តារា​តៃវ៉ាន់ លោក Nicky Wu និង ​តារា​ចិន នាង Cecilia Liu នឹង​រៀបការ​លើ​កោះ​បាលី​ ខែក្រោយ​



បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​តៃវ៉ាន់ បាន​រាយការណ៍​អោយ​ដឹង​ថា តារា​សម្ដែង​និង ជា​តារា​ចម្រៀង​របស់​តៃវ៉ាន់​វ័យ​៤៥​ឆ្នាំ លោក Nicky Wu និង ​តារា​សម្ដែង​របស់​ចិន​វ័យ​២៨​ឆ្នាំ នាង Cecilia Liu  នឹង​រៀបការ​ជាមួយគ្នា​នៅ​លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ខែ​ក្រោយ។ គូស្នេហ៍​ទាំង​ពីរ​នេះ បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​ពិធី​មង្គលការ​របស់​ពួក​គេ ប្រមាណ​ជា​មួយ​រយ​នាក់ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចុង​ខែ​មីនា​ខាង​មុខ​នេះ។ Nicky និង Cecilia បាន​ចុះ​អេតា​ស៊ីវិល​ជា​ផ្លូវ​ការ​តាំង​ពី​ខែ​មករា​ឆ្នាំ​២០១៥ មក​ម្ល៉េះ។ តែ​ដោយសារតែ​ពួកគេ​ទាំង​ពីរ​មមាញឹក​​ជា​មួយ​ការងារ​ពេក រក​ពេល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ​មិន​បាន ទើប​ពួកគេ​ពន្យារពេល​រហូត​មក​ដល់​ឆ្នាំ​នេះ។ តាម​ពិត​ទៅ​នៅ​ឆ្នាំ​នេះ កូន​កំលោះ​និង​កូន​ក្រមុំ​ទាំង​ពីរ​នាក់​នេះ នៅ​តែ​មមាញឹក​ដដែល ដោយ​លោក Nicky គ្រោង​នឹង​ថត​រឿង​ថ្មី​មួយ​ទៀត​នៅ​ខែ​មិថុនា ហើយ នាង Cecilia ក៏​មាន​ភាព​មមាញឹក​នឹង​ការ​ផ្សព្វផ្សាយ​នូវ​រឿង​ភាពយន្ត​របស់​ខ្លួន​ផង​ដែរ ​គឺ​រឿង The Imperial Doctress ។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ​Nicky និង Cecilia ត្រូវ​បាន​អ្នកកាសែត​សួរ​ថា តើ​ពេលណា​អ្នក​ទាំងពីរ​គ្រោង​នឹង​យក​កូន? នាង ​Cecilia បាន​និយាយ​ថា​ ​នាង​រវល់​ណាស់​មិនទាន់​គិត​ដល់​បញ្ហា​នេះ​ទេ ដោយ​នាង​បញ្ជាក់​ថា៖ ​«​នៅ​ពេល​អ្នក​រាល់​គ្នា​សម្រាក​ ចំណែក​ខ្ញុំ​រវល់​នឹង​ការងារ”។ ប្រែ​សម្រួល៖ សុខា នីកា ប្រភព៖ JayneStars.com
X
5s