២ថ្ងៃ​ដំបូង​លើ​ទីផ្សារ​ប្រទេស​ចិន Galaxy S7 និង S7 edge ទទួល​បាន​ការ​កុម្ម៉ង់​រហូត​ជាង ១០លាន​គ្រឿង​​



ស្មាតហ្វូន​ថ្មី​ទាំងពីរ​របស់ Samsung គឺ Galaxy S7 និង S7 edge កំពុង​មាន​សញ្ញាណ​ជោគជ័យ​ជា​បណ្ដើរៗ បន្ទាប់ពី​គេ​ពិនិត្យ​ឃើញ​របាយការណ៍​បញ្ជា​ទិញ​ពី​អតិថិជន បាន​ច្រើន​ជាង​ស្មាតហ្វូន​ជំនាន់​មុនៗ។ ក្រៅពី​ទីផ្សារ​ក្នុង​ស្រុក (កូរ៉េ​ខាង​ត្បូង) ហើយ​នោះ Galaxy S7 និង S7 edge ក៏​ទទួល​បាន​ការ​បញ្ជា​ទិញ​ច្រើន​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ផង​ដែរ។ យោង​តាម​គេហទំព័រ Sammobile ឱ្យ​ដឹង​ថា Galaxy S7 និង S7 edge ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​អតិថិជន​ក្នុង​ប្រទេស​ចិន រហូត​ជាង ១០លាន​គ្រឿង ក្នុង​រយៈពេល​តែ​ពីរ​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ចេញ​លក់។ របាយការណ៍​គឺ​បាន​លើកឡើង​តែ​ចំណែកទីផ្សារ Galaxy S7 ទាំងពីរ​ម៉ូដែល​នៅ​លើ​ទឹកដី​ប្រទេស​ចិន​ប៉ុណ្ណោះ។ គេ​រំពឹង​ថា បើ​ផ្សែផ្សំ​ជាមួយ​ចំណែកទីផ្សារ​តាម​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ទៀត តួលេខ​បញ្ជា​ទិញ​អាច​ច្រើន​ជាង​នេះ​គុណ​នឹង​ពីរ​ឯណោះ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន Samsung កំពុង​ធ្វើ​បាន​ល្អ​ជាមួយ​សមិទ្ធផល​ស្មាតហ្វូន​ថ្មី​ទាំងពីរ អាច​បំពេញ​តម្រូវការ​អ្នក​ប្រើ​បាន សម្រាប់​ឆ្នាំ​ថ្មី​នេះ។ ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​នេះ ក្ដាប់​បាន​ចំណែក​ទីផ្សារ​ធំ​ជាង​បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ​ទាំងអស់​លើ​ពិភពលោក។ ពាណិជ្ជកម្ម​ស្មាតហ្វូន​របស់ Samsung អាច​រក​ប្រាក់​ចំណេញ ៤០% ទៅ​ហើយ នៃ​ប្រាក់​ចំណេញ​សរុប។ ដូច្នេះ​ក្នុង​ឆ្នាំ២០១៦ អាច​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់ Samsung ធ្វើការ​ច្បាម​យក​ទីផ្សារ និង​ចំណូល​ម្ដង​ទៀត បន្ទាប់​ពី​លទ្ធផល​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ២០១៥ ពុំ​សូវ​មាន​ភាព​ល្អ​ប្រសើរ​នោះ៕
X
5s