ពលរដ្ឋលែងពិបាកទៀតហើយ ក្រសួងមហាផ្ទៃប្រកាសធ្វើសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារត្រឹមអាជ្ញាធរមូលដ្ឋាន​



យើងទៅតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្ដីពី ការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០ ដោយក្រសួងមហាផ្ទៃបានធ្វើប្រតិភូកម្មសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅដល់ប្រជាពលរដ្ឋពីអាជ្ញាធរនគរបាល ក្រុង ស្រុក ខណ្ឌ ជូនទៅឲ្យនាយប៉ូលីសនគរបាលរដ្ឋបាលឃុំ សង្កាត់។ 

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងទៅលើ ៧ ប្រការរួមមាន៖

ប្រការ១៖ ប្រកាសនេះមានគោលដៅកំណត់អំពីការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យសម្រេចផ្តល់សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួលនិងឆាប់រហ័សនូវការចុះបញ្ជីស្នាក់នៅ និងបញ្ជាគ្រួសារជូនប្រជាជនដែលមានលំនៅដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ២៖ ត្រូវបានផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្ដូរទីលំនៅ ដឹងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់។ 

ប្រការ៣៖ ត្រូវបានផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែតម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់។

ប្រការ៤៖ បែបបទនិងនីតិវិធីនៃការចុះបញ្ជីសៀវភៅស្នាក់នៅ ចុះបញ្ជីសៀវភៅគ្រួសារ ការលុបឬបំពេញបន្ថែមសមាជិក ការកែតម្រូវទិន្នន័យក្នុងបញ្ជីសៀវភៅស្នាក់នៅ ក្នុងបញ្ជីសៀវភៅគ្រួសារ ការប្រើទុតិយតាការផ្លាស់ប្ដូរទីលំនៅ និងការចុះបញ្ជីស្នាក់នៅបណ្ដោះអាសន្ន ត្រូវកំណត់ដោយសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ 

ប្រការ៥៖ សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារដែលបានផ្ដល់ជូនកន្លងមកមានតម្លៃគតិយុត្តិក្នុងការប្រើប្រាស់រហូតដល់មានការផ្លាស់ប្តូរថ្មី។

ប្រកាសនិងសេចក្តីណែនាំដែលបានអនុវត្តក្នុងការចុះបញ្ជីស្នាក់នៅនិងបញ្ជីគ្រួសារកន្លងមក នៅបន្តមានតម្លៃគតិយុត្តិរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីជំនួស លើកលែងតែបទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ។

ប្រការ៦៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីប្រកាសនេះត្រូវទុកជានិរាករណ៍។

ប្រការ៧៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ស្នងការនៃស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធាននាយកដ្ឋានអង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការរដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

X
5s