Galaxy S7 ស្រោបដោយមាស និងប្លាទីន មួយគ្រឿងតម្លៃ ៣០០០ដុល្លារ
នៅពេល Galaxy S7 ត្រូវបាន Samsung ប្រកាសចេញភ្លាម សាធារណជនសុទ្ធតែទន្ទឹងរង់ចាំព័ត៌មានពីតម្លៃរបស់កំពូលស្មាតហ្វូន Android នេះ។ មកដល់ពេលនេះ Galaxy S7 ទាំងពីរត្រូវបានក្រុមហ៊ុនដាក់លក់នៅលើទីផ្សារតាមបណ្ដាប្រទេសមួយចំនួន ដែលតម្លៃរបស់វាប្រហែល ៧០០ដុល្លារអាមេរិក។ ចំណែក Galaxy S7 និង S7 edge ទាំងពីរនេះ នៅពេលនេះ ត្រូវបានក្រុមហ៊ុនអលង្ការអង់គ្លេស Goldgenie បាន យកទៅស្រោបមាសយ៉ាងប្រណិត ធ្វើឲ្យតម្លៃខ្លួនរបស់វាឡើងដល់ ៣០០០ដុល្លារ។
ក្រុមហ៊ុន Goldgenie ពេលនេះបានដាក់ឱ្យអតិថិជនបញ្ជាទិញ Galaxy S7 ស្រោបមាសនេះទៅតាមជ្រើសផ្សេងគ្នា គឺស្រោបដោយមាសសុទ្ធ 24k, មាសក្រហម ឬប្លាទីន។ ក្រៅពីមានតួផលិតពីវត្ថុមានតម្លៃហើយនោះ ប្រអប់ Galaxy S7 ក៏ត្រូវបានកែខៃឱ្យទំនើបផលិតពីឈើល្អថែមទៀត។ ចំពោះលក្ខណសម្បត្តិរបស់ស្មាតហ្វូនគឺដដែលទេ បំពាក់ដោយអេក្រង់ ៥,១អ៊ីញ, ប្រើឈីប Snapdragon 820 និងមានកាមេរ៉ា 12MP ហើយក៏នៅរក្សាទុកបច្ចេកវិទ្យាមិនចូលទឹកដដែល។ ចំណែក Galaxy S7 Edge ក៏ដូចគ្នាពោលគឺមានលក្ខណៈ សម្បត្តិរក្សានៅដដែល។
តម្លៃ Galaxy S7 ចាប់ពី ២៩៧៣ដុល្លារ ចំណែក Galaxy S7 edge មានតម្លៃ ៣២៦៤ដុល្លារ។ យ៉ាងណា បើប្រៀបធៀបនឹងតម្លៃទូរស័ព្ទប្រណិតម៉ាក Vertu វិញ តម្លៃ S7 ដែលត្រូវបានកែច្នៃសមាធាននេះ នៅតែមិនអាចប្រៀបធៀបជាមួយ Vertu នៅឡើយ។ ចំណែកឯ iPhone 6S ក៏ធ្លាប់ត្រូវបានគេយកទៅស្រោបមាសដូចគ្នាដែរ តែតម្លៃរបស់ iPhone គឺរហូតដល់ ២៨៤១៥ដុល្លារឯណោះ៕