប្រែងក្នុងការងារដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅកាន់តំណែងខ្ពស់។ ប៉ុន្តែ តើមានអ្វីកើតឡើងនៅពេលអ្នកឡើងឋានៈ ហើយមើលមកខ្លួនឯងកំពុងកាន់តំណែងជាអ្នកដឹកនាំគេ? នៅទីនេះ ភាពចាំបាច់មួយដែលអ្នកត្រូវធ្វើជាប្រចាំគឺថា តើអ្នកត្រូវបង្កើតសំនួរល្អៗណាខ្លះដើម្បីធ្វើឲ្យការដឹកនាំរបស់អ្នកនាំមកនូវភាពជោគជ័យដល់ ស្ថាប័ន និងបុគ្គលិកក្រោមបង្គាប់របស់អ្នក?

ប្រសិនបើអ្នកយល់ថា អ្នកនៅមានភាពខ្វះខាតក្នុងចំណុចនេះ ឬយល់ថា ភាពដឹកនាំរបស់អ្នកនៅមានកម្រិត ចូរក្រឡេកមើលសំនួរសំខាន់ៗទាំងនេះ។ វាអាចជាត្រីវិស័យមួយជួយបង្ហាញផ្លូវ និងផ្តល់ពន្លឺពីរបៀបដែលអ្នកត្រូវដឹកនាំអ្នកដទៃ។ 

  1. សួរសំនួរដែលនាំមកនូវការពង្រឹងទំនុកចិត្ត
    អ្នកគួរលៃលកពេលវេលាដើម្បីសួរសំនួរជាក់លាក់ទៅកាន់បុគ្គលិកក្រោមបង្គាប់ដោយបង្ហាញពួកគេថា អ្នកពិតជាបានផ្តល់ទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការសម្រេចគោលដៅក្នុងអាជីពរបស់ពួកគេម្នាក់ៗ និងត្រូវផ្តល់ការគាំទ្រតាមតួនាទីជាក់ស្តែង។ សំនួរនោះគួរតែបើកឱកាសឲ្យបុគ្គលិកបានលើកឡើងពីចំណាប់អារម្មណ៍របស់ពួកគេទាក់ទងនឹងទំនុកចិត្តដែលនាំមកនូវភាពជោគជ័យកក្នុងអាជីពការងារ។

    មានសំនួរមួយដែលអ្នកដឹកនាំគួរសួរគឺថា "តើខ្ញុំអាចផ្តោតទៅលើការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់នៅកន្លែងណាខ្លះដើម្បីជួយគាំទ្រឲ្យមានភាពល្អប្រសើរឡើងនៅក្នុងមុខតំណែងរបស់អ្នក?"។

  2. សួរសំនួរដែលនាំឲ្យមានការសាបព្រោះតម្លាភាព
    ក្នុងនាមជាអ្នកដឹកនាំ អ្នកប្រហែលជាមិនបានពិនិត្យមើលយ៉ាងលម្អិតអំពីព័ត៌មានជាក់លាក់ស្តីពីការទទួលខុសត្រូវរបស់សមាជិកក្រុមការងារនីមួយៗនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការសាកសួរសំណួរងាយៗ នឹងបង្ហាញដល់បុគ្គលិករបស់អ្នកថា អ្នកពិតជាយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះភាពជោគជ័យរបស់ពួកគេដោយជួយពួកគេក្នុងការចាត់ចែងធ្វើការងារអាទិភាព ឬកម្ចាត់ចោលភារកិច្ចការងារណាដែលមិនចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ។

    មានសំនួរចំនួន២ដែលអ្នកដឹកនាំគួរសួរគឺថា "តើអ្នកបែងចែកការងារប្រចាំថ្ងៃរបស់អ្នកយ៉ាងដូចម្តេច? តើមានអ្វីខ្លះដែលអាចជួយធ្វើឲ្យក្រុមការងារមានផលិតភាព?"។ 

  3. សួរសំណួរដែលជួយលើកទឹកចិត្តក្រុមការងារឲ្យមានភាពរីកចម្រើន
    គ្រាន់តែអ្នកបានចំណាយពេលមួយចំនួនដើម្បីអង្គុយជជែកជាមួយសមាជិកក្រុមការងាររបស់អ្នកមានន័យថា អ្នកបានបង្ហាញការយកចិត្តទុកដាក់ចំពោះពួកគេរួចបាត់ទៅហើយ។ នៅពេលសន្ទនាជាមួយពួកគេ អ្នកគួរតែបំផុសឲ្យមានការអភិវឌ្ឍគំនិតច្នៃប្រឌិត គំនិតសុទិដ្ឋិនិយម និងជំនាញដោះស្រាយបញ្ហាដែលក្រុមការងារត្រូវការនៅពេលប្រឈមនឹងឧបសគ្គផ្សេងៗ។ ប្រសិនបើក្រុមការងាររបស់អ្នកប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ វានឹងដើរតួនាទីជាអ្នកជម្រុញលើកទឹកចិត្តឲ្យពួកគេបំពេញការងារកាន់តែប៉ិនប្រសព្វឡើង។

    មានសំនួរចំនួន២ដែលអ្នកដឹកនាំគួរសួរគឺថា "តើអ្នកគិតថាអ្វីទៅជាចម្លើយដ៏ល្អបំផុតចំពោះអ្នកដែលចង់ទិញអាជីវកម្មរបស់យើងនៅពេលនេ? តើអ្វីទៅដែលអ្នកជឿថាគឺជាវិធីល្អបំផុតក្នុងការរៀបចំឲ្យមានកម្មវិធីគាំពារលើកទឹកចិត្តនៅក្នុងក្រុមហ៊ុន?"។

  4. សួរសំណួរដែលនាំមកនូវការស្វែងរកគោលដៅក្នុងអាជីពការងាររបស់បុគ្គលិក
    សូមចំណាយពេលស្វែងយល់ឲ្យបានច្បាស់ពីក្រុមការងាររបស់អ្នក ហើយព្យាយាមរៀនស្វែងយល់អំពីរបៀបលើកទឹកចិត្តផ្សេងៗដែលនាំឲ្យពួកគេជោគជ័យ និងសម្រេចគោលដៅក្នុងអាជីពការងាររបស់ពួកគេ។ មួយវិញទៀត ក្រៅពីបានស្វែងយល់ចំណុចទាំងអស់នេះហើយ វាក៏ជាពេលដ៏ល្អដែលគួរនិយាយពីជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ សំណួរដែលមិនផ្តោតតែរឿងអាជីវកម្មតែមួយមុខ នឹងជួយលើកកម្ពស់សីលធម៌របស់បុគ្គលិកម្នាក់ៗ ពីព្រោះវាបានជួយបង្ហាញដល់ពួកគេថា  ពួកគេមិនត្រឹមតែជាបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាសមាជិកគ្រួសារតែមួយរបស់អ្នកផងដែរ។

    មានសំនួរចំនួន២ដែលអ្នកដឹកនាំគួរសួរគឺថា "តើអ្នកចង់ក្លាយជាអ្វីនៅក្នុងក្រុមហ៊ុននេះសម្រាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខ? តើខ្ញុំអាចជួយអ្នកដោយរបៀបណាដើម្បីឲ្យអ្នកសម្រេចបានគោលដៅនោះ?"។

  5. សួរសំណួរដែលបង្កើតឲ្យមានវប្បធម៌ការងារបើកចំហ និងមានភាពស្មោះត្រង់
    ប្បធម៌ការងារ និងភាពស្មោះត្រង់គឺជាចំណុចសំខាន់ដ៏ជាក់លាក់មួយដែលបង្ហាញពីភាពខុសគ្នាក្នុងការវាយតម្លៃថា តើសមាជិកក្រុមការងារថ្មី និងសមាជិកក្រុមការងារដែលមានស្រាប់មានភាពស៊ីចង្វាក់គ្នាទៅនឹងវប្បធម៌ការងាររបស់ក្រុមហ៊ុនអ្នកដែរឬទេ? បុគ្គលិកថ្មីរបស់អ្នកអាចមានសមត្ថភាពខ្លាំងជាងគេ  ក៏ប៉ុន្តែរបៀបរបៀបវប្បធម៌ធ្វើការងាររបស់ពួកគេអាចខុសគ្នា។

    មានសំនួរចំនួន២ដែលអ្នកដឹកនាំគួរសួរគឺថា "តើអ្នកអាចប្រាប់ខ្ញុំបន្តិចបានទេថា នៅពេលណាដែលអ្នកនិយាយថា អ្នកមិនទាន់ល្អ មិនទាន់ឆ្លាត មិនទាន់រហ័សរហួន ឬមិនទាន់មានលក្ខខណៈសម្បត្តិគ្រប់គ្រាន់ទៅនឹងអ្វីមួយ?  តើអ្នកបានឆ្លើយតបទៅនឹងស្ថានភាពទាំងនេះដោយរបៀបណា?"។៕

ប្រភព៖ Inc 

 

X
5s