មាន​ដំណឹង​ពី ​Windows 10 ​Mobile សម្រាប់​ដំណើរការ​លើ​ស្មាតហ្វូន នឹង​ចេញ​នៅ​ចន្លោះ​ថ្ងៃ​ទី៧-១៣ ​ខែ​មីនា​នេះ​ហើយ​



ខណៈ ដែល​កាលបរិច្ឆេទ​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 Mobile ​នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ​នោះ ចំណែក​ប្រភព​ព័ត៌មាន​ពី softpedia ​ឱ្យ​ដឹង​មក​ថា ក្រុមហ៊ុន Microsoft ​នឹង​ធ្វើការ​ប្រកាស​ចេញ Windows 10 ​សម្រាប់​ដំណើរការ​លើ​ស្មាតហ្វូន ជា​ផ្លូវការ​នៅ​ចន្លោះ​ថ្ងៃ​ទី៧-១៣ ក្នុង​ខែ​មីនា​នេះ។

windows-10-mobile-tiles-new-lumia-1520

យោង​តាម​របាយការណ៍​ចុងក្រោយ​ពី​ក្រុមហ៊ុន Vodafont ​នៅ​អ៊ីតាលី​ឱ្យ​ដឹង​ថា Windows 10 Mobile ​ទំនង​នឹង​មាន​បំពាក់​លើ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​ចាប់ពី​សប្ដាហ៍​ក្រោយ​នេះ​ហើយ។ Vadafone ​និយាយ​ថា ​ដំណាក់កាល​ដំបូង​មាន​តែ ផលិតផល​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ដែល​ដើរ​ដោយ Windows 10 Mobile ​ដែល​ក្នុង​នោះ​រួម​មាន៖ Lumia 1520 និង 930 ​ហើយ​ក៏​មាន​ប្រើ​នៅ​លើ Lumia 830, 735, 635 និង 535 ​ដែរ។ ចំណែក Lumia 640 និង 640XL វិញ​ត្រូវ​ក្រុមហ៊ុន Microsoft ​បញ្ជាក់​ថា នឹង​អាច​ធ្វើ​បច្ចុប្បន្នភាព​ឡើង​ទៅ Windows 10 Mobile ​បាន​ផង​ដែរ។ បន្ទាប់ពី Windows 10 Mobile ​ចេញ​ឱ្យ​ប្រើ​ជា​ផ្លូវការ​ហើយ ​ស្មាតហ្វូន​ស៊េរី​មុនៗ​ដែល​ប្រើ Windows Phone មួយ​ចំនួន នឹង​អាច​អាប់ដេត​ឡើង​ទៅ Windows 10 Mobile ​បាន។ សូម​បញ្ជាក់​ថា ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ដំណើរការ​លើ​ឧបករណ៍​ចល័ត របស់ Microsoft ពោល​​គឺ Windows Phone ​បាន​ក្ដាប់​ចំណែក​ទីផ្សារ​​ច្រើន​លំដាប់​ទី៣ បន្ទាប់ពី Android និង iOS។ ​យ៉ាងណា សន្ទុះ​កើនឡើង​នៃ Mobile OS នេះ​ហាក់​នៅ​មាន​កម្រិត ហើយ​អតិថិជន​ចាស់​ខ្លះ បាន​ផ្លាស់ប្ដូរ​ទៅ​ប្រើ Android និង iOS វិញ។ មូលហេតុ​គឺ​ដោយសារ Windows Phone ​ពុំ​ទាន់​សំបូរ​កម្មវិធី​ច្រើន​ដូច Android និង iOS នៅ​ឡើយ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ softpedia
X
5s