៤ ម៉ាក​ជាប់​ជា​ស្មាតហ្វូន​សមត្ថភាព​ខ្លាំង​ និង​មាន​អេក្រង់ Quad HD ​ល្អ​បំផុត តម្លៃ​ត្រឹមតែ ៤០០ដុល្លារ​ចុះ​ក្រោម​



បច្ចុប្បន្ន​មាន​ស្មាតហ្វូន​ច្រើន​ស៊េរី ច្រើន​ម៉ាក កំពុង​ចរាចរ​លើ​ទីផ្សារ ហើយ​បើ​មើល​លើ​ទីផ្សារ​ក្នុង​ស្រុក នៃ​ប្រទេស​កម្ពុជា​យើង​វិញ​ឃើញ​ថា ទូរស័ព្ទ​ថ្មី​របស់ Samsung ដែល​ទើប​ចេញ​លក់​គឺ Galaxy S7 និង S7 edge ពិត​ជា​បាន​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​យ៉ាង​ខ្លាំង។ ទោះជា​យ៉ាងណា iPhone ក៏​នៅ​តែ​ឈរ​ជើង​រឹងមាំ នៅ​តែ​មាន​អតិថិជន​បន្ត​គាំទ្រ និង​ទិញ​ប្រើ។ សូម​បញ្ជាក់​ថា មូលហេតុ​ធ្វើឲ្យ​ទាំង iPhone និង Galaxy ទទួល​បាន​ការ​ពេញ​និយម​ប្រើ គឺ​ដោយសារ​ទូរស័ព្ទ​ទាំងពីរ​ភ្ជាប់​ដោយ​លក្ខណៈ សម្បត្តិ​ខ្ពស់ ល្បឿន​លឿន។ ទន្ទឹម​នឹង​លក្ខណៈ សម្បត្តិ​ល្អ ប៉ុន្តែ​តម្លៃ​អាច​ថ្លៃ​បន្តិច ពិសេស​គឺ iPhone តែ​ម្ដង ដែល​ម៉ូដែល​ទើប​ចេញ​លក់ សុទ្ធតែ​ជាង ១ពាន់​ដុល្លារ​ទៅ​ហើយ។ ដូច្នេះ​ទំព័រ​នេះ យើង​នឹង​ណែនាំ​ស្មាតហ្វូន​ល្អ​ប្រើ​ស៊េរី​ខ្ពស់ Quad HD ​ដែល​មាន​តម្លៃ​ក្រោម ៤០០ដុល្លារ សម្រាប់​អ្នក​មធ្យម​ទិញ​ប្រើ​បាន​យ៉ាង​ស្រួល មិន​បាច់​ចំណាយ​ប្រាក់​ច្រើន។ ១) BLU Pure XL

BLU-Pure-XL-Review-001

មាន​លក់​លើ​ទីផ្សារ​តាំងពី​ខែ​កញ្ញា ឆ្នាំ២០១៥។ Pure XL ជា​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​អាមេរិក BLU ​ភ្ជាប់​លក្ខណៈ សម្បត្តិ​ល្អ​ប្រើ ដូច​ជា អេក្រង់ ៦អ៊ីញ Quad HD Super AMOLED។ BLU Pure XL គឺ​ជា​ស្មាតហ្វូន​ធំ​ជាង​គេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ។ វា​មាន​ដង់ស៊ីតេ​ភិចហ្សែល​ខ្ពស់​រហូត​ដល់ 490ppi ​មាន​មេម៉ូរី​ម៉ាស៊ីន​ទំហំ 64GB, RAM 3GB, បំពាក់​ដោយ​ឈីប MediaTek Hekio X10, ដំណើរការ​ដោយ Android Lollipop។ តម្លៃ​នៅ​លើ​គេហទំព័រ Amazon គឺ​ត្រឹមតែ ៣៤៩ដុល្លារ​អាមេរិក។ ២) LG G4

Main-image

ជា​ស្មាតហ្វូន​ស៊េរី​ទំនើប​របស់ LG ​ភ្ជាប់​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ។ វា​មាន​អាយុ​មិន​ទាន់​ដល់ ១ឆ្នាំ​នៅ​ឡើយ​ទេ បន្ទាប់​ពី LG ទើប​ប្រកាស​ជំនាន់​ថ្មី​គឺ LG G5 ថ្មីៗ​កន្លង​ទៅ។ LG G4 ​មាន​អេក្រង់ ៥,៥អ៊ីញ IPS Quad HD ដង់ស៊ីតេ​ភិចហ្សែល​រហូត​ដល់ 538ppi, កាមេរ៉ា​សមត្ថភាព​ខ្ពស់​ទំហំ 16MP, RAM 3GB, មេម៉ូរី​ម៉ាស៊ីន 32GB និង​អាច​បន្ថែម​កាត microSD បាន។ G4 ​បំពាក់​ដោយ​ឈីប 6-core Qualcomm Snapdragon 808។ តម្លៃ G4 នៅ​លើ​គេហទំព័រ http://www.bhphotovideo.com/ គឺ ៣៧៩,៩៩ដុល្លារ​អាមេរិក។ ៣) Motorola Moto X Pure Edition

Motorola-Moto-X-Pure-Review-TI

​ក៏​ជា​ស្មាតហ្វូន​ទំនើប​មួយ​ដែល​មាន​តម្លៃ ៣៩៩ដុល្លារ។ វា​មាន​អេក្រង់ ៥,៧អ៊ីញ Quad HD IPS ​ជាមួយ​ដង់ស៊ីតេ​ភិចហ្សែល 520ppi ​ដំណើរការ​ដោយ Android Marshmallow ហើយ​បំពាក់​ឈីប​ដូច LG G4 ដែរ គឺ Qualcomm Snapdragon 808។ Moto X Pure Edition មាន​កាមេរ៉ា​រហូត​ដល់ 21MP, RAM 3GB, អាច​ដោយ​កាត microSD បាន និង​មាន​បច្ចេកវិទ្យា​ការពារ​មិន​ឱ្យ​ចូល​ធូលី​ដី​ថែមទៀត។ ៤) ZTE Axon Pro

ZTE-Axon-Pro-Review-001

​ត្រូវ​បាន​ចេញ​លក់​តាំងពី​ខែ​សីហា ឆ្នាំ២០១៥ ​ភ្ជាប់​ដោយ​លក្ខណៈ សម្បត្តិ​ខ្ពស់ ក្នុង​នោះ​មាន RAM 4GB បំពាក់​ឈីប Octa-core Snapdragon 810។ វា​មាន​អេក្រង់ ៥,៥អ៊ីញ Quad HD ​ការពារ​ដោយ​កញ្ចក់ Gorilla Glass ដើរ​ដោយ Android 6.0 Marshmallow។ តម្លៃ​របស់​វា​ខុស​គ្នា​ទៅ​តាម​ទំហំ​មេម៉ូរី​គឺ ៣៤៩ដុល្លារ (ទំហំ 32GB) ឬ ៣៧៩ដុល្លារ (ទំហំ 64GB)៕
X
5s