ការស្រាវជ្រាវបង្ហាញថា មានការរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីនៅក្នុងប្រទេសចិន​ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិនបានរកឃើញពីជំងឺគ្រុនផ្ដាសាយជ្រូកប្រភេទថ្មី ជាប្រភេទជំងឺបង្កការរាតត្បាត នេះបើយោងតាមការចេញផ្សាយពីទស្សនា​វដ្តីវិទ្យាសាស្រ្តរបស់អាមេរិក  Proceeding of the National academy of Science កាលពីថ្ងៃចន្ទទី ២៩ ខែមិថុនា ឆ្នាំ ២០២០។ 

ជំងឺផ្តាសាយជ្រូកប្រភេទថ្មីនេះត្រូវបានគេដាក់ឈ្មោះថា G4 វាត្រូវបានគេបំបែកចេញពីវីរុស H1N1 ជាជំងឺផ្តាសាយជ្រូកត្រូវបានរកឃើញនិងបង្កការរាតត្បាតដោយក្នុងឆ្នាំ ២០០៩។ ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យចិន និងមជ្ឈមណ្ឌលត្រួតពិនិត្យការពារជំងឺរបស់ចិនបាននិយាយថា ជំងឺផ្តាសាយជ្រូកប្រភេទថ្មីនេះវាអាចនឹងបង្កការរាតត្បាតកម្រិតខ្ពស់ដល់មនុស្ស ។

ចាប់តាំងពីឆ្នាំ ២០១១ រហូតមកដល់ឆ្នាំ ២០១៨ ក្រុមអ្នកស្រាវជ្រាវបានយកសំណាកវិភាគចេញពីជ្រូកចំនួនជាង ៣ម៉ឺនក្បាលនៅក្នុងកន្លែងសត្តឃាតក្នុងខេត្តចំនួន ១០ នៃប្រទេសចិន រួមទាំងមន្ទីរពេទ្យសត្វមួយដែលត្រូវបានគេអនុញ្ញាតឲ្យធ្វើការបំបែកវីរុសផ្តាសាយជ្រូកចំនួន ១៧៩។ 

ក្រុមអ្នកស្រាវជ្រាវជំនាញក៏បានធ្វើការបញ្ជាក់ដែរថា មេរោគផ្តាសាយជ្រូកថ្មីនេះ (G4) មានលទ្ធភាពក្នុងការឆ្លងខ្ពស់ទៅកាន់កោសិកាមនុស្ស និងបង្កជារោគសញ្ញាធ្ងន់ធ្ងរជាងវីរុសដទៃទៀត។ លទ្ធផលនៃការធ្វើតេស្តក៏បានបង្ហាញដែរថា ប្រព័ន្ធភាពស៊ាំក្នុងរាងកាយមនុស្សមិនទាន់អាចការពារទៅនឹងជំងឺផ្តាសាយជ្រូកប្រភេទថ្មីនេះបានទេ។ 

បើយោងទៅតាមលទ្ធផលនៃការធ្វើតេស្ដឈាមលើកម្មករដែលធ្វើការនៅកន្លែងសត្តឃាត (សម្លាប់ជ្រូក) បានបង្ហាញថា អង្គបដិប្រាណដែលត្រូវបានបង្កើតឡើងតាមរយៈការប៉ះពាល់ផ្ទាល់ទៅលើវីរុស ក្នុងនោះ ១០,៤% នៃកម្មករបានឆ្លងជំងឺនេះរួចទៅហើយ។ ដូច្នេះគេអាចកំណត់បានថាវានោះបានឆ្លងពីសត្វទៅមនុស្សរួចទៅហើយ ប៉ុន្តែនៅមិនទាន់មានភស្តុតាងណាមួយបញ្ជាក់ការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ ហើយនេះកំពុងស្ថិតនៅក្នុងក្តីបារម្ភរបស់អ្នកវិទ្យាសាស្ត្រ៕

 

X
5s